×

ខូ​ឡិក​ហ្សិន​ថ្មី​ច្នៃ​តាម​សណ្ឋាន​ក្រដាសប្រាក់​ពីរ​ម៉ឺន​រៀល​ ​ពី​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​វ័យក្មេង​មួយ​រូប​

FASHION & BEAUTY 4 weeks ago
 
 

  គ្រប់​ម៉ូត​សម្លៀកបំពាក់​ដែល​រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូត​គ្រប់រូប​ជុំវិញ​ពិភពលោក​ពី​មួយ​ឈុត​ ​ទៅ​មួយ​ឈុត​ធ្វើឡើង​ស្រប​ទៅតាម​ទំនោរ​និយម​ថ្មី​ ​ឬ​តាម​រដូវ​កាល​នី​មួយ​ៗ​ ​បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​សំ​ខាន់​ៗ​ជាច្រើន​ដែល​ឆ្លុះបញ្ចាំង​ពី​ផ្នត់គំនិត​ ​ក៏ដូចជា​បទពិសោធន៍​នៃ​ជីវិត​ផ្ទាល់ខ្លួន​លើ​ឈុត​សម្លៀកបំពាក់​នោះ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​អ្នក​បង្វែរ​អារម្មណ៍​មក​មើល​ការរចនា​ម៉ូត​ឈុត​សម្លៀកបំពាក់​ថ្មី​មួយ​របស់​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​មួយ​រូប​មក​ពី​ក្រុងភ្នំពេញ​ ​អ្នក​ប្រាកដជា​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ខូ​ឡិក​ហ្សិ​ននេះ​ជាក់ជា​មិនខាន​។​

            ​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ឯកទេស​ហ្វេ​ហ្សិន​ឌីហ្សា​ញនៃ​សាកល​វិទ្យាល័យ​ ​លីម​ ​កុក​វីង​ ​កញ្ញា​ ​ហ៊ា​ង​ ​សុជាតា​ ​បាន​ច្នៃ​ម៉ូត​សម្លៀកបំពាក់​យ៉ាង​ស្រស់​ប្រណិត​ ​អម​ដោយ​ផ្នត់គំនិត​ដ៏​ពិសេស​មួយ​ដែល​បង្កប់​នូវ​អត្តសញ្ញាណ​ជាតិ​តាមរយៈ​ការ​ជ្រើសរើស​រូបិយ​បណ្ណ​ខ្មែរ​ ​ក្រដាសប្រាក់​ពីរ​ម៉ឺន​រៀល​ ​រចនា​ចេញ​ជា​ ​ខូ​ឡិក​ហ្សិ​នប្លែ​ក​ភ្នែក​ថ្មី​សម្រាប់​ឆ្នាំ​ពីរ​ពាន់​ម្ភៃ​ខាងមុខនេះ​។​ ​ក្នុងនាម​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​វ័យ​ ​ម្ភៃ​បី​ឆ្នាំ​ ​បាន​ថ្លែង​មកកាន់​ ​សូ​វរីន​ ​ដូច្នេះ​ថា​ ​«​ស្នាដៃ​ដែល​ខ្ញុំ​បង្កើត​ ​ភាគច្រើន​ចេញពី​បទពិសោធន៍​ខ្លួនខ្ញុំ​ផ្ទាល់​ ​សូម្បីតែ​ខូ​ឡិក​ហ្សិន​ ​Young​ ​Money​ ​ដែល​ខ្ញុំ​ធ្វើឡើង​នេះ​ក៏​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​បទពិសោធន៍​របស់ខ្ញុំ​ផ្ទាល់​ដែរ​ ​»​។​ ​

    

កញ្ញា​ ​ហ៊ា​ង​ ​សុជាតា

«​Young​ ​Money​»​ ​ជា​ឈ្មោះ​ខូ​ឡិក​ហ្សិន​ថ្មី​បំផុត​ដែល​រចនា​ឡើង​តាម​លំនាំ​រូបិយ​បណ្ណ​ ​ក្រដាសប្រាក់​ពីរ​ម៉ឺន​រៀល​ដែល​កញ្ញា​បាន​ចំណាយពេល​វេលា​ប្រមាណ​ជាមួយ​ឆ្នាំ​ក្នុង​ការសម្រេច​នូវ​ម៉ូត​ដ៏​ស្រស់​ស្អាត​ ​និង​គួរឲ្យ​គយគន់​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ជាមួយនឹង​ឈុត​សម្លៀកបំពាក់​ចំនួន​ប្រាំមួយ​ឈុត​នេះ​ ​គឺ​សុទ្ធសឹងតែ​មានការ​ផ្សារភ្ជាប់​ ​និង​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​រូបិយ​បណ្ណ​ខ្មែរ​ទៅកាន់​ជនបរទេស​មួយចំនួន​ឲ្យបាន​ស្គាល់​អំពី​ក្រដាសប្រាក់​ខ្មែរ​ផង​ដែរ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​កញ្ញា​ ​សុជាតា​ ​បាន​បន្ត​ដូច្នេះ​ថា​ ​«​បើ​និយាយ​មែនទែន​ទៅ​មុននឹង​ខ្ញុំ​សម្រេចចិត្ត​ធ្វើ​ឈុត​នឹង​ឡើង​ ​ក៏​ព្រោះតែ​ខ្ញុំ​បាន​ជួប​បញ្ហា​ ​គឺ​នៅពេល​ខ្ញុំ​ចូល​ធ្វើការ​ ​ថៅកែ​របស់ខ្ញុំ​គាត់​ជា​ជនបរទេស​ ​ថ្ងៃមួយ​គាត់​មក​សួរ​ខ្ញុំ​ថា​ ​ក្រដាស​នឹង​ក្រដាស​អី​គេ​?​ ​គ្រាន់តែ​ខ្ញុំ​ឮ​គា​ត់​សួរ​ចឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​គួរឲ្យ​ជឿ​សោះ​ថា​ហេតុ​អី​បាន​ជា​គាត់​មិន​ស្គាល់​ថា​នេះ​ជា​ក្រដាសប្រាក់​ពីរ​ម៉ឺន​រៀល​ ​ទាំង​ដែល​គាត់​ជា​អ្នកបើកប្រាក់​ខែ​ឲ្យ​ខ្ញុំ​ប៉ុន្តែ​គាត់​អត់​ស្គាល់​ក្រដាសប្រាក់​ខ្មែរ​។​ ​ហេតុនេះ​ទើប​ខ្ញុំ​សម្រេចចិត្ត​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នេះ​ឡើង​ ​ក្នុង​គោលបំណង​ចង់​ឲ្យ​គេ​គ្រប់គ្នា​ដឹង​អំពី​ក្រដាស​ខ្មែរ​តែប៉ុណ្ណោះ​»​។​ ​យ៉ាងណាមិញ​ ​ក្នុងកំលុង​ពេល​សង្វាក់​ផលិតកម្ម​នៃ​ការ​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ដែល​សម្រេច​បាន​ ​ហាសិប​ភាគរយ​ទៅ​ហើយ​នោះ​ ​ក៏​ស្រាប់តែ​មាន​មតិ​ ​និង​រង​ការរិះគន់​ជាច្រើន​ដែល​បណ្តាល​ឲ្យ​កញ្ញា​សម្រេចចិត្ត​ផ្អាក​កិច្ចការ​ក្នុង​ការ​ច្នៃ​ម៉ូត​នេះ​មួយ​រយៈ​ធំ​។​ ​ក៏ប៉ុន្តែ​ដោយ​ការ​ស្រឡាញ់​ ​ការ​អត់ធ្មត់​ ​ការ​លើកទឹកចិត្ត​ពី​គ្រូបង្រៀន​របស់​ ​កញ្ញា​ ​សុជាតា​ ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​កញ្ញា​ចាប់ផ្តើម​បន្តការងារ​របស់​ខ្លួន​សារ​ជាថ្មី​បន្ត​ទៀត​រហូត​បានសម្រេច​គោលដៅ​។​ ​

            ​ខូ​ឡិក​ហ្សិ​នដែ​លមាន​ឈ្មោះថា​ ​«​Young​ ​Money​»​ ​បាន​បង្ហាញ​នូវ​ភាព​ទាក់ទាញ​ ​និង​មាន​ប្រជាប្រិយ​បំផុត​ក្នុង​សម័យ​ទំនើប​នេះ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​កញ្ញា​ ​សុជាតា​ ​ក៏បាន​បង្ហាញ​នូវ​មតិមួយ​ចំនួន​​ចំពោះ​សិស្សានុសិស្ស​ដែល​ស្រឡាញ់​វិស័យ​ហ្វេ​ហ្សិន​គួរតែ​បង្ហាញ​នូវ​សមត្ថភាព​ ​ពុំគួរ​ស្តាប់​នូវ​គំនិត​អវិជ្ជមាន​របស់​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ​។​ ​ជាចុងក្រោយ​ ​កញ្ញា​ ​ក៏បាន​បង្ហាញ​ឲ្យដឹង​ថា​ ​«​ខ្ញុំ​សង្ឃឹមថា​នៅពេល​ដែល​ជនបរទេស​ ​មកកាន់​ប្រទេស​កម្ពុជា​គួរតែ​ប្រើប្រាស់​ ​និង​ស្គាល់​នូវ​រូបិយ​បណ្ណ​ខ្មែរ​ជាជាង​រូបិយ​បណ្ណ​បរទេស​។​ ​ម៉្យាងវិញទៀត​ ​ប្រជាជន​កម្ពុជា​ទូទៅ​គួរតែ​គាំទ្រ​នូវ​អ្វី​ដែល​ខ្លួន​មាន​ ​ក៏ដូចជា​រូបិយ​បណ្ណ​ខ្មែរ​ជាដើម​»​៕​

           ​

Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS