×

ទាំងអស់គ្នា​យើង​អាច​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ដើម្បី​ការពារ​សុខភាព​ភពផែន​ដី​

TRAVEL & LIVING 5 years ago
 
 

          ជួន​ចំ​ខែកក្កដា​នេះ​គឺជា​ទិវា​ពិភពលោក​គ្មាន​ប្លាស្ទិក​ ​ក៏​ប៉ុន្តែ​នៅ​ឆ្នាំ២០១៩នេះ​សំរាម​ប្លាស្ទិក​បាន​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​ស្រប​ពេល​ដែល​អាស៊ី​អាគ្នេយ៍​ក្លាយជា​ធុងសំរាម​របស់​ប្រទេស​លោកខាងលិច​អា​មេ​រិច​និង​កាណាដា​ជាដើម​។​ ​បញ្ហា​នេះ​បាន​ក្លាយជា​ហានិភ័យ​ដ៏​ខ្ពស់​មួយ​ដែល​ត្រូវ​បាន​គេ​ព្រួយបារម្ភ​ខ្លាំង​ដល់​បរិស្ថាន​និង​សុខភាព​ភាវរស់​ទាំងឡាយ​។​ ​ជា​រៀងរាល់ថ្ងៃ​ថង់​ប្លាស្ទិក​ប្រមាណ​ជាង​ ​ដប់លាន​ថង់​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាប្រចាំ​នៅ​កម្ពុជា​ ​នេះ​បើ​យោង​តាម​របាយការណ៍​ពិសេស​មួយ​របស់​មូលនិធិ​ ​ACRA​ ​ដែល​បាន​ចុះផ្សាយ​កាលពី​ពេល​កន្លងទៅ​។​ ​ចំនួន​ដ៏​ច្រើនលើស​លប់​នេះ​ ​បាន​ធ្វើឲ្យ​អ្នក​ស្រលាញ់​បរិស្ថាន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​មានការ​ព្រួយបារម្ភ​ខ្លាំង​ ​អំពី​អនាគត​នៃ​សម្រស់​កម្ពុជា​។​ ​តើ​ប្លាស្ទិក​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន​យ៉ាងដូច​ម្តេច​ខ្លះ​ ​ទើបបាន​ជា​គេ​បារម្ភ​ពី​វា​ខ្លាំង​ដល់​ថ្នាក់​នេះ​?​ ​

          ​ប្លាស្ទិក​អាច​ធ្វើឲ្យ​យើង​កើត​នូវ​ជំងឺមហារីក​ ​នៅពេល​ដែល​វា​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​។​ ​នៅពេល​ដែល​យើង​យក​វា​ទៅ​ដុត​ចោល​ ​វា​នឹង​បញ្ចេញ​ជាតិពុល​ដែល​ធ្វើឲ្យ​ខ្យល់​កខ្វក់​និង​បំពុល​បរិយាកាស​ ​ហើយ​កា​របំ​ភាយ​ជាតិគីមី​នេះ​ទៀតសោត​ក៏អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ ​សត្វ​ ​និង​រុក្ខជាតិ​ផង​ដែរ​។​ ​សារជាតិ​គីមី​ទាំងនោះ​ក៏អាច​ចូល​ទៅ​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​ ​ដែល​អាច​ធ្វើឲ្យ​យើង​ងាយ​ទទួលរង​នូវ​មេរោគ​ឱកាសនិយម​ ​និង​ងាយ​ឈឺ​ទៀតផង​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ ​លោក​ ​សាន​ ​ដារ៉ា​វីត​ ​ប្រធាន​ក្រុម​យុវជន​សំរាម​។​

លោក​ ​សាន​ ​ដារ៉ា​វីត

          ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បីឲ្យ​ប្រជាជន​កម្ពុជា​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ទាំងអស់​នេះ​បាន​?​
          ​ការបញ្ឈប់​ការប្រើ​ប្រាស់​ថង់​ឬ​សម្ភារៈ​ប្លាស្ទិក​ ​គឺ​ពិតជា​ពិបាក​ណាស់​ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​បាន​បន្សាំ​របស់​ទាំងអស់​នេះ​ក្លាយជា​សម្ភារៈ​ដែល​ត្រូវ​ប្រើប្រាស់​ជាចាំបាច់​ប្រចាំថ្ងៃ​រួច​ទៅ​ហើយ​។​ ​កញ្ញា​ ​ក្រិច​ ​ស្រី​នាង​ ​សហ​ស្ថាបនិក​នៃ​គម្រោង​ ​អេកូ​ឡាយ​ ​(​Ecolife​)​ ​បាន​ផ្តល់​នូវ​គន្លឹះ​ក្នុង​ការកាត់បន្ថយ​ប្លាស្ទិក​ពី​ការប្រើ​ថង់​ប្លាស្ទិក​ ​ជំនួស​ឲ្យ​ការប្រើ​ប្រាស់​នូវ​ថង់​ដែល​ធ្វើ​ពី​ក្រណាត់​ ​ឬ​ ​Eco​ ​bag​ ​ដើម្បី​វេច​ខ្ចប់​ឬ​ដាក់​នូវ​ម្ហូប​ពី​ផ្សារ​វិញ​។​ ​ការ​ ​បញ្ចុះបញ្ចូល​អ្នកផ្ទះ​ឲ្យ​ចេះ​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ក៏​ជា​រឿង​មួយ​ដែល​មិន​ងាយស្រួល​ដែរ​ ​ព្រោះថា​មាន​សម្ភារៈ​ប្លាស្ទិក​ជាច្រើន​ត្រូវ​បាន​ពួកគាត់​ទំ​លាប់​ប្រើប្រាស់​ជាប្រចាំ​ ​និង​ក្លាយជា​របស់​ដែល​ងាយស្រួល​ប្រើ​សម្រាប់​គាត់​ទៅ​ហើយ​។​ ​ក៏ប៉ុន្តែ​យើង​អាច​បញ្ជ្រាប​ការយល់​ដឹង​តាមរយៈ​ការ​ផ្តល់​ជា​ចំណេះដឹង​សុខភាព​សម្រាប់​គាត់​វិញ​បាន​។​ ​ឧទាហរណ៍​ ​យើង​អាច​ប្រាប់​គាត់​ថា​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ដាក់​ទឹកស៊ុប​ឬ​របស់​ដែល​ក្តៅ​អាច​ធ្វើ​ឲ្យ​វាប​ញ្ជេញ​សារជាតិ​ពុល​ប៉ះពាល់​ដល់​សុខភាព​ជាដើម​។​ ​កញ្ញា​ ​ក្រិច​ស្រី​នាង​ ​ក៏បាន​បន្ថែម​ទៀត​ ​ឲ្យ​ចេះ​ ​កែច្នៃ​របស់របរ​ ​ឬ​សម្ភារៈ​ដែល​លែង​ប្រើប្រាស់​នោះ​ឲ្យ​មានប្រយោជន៍​ឡើងវិញ​ ​ឬក៏​សម្អាត​និង​ប្រើប្រាស់​វា​ម្តង​ទៀត​ ​ហើយ​ប្រសិនជា​អាច​យើង​គួរតែ​បរិច្ចាគ​ទៅ​ឲ្យ​អ្នក​ផ្សេង​ដែល​កំពុងតែ​ត្រូវការ​វា​ឬក៏​មានគំនិត​ច្នៃ​វា​ ​ជាជាង​បោះចោល​។​ ​មួយវិញទៀត​ប្រសិនជា​អាច​យើង​គួរតែ​កុំ​ចំណាយ​ ​លើ​របស់​ណា​ដែល​មិន​ចាំបាច់​ខ្លាំងពេក​។

កញ្ញា​ ​ក្រិច​ស្រី​នាង

          Think​ ​Plastic​ ​គឺជា​ទំព័រ​ហ្វេ​សប៊ុ​ក​ដ៏​ពេញនិយម​មួយ​ដែល​បាន​ផ្តល់​នូវ​វីដេអូ​ដ៏​មានប្រយោជន៍​ជាច្រើន​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើ​ប្រាស់​ប្លាស្ទិក​នេះ​។​ ​កញ្ញា​ ​អាត​ ​សុធា​វី​ ​ជា​ស្ថាបនិក​គម្រោង​ ​Think​ ​Plastic​ ​ត្រូវ​បាន​ ​កោតសរសើរ​ ​ពីសំណាក់​អ្នក​និយម​ចូលចិត្ត​លេង​បណ្តាញ​សង្គម​ជាច្រើន​តាមរយៈ​វីដេអូ​អប់រំ​អំពី​ប្លាស្ទិក​នេះ​ផង​ដែរ​។​ ​តាមរយៈ​ ​សូ​វរីន​ ​កញ្ញា​ ​អាត​ ​សុធា​វី​ ​បាន​ប្រាប់​ថា​ ​ការប្រើ​ប្រាស់​ប្លា​ស្ទិក​ ​អាច​មានផល​ប៉ះពាល់​ទៅដល់​សុខភាព​មនុស្ស​ ​ហើយ​សំ​ណ​ល់​ប្លា​ស្ទិ​កក៏​អាច​ប៉ះពាល់​ទៅដល់​បរិស្ថាន​លក្ខណៈ​យូរអង្វែង​។​ ​នៅក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​យើង​គ្រប់គ្នា​ប្រើ​ប្រាស់​ប្លា​ស្ទិក​ជាច្រើន​ ​ប៉ុន្តែ​យើង​អាច​ចូលរួម​កាត់បន្ថយ​បាន​​ដូចជា​ ​យក​ដប​ទឹកដែល​អាច​​ប្រើប្រាស់​ឡើងវិញ​បាន​​​ដាក់​តាម​ខ្លួន​ ​ប្រើ​ថង់​ក្រណាត់​ ​និង​ ​យក​ប្រអប់​ពេល​ទៅ​ទិញ​អាហារ​ខ្ចប់​ជាដើម​។​ ​ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន​ ​និង​​ហាង​កាហ្វេ​នានា​ ​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​កែវ​ ​ដើម្បី​ដាក់​ទឹក​ ​និង​​កាហ្វេ​ពេល​ដែល​ភ្ញៀវ​ញាំ​ក្នុង​ហាង​។​ ​ការ​លើកទឹកចិត្ត​ក្នុង​ការ​កាត់​បន្ថយ​ប្លា​ស្ទិ​កក៏​ត្រូវ​បាន​លើកទឹកចិត្ត​ ​ហើយ​ប្រសិនបើ​កុំ​ប្រើ​ប្រាស់​ប្លា​ស្ទិ​ក​តែ​ម្តង​គឺ​កាន់តែ​ល្អ​។​

កញ្ញា​ ​អាត​ ​សុធា​វី

          កញ្ញា វត្ថា វិច្ឆិកា​ ​គឺជា​ម្ចាស់ហាង​លក់​គ្រឿង​ក្រ​អប់​ដែល​កែច្នៃ​ពី​ធម្មជាតិ​ ​ដូចជា​សាប៊ូ​ធ្វើ​ពី​ប្រេងដូង​ ​និង​របស់របរ​ប្រើប្រាស់​ជាច្រើន​ទៀត​ដែល​មាន​យីហោ​ឈ្មោះថា​ ​«​ដៃ​ខ្មែរ​»​។​ ​កញ្ញា​ ​ក៏​ជា​សហគ្រិន​សង្គម​មួយ​រូប​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ ​ហើយក៏​ជា​អ្នក​ស្រលាញ់​បរិស្ថាន​មួយ​រូប​ផង​ដែរ​។​ ​ក្នុងនាម​ជា​សហគ្រិន​មួយ​រូប​ ​កញ្ញា​បាន​ចែករំលែក​នូវ​ការយល់ឃើញ​មួយ​ថា​ ​ប្លាស្ទិក​គឺជា​បញ្ហា​នៅ​លើ​ពិភពលោក​ ​ហើយ​យើង​គួរតែ​បណ្តុះ​គំនិត​ស្រលាញ់​បរិស្ថាន​។​ ​ប្រសិនបើ​យើង​មានគំនិត​គិតទៅ​លើ​រឿង​ទាំងអស់​នោះ​ហើយ​ ​នោះ​មិន​មាន​អ្វី​មក​អាច​រារាំង​យើង​ឲ្យ​ស្វែងរក​វិធី​ដើម្បី​កាត់​ផ្តាច់​ប្លាស្ទិក​បាន​នោះ​ទេ​។​ ​មិនថា​នៅក្នុង​អាជីវកម្ម​ឬ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ឡើយ​ ​ជាក់ស្តែង​នៅក្នុង​អាជីវកម្ម​ដៃ​ខ្មែរ​ ​និង​ ​ហាង​ ​Dai​ ​Khmer​ ​Refill​ ​station​ ​ស្រាប់​ ​គឺ​ពួក​យើង​តែងតែ​រក​វិធី​ធ្វើ​យ៉ាងណា​ដើម្បី​បំបាត់​ប្លាស្ទិក​ឲ្យបាន​ ​១០០​ ​ភាគរយ​ចេញពី​សិប្បកម្ម​ក៏ដូចជា​ហាង​របស់​យើង​ផ្ទាល់​ផង​ដែរ​៕​

កញ្ញា វត្ថា វិច្ឆិកា

Article​ ​by​ ​KEO​ ​SONG​ ​


SUGGESTIONS