×

ថ្មដា​សន្តិភាព​ ​ពី​តំបន់​តស៊ូ​ខ្មែរក្រហម​ក្លាយជា​រមណីយដ្ឋាន​ ​ទឹកអូរ​ធម្មជាតិ​ដ៏​ល្បីឈ្មោះ​

TRAVEL & LIVING a month ago
 
 

          ផ្លូវជាតិ​លេខ​ ​៤៤​ ​ជាស​មិទ្ធ​ផល​គមនាគមន៍​ថ្មី​ដែល​មាន​ប្រវែង​ប្រហែល១៤០គីឡូម៉ែត្រ​តភ្ជាប់​ក្រុង​ច្បារមន​ ​ទីរួមខេត្ត​កំពង់ស្ពឺ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​មក​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​។​ ​ផ្លូវជាតិ​នេះ​ហើយដែល​ជា​តំបន់​ប៉ូល​កសិកម្ម​ ​ឧស្សាហកម្ម​ ​និង​ ​ទេសចរណ៍​ជាច្រើន​នៃ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​នោះ​រួមមាន​រមណីយដ្ឋាន​ថ្មី​មួយ​ឈ្មោះថា​ ​“​អូរ​ថ្មដា​សន្តិភាព​”​ ​ដែល​ទើបតែ​បង្កើត​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​ហើយ​មាន​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ទៅលេង​កម្សាន្ត​ជាច្រើន​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ ​និង​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​នានា​មិនចេះដាច់​។​ ​

          ទីតាំង​នេះ​តាំងពី​សម័យ​ដើម​រៀងមក​ដល់​ដើម​ទសវត្សរ៍​ទី៩០​ ​គឺជា​តំបន់​ព្រៃភ្នំ​ក្រំ​ថ្ម​ដាច់ស្រយាល​ ​ជា​តំបន់​សមរភូមិ​តស៊ូ​ដ៏​ក្តៅ​គគុក​របស់​ទាហាន​កម្មាភិបាល​ខ្មែរក្រហម​ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​កាន់តែ​មក​ដើរលេង​នៅ​តំបន់​នេះ​ច្រើន​ឡើង​ៗ​។​ ​រមណីយដ្ឋាន​អូរ​ថ្មដា​សន្តិភាព​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ច្រក​ទៀ​ក​ ​ឃុំ​ត្រពាំង​ជោរ​ ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ពី​រង្វង់​មូល​រូប​ដំរី​ ​ផ្សារ​កន្ទួត​ ​ទីរួមស្រុក​ឱរ៉ាល់​ ​បត់​ស្តាំ​ត្រង់​ផ្លូវបំបែក​ឆ្ពោះទៅ​កាន់​ទឹកជ្រោះ​ជ្រាវ​ ​ឃុំ​អមលាំង​។​ ​បើ​យើង​ធ្វើដំណើរ​ពី​រង្វង់​មូល​រូប​ដំរី​នោះ​ ​យើង​នឹង​ឃើញ​ស្លាក​សញ្ញា​ ​«​ ​អាហារដ្ឋាន​ថ្មដា​សន្តិភាព​ ​»​ ​ជា​សម្គាល់​នៅ​ខាងស្តាំ​ដៃ​ ​ត្រង់​ចន្លោះ​ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ៦០​ ​និង៦១​។​ ​ប៉ុន្តែ​បើ​លោកអ្នក​ធ្វើដំណើរ​ពី​អមលាំង​ ​មកកាន់​រមណីយដ្ឋាន​នេះ​វិញ​ ​លោកអ្នក​នឹង​ឃើញ​ទីតាំង​នេះ​នៅ​ខាងឆ្វេង​ដៃ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ៧គីឡូម៉ែត្រ​ពី​រោងចក្រ​ស្ករស​ ​និង​ចំការ​អំពៅ​លីយ៉ុង​ផាត់​ ​។​

          ថ្មដា​សន្តិភាព​ ​ជា​រមណីយដ្ឋាន​ទឹកអូរ​បែប​ធម្មជាតិ​ស្ទើរតែ​ទាំងស្រុង​សុទ្ធសាធ​ ​មាន​ទឹក​ត្រជាក់ស្រេង​ដូច​ទឹកអម្រឹត​ក្រាល​គ្រប​ដណ្តប់​ដោយ​ម្លប់​មែកឈើ​បែកសា​ខា​ត្រឈឹងត្រឈៃ​ដុះ​ប្រប​មាត់​អូរ​ ​និង​កណ្តាល​ពោះ​អូរ​អម​ដោយ​ដុំ​សិលា​តូច​ធំ​ ​ធ្វើឲ្យ​ចរន្តទឹក​ហូរ​បត់បែន​ខ្មួលខ្មាញ់​តាមចន្លោះ​ថ្ម​ ​និង​រុក្ខជាតិ​ទាំងនោះ​បង្កើត​បាន​ជា​ផ្ទាំង​ទេសភាព​បែប​ដងអូរ​ព្រៃភ្នំ​យ៉ាង​ស្រស់​ត្រកាល​។​ ​ចំណែក​បាត​ខាងក្រោម​នៃ​ដងអូរ​ក្រាល​ដោយ​ខ្សាច់​ធម្មជាតិ​រាបស្មើ​ ​ផ្តល់​អំណោយផល​ល្អ​សម្រាប់​ការ​ងូតទឹក​លេង​ ​និង​ដើរលេង​កម្សាន្ត​ឆ្លង​អូរ​គយគន់​ទេសភាព​ព្រៃ​ព្រឹក្សា​លតា​វល្លិ៍​ដ៏​ខៀវស្រងាត់​។​ ​នៅ​ផ្នែក​ច្រាំង​ខាងលើ​ ​និង​ផ្នែក​ខាងក្រោម​ជាប់មាត់​ទឹក​ ​មាន​ខ្ចុះ​សង់​តម្រៀបជួរ​លើ​ឆ្នេរខ្សាច់​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ប្រុសស្រី​ទាំងឡាយ​អង្គុយ​ទទួលទាន​អាហារ​បែប​ជនបទ​ប្រកបដោយ​បរិយាកាស​សែនមនោរម្យ​ជាទីបំផុត​។​

          រី​ឯ​នៅ​លើ​ផ្ទៃ​ទឹកអូរ​ដែល​មាន​ខ្យល់បក់​កាត់​ត្រ​សៀ​កៗ​ ​គេ​មាន​ដាក់​គ្រែ​ឈើ​សម្រាប់​ភ្ញៀវ​អង្គុយ​បរិភោគ​អាហារ​ផង​ដែរ​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​បរិយាកាស​លើទឹក​បែប​ត្រ​ជា​ក់ៗ​។​ ​នៅ​ក្បែរ​នោះ​ ​មាន​ទោង​កង់ឡាន​ចង​ព្យួរ​ទម្លាក់​ពីលើ​មែកឈើ​សម្រាប់​ប្អូន​ៗ​កុមារ​និង​យុវវ័យ​ ​ថត​លេងកម្សាន្ត​យ៉ាង​ស្រស់​ស្អាត​ថែមទៀត​ផង​។​ ​អ្នកគ្រប់គ្រង​អាហារដ្ឋាន​នេះ​បាន​ប្រាប់​ថា​ ​ភ្ញៀវ​អាចម​ក​កម្សាន្ត​នៅ​ទីនេះ​បាន​គ្រប់​រដូវ​ ​ព្រោះ​នៅ​ទីនេះ​មាន​ទឹកហូរ​កាត់​ខួបប្រាំងខួបវស្សា​។​ ​ដោយឡែក​នៅក្នុង​រដូវវស្សា​ ​ទោះបី​ទឹកឡើង​ច្រើន​បន្តិច​ក៏ដោយ​ ​ក៏​គេ​មាន​ចង​ពោង​កង់ឡាន​អាច​ឲ្យ​ភ្ញៀវ​តោង​លេង​បាន​យ៉ាង​រីករាយ​ដែរ​។​ ​គួរ​ ​បញ្ជាក់​ថា​ ​ម្ហូបអាហារ​ដែល​ភ្ញៀវ​អាច​កុម្ម៉ង់​បាន​រួមមាន​ ​មាន់​ដុត​ ​ត្រី​បំពង​ ​ត្រី​ដុត​ទឹកត្រី​ស្វាយ​ ​ម្ជូរ​គ្រឿង​អង្រ្កង​ ​ម្ជូរ​ព្រៃ​ ​កង្កែប​អាំង​ឬ​បំពង​ ​មាន់​ឆា​ក្តៅ​ ​និង​គ្រឿងក្លែម​ ​មានតម្លៃ​សមរម្យ​ ​ហើយ​មិន​គិតថ្លៃ​តូប​អង្គុយ​ឡើយ​៕​

​Article​ ​by​ ​SRIN​ ​SOKMEAN​



SUGGESTIONS