រចនាប័ទ្មខ្មែរនៃនិមិត្តសញ្ញា «យក្ស» បង្ហាញវត្តមានដំបូងលើអាវយឺតក្នុងទម្រង់លើកស្ទួយ វិស័យសិល្បៈ
FASHION & BEAUTY 5 years agoតួអង្គយក្សមួយចំនួនដែលតែងបង្ហាញខ្លួនយ៉ាងសកម្មនៅក្នុងល្ខោនខោល ល្ខោនបាសាក់ ឬល្ខោន ស្បែកធំ មិនមែនសុទ្ធតែជាតួអង្គមានអត្តចរិកបុគ្គលលក្ខណៈអាក្រក់ទាំងអស់ឡើយ។ ជាក់ស្តែងតួអង្គកុម្ភកាណ៍សម្តែងក្នុងរឿងរាមកេរ្ត៍ត្រូវបានគេដឹងថាជាតួអង្គស្មោះត្រង់ និងស្នេហាជាតិដែលមិនព្រមបម្រើព្រះរាមជាដាច់ខាត បើទោះបីជាដឹងថាខ្លួនពុំមានសមត្ថភាពក្នុងការធ្វើសង្គ្រាមក៏ដោយ។ ដោយឡែក នាបច្ចុប្បន្ននេះ «យក្ស» ក៏ត្រូវបានបង្ហាញវត្តមានរបស់ខ្លួនជាថ្មីម្តងទៀតប្រកបទៅដោយប្រណីតភាព និងឆ្លុះបញ្ចាំងពីភាពសហសម័យនិយម បង្កប់ដោយអត្ថន័យដ៏មានខ្លឹមសារ ផ្សារភ្ជាប់ទៅនឹងទម្រង់ល្ខោនខ្មែរមួយចំនួនដែលយុវជន យុវនារីជំនាន់ក្រោយពុំបានដឹងផងដែរ។
«យក្សភ្នំពេញ» ជាស្លាកយីហោខ្មែរដំបូងបង្កើតឡើងពាក់កណ្តាលឆ្នាំ២០១៧ ក្រោមស្ថាបនិក និងស្ថាបនិកាខ្មែរពីររូប លោក គិត ហុកឆេ និងកញ្ញា បូរមី ម៉ុង។ ជាមួយគ្នានេះ កញ្ញា បូរមី ម៉ុង បានឲ្យដឹងផងដែរថា ដោយការសង្កេតឃើញយុវជនភាគច្រើនតែងនិយមរចនាប័ទ្មអាវយឺតក្រៅស្រុក ច្រើនជាងរចនាប័ទ្មអាវយឺតក្នុងស្រុក ដូច្នេះប្រសិនបើជនជាតិខ្មែរបង្កើតអ្វីមួយដែលជារចនាប័ទ្មរបស់ខ្មែរនោះនឹងមានការចាប់អារម្មណ៍ ក៏ដូចជាការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់រូបផងដែរ។ ហេតុនេះបានជាស្ថាបនិក និងស្ថាបនិកាចាប់ផ្តើមបង្កើតស្លាកយីហោ «យក្សភ្នំពេញ» នេះក្នុងគោលបំណងផ្សព្វផ្សាយនូវអត្តសញ្ញាណ ក៏ដូចជាបង្វែរអារម្មណ៍យុវជនជំនាន់ក្រោយចងចាំនៃទម្រង់សិល្បៈខ្មែរ។ កញ្ញា បូរមី ម៉ុង បានឲ្យដឹងផងដែរថា៖ «កាលនៅពីកុមារភាព យើងចាំបានថា សម្ភារដែលមានម៉ូដខ្មែរភាគច្រើនពុំសូវមានអ្នកប្រើប្រាស់ និងគាំទ្រប៉ុន្មាននោះទេ ក៏ព្រោះតែសម្ភារទាំងនោះជាម៉ូដបង្ហាញប្រពៃណីខ្លាំងពេកចឹងសង្វាក់នៃអ្នកគាំទ្រនៅមានកម្រិតនៅឡើយ។» កញ្ញា ក៏បានបន្តលើកឡើង «ហេតុនេះពួកយើងក៏រកវិធីសាស្ត្រ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជំនាន់ក្រោយឲ្យស្រឡាញ់នូវអ្វីដែលយើងមាន»។ ទន្ទឹមនឹងនេះ លោក គិត ហុកឆេ ក៏បានបញ្ជាក់ដូច្នេះថា «ទម្រង់នៃសិល្បៈរបស់យើងមានច្រើន ហើយយើងក៏អាចយកអ្វីដែលយើងមានទាំងនោះច្នៃប្រតិដ្ឋទៅជាអ្វីមួយផ្សេងទៀតដែលអាចបង្ហាញនូវអត្តសញ្ញាណខ្មែរផងដែរ»។
លោក គិត ហុកឆេ និង កញ្ញា បូរមី ម៉ុង
រំឭកពីកុមារភាពឯណោះវិញ «យក្ស» ជាមនុស្សដែល កាចសាហាវ ហើយមនុស្សគ្រប់រូបមានភាពភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែវាបែរជាផ្សារភ្ជាប់ទៅនឹងអត្ថន័យនៃនិមិត្តសញ្ញា «យក្សភ្នំពេញ» ដ៏មានខ្លឹមសារទៅវិញ។ តាមការលើកឡើងរបស់កញ្ញា បូរមី ម៉ុង បានឲ្យដឹងផងដែរថា «មិនមែនយក្ស គឺសុទ្ធតែឃោរឃៅទាំងអស់នោះទេ យក្សក៏ជាអ្នកដែលមានអំណាចការពារនៅក្នុងតំបន់មួយថែមទៀតផង។» យ៉ាងណាមិញ «យក្សភ្នំពេញ» បានបង្កើតនូវខូឡិកហ្សិនថ្មីរបស់ខ្លួនមានចំនួន៤ឈុតមកហើយដែលខូឡិកហ្សិនថ្មីចុងក្រោយទើបតែដាក់លក់ជាផ្លូវការក្នុងខែនេះ។
កំណើននៃការគាំទ្រនូវផលិតផលក្នុងស្រុក ការបង្កើត និងការច្នៃប្រតិដ្ឋនូវអ្វីដែលថ្មីកាន់តែមានភាពរីកចម្រើនយ៉ាងខ្លាំង ហើយថែមទាំងមានឈ្មោះឈរលើទីផ្សារអន្តរជាតិស្ទើរតែគ្រប់វិស័យទៀតផងដែលនេះបង្ហាញឲ្យឃើញនូវភាពខុសគ្នាយ៉ាងដាច់ស្រឡះពីអតីតកាល សន្ទុះនៃការគាំទ្រនៅមានកម្រិតនៅឡើយ៕
Article by PAN SIVLY
Image Courtesy: Yak Phnom Penh