×

រូបសំណាក​ធ្វើ​ពី​គ្រឿងបន្លាស់​ម៉ូតូ​ ​និង​ដែ​ក​ចាស់​ៗ​ ​ដោយ​សិល្បករ​ ​«​អ៊ូ​ ​វណ្ណ​ឌី​»​

NEWS 5 years ago
 
 

​            គោព្រៃ​មួយ​ក្បាល​ឈរ​សម្ញែង​រាង​យ៉ាងសង្ហា​នៅមុខ​វិទ្យាស្ថាន​ភាសា​បារាំង​ ​បាន​ទាក់​ក្រសែភ្នែក​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​ឲ្យ​ក្រ​លេ​ក​មើល​គ្រប់​ៗ​គ្នា​ ​នេះ​ក៏ដោយសារតែ​គោព្រៃ​មួយ​ក្បាល​នោះ​កើត​ចេញ​ពី​បណ្តុំ​គ្រឿងបន្លាស់​ម៉ូតូ​និង​ដែ​ក​ចាស់​ៗ​ជាច្រើន​។​ ​គោព្រៃ​ដែល​ឈរ​ជាង​មួយឆ្នាំ​មក​ហើយ​នេះ​ ​បង្កើត​ដោយ​សិល្បករ​ខ្មែរ​មួយ​រូបលោក​ ​«​អ៊ូ​ ​វណ្ណ​ឌី​»​។​ ​ឆ្លងកាត់​ការ​គូរ​ ​សញ្ជឹងគិត​និង​ស្រមើស្រមៃ​ ​សិល្បករ​ ​អ៊ូ​ ​វណ្ណ​ឌី​ ​បាន​ចំណាយពេល​ប្រមាណ​ជា​បី​ខែ​កន្លះ​ ​ទើប​អាចប​ង្កើត​នូវ​រូបសំណាក​គោព្រៃ​ទម្ងន់​ជាង​ ​១៨០០​ ​គីឡូក្រាម​នេះ​បាន​។​ ​លោក​ ​«​អ៊ូ​ ​វណ្ណ​ឌី​»​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សិល្បករ​មួយ​រូប​ដែល​ចូលចិត្ត​តែ​កែច្នៃ​របស់​ធំៗ​ ​ជា​គ្រឿង​សម្រាប់​ដាក់​បង្ហាញ​ដែល​ប្រកបដោយ​ភាព​ប៉ិនប្រសប់​ ​និង​សិល្បៈ​និយម​ជាទីបំផុត​។​

​            ថ្មី​ៗ​នេះ​ ​លោក​ ​អ៊ូ​ ​វណ្ណ​ឌី​ ​ទើបតែ​បង្ហាញ​ ​ស្នាដៃ​របស់​ខ្លួន​ថ្មី​មួយទៀត​ ​ដោយ​យក​គ្រឿងដែក​ចាស់​មក​ច្នៃ​ជា​រូប​ចំ​លាក់​ជាច្រើន​ ​ដូចជា​រូប​កណ្តូប​ ​រូប​ក្បាលដំរី​ ​រូប​មកុដ​ ​ខ្យង​ ​បក្សី​ក្រៀល​ ​និង​សត្វ​ខ្ទីង​ដ៏​ធំ​មួយ​ ​ហើយ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​មួយ​នៅ​ឯ​វិទ្យាស្ថាន​ភាសា​បារាំង​។​ ​ពិព័រណ៍​នេះ​បើក​ជូន​ឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ដោយសេរី​ ​ចាប់ពី​ថ្ងៃទី​ ​២០​ ​ខែមិថុនា​ ​រហូតដល់​ថ្ងៃទី​ ​១០​ ​ខែ​ ​សីហា​ឆ្នាំ​ ​២០១៩នេះ​។​ ​ក្រោម​ប្រធានបទ​ ​ទាក់ទង​នឹង​ការ​ការពារ​បរិស្ថាន​ដោយ​ការប្រើ​ប្រាស់​ឡើងវិញ​នូវ​កាកសំណល់​ដែល​ប្រើ​រួចហើយ​ ​និង​ការ​អភិរក្ស​សត្វព្រៃ​ ​សិល្បករ​ដៃ​ដែក​រូប​នេះ​បាន​ច្នៃ​គ្រឿង​ដែ​ក​ចាស់​ៗ​ ​ក៏ដូចជា​ខ្ចៅ​ម៉ូតូ​មក​កាត់​ទាញ​កាច់​កោង​ផ្សារ​ផ្គុំ​ចេញ​ជា​រូប​សត្វ​ក​ម្រ​ៗ​ចំនួន​ ​២២​ ​និង​រូប​ចំ​លាក់​ដែល​ឆ្លាក់​ពី​ថ្ម​ចំនួន​ ​២​ ​បន្ថែម​ទៀតផង​។​ ​ទម្រាំតែ​ចេញ​ជា​សមិទ្ធិ​ផល​ទាំងអស់​នេះ​ ​លោក​ ​អ៊ូ​ ​វណ្ណ​ឌី​ ​ក៏បាន​ជួប​ទុក​លំបាក​មួយចំនួន​ក្នុងអំឡុងពេល​ផលិត​ដែល​អាច​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​។​ ​

លោក​ ​អ៊ូ​ ​វណ្ណ​ឌី​ ​

​            «​ការ​ធ្វើ​រូបសំណាក​ពី​គ្រឿងដែក​នេះ​ ​ប្រសិនបើ​ខ្ញុំ​មិន​ប្រយ័ត្ន​ទេ​នោះ​វា​អាច​បណ្ដាលឲ្យមាន​ការ​ឆក់​ ​មុត​ដៃ​មុត​ជើង​ ​ឬក៏​អាច​ខ្ទាត​គ្រឿងដែក​ត្រូវ​ភ្នែក​ ​ហើយ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​»​ ​លោក​ ​អ៊ូ​ ​វណ្ណ​ឌី​ ​បាន​បន្ថែម​។​ ​ក៏ប៉ុន្តែ​ដោយសារតែ​ជាប់ចិត្ត​ស្រលាញ់​ប្រតិព័ទ្ធ​ជាមួយនឹង​កា​ច្នៃ​គ្រឿងដែក​ទាំងអស់​នេះ​ ​ទើប​ធ្វើឲ្យ​លោក​បាន​ចំណាយពេល​ជាច្រើន​ ​ក្នុង​ការ​ធ្វើ​វា​ឡើង​ដោយមាន​ពេលខ្លះ​លោក​ត្រូវ​ប្រើ​ពេល​ជាង​ដប់​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​សម្រេច​បំណង​នេះ​ក៏បាន​។​ ​ធ្លាប់​ឆ្លងកាត់​ពិព័រណ៍​ជាច្រើន​ ​អ្នក​ដែល​ចាប់អារម្មណ៍​នូវ​ស្នាដៃ​របស់​លោក​ជាងគេ​ភាគច្រើន​សុទ្ធសឹងតែ​ជា​បរទេស​ ​ហើយ​ខ្លះ​ក៏បាន​ជាវ​នូវ​ស្នាដៃ​លោក​ថែមទៀត​ផង​។​ ​

​            ជាមួយនឹង​ទេពកោសល្យ​ដែល​កម្រ​រកបាន​នេះ​ ​លោក​ ​អ៊ូ​ ​វណ្ណ​ឌី​ ​បាន​ឆ្លងកាត់​ការសិក្សា​ផ្នែក​សិល្បៈ​ជាច្រើន​ឆ្នាំ​មក​ហើយ​ផង​ដែរ​។​ ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ ​ក៏ប៉ុន្តែ​ធំ​ដឹងក្តី​នៅ​ខេត្ត​កណ្ដាល​ ​ក្នុង​ឆ្នាំ​ ​១៩៩៧​ ​លោក​បាន​ចូល​សិក្សា​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​បន្ទាប់ពី​លោក​បាន​បញ្ចប់​កា​សិក្សា​ថ្នាក់​ទុតិយភូមិ​នៅ​វិទ្យាល័យ​អង្គស្នួល​។​ ​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​លោក​រៀន​ជំនាញ​គំនូរ​ផ្សាយ​ ​ក្រោយមក​លោក​ក៏​បន្ត​ការសិក្សា​ផ្នែក​ចម្លាក់​ទំនើប​ ​និង​សិល្បៈ​សូន​រូប​។​ ​ដោយ​ការ​ស្រលាញ់​ចូលចិត្ត​ផ្នែក​សិល្បៈ​នេះ​ ​លោក​ក៏បាន​រៀន​បន្ថែម​នូវ​ជំនាញ​សិល្បៈ​ចំ​លាក់​ដែក​នៅ​ឯ​អង្គការ​មួយ​អស់​រយៈពេល​បី​ឆ្នាំ​។​ ​

​            ទន្ទឹម​នឹង​ឱកាស​ដែល​បាន​បង្ហាញ​ស្នាដៃ​ខ្លួន​ដល់​សាធារណៈ​ជន​ ​និង​សម្លឹង​មើលឃើញ​នូវ​ស្នាដៃ​នៃ​សិល្ប​ករ​ផ្សេង​ៗ​ជាច្រើន​ផង​នោះ​ ​លោក​ ​អ៊ូ​ ​វណ្ណ​ឌី​ ​ចង់​ឲ្យ​គ្រប់​ស្ថាប័ន​បើកផ្លូវ​ឲ្យ​សិល្បករ​ពូ​កែៗ​អាច​បង្ហាញ​ស្នាដៃ​ដូច​លោក​ដែរ​។​ ​លោក​ ​អ៊ូ​ ​វណ្ណ​ឌី​៖​ ​«​ខ្ញុំ​ជឿ​ថា​សិល្បករ​ច្រើនណាស់​នៅ​កម្ពុជា​ដែល​មាន​សមត្ថភាព​ពូ​កែៗ​ ​ក៏ប៉ុន្តែ​ពួកគាត់​មិន​មានឱកាស​បង្ហាញ​ឡើយ​»​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS