×

កម្មវិធី​ទូរសព្ទ​​បង្កើត​ថ្មីនេះ​នឹង​ជួយ​សម្រួល​អ្នកឲ្យ​បោកគក់​ស្រួល​ជាង​មុន​

NEWS 3 months ago
 
 

          ​នេះ​គឺជា​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយទៀត​ ​ដែល​បង្កើត​ឡើង​ដោ​យក្មេងៗ​មួយ​ក្រុម​ដែល​ទើបតែ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ឆ្នាំទី​មួយ​និង​ឆ្នាំទី​ពីរ​ប៉ុណ្ណោះ​។​ ​App​ ​ថ្មីនេះ​មានឈ្មោះ​ថា​ ​«​LaundryKH​»​ ​គឺជា​ភ្នាក់ងារ​ដែល​ផ្សារភ្ជាប់​រវាង​ ​ហាង​បោកអ៊ុត​ ​និង​ ​អ្នក​ត្រូវការ​សេវាកម្ម​បោកអ៊ុត​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​។​ ​សម្រាប់​អ្នក​ស្វែងរក​សេវាកម្ម​បោកអ៊ុត​ ​ពួកគេ​អាច​ប្រើប្រាស់​កម្មវិធី​នេះ​ ​ដើម្បី​ស្វែងរក​កន្លែង​បោកអ៊ុត​នៅ​គ្រប់​ទីកន្លែង​តាមរយៈ​ផែនទី​នៅក្នុង​ទូរសព្ទ​ដៃ​ ​ហើយ​អាច​ជ្រើសរើស​កន្លែងណា​មួយ​ដើម្បី​ធ្វើការ​កក់​ទុក​ ​និង​អាច​ដឹង​តម្លៃ​នៃ​សេវាកម្ម​បាន​មុន​តាមរយៈ​ទូរសព្ទ​ដៃ​ផង​ដែរ​។​ ​បន្ទាប់មក​គេ​អាច​ធ្វើការ​ជាវ​នូវ​សេវាកម្ម​នៃ​ហាង​បោកអ៊ុត​នោះ​ ​ដោយ​ការ​ទូទាត់ប្រាក់​តាម​អន​ឡា​ញនិង​អាច​បញ្ជា​ឲ្យ​អ្នក​ដឹកជញ្ជូន​មក​ទទួលយក​ខោអាវ​ដល់ទី​កន្លែង​បាន​ទៀតផង​។​ ​លើស​ពីនេះ​ទៅទៀត​នោះ​ ​ក្នុង​ ​App​ ​នេះ​ក៏អាច​អនុញ្ញាតិ​ឲ្យ​គេ​តាមដាន​នូវ​ដំណើរការ​នៃ​ការ​បោកអ៊ុត​សម្លៀកបំពាក់​របស់​គេ​ ​និង​ផ្ដល់​ដំណឹង​ទៅ​ម្ចាស់​សម្លៀកបំពាក់​តាមរយៈ​ ​Notification​ ​ក្នុង​ទូរសព្ទ​នៅពេល​ដែល​សម្លៀកបំពាក់​នោះ​ត្រូវ​បាន​បោកអ៊ុត​រួចរាល់​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​គេ​ក៏អាច​មើល​ដឹងពី​ព័ត៌មាន​និង​សេវាកម្ម​ទាំងឡាយ​ ​ក៏ដូចជា​កន្លែង​ទំនេរ​របស់​ហាង​បោកអ៊ុត​នី​មួយ​ៗ​ផង​ដែរ​។​ ​ដោយឡែក​សម្រាប់​ម្ចាស់ហាង​ ​ពួកគេ​អាច​គ្រប់គ្រង​ចំណូល​ចំណាយ​ ​និង​អាច​ស្វែងរក​អតិថិជន​បន្ថែម​ទៀត​តាមរយៈ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​នេះ​ទៀតផង​។​ ​

          ​គោលបំណង​នៃ​ការបង្កើត​អាជីវកម្ម​ថ្មី​នៃ​ ​App​ ​ទូរសព្ទ​ថ្មីនេះ​គឺ​ដើម្បី​ដោះស្រាយ​ពេលវេលា​ក្នុង​ការស្វែងរក​កន្លែង​បោកអ៊ុត​ ​សម្រាប់​អ្នកមាន​ការងារ​ច្រើន​មិនសូវ​មាន​ពេល​។​ ​យុវជន​ ​ហ៊ឹម​សុ​ខ​ឡុង​ ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​និង​ជា​ប្រធាន​ក្រុម​ ​បាន​ឲ្យដឹង​ថា​ ​ដោយសារតែ​លោក​ខ្លួនឯង​ផ្ទាល់​ពិបាក​ក្នុង​ការស្វែងរក​នូវ​កន្លែង​បោកអ៊ុត​ ​ហើយ​ណាមួយ​ត្រូវ​ចំណាយពេល​ក្នុង​ការ​ជិះ​យក​សម្លៀកបំពាក់​ខ្លួន​ទៅ​បោកអ៊ុត​ ​និង​ពិបាក​ក្នុង​ការស្វែងរក​កន្លែង​ដែល​សេវាកម្ម​ល្អ​ ​ម្យ៉ាង​កន្លែង​ដែល​ធ្លាប់តែ​បោកអ៊ុត​នោះ​មាន​ពេលខ្លះ​ក៏​ត្រូវ​ពេញ​ទៀត​ ​ទើប​លោក​សម្រេចចិត្ត​ប្រមែប្រមូល​គ្នីគ្នា​ដែល​មានគំនិត​ដូចគ្នា​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​នេះ​តែម្ដង​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​LaundryKH​ ​បង្កើត​ឡើង​ដោយក្រុម​យុវ​និស្សិត​ចំនួន​បួន​រូប​មក​ពី​ជំ​នាញ​ផ្សេង​ៗ​ ​តួយ៉ាងដូចជា​៖​ ​លោក​ ​ហៀង​ ​ហុង​ទ្រី​ ​និង​ ​សុខ​ ​សយ​ ​សំណាង​ ​ជា​និស្សិត​ឆ្នាំទី​មួយ​ ​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ,​ ​ជា​ ​ចន្ដា​រិទ្ធិ​ ​និង​ ​ហ៊ឹម​ ​សុ​ខ​ឡុង​ ​រៀន​ឆ្នាំទី​ពីរ​ ​ក្នុង​មុខជំនាញ​ ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​។​

                                    លោក​ ​ហៀង​ ​ហុង​ទ្រី                                                                              លោក សុខ​ ​សយ​ ​សំណាង

                                       លោក ជា​ ​ចន្ដា​រិទ្ធិ​ ​​ ​                                                                                          លោក ហ៊ឹម​ ​សុ​ខ​ឡុង

          ថ្វី​ដ្បិតតែ​បង្កើត​ឡើង​ដោយក្រុម​និស្សិត​វ័យក្មេង​ក៏​ពិតមែន​ក៏ប៉ុន្តែ​ ​LaundryKH​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ក្រុម​អាជីវកម្ម​ច្នៃ​ប្រតិដ្ឋ​មួយ​ ​និង​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​នៃ​កម្មវិធី​ ​Viettel​ ​Advanced​ ​Solution​ ​Track​ ​2019​ ​(​VAS​ ​Track​ ​2019​)​ ​ហើយ​ទទួល​បាន​ប្រាក់​រង្វាន់​ ​ប្រាំ​រយ​ដុល្លារ​ ​ពី​ក្រុមហ៊ុន​ ​មិត្ត​ហ្វូ​ន​។​ ​​យ៉ាងណាមិញ​ ​LaundryKH​ ​កំពុងតែ​ស្ថិតនៅ​ក្នុង​ការអភិវឌ្ឍន៍​នៅឡើយ​ ​ហើយ​គ្រោង​នឹង​ដាក់ឲ្យ​ទាញ​យក​មក​ប្រើប្រាស់​នៅ​ឆ្នាំ​ ​២០២០​។​ ​ឈ្លៀ​ត​ក្នុង​ឱកាស​នេះ​ ​សមាជិក​ ​ហៀង​ ​ហុង​ទ្រី​ ​ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​គាំទ្រ​នូវ​ស្នាដៃ​កូនខ្មែរ​ ​ដែល​ខិតខំ​ស្វែងរក​បង្កើត​នូវ​គំ​និ​ត​ថ្មី​ៗ​ដើម្បី​ជួយ​សង្គមជាតិ​ទាំងមូល​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS