×

តើ​ខូ​ឡិក​ហ្សិន​ ​«​Mineralogical​»​ ​ពី​អ្នក​ច្នៃ​ម៉ូត​ ​ប៉ាន់​ ​ម៉េ​ង​ហួរ​ ​មាន​អ្វី​ពិសេស​សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​?​

FASHION & BEAUTY 5 years ago
 
 

          ​ថ្វី​ដ្បិតតែ​វិស័យ​ហ្វេ​សហ្សិ​នក្នុង​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ក្នុង​កម្រិតមធ្យម​ក៏ដោយ​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ងាក​មក​ចាប់អារម្មណ៍​លើ​អ្នក​ច្នៃ​ម៉ូត​គ្រប់រូប​ដែល​ជា​តួអង្គ​ដ៏​សំខាន់​នៅ​ពីក្រោយ​ការ​រីកចម្រើន​ទាំងអស់​នេះ​ ​អ្នក​នឹង​បានដឹង​ថា​ពួកគេ​បាន​ជួបប្រទះ​ទៅ​នឹង​ឧបសគ្គ​ជាច្រើន​ដែល​មនុស្ស​ទូទៅ​មិនបាន​ដឹង​ ​។​ ​យ៉ាងណាមិញ​ ​ខូ​ឡិក​ហ្សិ​ននី​មួយ​ៗ​ដែល​បាន​រចនា​ពី​អ្នក​ច្នៃ​ម៉ូត​គ្រប់រូប​មក​ពី​មជ្ឈ​ដ្ឋាន​ផ្សេង​ៗ​គ្នា​ទាំងនោះ​ ​សុទ្ធសឹងតែ​បង្កប់​នូវ​ផ្នត់គំនិត​ដ៏​មានខ្លឹមសារ​ ​ក៏ដូចជា​ការ​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ដ៏​សំខាន់​នៃ​បរិយាកាស​សង្គម​បច្ចុប្បន្ន​ ​ឬ​ធម្មជាតិ​ ​ហើយ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនៈ​មួយចំនួន​របស់​អ្នក​ច្នៃ​ម៉ូត​ម្នា​ក់ៗ​។​ ​

          ដំណើរ​កម្សាន្ត​របស់​អ្នក​ច្នៃ​ម៉ូត​ ​ប៉ាន់​ ​ម៉េ​ង​ហួរ​ ​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ ​លីម​ ​កុក​វីង​ ​បាន​បង្កើត​ជា​ទស្សនីយភាព​មួយ​ថ្មី​ ​និង​បណ្តុះ​គំនិត​ឲ្យ​លោក​បាន​ចាប់ផ្តើម​បង្កើត​នូវ​ម៉ូត​ខូ​ឡិក​ហ្សិន​ថ្មី​ចំនួន៣ឈុត​ដែល​ទាក់ទង​ទៅ​នឹង​សម្រស់​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​។​ ​«​Mineralogical​»​ ​ជា​ខូ​ឡិក​ហ្សិន​ថ្មី​ដែល​មាន​ចំនួន​បី​ឈុត​ ​ច្នៃ​ឡើង​យ៉ាង​ពិសេស​សម្រាប់​ឆ្នាំ២០២០​ខាង​មុខ​នេះ​ ​គឺជា​ការ​បំផុសគំនិត​ចេញពី​កំបោរ​ដែល​មាននៅ​ក្នុង​ល្អាង​ភ្នំ​ ​និង​ក្រឡា​ឆ្នូត​ថ្ម​នៅ​តាម​ជញ្ជាំង​ភ្នំ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ប៉ាន់​ ​ម៉េ​ង​ហួរ​ ​បាន​លើកឡើង​ដូចនេះ​ថា​ ​«​សម្រាប់​សម្ភារ​ដែល​ខ្ញុំ​បាន​ច្នៃ​លើ​ម៉ូត​ខូ​ឡិក​ហ្សិ​នទី​មួយ​នេះ​ ​គឺ​ខ្ញុំ​បាន​យក​ខ្សែពួរ​ ​និង​កាវ​ទាន​ ​ដើម្បី​បាញ់​វា​បញ្ចូល​គ្នា​ឲ្យ​វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​កំបោរ​ក្នុង​ល្អាង​ភ្នំ​ដែល​ខ្ញុំ​បានឃើញ​នោះ​»​។​ ​ម៉្យាងវិញទៀត​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​ ​ម៉េ​ង​ហួរ​ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​«​ចំពោះ​ខូ​ឡិក​ហ្សិ​នទី​ពីរ​ដែល​មាន​លក្ខណៈ​រហែក​ជា​រាង​សរ​សៃៗ​នេះ​ ​ខ្ញុំ​បាន​ប្រើ​ពណ៌​ចម្រុះ​ ​នៃ​សាច់ក្រណាត់​ជាច្រើន​ផ្ទាំង​ដេរ​បញ្ចូល​គ្នា​ ​ដើម្បីឲ្យ​ខូ​ឡិក​ហ្សិ​ននេះ​ ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ទេសភាព​នៃ​ភ្នំ​មួយ​កន្លែង​ ​ដែល​ត្រូវ​បាន​គេ​ឈូស​ជា​ថ្នា​ក់ៗ​ ​ហើយ​ភ្នំ​ដែលគេ​បាន​ឈូស​នោះ​នៅតែ​មាន​សម្រស់​ស្រស់​ស្អាត​ដដែល​»​។

          លោក​ក៏បាន​បន្ត​ដូច្នេះ​ថា​ ​«​ហេតុនេះ​ទើប​ខ្ញុំ​យក​ទេសភាព​ទាំងនោះ​ធ្វើជា​គំរូ​តែម្តង​»​។​ ​ដោយឡែក​ ​សម្រាប់​ខូ​ឡិក​ហ្សិន​ចុងក្រោយ​នេះ​ ​គឺជា​ម៉ូត​ខូ​ឡិក​ហ្សិន​សម្រាប់​មនុស្ស​ប្រុស​ដែល​ច្នៃ​ចេញពី​គំនិត​នៃ​ខូ​ឡិក​ហ្សិ​នទី​មួយ​ ​និង​ខូ​ឡិក​ហ្សិ​នទី​ពីរ​រួមបញ្ចូល​គ្នា​ ​ដើម្បី​បង្កើត​បាន​ជា​ខូ​ឡិក​ហ្សិន​ថ្មីនេះ​ ​ហើយ​វា​បាន​ផ្តោត​សំខាន់​ទៅលើ​ទម្រង់​នៃ​សម្រស់​ភ្នំ​នី​មួយ​ៗ​ដែល​លោក​បាន​ទស្សនា​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​បើ​ទោះបីជា​ខូ​ឡិក​ហ្សិន​ ​«​Mineralogical​»​ ​មាន​ចំនួន​ត្រឹមតែ​បី​ឈុត​ក៏​ពិតមែន​ ​ប៉ុន្តែ​ខូ​ឡិក​ហ្សិ​ននេះ​បាន​ទទួលការ​គាំទ្រ​ ​និង​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​គ្រប់រូប​ ​ជាពិសេស​ ​លោក​ ​រ៉េ​ននី​ ​តារា​ ​(​Rainnie​ ​Dara​)​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្នុង​បណ្តាញ​សង្គម​ក៏បាន​ស្លៀក​ខូ​ឡិក​ហ្សិ​ននេះ​ផង​ដែរ​។​ ​
          ទន្ទឹម​នឹង​នេះ​ ​លោក​ ​ប៉ាន់​ ​ម៉េ​ង​ហួរ​ ​ក៏បាន​បញ្ចេញមតិ​មួយចំនួន​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយដែល​កំពុង​សិក្សា​វិស័យ​ហ្វេ​សហ្សិន​ទាំងអស់​គួរតែ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ឲ្យអស់​ពី​លទ្ធភាព​ ​និង​គួរតែ​បង្កើត​នូវ​សមិទ្ធិ​ផល​ថ្មី​ៗ​ឲ្យបាន​ច្រើន​ ​ជៀស​ជាង​ចម្លង​ស្នាដៃ​របស់​អ្នកដទៃ៕

Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS