×

ជា​ជន​មាន​ពិការភាព​​មែនពិត​ ​តែ​អ្នក​ច្នៃ​ម៉ូដ​ ​«​ស​ ​សាន​»​ ​មាន​សមត្ថភាព​បង្ហាញ​ខូ​ឡិក​ហ្សិន​ខ្លួន​ដល់​អាល្លឺម៉ង់​

NEWS 5 years ago
 
 

          ​ព្រោះតែ​ស្រលាញ់​ចូលចិត្ត​មើល​គេ​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​នានា​ ​ក៏ដូចជា​មើល​វីដេអូ​ដើរ​ម៉ូដ​ក្នុង​ ​យូ​ធូប​ ​ទើប​ជំរុញ​​ឲ្យ​អ្នកនាង​ ​ស​ ​សាន​ ​ដែល​មាន​ពិការភាព​ជើងម្ខាង​ពី​កំណើត​ចង់​ក្លាយជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​មួយ​រូប​។​ ​ក្តី​ស្រមៃ​នេះ​ក៏បាន​ក្លាយជា​ការពិត​នៅពេល​ដែល​អ្នកនាង​បាន​ដាក់ពាក្យ​ជាប់​អាហារូបករណ៍​ចូលរៀន​នូវ​ជំនាញ​រចនា​ម៉ូដ​សម្លៀកបំពាក់​នៅ​ឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​MEDC​ ​(​The​ ​Modern​ ​Ethnic​ ​Design​ ​Centre​)​ ​កាលពី​ឆ្នាំ២០១៨​។​ ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ ​និង​ការ​ដាក់ចិត្ត​ដាក់​កាយ​ ​ខិតខំ​ប្រឹងប្រែង​ដោយខ្លួនឯង​អស់​រយៈពេល​មួយឆ្នាំ​មក​ ​នៅទីបំផុត​ ​ស​ ​សាន​ ​ក៏បាន​សម្រេច​នូវ​សមិទ្ធិ​ផលដំបូង​របស់​ខ្លួន​ដែល​ជា​បណ្តុំ​ ​ខូ​ឡិក​ហ្សិន​ថ្មី​មួយ​ដែល​មាន​សម្លៀកបំពាក់​ចំនួន​ ​១១​ ​ឈុត​ ​ហើយ​ត្រូវ​បាន​បង្ហាញ​ជាលើកដំបូង​នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ជំនាន់​ទី៣​ ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​MEDC​ ​កាលពី​ថ្ងៃទី១០​ ​ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ឯ​សណ្ឋាគារ​ ​Penh​ ​House​ ​and​ ​Jungle​ ​Addition​ ​។​ ​ដោយសារតែ​ខ្លួន​ជា​ជន​មាន​​ពិការ​ភាព​នេះ​ហើយ​ទើប​ ​សាន​ ​បាន​ដាក់ឈ្មោះ​ខូ​ឡិក​ហ្សិ​ននេះ​ថា​ ​«​Strength​ ​make​ ​you​ ​beautiful​»​ ​មានន័យថា​ ​ភាពរឹងមាំ​ ​ទើប​ធ្វើឲ្យ​យើង​មាន​ភាព​ស្រស់​ស្អាត​។​ ​ភាពរឹងមាំ​របស់​ ​សាន​ ​បាន​បង្កើត​នូវ​ខូ​ឡិក​ហ្សិ​នដ៏​ស្រស់​ស្អាត​មួយ​ ​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​យក​ទៅ​ដាក់​តាំង​លក់​នៅ​ទីក្រុង​ ​ប៊ែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​នា​ខែវិច្ឆិកា​ខាងមុខនេះ​ ​ហើយ​ភាពរឹងមាំ​នេះ​ហើយដែល​ ​បាន​ធ្វើឲ្យ​គាត់​ក្លាយជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​ជា​ជន​មាន​ពិការភាព​​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ទស្សនៈ​កិច្ច​នៅ​អាល្លឺម៉ង់​ផង​ដែរ​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ក្រៅពី​ ​ស​ ​សាន​ ​ក៏​នៅ​មាន​អ្នក​ច្នៃ​ម៉ូដ​បួន​រូប​ទៀត​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​យក​ខូ​ឡិក​ហ្សិន​ខែរងា​សម្រាប់​ស្ត្រី​អាល្លឺម៉ង់​វ័យ​ចាប់ពី​ ​៤០ឆ្នាំ​ ​ទៅ​ ​៧០ឆ្នាំ​។​

          មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាលកោះ​ ​សង្កាត់​កោះដាច់​ ​ខណ្ឌ​ជ្រោយ​ចង្វា​​ ​រាជធានី​ ​ភ្នំពេញ​ ​សព្វថ្ងៃ​ ​ស​ ​សាន​កំពុង​បម្រើការ​នៅ​ ​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុវ​នីតិសម្បទា​ ​នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​​ជន​ពិការ​។​ ​បើ​ទោះបី​ខ្លួន​ជាម​ន្ត្រី​មួយ​រូប​ធ្វើការ​នៅក្នុង​ក្រសួង​ក្តី​ ​តែ​ ​ស​ ​សាន​ ​នៅតែ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នក​រចនា​ម៉ូដ​មួយ​រូប​ ​និង​ចង់​មាន​ហាង​មួយ​សម្រាប់​តាំង​លក់​នូវ​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​ខ្លួន​ផង​ដែរ​។​ ​

           ​បើ​ទោះបីជា​យ៉ាងណាក្ដី​ ​នៅ​ពីក្រោយ​ការចូលរួម​បង្ហាញ​ខូ​ឡិក​ហ្សិ​នដំ​បូ​ងនេះ​ ​សាន​ ​បាន​បន្ថែម​ផង​ដែរ​ពី​គោលបំណង​ដែល​ចង់​ចូលរួម​ជាមួយនឹង​ ​MEDC​ ​ថា​៖​ ​«​ទីមួយ​ខ្ញុំ​ចង់​ផ្សព្វផ្សាយ​និង​គាំទ្រ​ដល់​ផលិតផល​ខ្មែរយើង​ដើម្បីឲ្យ​ជ្រាបចូល​ទី​ផ្សារ​អ៊ឺ​រ៉ុប​ ​និង​ទីពីរ​ខ្ញុំ​ចង់​ ​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ជម្នះ​នូវ​ពាក្យ​ដែលគេ​ថា​ ​ពិការភាព​ធ្វើ​អី​មិនកើត​»​។​ ​ចូរ​មើលឃើញ​សមត្ថភាព​ ​ជាជាង​ពិការភាព​ ​នេះ​គឺជា​សារ​មួយ​ដែល​ ​សាន​ ​ចង់​ផ្តាំ​ផ្ញើរ​ទៅដល់​ប្រជាជន​កម្ពុជា​ទាំងអស់​កុំ​ឲ្យ​រើសអើង​ជន​ពិការ​។​ ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​អ្នក​ច្នៃ​ម៉ូដ​ពិការភាព​រូប​នេះ​ហ៊ាន​ជម្នះ​នូវ​រនាំង​រើសអើង​នៃ​សង្គមជាតិ​ ​ផង​ដែរ​។​ ​«​មនុស្សយើង​ម្នា​ក់ៗ​ ​ទាល់តែ​មាន​ភាពរឹងមាំ​ក្លាហាន​ ​ពុះពារ​ឧបសគ្គ​ទើប​អាច​ផលិត​ចេញ​អ្វីមួយ​ដោយខ្លួនឯង​បាន​ល្អ​។​ ​ខ្ញុំ​ចង់​ឃើញ​ជន​ដែល​មាន​ពិការភាព​ ​មាន​ភាពរឹងមាំ​ ​និង​មានការ​តស៊ូ​ ​បើ​ទោះបីជា​យើង​ពិការ​ក្តី​ ​ក៏ប៉ុន្តែ​យើង​ត្រូវតែ​ចេះ​ស្រលាញ់​អ្វី​ដែល​យើង​មាន​ ​និង​បង្កើត​នូវ​អ្វី​ថ្មី​ដោយខ្លួនឯង​។​ ​កុំ​ឲ្យ​បាក់ទឹកចិត្ត​ ​និង​ ​អស់សង្ឃឹម​ ​យើង​ត្រូវ​ចេះ​មើល​អ្នក​ដែល​ពិបាក​ជាង​យើង​ ​ទើប​ធ្វើឲ្យ​យើង​មាន​ភាពរឹងមាំ​បាន​។​»​ ​ស​ ​សាន​៕​

​Article​ ​by​ ​KEO​ ​SONG​​


SUGGESTIONS