×

CULT​ ​វេទិកា​ដែល​ប្រមែប្រមូល​គ្រប់​ម៉ាក​យីហោ​នៃ​សហគ្រាស​សង្គម​ស្ថិត​ក្រោម​ដំបូល​តែមួយ​ ​

NEWS 5 years ago
 
 

            មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​ដឹង​ថា​ ​កម្ពុជា​មាន​សហគ្រាស​សង្គម​ជាច្រើន​ដែល​កំពុងតែ​នាំគ្នា​បង្កើត​នូវ​ផលិតផល​ ​ផ្ទាល់ខ្លួន​ក្រោម​ស្លាកយីហោ​ក្នុង​ស្រុក​ដែល​ធ្វើ​ដោយដៃ​ដើម្បី​ ​បំពេញ​នូវ​តម្រូវ​​ការ​ទីផ្សារ​​។​ ​សហគ្រាស​សង្គម​ធុន​តូច​ទាំងអស់​នោះ​ភាគច្រើន​សុទ្ធ​ ​សឹងតែ​ផលិត​នូវ​គ្រឿង​វាយនភណ្ឌ​ ​គ្រឿងអលង្ការ​ ​គ្រឿងក្រអូប​និង​សម្ភារៈ​ដទៃទៀត​ធ្វើ​ដោយដៃ​ដែល​ ​មានគុណ​ភាព​មិន​ចាញ់​ផលិតផល​ដទៃ​ប៉ុន្មាន​ឡើយ​។​ ​ក៏ប៉ុន្តែ​ដោយសារតែ​កង្វះ​ហិរញ្ញវត្ថុ​ ​ក្នុង​ការ​ធ្វើ​ទីផ្សារ​បាន​ធ្វើឲ្យ​ពួកគេ​បាត់បង់​នូវ​ឱកាស​ក្នុង​ការពង្រីក​អាជីវកម្ម​ក៏ដូចជា​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​របស់​ខ្លួន​។​ ​ដោយសារតែ​ហេតុនេះ​ហើយ​ទើបបាន​ធ្វើឲ្យ​សហគ្រិន​សង្គម​បរទេស​ពីរ​រូប​ ​សម្រេច​ចិត្ត​បង្កើត​នូវ​វេទិកា​ទីផ្សារ​មួយ​ដើម្បី​ប្រមែប្រមូល​នូវ​ស្លាក​យី​ហោ​តូច​ៗ​ទាំងអស់​នោះ​ ​ឲ្យ​ស្ថិតនៅ​ក្រោម​ដំបូល​តែមួយ​ដើម្បី​បង្កើត​ឲ្យ​មានឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​របស់​ខ្លួន​ក៏ដូចជា​ជំរុញ​ទឹកចិត្ត​សហគ្រិន ដើម្បី​បន្ត​បង្កើត​នូវ​អ្វី​ដោយខ្លួន​​ឯង​ផង​ដែរ​។​ ​វេទិកា​នេះ​មានឈ្មោះ​ថា​ ​ខាល​ ​«​CULT​ ​(​Cambodia's​ ​Ultimate​ ​Lifestyle​ ​Trade​ ​)​»​ ​បង្កើត​ឡើង​ដោយ​កញ្ញា​ ​ខេ​ធី​ ​នី​កូ​ឡាស​ ​(​Katia​ ​Nicolas​)​ ​និង​ដៃគូ​មួយ​រូប​ទៀត​ ​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ​២០១៦​ ​មក​។​

​            ខេ​ធី​ ​ដែល​ជា​អ្នក​រចនា​ម៉ូដ​ជនជាតិ​បារាំង​និង​ធ្លាប់​ជា​និស្សិត​ផ្នែក​បរិស្ថាន​មួយ​រូប​ផង​នោះ​បាន​បង្កើត​នូវ​ស្លាកយីហោ​ផ្ទាល់ខ្លួន​មួយ​នៅ​កម្ពុជា​ដែល​មានឈ្មោះ​ថា​ ​«​Good​ ​Krama​»​។​ ​តាមរយៈ​ស្លាកយីហោ​នេះ​ហើយដែល​បាន​ធ្វើឲ្យ​កញ្ញា​ខេ​ធី​ ​ប្រឡូក​ក្នុង​វិស័យ​ហ្វេ​សហ្សិ​ននៅ​កម្ពុជា​កាន់តែ​ជ្រៅ​ហើយ​បាន​ធ្វើឲ្យ​កញ្ញា​បានដឹង​ថា​ ​មាន​ស្លាកយីហោ​សម្លៀកបំពាក់​និង​គ្រឿង​វាយន​ភណ្ឌ​តូច​ៗ​ជាច្រើន​ទៀត​ដែល​កំពុងតែ​លាក់ខ្លួន​គ្រប់​ទីកន្លែង​និង​បានឃើញ​ពី​សក្តា​នុ​ពល​នៃ​ផលិតផល​ទាំងអស់​នេះ​ហើយ​ទើប​សម្រេចចិត្ត​បង្កើត​ ​«​CULT​»​ ​នេះ​ឡើង​។​ ​យ៉ាងណាមិញ​ដោយសារតែ​ការ​វិល​ត្រលប់​ទៅ​អ៊ឺ​រ៉ុប​វិញ​ ​ការរៀបចំ​ព្រឹត្តិ​ការណ៍​នេះ​នឹង​ត្រូវ​ផ្ទេរ​ឲ្យ​ ​ខា​រ៉ូ​ឡា​ ​ក្រេ​ន​ ​(​Carola​ ​Krainz​)​ ​ជា​អ្នក​រៀបចំ​កម្មវិធី​បន្ត​ទៀត​។​ ​

​            CULT​ ​គឺជា​កម្មវិធី​មួយ​បង្កើត​ឡើងជា​ផ្សារ​ ​ក្នុង​គោលបំណង​ដើម្បីឲ្យ​សហគ្រាស​សង្គម​តូច​ៗ​ ​ក៏ដូចជា​ ​អង្គការ​និង​ស្ថាប័ន​សង្គម​ក្នុង​ស្រុក​ជាច្រើន​ទៀត​ឲ្យ​​មានឱកាស​ដើម្បី​តាំង​បង្ហាញ​ ​និង​ដាក់​លក់​នូវ​ផលិតផល​របស់​ខ្លួន​។​ ​កម្មវិធី​នេះ​បង្កើត​ឡើង​ដោយមាន​ការចូលរួម​ពីសំណាក់​សហគ្រាស​សង្គម​ដែល​ផលិត​នូវ​សម្លៀកបំពាក់​ ​កន្សែង​ ​កូន​តុ​ក្ក​តា​តូច​ៗ​ ​គ្រឿងអលង្ការ​ ​និង​ ​គ្រឿង​ក្រ​អូប​ផ្សេង​ៗ​ទៀត​ ​មិន​តិច​ជាង១០​ ​ម៉ាក​ឬ​យីហោ​ឡើយ​ ​។​ ​ការបង្កើត​ជា​កម្មវិធី​ផ្សារ​នេះ​ឡើង​បាន​កៀរគរ​នូវ​អតិថិជន​ជាច្រើន​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​បរទេស​ដែល​និយម​ចូលចិត្ត​ប្រើប្រាស់​នូវ​ផលិតផល​ធ្វើ​ដោយដៃ​បាន​ចូលរួម​គាំទ្រ​នូវ​អ្វី​ដែល​ស្នាដៃ​ផលិត​ដោយ​កូនខ្មែរ​។​ ​បួន​ដង​ក្នុង​មួយឆ្នាំ​ ​CULT​ ​បង្កើត​នូវ​ប្រធាន​បទ​ផ្សេង​ៗ​គ្នា​ស្រប​ទៅតាម​ថ្ងៃ​ដែល​បាន​ប្រព្រឹត្តិ​ដូចជា​ថ្ងៃបុណ្យ​ណូអែល​ ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​នឹង​ពាក់កណ្តាល​ឆ្នាំ​ជាដើម​។​ ​កាលពី​ថ្ងៃទី​ ​២៧​ ​ខែមេសា​ ​CULT​ ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ ​វិចិត្រសាល​ក្បាច់​ ​ក្រោម​ប្រធានបទ​ ​«​ ​It’s​ ​Fashion​ ​revolution​»​ ​ដែល​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​ ​ហើយ​ក្នុង​នោះ​ផង​ដែរ​ក៏​មានកម្ម​វិធី​កំសាន្ត​សប្បាយ​ ​ការ​សម្តែង​សិល្បៈ​របស់​សិល្បករ​ក៏ដូចជា​ការ​បង្ហាញ​នូវ​ស្នាដៃ​របស់​អ្នក​រចនា​ម៉ូដ​ល្បី​ៗ​នៅ​កម្ពុជា​ជាច្រើន​រូប​ទៀតផង​។​ ​ ​

​            លោក​ ​ធឿន​ ​ចន្ថា​ ​ដែល​ជា​ម្ចាស់​យីហោ​ម៉ាក​ ​Angkor​ ​Bullet​ ​Jewelry​ ​ជា​សហគ្រាស​ផលិត​គ្រឿងអលង្ការ​ធ្វើ​ពី​គ្រាប់​កាំភ្លើង​ ​ដែល​ធ្លាប់​បាន​ដាក់​តាំង​លក់​បង្ហាញ​នូវ​ផលិតផល​ខ្លួន​ក្នុង​វេទិកា​ ​CULT​ ​នេះ​បាន​ប្រាប់​សូ​វរីន​ឲ្យដឹង​ផង​ដែរ​ថា​ ​«​ ​CULT​ ​បាន​ជួយ​ផ្សព្វផ្សាយ​និង​ជួយ​ស្វែងរក​ទីផ្សារ​ ​សម្រាប់​ផលិតករ​ដែល​ផលិត​នៅ​តាម​សហគមន៍​របស់​យើង​ឲ្យ​គាត់​មានការ​ងារ​ធ្វើ​បន្ថែម​ ​ហើយ​ ​CULT​ ​ក៏បាន​ជួយ​ស្វែងរក​អតិថិ​ជន​ថ្មី​ៗ​ឲ្យ​យើង​បន្ថែម​ទៀតផង​ដែរ​៕​»​

​​Article​ ​by​ ​KEO​ ​SONG​ ​


SUGGESTIONS