×

អ្នក​ត្បាញកន្ទេល​កក់​កាន់តែ​ច្រើន​ ​ប៉ុន្តែ​អ្នកប្រើ​ប្រាស់​នៅ​មានកម្រិត​តិច​នៅឡើយ​

TRAVEL & LIVING 5 years ago
 
 

          រំឭក​ពីអ​តី​ត​កាល​នៃ​សង្គម​ខ្មែរ​ដែល​តែង​និយម​ប្រើប្រាស់​នូវ​កន្ទេល​ជាច្រើន​ប្រភេទ​រួមមាន៖ ​កន្ទេល​ស្លឹកត្នោត​ ​កន្ទេលកក់​មូល​ ​កន្ទេលកក់​ជ្រុង​ ​កន្ទេលចចូត​ ​កន្ទេល​ស្លឹក​រុន​ ​កន្ទេលផ្តៅ​ ​កន្ទេលរំចេក​ ​ជាដើម​ ​ដែល​សុទ្ធសឹងតែ​ត្រូវ​បាន​ដាក់ឈ្មោះ​ទៅតាម​ប្រភេទ​រុក្ខជាតិ​ដែលគេ​យក​មក​ត្បាញ​។​ ​ជាក់ស្តែង​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​យើង​ក៏អាច​សង្កេតឃើញ​ថា​ ​តម្បាញ​កន្ទេល​ប្រពៃណី​ ​រួម​ទាំង​ការប្រើ​ប្រាស់​កន្ទេល​ខ្មែរ​មានការ​អន់ថយ​យ៉ាង​ខ្លាំង​ ​ប្រសិនបើ​យើង​ប្រៀបធៀប​ទៅ​នឹង​សម័យមុន​។​ ​ថ្វី​ដ្បិតតែ​ ​តម្បាញ​កន្ទេល​ ​ក៏ដូចជា​ការប្រើ​ប្រាស់​ស្ថិត​ក្នុង​ភាព​អន់ថយ​ក៏ដោយ​ ​ប៉ុន្តែ​ប្រជាជន​ខ្មែរ​ក្នុង​តំបន់​មួយចំនួន​នៅតែ​បន្ត​ត្បាញកន្ទេល​ប្រពៃណី​ជា​រៀងរាល់ថ្ងៃ​ ​ដើម្បី​ទទួល​បាន​ប្រាក់​ក​ម្រៃ​ខ្លះ​ៗ​សម្រាប់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ផង​ដែរ​។

          ​ស្ទើរតែ​គ្រប់​គ្រួសារ​ទៅ​ហើយ​នៃ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រែក​តាអុង​ ​ឃុំ​ពាមឧកញ៉ាអុង​ ​ស្រុក​ល្វាឯម​ ​ខេត្តកណ្តាល​ ​នៅតែ​បន្ត​រក្សា​វិធីសាស្ត្រ​តម្បាញ​កន្ទេលកក់​ដែល​មាន​តាំងពី​បុរាណកាល​មកនេះ​ ​តួយ៉ាង​ ​ដូចជា​ការប្រើ​ប្រាស់​ល័ក្ត​សម្រាប់​ជ្រលក់​កក់​មុននឹង​គេ​យក​កក់​ទាំងនោះ​មក​ត្បាញ​ជា​កន្ទេល​ជាដើម​។​ ​យោង​តាម​ប្រសាសន៍​របស់​អ៊ុំ​ស្រី​ ​រុំ​ ​ជា​អ្នក​តម្បាញ​កន្ទេល​ប្រមាណ​ជាង២០ឆ្នាំ​មកនេះ​បាន​ឲ្យដឹង​ថា​ ​«​មុននឹង​ចាប់ផ្តើម​ត្បាញកន្ទេល​នោះ​ ​យើង​ត្រូវ​យក​កក់​ដែល​ប្រមូល​បាន​ទាំងអស់​មក​ជ្រលក់​ពណ៌​ឲ្យ​សព្វ​ហើយ​ពណ៌​ដែល​ត្រូវ​យក​មក​ជ្រលក់​មុនគេ​នោះ​គឺ​ ​ពណ៌ក្រហម​ ​បន្ទាប់ពី​យើង​ជ្រលក់​ពណ៌ក្រហម​ហើយ​ ​ទើប​យើង​ជ្រលក់​ពណ៌លឿង​ ​បន្ទាប់មក​យើង​ក៏​យក​ពណ៌​ផ្សេង​ៗ​ទៀត​មក​ជ្រលក់​បន្តបន្ទាប់​ ​ប៉ុន្តែ​យើង​នៅតែ​ប្រើប្រាស់​ទឹកដែល​បាន​ជ្រលក់​ពណ៌ក្រហម​នោះ​ដដែល​»​។​ ​ជាមួយគ្នា​នេះ​ ​អ៊ុំ​ស្រី​រុំ​ ​ក៏បាន​បន្ថែម​ដូច្នេះ​ថា​ ​«​នៅពេល​ដែលគេ​យក​កក់​ជ្រលក់​ម្តង​ៗ​មិនមែន​ ​២គីឡូ​ ​ឬ៣គីឡូ​នោះ​ទេ​ ​គេ​តែង​ជ្រលក់​ ​ម្តង១០០គីឡូ​ ​ឬ​លើស​នឹង​ទៅទៀត​ ​ដើម្បី​ចំណេញពេលវេលា​ ​ហើយ​នៅពេល​ដែលគេ​ជ្រលក់​ពណ៌​ច្រើន​គីឡូ​នោះ​ ​ប្រើ​រយៈពេល​ ​ពីរ​ថ្ងៃ​ ​ទៅ​បី​ថ្ងៃ​ឯណោះ​ទើប​រួចរាល់​អស់​»​។​ ដោយឡែក​ ​បន្ទាប់ពី​ធ្វើការ​ជ្រលក់​រួចរាល់​នោះ​ ​គេ​ត្រូវ​ចំណាយពេល​ចំនួន​មួយថ្ងៃ​ ​ឬ​ពីរ​ថ្ងៃ​ ​(​អាស្រ័យ​ទៅតាម​អាកាសធាតុ​)​ ​ដើម្បី​ហាល​កក់​នោះ​ឲ្យ​ស្ងួត​ ​ទើប​គេ​អាចយ​ក​កក់​នៃ​ពណ៌​នី​មួយ​ៗ​មក​ត្បាញ​ចម្រុះគ្នា​។

          ចំណែក​ឯ​រយៈពេល​នៃ​សង្វាក់​ផលិតកម្ម​តម្បាញ​វិញ​ ​ភាគច្រើន​ក្នុង​មួយថ្ងៃ​គេ​អាច​ត្បាញ​សម្រេច​ជា​ផ្លូវការ​បាន​ចំនួន​ពីរ​កន្ទេល​ ​ទៅ​បី​កន្ទេល​ ​ហើយ​នេះ​ក៏​អាស្រ័យ​ទៅតាម​ម៉ោង​អ្នក​តម្បាញ​ដែល​ចាប់ផ្តើម​ត្បាញ​ផង​ដែរ​។​ ​តាម​ប្រសាសន៍​របស់​អ៊ុំ​ស្រី​រុំ​ដដែល​បាន​ឲ្យដឹង​ថា​ ​«​ជា​រៀងរាល់ថ្ងៃ​ ​នៅពេល​ដែលគេ​ត្បាញកន្ទេល​រួច​ ​ឈ្មួញ​កណ្តាល​ដែល​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​ជាមួយគ្នា​ ​គេ​តែង​មក​ទិញ​កន្ទេល​តាម​ផ្ទះ​ ​ហើយ​គេ​យក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ​»​។​ ​អ៊ុំ​ស្រីដដែល​បាន​បន្ត​ ​«​សម្រាប់​កន្ទេល​ក្រាស់​លក់​ក្នុង​តម្លៃ៤០,០០០រៀល​ ​មាន​ប្រវែង១ម៉ែត្រ​ ​២តឹក​ ​រី​ឯ​កន្ទេល​ធម្មតា​លក់​ក្នុង​តម្លៃ៣០,០០០រៀល​»​។​

​                ​តម្បាញ​កន្ទេល​នៅតែ​បន្ត​ត្បាញ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​រី​ឯ​គ្រួសារ​ខ្លះទៀត​បាន​បង្ហាត់បង្រៀន​ជំនាញ​តម្បាញ​កន្ទេល​នេះ​ទៅកាន់​សមាជិក​គ្រួសារ​ជាបន្តបន្ទាប់​ដើម្បី​ទុកជា​ដំណោះស្រាយ​ក្នុង​ការ​រក​ប្រាក់កម្រៃ​សម្រាប់​គ្រួសារ​ថែមទៀត​ផង​។​ ​យ៉ាងណាមិញ​ ​យើង​គួរតែ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​ច្រើនជាង​ការប្រើ​ប្រាស់​ផលិតផល​ក្រៅ​ស្រុក​ ​ព្រោះ​វា​ជា​ចំណែក​មួយ​ដែល​អាច​ជួយ​ឲ្យ​គ្រួសារ​មួយចំនួន​ដែល​មាន​ជីវភាព​ខ្វះខាត​អាច​រក​ប្រាក់កម្រៃ​បន្ថែម​ ​ដើម្បី​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ​របស់​គេ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY


SUGGESTIONS