×

ក្លិន​ឈ្ងុយ​ស្រួយ​ឆ្ងាញ់​ពី​ម្ទេស​ឆា​អប់​ទៅ​ដោយ​ខ្ទឹម​បំពង​រួម​នឹង​សណ្ដែកដី​លីង​

TRAVEL & LIVING 5 months ago
 
 

​            ​ម្ទេស​គឺជា​គ្រឿង​បន្ថែម​រសជាតិ​ម្យ៉ាង​ដែល​ ​មនុស្ស​ភាគច្រើន​និយម​ចូលចិត្ត​ទទួលទាន​វា​។​ ​ក្រៅពី​រសជាតិ​ហឹរ​ហើយ​នោះ​ម្ទេស​ជា​ប្រភព​នៃ​វីតាមីន​ ​A​ ​B​ ​C​ ​និង​ ​E​ ​និង​សារធាតុ​រ៉ែ​ជាច្រើន​មាន​ដូចជា​ ​molybdenum​ ​ម៉ង់​ហ្គា​ណែស​ ​អាស៊ីតហ្វូលីក​ ​ប៉ូតាស្យូម​ ​Thiamine​ ​និង​ទង់ដែង​ ​។​ ​ម្ទេស​មាន​បរិមាណ​វីតាមីន​ ​C​ ​ច្រើនជាង​ក្រូច​ចំនួន​ប្រាំពីរ​ដង​។​ ​បើ​យើង​និយាយ​ពី​ម្ទេស​ឆា​វិញ​ ​អ្ន​ក​ណាៗ​ក៏​ចូលចិត្ត​និង​និយម​ទទួលទាន​ផង​ដែរ​ ​ប៉ុន្តែ​សម្រាប់​លេខ​ថ្មីនេះ​ ​សូ​វរីន​ ​សូម​លើក​បង្ហាញ​ពី​គន្លឹះ​ងាយ​ៗ​ក្នុង​ការ​ឆា​ម្ទេស​សណ្ដែកដី​លីង​មក​បង្ហាញ​ជូន​មិត្ត​អ្នកអាន​ទុក​គ្រាន់​ជា​មេរៀន​តូច​មួយ​សម្រាប់​យក​ទៅ​អនុវត្តន៍​។​ ​

​            ជាដំបូង​អ្នក​អាច​ទិញ​ម្ទេស​ស្រស់​ចំនួន​កន្លះ​គីឡូ​ ​បន្ទាប់មក​បេះ​ទង​វា​ចេញរួច​សឹម​លាង​ទឹក​ចេញ​ឱ្យ​ស្អាត​ទុក​ឱ្យ​ស្រក់​ទឹក​ ​រួច​យក​ម្ទេស​ទាំងនោះ​មក​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​ល្មម​(​កុំឱ្យ​ម៉ដ្ឋ​ពេក​)​។​ ​ដោយឡែក​គ្រឿងផ្សំ​ដែល​មិន​អាច​ខ្វះ​បាន​មួយទៀត​នោះ​គឺ​ខ្ទឹមស​ចំនួន​កន្លះ​គីឡូក្រាម​ ​ហើយ​បក​សម្បក​ចេញ​ ​និង​ចិញ្រ្ចាំ​វា​លៃ​យ៉ាងណា​ឱ្យ​ប្រហាក់​ប្រហែលជា​មួយ​នឹង​ម្ទេស​ដែល​យើង​បាន​ចិញ្រ្ចាំ​។​ ​បាន​ជា​យើង​ចិញ្ច្រាំ​ម្ទេស​និង​ខ្ទឹម​កុំឱ្យ​ម៉ដ្ឋ​ពេក​ ​ដោយសារតែ​ពេល​ដែល​យើង​ចិញ្ច្រាំ​វា​រាង​ដុំ​ៗ​បន្តិច​នៅពេល​ដែល​យើង​បំពង​វា​ហើយ​ ​យក​មក​ទទួលទាន​អ្នក​នឹង​ទទួល​បាន​នូវ​រសជាតិ​ឈ្ងុយ​ស្រួយ​ឆ្ងាញ់​ពី​ម្ទេស​ឆា​និង​ខ្ទឹម​បំពង​តែម្តង​។​ ​គ្រឿងផ្សំ​មួយទៀត​នោះ​គឺ​ប្រេងឆា​ ​ប្រហែល៨០០ក្រាម​ ​យក​ទៅ​ដាក់លើ​ខ្ទះ​ដែល​កំពុងតែ​ក្ដៅ​ខ្លាំង​បន្ទាប់មក​ចាក់​ខ្ទឹមស​ដែល​បាន​ចិញ្ច្រាំ​រួច​ចូល​ ​និង​បន្ត​បំពង​វារ​ហូត​ដល់​ក្រហម​(​ពង​កន្លាត​)​សឹម​យើង​ចាក់​ម្ទេស​ចូល​ ​បន្ទាប់មក​យើង​ដាក់​ប៊ីចេង​ចំនួន១ស្លាបព្រា​កន្លះ​កូរ​ឱ្យ​សព្វ​។​ ​ចំណុច​ពិសេស​នៃ​ការ​ឆា​ម្ទេស​សណ្ដែកដី​លីង​នេះ​គឺ​ការគ្រប់គ្រង​ភ្លើង​ដែល​ជា​ធាតុផ្សំ​យ៉ាង​ចាំបាច់ក្នុង​ការ​ចម្អិន​ ​ព្រោះ​កាលណា​តែ​កម្ដៅ​ភ្លើង​ខ្លាំង​អាច​ធ្វើ​ឱ្យ​ម្ទេស​វា​ឆាប់​ខ្លោច​។​

​            ​ក្នុង​ការ​ចម្អិន​អ្នក​អាច​ប្រើ​រយៈពេល៣០ទៅ៤០នាទី​ ​វា​នឹង​ឆ្អិន​ទៅតាម​លំដាប់លំដោយ​ហើយ​ម្ទេស​ក៏​វា​ក្រៀម​ស្រួយ​ទៅតាម​ហ្នឹង​ដែរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្នុងអំឡុងពេល៣០ទៅ៤០នាទី​នេះ​ ​អ្នក​មិន​អាច​ដាក់​វែក​ឆា​ចុះ​បានទេ​គឺ​ត្រូវតែ​កូរ​វា​ទៅ​មកៗ​ ​ចូល​ដល់​បាតខ្ទះ​រហូត​ទាល់តែ​វា​ឆ្អិន​។​ ​ក្នុងអំឡុងពេល​ឆា​អ្នក​គួរតែ​ពិនិត្យ​ផង​ដែរ​ថា​ ​បើ​ម្ទេស​វា​រាង​ក្រៀម​ក្រហមក្រមៅ​ហើយ​អ្នក​គួរ​ប្រញាប់​ពន្លត់ភ្លើង​ចង្រ្កាន​។​ ​នៅ​គ្រឿងផ្សំ​ដ៏​ពិសេស​មួយទៀត​នោះ​គឺ​សណ្ដែកដី​លីង​ ​អ្នក​អាច​ដាក់​វា​ទៅតាម​បរិមាណ​ដែល​អ្នកចូលចិត្ត​បាន​ឬ​បើ​ផ្អែក​តាម​បរិមាណ​ម្ទេស​ដែល​សូវ​រី​នបា​នប​ង្ហាញ​អ្នក​អាច​ដាក់​សណ្ដែកដី​លីង​ចំនួន​ ៤០០ក្រាម​។​ ​នៅពេល​ដែល​ម្ទេស​ឆា​របស់​យើង​បាន​បញ្ចប់​បេសកកម្ម​នៅ​លើ​ភ្លើង​ចង្ក្រាន​រួចហើយ​នោះ​ ​អ្នក​អាចយ​ក​សណ្ដែកដី​លីង​ដាក់​ច្របល់​ចូល​ជាមួយ​ក៏បាន​ប៉ុន្តែ​ប្រសិនបើ​អ្នក​គិតថា​ចំនួន​ម្ទេស​ទាំងនោះ​អ្នក​មិន​ងាយ​ទទួលទាន​អស់​ ​អ្នក​អាច​ចាំ​បន្ថែម​សណ្ដែកដី​លីង​នៅ​ខាងក្រៅ​ក៏បាន​ ​ព្រោះ​បើ​អ្នក​ដាក់​លាយ​ចូល​តែម្ដង​វា​អាច​ឆាប់​ខូច​រសជាតិ​សណ្ដែកដី​វា​ទន់​លែង​សូវ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​៕​ ​



SUGGESTIONS