×

ផ្លាស់​ប្តូរ​ ​បរិយាកាស​មក​ទទួលទាន​ម្ហូប​អ៊ីតាលី​រសជាតិ​ដើម​របស់​ភោជនីយដ្ឋាន​មួយ​

TRAVEL & LIVING 4 months ago
 
 

          ​ស្ទើរតែ​គ្រប់​ច្រកល្ហក​ទៅ​ហើយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​យើង​អាច​សង្កេតឃើញ​ថា​មាន​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​បាន​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​។​ ​ភោជនីយដ្ឋាន​មួយចំនួន​មានការ​រៀបចំ​តាម​បែប​អឺរ៉ុប​ ​ខ្លះទៀត​មានការ​រៀបចំ​ជា​លក្ខណៈ​បុរាណ​ ​ឬ​សហសម័យ​ដែល​ប្រកប​ទៅ​ដោយ​ប្រណីតភាព​ ​និង​ស៊ីវិល័យ​។​ ​តាមរយៈ​ការរៀបចំ​ទាំងអស់​នេះ​ក៏អាច​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់គ្នា​ដឹង​អំពី​អត្តសញ្ញាណ​ ​ក៏ដូចជា​ផ្នត់គំនិត​របស់​ស្ថាបនិក​ ​ឬ​ស្ថាបនិកា​នៃ​ភោជនីយដ្ឋាន​នី​មួយ​ៗ​បាន​យ៉ាង​លម្អិត​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ក្រៅពី​ភោជនីយដ្ឋាន​ប្រកបដោយ​សោភ័ណភាព​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ​ស្ថាបនិក​ ​ឬ​ស្ថាបនិកា​តែង​រិះគិត​អំពី​រសជាតិ​នៃ​ប្រភេទ​អាហារ​ប្រចាំ​តំបន់​របស់​ខ្លួន​ ​ដើម្បី​បម្រើ​អតិថិជន​ឲ្យបាន​ល្អឥតខ្ចោះ​។​

          ​​ស្ថិត​ក្នុង​ប្លុក​បឹងកេងកង​ទី១​ ​អ្នក​នឹង​បានឃើញ​នូវ​ភោជនីយដ្ឋាន​មួយ​មានឈ្មោះ​ថា​ ​«​ហ្គ្រី​នភេប​ភើ​ ​ឬ​ ​Green​ ​Pepper​»​ ​ដែល​មាន​បម្រើ​ជូន​នូវ​ប្រភេទ​អាហារ​អ៊ីតាលី​ជាមួយនឹង​រសជាតិ​ដើម​ពិ​តៗ​ពី​ប្រទេស​អ៊ីតាលី​។​ ​ក្រោម​ការគ្រប់គ្រង​ ​និង​ជា​ស្ថាបនិក​នៃ​ ​«​ហ្គ្រី​នភេប​ភើ​ ​ឬ​ ​Green​ ​Pepper​»​ ​លោក​ ​ម៉ាក​សេ​ឡូ​ ​បៀន​ខា​ឌី​ណូ​ ​(​ ​Marcello​ ​Biancardino​ ​)​ ​ជនជាតិ​អ៊ីតាលី​ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​«​រាល់​អាហារ​ទាំងអស់​ដែល​មាននៅ​ទីនេះ​ ​គឺ​ពួក​យើង​ចម្អិន​ឡើង​ដោយមាន​ការ​ប្រុងប្រយ័ត្ន​ជាទីបំផុត​ ​ជាពិសេស​នោះ​ ​គឺ​រសជាតិ​នៃ​អាហារ​នី​មួយ​ៗ​ ​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​តែ​បន្តិច​នោះ​ ​យើង​នឹង​បាត់បង់​នូវ​រសជាតិ​ដើម​នៃ​អាហារ​នោះ​តែម្តង​។​»​ ​លោក​ក៏បាន​បន្ត​លើកឡើង​ដូច្នេះ​ថា​ ​«​សម្រាប់​អាហារ​ដែល​មាននៅ​ទីនេះ​ ​សុទ្ធតែ​ជា​ប្រភេទ​អាហារ​ដែល​ជនជាតិ​អ៊ីតាលី​តែង​និយម​ទទួលទាន​បំផុត​។​»​ ​

