×

​នំបញ្ចុក​ល្បី​ប្រចាំ​ទឹកដី​ភូមិ​ព្រះដាក់​ ​ឆ្ងាញ់​ទាំង​រសជាតិ​ ​ប្លែក​ទាំង​សោភ័ណភាព​

TRAVEL & LIVING 5 years ago
 
 

​            ព្រះដាក់​ ​គឺជា​ឈ្មោះ​ភូមិ​ឆោមស្រស់​សម្រស់​បែប​ធម្មជាតិ​មួយ​ស្ថិតនៅ​ក្នុង​ឃុំ​ព្រះដាក់​ ​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទី​ក្រុង​ទឹកដី​អង្គរ​នៃ​យើង​នោះ​ឡើយ​។​ ​ចម្ងាយ​ប្រមាណ១៥​ ​គីឡូម៉ែត្រ​ ​ធ្វើដំណើរ​តាម​យានជំនិះ​លើ​ផ្លូវ​លេខ​ ​៦៧​ ​ប្រហែល​ ​២០នាទី​ពី​ក្រុង​សៀមរាប​ ​យើង​នឹង​ឆ្ពោះ​មកដល់​ភូមិ​ព្រះដាក់​ដែល​ជា​ភូមិ​មាន​ទេសចរ​ភាគតិច​ស្គាល់ឈ្មោះ​តែ​ឆ្លងកាត់​ញឹកញាប់​ ​ក៏​ព្រោះតែ​បណ្តាញ​ខ្សែ​ផ្លូវ​ឆ្លងកាត់​ស្រុកភូមិ​នេះ​ត្រូវ​បាន​តភ្ជាប់​ទៅកាន់​កន្លែង​កម្សាន្ត​ល្បីល្បាញ​នានា​ ​ដូចជា​ប្រាសាទបន្ទាយស្រី​ ​និង​រមណីយដ្ឋាន​ភ្នំ​គូលែន​ជាដើម​។​ ​ភូមិ​ព្រះដាក់​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន២០៣៦គ្រួសារ​ ​អ្នកភូមិ​ភាគច្រើន​ច្រើនតែ​ប្រកបរបរ​ចិញ្ចឹមជីវិត​តាមរយៈ​ការ​ធ្វើស្រែ​ចម្ការ​ ​ដាំ​បន្លែបង្ការ​ ​និង​លក់​ចំណីចំណុក​ទៅតាម​រដូវ​កាល​ ​ហើយ​អ្វី​ដែល​ភ្ញៀវ​ទេសចរ​មិន​រំលង​រាល់ពេល​ឆ្លងកាត់​ភូមិដ្ឋាន​នេះ​ទៀត​នោះ​ ​គឺ​ការ​ឆ្លៀត​ចូល​ហូប​អាហារ​ដ៏​ល្បី​ប្រចាំ​ទឹកដី​នោះ​គឺ​នំបញ្ចុក​។​

​            នំបញ្ចុក​ឬ​មានឈ្មោះ​ដើម​ថា​នំ​ប៉ែន​ចុក​ ​គឺជា​អាហារ​ដ៏​ពេញនិយម​ស្រស់ស្រូប​នៅពេល​ព្រឹក​ ​ពេលរសៀល​ ​និង​ពេលល្ងាច​ ​ពេលខ្លះ​ក៏​ប្រើ​ហូប​ជំនួស​បាយ​ម្តងម្កាល​ផង​ដែរ​។​ ​ថ្វី​ដ្បិតតែ​នំបញ្ចុក​ទូទៅ​ហូប​ស្រូបទឹក​សម្ល​ដូចគ្នា​ ​ប៉ុន្តែ​បើ​និយាយ​ពី​រសជាតិ​រមែង​ស្ល​ឆ្ងាញ់​ប្លែក​មាត់​ប្លែក​គ្រឿង​បន្តិចបន្តួច​ទៅតាម​ទំនៀមទម្លាប់​ក៏ដូចជា​វប្បធម៌​តកូនតចៅ​របស់​ប្រជាជន​តាម​តំបន់​នី​មួយ​ៗ​ ​តួយ៉ាងដូចជា​នំបញ្ចុក​អ្នកភូមិ​ព្រះដាក់​ដែល​មិន​ត្រឹមតែ​ល្បី​ឆ្ងាញ់​ទឹកសម្ល​ស្ល​រក្សា​រសជាតិ​ដើម​ដំណែល​ពី​គ្រួសារ​ប៉ុណ្ណោះទេ​ ​ថែមទាំង​សាច់​នំបញ្ចុក​ទន់ល្មៃ​ឆ្ងាញ់​ ​ជាពិសេស​អ្វី​ពុំ​ធ្លាប់​មាន​ពីមុន​មក​នោះ​គឺ​សាច់​នំបញ្ចុក​មានដល់​ទៅ​បី​ពណ៌​ឯណោះ​។​ ​ប្លែក​សព្វមួយដង​ប្រិយមិត្ត​ប្រាកដជា​ឆ្ងល់​ហើយ​ថា​អ្វីទៅ​ជា​នំបញ្ចុក​បី​ពណ៌​?​ ​តើ​គេ​ធ្វើ​យ៉ាងដូច​ម្តេច​?​ ​ហើយ​តើមាន​រសជាតិ​ពិសេស​យ៉ាងណា​នោះ​?​។​ ​ជា​ការពិត​ណាស់​ ​ពលរដ្ឋ​ប្រកបរបរ​ធ្វើ​នំបញ្ចុក​ ​និង​លក់​នំបញ្ចុក​នៅ​ភូមិ​ព្រះដាក់​មាន​មិន​តិច​ជាង​ ​១០គ្រួសារ​នោះ​ទេ​ ​ទេសចរ​កាលណា​ធ្វើដំណើរ​មក​កម្សាន្ត​អាច​ឆ្លៀត​ភ្លក់​ពិសា​រសជាតិ​អាហារ​ឆ្ងាញ់​ប្រចាំ​តំបន់​នេះ​ផង​ ​ហើយក៏​អាច​ទៅ​ទស្សនា​របៀបរបប​នៃ​ការ​ធ្វើ​នំបញ្ចុក​ផ្ទាល់​នៅ​ឯ​ផ្ទះ​អ្នកភូមិ​ផង​ដែរ​។​

​            ​ធ្វើដំណើរ​មកដល់​ដើមភូមិ​ហួស​តាមផ្លូវ​មាន​លក់​ហូរហែ​នូវ​ផលិតផល​សិប្បកម្ម​សម្ភារ​ប្រើប្រាស់​ធ្វើ​ពីដើម​ត្នោត​និង​រពាក់​ ​និង​ផ្លែឈើ​ធម្មជាតិ​តាម​រដូវ​កាល​ដូចជា​ផ្លែ​ត្នោត​ផ្លែ​ត្រសក់ស្រូវ​ ​យើង​នឹង​ចាប់ផ្តើម​ឃើញ​មាន​កន្លែង​លក់​នំបញ្ចុក​តាម​ផ្ទះ​ជាច្រើន​លើ​ដងផ្លូវ​កំពុងតែ​រង់ចាំ​ស្វាគមន៍​ទេសចរ​ចូល​មក​ភ្លក់​មក​ពិសា​ដើម្បីឲ្យ​កាន់តែ​ជ្រួតជ្រាប​ច្បាស់​រសជាតិ​ដូចដែល​គេ​ធ្លាប់តែ​ល្បី​។​ ​ឈាន​ចូល​កន្លែង​លក់​ល្បី​មួយ​ប្រចាំ​ភូមិ​ក្រោម​ស្លាកយីហោ​ ​«​អាហារដ្ឋាន​ ​ចែ​ ​យិន​ ​នំបញ្ចុក​ព្រះដាក់​»​ ​ទូរ​បញ្ឈរ​ម្ខាង​នៅ​ផ្នែក​ខាងឆ្វេង​បាន​ទាក់​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយនឹង​នំបញ្ចុក​ចម្រុះ​ពណ៌​ប្លែកភ្នែក​មាន​ទាំង​ពណ៌ស​ ​ពណ៌លឿង​ ​និង​ពណ៌បៃតង​ ​ដាក់​ក្នុង​កញ្រ្ចែង​ដាច់ដោយឡែក​ពីគ្នា​។​ មួយ​ចាន​ត្រឹម​ ​៣០០០រៀល​ ​កុម្មង់​ភ្លាម​បាន​ភ្លែត​ ​អាច​ជ្រើសរើស​នំបញ្ចុក​ពណ៌​តែមួយ​ក៏បាន​ឬ​ចម្រុះ​ពណ៌​គ្នា​ក្នុង​ចាន​តែមួយ​ក៏បាន​ ​ពិសេស​ដាក់​ស្រូបទឹក​សម្ល​ខ្មែរ​ខាប់​ៗ​ពាស​ដោយ​សាច់​ត្រី​ ​និង​គ្រឿងផ្សំ​ប្រហើរ​ក្លិន​ឈ្ងុយ​ពិតជា​គួរឲ្យ​ចង់​ពិសា​បំផុត​។​ របោយ​បន្លែ​ធម្ម​ជា​តិ​ស្រស់​ៗ​ខ្ចី​ល្អូក​ដាក់ឲ្យ​បេះបង់​បន្ថែម​តាម​ចំណូលចិត្ត​មាន​ទាំង​ ​ផ្កាកំប្លោក​ ​ព្រលិត​ ត្រសក់​ ត្រយូងចេក​​ត្រួយ​ល្ងៀង​ ​ត្រួយ​ស្មាច់​ ​ភ្លៅកង្កែប​ ​ត្រួយ​រាំង​ ​ត្រួយ​វាយ​ជាដើម​នឹង​ក្លែម​បង្កើន​រសជាតិ​ទំពា​កាន់តែ​ឆ្ងាញ់​ជាប់ចិត្ត​។​ ​ហុត​សម្ល​បន្តិច​ទឹកសម្ល​ពិតជា​ឆ្ងាញ់​ឈ្ងុយ​គ្រឿង​ឈ្ងុយ​ដូង​ច្បាស់​ៗ​ ​សំខាន់​សាច់​នំបញ្ចុក​ដ៏​ទន់ល្មៃ​ពណ៌លឿង​ហាក់​ឈ្ងុយ​សើៗ​ក្លិន​ម្យ៉ាង​ដូចជា​គ្រឿងផ្សំ​ប្រភេទ​មើម​ ​រី​ឯ​សាច់​នំ​ពណ៌បៃតង​ឈ្ងុយ​ដូចជា​បន្លែ​ស្លឹក​ម្យ៉ាង​ឆ្ងាញ់​ប្លែក​ ​ដាក់​អស់​មួយ​ចាន​ថែម​មួយ​ចាន​ទៀត​មិន​ទម្លាន់​សោះ​ណា​ឡើយ​។​

​            ស្រស់ស្រូប​ស្បើយ​បន្តិច​ ​ក្រុមការងារ​ ​សូ​វរីន​ ​យើង​ក៏បាន​ជជីកសួរ​អ្នកលក់​អំពី​លក្ខណៈ​ពិសេស​របស់​នំបញ្ចុក​ផង​ដែរ​។​ ​លោក​ ​ថន​ ​ថោន​ ​និង​អ្នកនាង​ ​ប៉ន​ ​យិន​ ​ជា​ម្ចាស់​អាហារដ្ឋាន​នេះ​ផ្ទាល់​បាន​ឲ្យដឹង​ថា​ ​បើ​និយាយ​ពី​សាច់​នំបញ្ចុក​ពណ៌ស​គឺ​ធ្វើ​ទូទៅ​ប្រើ​អង្ករ​ដូច​នំបញ្ចុក​ធម្មតា​ ​ប៉ុន្តែ​សម្រាប់​នំបញ្ចុក​ពីរ​ពណ៌​ទៀត​គឺ​មិន​មាន​ប្រើ​ល័ក្ខ​ឬ​ម្សៅ​ដាក់​ពណ៌​នោះ​ទេ​ ​ពោល​សាច់​ពណ៌លឿង​យកចេញ​ពី​ល្មៀត​ ​ចំណែក​ពណ៌បៃតង​យកចេញ​ពី​ស្លឹកបាស​ ​ដូច្នេះ​បានន័យ​ថា​ការ​ដាក់​ពណ៌​គឺ​ប្រើប្រាស់​គ្រឿងផ្សំ​ពី​ធម្មជាតិ​សុទ្ធសាធ​ ​ហើយ​បើ​និយាយ​ពី​ការ​ធ្វើវិញ​គឺ​មិន​ខុសគ្នា​ពី​ការ​ធ្វើ​នំបញ្ចុក​ធម្មតា​ឡើយ​ ​គ្រាន់តែ​គេ​បន្ថែម​ពណ៌លឿង​ឬ​ពណ៌បៃតង​ដោយ​ដាក់​ល្មៀត​ឬ​ស្លឹកបាស​យក​ពណ៌​នៅពេល​កិន​ជាមួយ​ម្សៅ​ជាការស្រេច​។​ ​ញញិម​បន្តិច​ ​គូ​ស្វាមីភរិយា​ជា​ម្ចាស់​អាហារដ្ឋាន​នំបញ្ចុក​ខាងលើ​ក៏បាន​បង្ហើប​អំពី​តិច​និច​ស្ល​សម្ល​ដ៏​ឈ្ងុយឆ្ងាញ់​ផង​ដែរ​ ​«​ការ​ស្ល​គឺ​មាន​គ្រឿងផ្សំ​សំ​ខាន់​ៗ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​គឺ​ស្លឹកគ្រៃ​ ​ខ្ទឹមស​ ​ល្មៀត​ ​ខ្ជាយ​ ​និង​ដូង​ ​ចំណែក​ឯ​សាច់​ត្រី​គឺ​ប្រើ​ត្រី​ឆ្កោក​ត្រូវតែ​ជា​ត្រី​ស្រស់​ ​និង​ប្រើ​ប្រហុក​ចាស់​។​ ​យើង​ស្ល​តាម​ទម្លាប់​ក្បួន​ចាស់​ ​(​ចេះ​ពី​អ្នកម្តាយ​)​ ​ដោយឡែក​ការ​ដាក់​ពណ៌​នំបញ្ចុក​ទើបតែ​ចាប់ផ្តើម​ធ្វើឡើង​នៅ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​ខាង​សហគមន៍​បន្ទាយស្រី​ជា​អ្នក​ចុះ​មក​បង្ហាត់បង្ហាញ​ផ្ទាល់​»​។​ ​លើស​ពី​ការ​ដាក់​ពណ៌​បង្កើន​សោភ័ណភាព​ ​និង​រសជាតិ​ឈ្ងុយឆ្ងាញ់​ ​នំបញ្ចុក​ពណ៌លឿង​ ​និង​ពណ៌បៃតង​ក៏​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​ ​ជាក់ស្តែង​ដូចជា​ការ​លាយ​ល្មៀត​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​ប្រព័ន្ធ​រំលាយអាហារ​ ​ប្រ​ឆាំ​ជំងឺមហារីក​ ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ ​និង​ថែរក្សា​ក្រពះ​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ​ ​ខណៈ​ស្លឹកបាស​សម្បូរទៅដោយ​វីតាមីន​ចម្រុះ​ជួយ​ដល់​សុខភាព​ឆ្អឹង​ ​និង​សុខភាព​រាងកាយ​ល្អ​ប្រសើរ​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​បន្ថែម​ពី​ម្ចាស់​អាហារដ្ឋាន​ទាំងពីរ​រូប​។​

​            បន្ថែម​ជា​ភាព​ទាក់ទាញ​លើ​រសជាតិ​ឆ្ងាញ់​ជា​យូរលង់​ ​បច្ចុប្បន្ន​នំបញ្ចុក​បី​ពណ៌​ប្រចាំ​ភូមិ​ព្រះដាក់​កំពុង​ស្រូប​ទាញ​ទេសចរ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ឲ្យ​ឆ្លៀត​ចូល​មក​ភ្លក់​ពិសា​រាល់ពេល​ធ្វើដំណើរ​ឆ្លងកាត់​ព្រឹកល្ងាច​ពុំ​ដែល​ខាន​ ​ក្នុង​នោះ​បើ​តាម​ម្ចាស់​អាហារដ្ឋាន​បង្ហើប​ឲ្យដឹង​ ​ក្នុង​មួយថ្ងៃ​អាច​ធ្វើ​ ​និង​លក់​នំ​បាន​រហូតដល់​ទៅ​ ​១៥០គីឡូក្រាម​សម្រាប់​ថ្ងៃ​ធម្មតា​ ​ហើយ​បើ​ចំ​ថ្ងៃបុណ្យ​ទាន​អាច​លើស​ពីនេះ​។​ ​ចាន​តូច​ ​តម្លៃ៣០០០រៀល​ ​ចាន​ធំ​តម្លៃ​ ​៥០០០​ ​រៀល​មាន​ជម្រើស​ស្រូបទឹក​សម្ល​ខ្មែរ​ក៏បាន​ឬការី​ក៏បាន​ ​ដូច្នេះ​កុំ​ភ្លេច​ណា៎​!​ ​ពេល​ធ្វើដំណើរ​ទេសចរណ៍​មកកាន់​ខេត្តសៀមរាប​បើ​មាន​គម្រោង​ឆ្ពោះទៅ​ទស្សនា​ប្រាសាទបន្ទាយស្រី​ឬ​សហគមន៍​បន្ទាយស្រី​ ​ឬ​ភ្នំ​គូលែន​ ​ប្រិយមិត្ត​គួរ​ឆ្លៀត​ចូល​ភ្លក់​ឲ្យបាន​ម្តង​ធានា​ថា​ពិតជា​ជាប់ចិត្ត​មិនខាន​ឡើយ​៕​ ​

Article by HEM SOKKHIM


SUGGESTIONS