×

ការ​តស៊ូ​បង្កើត​ម៉ាក​ ​«​CARINO​»​ ​ពី​អ្នកស្រី​ ​ទឹម​ ​លក្ខិ​ណា​ ​បង្ហាញ​នូវ​សក្តា​នុ​ពល​ដ៏​សំខាន់​នៃ​យីហោ​ក្នុង​ស្រុក​

FASHION & BEAUTY 3 months ago
 
 

          ​ស្រប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​កាន់តែ​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​បាន​ធ្វើឲ្យ​ផលិតករ​គ្រប់រូប​រិះរក​នូវ​គំ​និ​ត​ប្លែក​ៗ​ ​និង​មាន​ភាព​តស៊ូ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​នានា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ ​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​យ៉ាង​ខ្ជាប់ខ្ជួន​។​ ​ទាំងនេះ​ជា​មូលហេតុ​មួយ​ ​ដែល​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​តស៊ូ​របស់​ស្ថាបនិកា​ហាង​សម្លៀកបំពាក់​មួយ​កន្លែង​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំ​ពី​សក្តា​នុ​ពល​ជាច្រើន​ ​ទាក់ទង​ទៅ​នឹង​វិស័យ​ហ្វេ​សហ្សិន​ ​ក៏ដូចជា​ការ​គាំទ្រ​នូវ​ផលិតផល​ក្នុង​ស្រុក​ផង​ដែរ​។​

          ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​រ​ ​ជាន់ទី២ទល់មុខ​នឹង​ជណ្តើរ​យន្ត​ ​យើង​នឹង​ឃើញ​ហាង​សម្លៀកបំពាក់​មួយ​កន្លែង​មានការ​រៀបចំ​តុបតែង​យ៉ាង​ស៊ីវិល័យ​មានឈ្មោះ​ថា​ ​«CARINO»​ ​ក្រោម​ការគ្រប់គ្រង​ ​ពីសំណាក់​ស្ថាបនិកា​នៃ​ហាង​សម្លៀកបំពាក់​ដ៏​ពេញនិយម​ក្នុង​រាជធានី​ភ្នំពេញ​ ​អ្នកស្រី​ ​ទឹម​ ​លក្ខិ​ណា​ ​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ ​វ៉ាន់​ដា​ ​លើ​ជំនាញ​គណនេយ្យ​។​ ​ជំនួប​ជាមួយនឹង​អ្នកជំនួញ​វ័យ២៩ឆ្នាំ​រូប​នេះ​ ​បាន​បង្ហាញ​ ​សូ​វរីន​ ​ឲ្យដឹង​ផង​ដែរ​ថា​ ​«​ខ្ញុំ​បាន​ផ្អាក​ការសិក្សា​នៅ​ទីនោះ​មួយ​រយៈ​ ​ក៏​ព្រោះតែ​ខ្ញុំ​គិតថា​វា​មិនមែន​ជាមុ​ខ​ជំនាញ​ដែល​ខ្ញុំ​ស្រឡាញ់​នោះ​ទេ​ ​ហេតុនេះ​ទើប​ខ្ញុំ​សម្រេចចិត្ត​ផ្អាក​លើ​មុខជំនាញ​នេះ​ ​ហើយ​ខ្ញុំ​ស្វែងរក​សាលា​ណា​ដែល​បង្រៀន​ហ្វេ​ហ្សិន​ឌីហ្សាញ​ ​(​រចនា​ម៉ូត​សម្លៀកបំពាក់​)​ ​វិញ​»​។​ ​បន្ទាប់ពី​បាន​ផ្អាក​ការសិក្សា​លើ​ជំនាញ​គណនេយ្យ​មួយ​រយៈ​ ​អ្នកស្រី​បាន​ទទួល​អាហារ​រូបករណ៍​សិក្សា​លើ​ជំនាញ​ផ្នែក​ហ្វេ​សហ្សិន​ឌីហ្សាញ​ពី​អង្គការ​មួយ​កន្លែង​ ​ហើយ​អ្នកស្រី​បាន​សិក្សា​ជាមួយនឹង​អង្គការ​រយៈពេល​ ​២ឆ្នាំ​ ​ទៅ៣ឆ្នាំ​លើ​មុខជំនាញ​នេះ​។​ ​អ្នកស្រី​បាន​បន្ត​ដូច្នេះ​ថា​ ​«​កំឡុង​ពេល​ដែល​ខ្ញុំ​សិក្សា​ ​ខ្ញុំ​បាន​ចាប់ផ្តើម​រចនា​ម៉ូត​សម្លៀកបំពាក់​ទៅ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​មិនទាន់​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅឡើយ​ទេ»។​