          ​​ភោជនីយដ្ឋាន​ដែល​មាន​បរិវេណ​ធំល្មម​ ​អម​ដោយ​ការ​តុបតែង​បែប​ក្លា​ស៊ីក​នៃ​ការ​តាំង​រូបថត​ជាច្រើន​សន្លឹក​លើ​ជញ្ជាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្ម​ភា​ពប្លែ​កៗ​ ​ជាច្រើន​នៃ​ការរស់នៅ​របស់​ប្រជាជន​អ៊ីតាលី​ ​ហើយ​រូបថត​ទាំងនេះ​តែង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​ដែល​បាន​អញ្ជើញ​មក​ទីនេះ​។​ ​​ក្លិន​អាហារ​ដ៏​ឈ្ងុយ​ចេញពីផ្ទះ​បាយ​ដែល​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​អ៊ីតាលី៤នាក់​ ​និង​ជំនួយការ​ចុងភៅ​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ ​តែង​ទទួល​បាន​នូវ​ការ​សរសើរ​ពីអ​តិថិ​ជន​គ្រប់​ៗ​រូប​។​ ​CAPRICCIOSA​ ​គឺ​ជា​ភី​ហ្សា​ដែល​ភ្ញៀវ​ ​និយម​ទទួលទាន​ច្រើនជាង​គេ​ក្នុង​ចំ​ណោម​ភី​ហ្សា​ទាំងអស់​ដែល​មាន​ក្នុង​ម៉ឺនុយ​ ​(​MENU​)​ ​ហើយ​សុទ្ធសឹង​ចម្អិន​ជាមួយនឹង​បន្លែ​គ្រប់​ប្រភេទ​ផង​ដែរ​។​ ​លោក​ ​ម៉ាក​សេ​ឡូ​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​«​ពី​មួយថ្ងៃ​ ​ទៅ​មួយថ្ងៃ​ពួក​យើង​ទាំងអស់គ្នា​តែង​ពិភាក្សា​គ្នា​ ​ថា​តើ​ពួក​យើង​គួរ​មាន​អាហារ​ថ្មី​ ​ឬ​រស​ជា​តិ​ថ្មី​ៗ​អ្វីខ្លះ​សម្រាប់​ភ្ញៀវ​របស់​យើង​នៅ​ថ្ងៃស្អែក​។​»​ ​លោក​ក៏បាន​បន្ថែម​ផង​ដែរ​ថា​ ​«​បន្ទាប់ពី​យើង​ពិភាក្សា​ចំពោះ​អាហារ​ទាំងនោះ​ហើយ​ ​យើង​ក៏​សាកល្បង​ចម្អិន​វា​ ​ហើយ​យើង​ក៏​ចាប់ផ្តើម​ពិភាក្សា​គ្នា​ម្តង​ទៀត​ចំពោះ​រសជាតិ​ដែល​យើង​បាន​បង្កើត​ឡើង​។​ ​ម៉្យាងវិញទៀត​ ​កត្តា​ដែល​សំខាន់​បំផុត​ដែល​ពួក​យើង​តែង​យកចិត្ត​ទុកដាក់​បំផុត​នោះ​គឺ​ ​អនាម័យ​ ​គុណភាព​ ​សេវាកម្ម​ ​និង​បរិយាកាស​ជាចម្បង​។​»​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​«​ហ្គ្រី​នភេប​ភើ​ ​ឬ​ ​Green​ ​Pepper​»​ ​ចាប់ផ្តើម​បើក​ទទួល​អតិថិជន​នៅ​ម៉ោង១២ថ្ងៃត្រង់​រហូតដល់​ម៉ោង​ ​២​:​៣០​ ​នាទី​រសៀល​ ​និង​ម៉ោង​ ​៦​ ​ល្ងាច​ ​រហូតដល់​ម៉ោង១០យប់​ផង​ដែរ​៕​

Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS