×

មក​ស្គាល់​សិល្បករ​គំនូរ​មួយ​រូប​ដែល​គូររូប​ម្តង​ដៃ​ពីរ​លើ​ជញ្ជាំង​តាមផ្លូវ​ ​«​Alley​ ​Way​»​

NEWS 5 years ago
 
 

          គំនូរ​លើ​ជញ្ជាំង​ជាច្រើន​ស្ថិតនៅ​ផ្លូវ​តូច​មួយ​ក្បែរ​រាជវាំង​ដែល​បាន​ទាក់ទាញ​មនុស្ស​ឲ្យ​មក​ថត​រូប​គ្រប់​ៗ​គ្នា​នោះ​គឺជា​ស្នាដៃ​គំនូរ​របស់​សិល្បករ​ខ្មែរ​និង​បរទេស​មួយ​ក្រុម​ក៏ប៉ុន្តែ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​សិល្បករ​ ​«​យី​ ​កក្កដា​»​ ​ដែល​រៀបចំឡើង​ដោយក្រុម​សិល្បៈគំនូរ​លើ​ជញ្ជាំង​ ​«​Cambodia​ ​Urban​ ​Art​»​។​ ​ការ​ជ្រើសរើស​ទីតាំង​ផ្លូវ​ ​«​Alley​ ​Way​»​ ​នេះ​ក៏​ជា​ការ​ផ្តល់​យោបល់​ដោយ​ ​កក្កដា​ ​ផង​ដែរ​ ​ព្រោះ​ដោយសារ​លោក​បាន​សម្លឹងឃើញ​ថា​កន្លែង​នោះ​គឺជា​ទីតាំង​ដ៏​ល្អ​មួយ​ដែល​មាន​ជញ្ជាំង​កោង​ ​មើលឃើញ​ស្អាត​។​ ​យី​ ​កក្កដា​ ​គឺជា​សិល្បករ​គំនូរ​មួយ​រូប​ដែល​មាន​សមត្ថភាព​ខុសប្លែក​ពី​គេ​ ​ពោល​គឺ​ក្នុង​ពេល​តែមួយ​ ​កក្កដា​អាច​គូររូប​បាន​ដល់ទៅ​ពីរ​ ​ដោយដៃ​ទាំងពីរ​តែម្តង​។​ ​សមត្ថភាព​គូរ​គំ​នូ​ម្តង​ពីរ​ ​តាំងពី​កុមារភាព​នេះ​ ​បាន​ធ្វើឲ្យ​កក្កដា​ទទួល​បាន​ជ័យលាភី​ក្នុង​ការប្រកួត​គំនូរ​ជាមួយ​អង្គការ​ ​យូ​ណេស្កូ​ ​នៅ​វ័យ​ ​១២ឆ្នាំ​ ​ថែមទៀត​ផង​។​ ​កក្កដា​ ​បាន​លើកឡើង​ពី​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ថា​ ​គំនូរ​ដែល​លោក​ផ្តោត​ខ្លាំង​បំផុត​គឺ​វត្ថុបុរាណ​ ​វប្បធម៌​ ​អរិយ្​យ​ធម៌​ ​សិល្បៈ​ខ្មែរ​។​ ​«​ខ្ញុំ​ចូលចិត្ត​គូររូប​គំនូរ​លើ​ជញ្ជាំង​តាមផ្លូវ​សាធារណៈ​ ​ដើម្បី​បង្ហាញ​អំពី​សិល្បៈ​ខ្មែរ​ ​ចង់​ចែករំលែក​ទៅ​យុវជន​ជំនាន់​ក្រោយដែល​ទើបតែ​រៀន​ផ្នែក​សិល្បៈ​ ​និង​អ្នក​ដែល​ស្រលាញ់​សិល្បៈ​ខ្មែរ​ ​ខ្ញុំ​ចង់​គូររូប​ប្រពៃណី​វប្បធម៌​ខ្មែរ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ឲ្យ​បរទេស​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​ជាតិ​ផង​ដែរ​»​ ​យី​ ​កក្កដា​ ​បាន​ប្រាប់​សូ​វរីន​។​ ​លោក​បាន​បន្ត​ទៀត​ថា​៖​ ​«​ ​ភាគច្រើន​រូបគំនូរ​ដែល​ខ្ញុំ​គូរ​លើ​ជញ្ជាំង​តែងតែមាន​សាច់រឿង​ ​ដូចជា​វប្បធម៌​ ​សិល្បៈ​ ​បច្ចុប្បន្ន​កាល​ ​អតីតកាល​ ​និង​អនាគតកាល​ជាដើម​»​។​

លោក​ ​យី​ ​កក្កដា

​          ពី​កុមារ​កំព្រា​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ ​លោក​ ​យី​ ​កក្កដា​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សិល្បៈ​ករ​វ័យក្មេង​ ​ដែល​មាន​បច្ចេកទេស​គូររូប​ចម្លែក​ពី​គេ​ ​ពោល​គឺ​ការ​គូររូប​ដោយ​ប្រើ​ដៃ​ទាំងសងខាង​ក្នុង​ពេល​តែមួយ​។​ ​មាន​វ័យ​ ​ត្រឹមតែ​ ​២៣ឆ្នាំ​ ​ប៉ុន្តែ​សិល្បករ​រូប​នេះ​ ​មានបទពិសោធន៍​តស៊ូ​ក្នុង​ជីវិត​ជាច្រើន​ ​ទាំង​ការ​តស៊ូ​ក្នុង​សង្គម​ ​និង​ការរៀនសូត្រ​ការងារ​សិល្បៈ​។​ ​បន្ទាប់ពី​កសាង​ស្នាដៃ​ជាច្រើន​ ​ទាំង​ការ​រក​កម្រៃ​ ​និង​ការ​ស្ម័គ្រចិត្ត​ ​សិល្បករ​ ​កក្កដា​ ​ក៏​នឹង​មាន​គម្រោង​ផលិត​ជា​សៀវភៅ​រៀបរាប់​ពី​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​ ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ដទៃទៀត​ឲ្យ​ចេះ​តស៊ូ​ក្នុង​ជីវិត​ ​បូករួម​ទាំង​គន្លឹះ​គូរគំនូរ​ផ្ទាល់ខ្លួន​របស់​លោក​ផង​ដែរ​។​ ​ដ្បិតតែ​មានការ​គាំទ្រ​ច្រើន​គួរសម​ ​ប៉ុន្តែ​កត្តា​ជីវភាព​នៅ​មិនទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ​ទេ​។​ ​បើ​ទោះជា​យ៉ាងនេះ​ក្តី​ ​លោក​នៅតែ​បន្តការងារ​សិល្បៈ​របស់​លោក​មិនដែល​រួញរា​។​ ​គោលបំណង​មួយ​របស់​ ​កក្កដា​ ​គឺ​ ​ការ​គូរគំនូរ​ឲ្យបាន​ច្រើន​ ​ជា​ប្រយោជន៍​ដល់​ចំណី​ចក្ខុ​របស់​សាធារណជន​។​ ​ស្នាដៃ​មួយ​របស់​កក្កដា​កាលពីឆ្នាំទៅ​ ​នៅ​ខេត្តបាត់ដំបង​ ​លោក​បាន​គូរគំនូរ​ដោយស្ម័គ្រចិត្ត​នៅ​ផ្សារ​រាត្រី​បាត់ដំបង​ដោយដៃ​ទាំងពីរ​ដែល​លោក​បាន​រំពឹង​ថា​បាន​ហើយ​ត្រឹមតែ​ប្រមាណ១០ថ្ងៃ​ ​ប៉ុន្តែ​ដោយសារ​ភ្លៀង​ផង​ ​ទើបត្រូវ​ពន្យារពេល​ដល់​មួយ​ខែ​។​ ​ក្រៅពី​អាជីព​ដែលគេ​ស្គាល់​ថា​ ​ជា​អ្នក​គំនូរ​ ​លោក​ ​យី​ ​កក្កដា​ ​ក៏​មាន​ជំនាញ​ក្នុង​ការងារ​សិល្បៈ​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​ឌីហ្សាញ​ហាង​ ​ដេ​គ័រ​ផ្ទះ​ ​ឬ​ហាង​កាហ្វេ​ ​និង​លេង​តន្រ្តី​ទៀតផង​។​ ​ត្រលប់​មក​ផ្លូវ​ ​«​Alley​ ​Way​»​ ​នេះ​វិញ​ ​តាមរយៈ​គេហទំព័រ​ទស្សនាវដ្តី​សូ​វរីន​ ​កក្កដា​ក៏បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ដែល​លោក​បានឃើញ​គេ​ថត​ជាមួយនឹង​គំនូរ​ស្នាដៃ​របស់​លោក​ ​រួច​បង្ហោះ​យ៉ាង​ព្រោ​ត​ព្រៀ​ត​ក្នុង​បណ្តាញ​សង្គម​ផង​ដែរ​៕​

​Article​ ​by​ ​VA​ ​SONYKA​ ​&​ ​KEO​ ​SONG​


SUGGESTIONS