​            ​សម្រាប់​អាជីវកម្ម​ ​«​CARINO​»​ ​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​តាំងពី​ឆ្នាំ​ ​២០១០​ ​មក​ម្ល៉េះ​ ​រួម​ជាមួយនឹង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ប្រែ​ពី​ភា​សា​អេ​ស៉្បាញ​មានន័យថា​ ​«​ការ​ស្រឡាញ់​»​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ស្ថាបនិកា​ ​វ័យក្មេង​ម្នាក់​នេះ​បាន​ឲ្យដឹង​ថា​ ​នៅក្នុង​កំឡុង​ឆ្នាំ​ ​២០១០​ ​កន្លងទៅ​ហាង​សម្លៀកបំពាក់​នេះ​ ​បាន​នាំចូល​សម្ភារៈ​ ​ក៏ដូចជា​សម្លៀកបំពាក់​ពី​ប្រទេស​ម៉ាឡេស៊ី​មកកាន់​កម្ពុជា​ ​ប៉ុន្តែ​រយៈពេល៥ឆ្នាំ​កន្លងទៅ​ពោល​ក្នុង​ឆ្នាំ២០១៥​ ​អ្នកស្រី​បាន​បញ្ឈប់​នាំចូល​នូវ​ផលិតផល​បរទេស​មកកាន់​កម្ពុជា​ ​ប៉ុន្តែ​អ្នកស្រី​បាន​ស្វែងរក​គន្លឹះ​ ​ក៏ដូចជា​បង្កើត​ម៉ូត​សម្លៀក​បំពាក់​ថ្មី​ៗ​ជាច្រើន​ដោយខ្លួនឯង​ឲ្យ​ស្រប​ទៅ​នឹង​ទីផ្សារ​ទៀតផង។​

          ​​អ្នកស្រី​ ​លក្ខិ​ណា ចាប់ផ្តើម​​បង្កើត​ម៉ូត​ ​និង​រចនា​សម្លៀកបំពាក់​ដោយខ្លួនឯង​ជា​ពេល​ដែល​វិស័យ​ហ្វេ​ហ្សិន​ឌីហ្សា​ញក្នុង​កម្ពុជា​ស្ថិតនៅ​កម្រិតទាប​នៅឡើយ​ ​ហើយ​ភាព​អវិជ្ជមាន​ដ៏​ច្រើន​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ ​រួម​ទាំង​អត្រា​នៃ​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ទាប​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ផង​នោះ​ស្ទើរតែ​ធ្វើឲ្យ​អ្នកស្រី​បោះបង់​ក្តី​ប្រាថ្នា​នេះ​ទៅ​ហើយ​។​ ​អ្នកស្រី​ ​លក្ខិ​ណា​ ​បាន​បន្ត​ដូចនេះ​ថា​ ​«​ទោះបីជា​ខ្ញុំ​ព្យាយាម​ប្រាប់​អតិថិជន​ថា​ ​ពួក​យើង​រចនា​ម៉ូត​តាម​បែប​ក្រៅប្រទេស​ ​ប៉ុន្តែ​គ្រាន់តែ​យើង​ដេរ​សម្លៀកបំពាក់​ទាំងនេះ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​អតិថិជន​នៅតែ​មិនទាន់​មានទំនុក​ចិត្ត​មក​លើ​ពួក​យើង​នៅឡើយ​ ​ហើយ​វា​ក៏​ធ្វើឲ្យ​ពួក​យើង​បាក់ចិត្ត​មួយចំនួន​ផង​ដែរ​»​។​ ​

​            ​រយៈពេល​ជាង១០ឆ្នាំ​មកនេះ​ ​សង្វាក់​ផលិតកម្ម​នៃ​សម្ភារ​ ​ក៏ដូចជា​ផលិត​ផល​ផ្សេង​ៗ​ដែល​បាន​ធ្វើឡើង​ក្នុង​ប្រទេស​កាន់តែ​រីក​ ​ស្គុសស្គាយ​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស​ ​ហើយ​លទ្ធផល​នៃ​ការ​គាំទ្រ​នូវ​ផលិតផល​ក្នុង​ស្រុក​ក៏​កាន់តែ​ច្រើន​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នកស្រី​ ​ទឹ​ម ល​ក្ខិ​ណា​ ​ក៏បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ ​ក៏ដូចជា​មតិ​មួយចំនួន​ដូច្នេះ​ថា​ ​«​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​គាំទ្រ​នូវ​ផលិតផល​ក្នុង​ស្រុក​ដ៏​ច្រើន​នេះ​ ​បាន​ជំរុញ​នូវ​ទឹកចិត្ត​ផលិតករ​ជាច្រើន​ក្នុង​ការងារ​របស់​ពួកគេ​»​។​ ​ជាចុងក្រោយ​ ​អ្នកស្រី​ ​ក៏បាន​បន្ត​ដូច្នេះ​ថា​ ​«​ការ​ដើរ​យឺត​មិន​សំខាន់​នោះ​ទេ​ ​សំខាន់​យើង​នៅតែ​បន្តដំណើរ​របស់​យើង​ទៅមុខ​រហូតដល់​គោលដៅ​ដែល​យើង​ចង់បាន​»​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS