×

សិល្បៈគំនូរ​លើ​ចង្អេរ​ដ៏​រស់រវើក​ក្រោម​ស្នាដៃ​ថ្មី​ប្លែក​របស់​វិចិត្រករ​លាក់មុខ​ ​វូ​ ​សុ​សំណាង

NEWS 5 years ago
 
 

            មួយ​រយៈ​ចុងក្រោយ​នេះ​យើង​សង្កេតឃើញ​ថា​សិល្បៈគំនូរ​នៅ​កម្ពុជា​យើង​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជន​ជាតិ​ ​និង​អន្តរជាតិ​ ​នេះ​ក៏​ព្រោះតែ​វិចិត្រករ​ទាំង​ជើងចាស់​ ​និង​ជាន់​ថ្មី​បាន​រួមដៃគ្នា​ចេញ​មក​បង្ហាញ​ស្នាដៃ​ថ្មី​ប្លែក​តាមរយៈ​ការបង្កើត​គំនិត​ច្នៃ​ប្រឌិដ្ឋ​ទៅលើ​រូបគំនូរ​របស់​ខ្លួន​ដែល​ឆ្លុះបញ្ចាំង​ពី​ត​ថ​ភាព​ផ្សេង​ៗ​ក្នុង​សង្គម​ផង​ ​អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ​ផង​ ​និង​រហូតដល់​ច្នៃ​ប្រឌិដ្ឋ​គំនូរ​បុរាណសម័យ​រំលេច​នៅ​លើ​របស់​របរ​ផ្សេង​ៗ​ដូចជា​ ​អាវ​ ​សំបក​ទូរសព្ទ​ ​កែវ​ទឹក​ ​ឬ​ជញ្ជាំង​ជាដើម​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ក្រឡេកមក​សិល្បៈគំនូរ​ប្លែក​ថ្មី​មួយ​បែប​ទៀត​ដែល​ថ្មី​ៗ​នេះ​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​តាមរយៈ​ទំព័រ​ ​Art​ ​Love​ ​Art​ ​Life​ ​ដែល​បាន​បង្ហោះ​នូវ​រូបគំនូរ​បុរាណ​ប៉ុន្មាន​សន្លឹក​ ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​គំនូរ​ទាំងនោះ​ត្រូវ​បាន​គូរ​បំផុស​នៅ​លើ​សម្ភារ​ប្រើប្រាស់​ប្រពៃណី​ខ្មែរ​ដែលគេ​តែង​យក​មក​អុំស្រូវ​ ​អុំ​អង្ករ​ ​និង​ប្រើជា​ប្រយោជន៍​ហាល​បន្លែ​ត្រី​សាច់​នោះ​គឺ​ ​ចង្អេរ​។​ ​ជា​ការពិត​ណាស់​ ​ថ្វី​ដ្បិត​ឈាន​មកដល់​សម័យ​ទំនើប​ទៅ​ហើយ​ក្តី​ ​ចង្អេរ​នៅតែ​ជា​សម្ភារ​ប្រើប្រាស់​មាន​សារៈ​ប្រយោជន៍​ដែល​ប្រជាជន​ខ្មែរ​ស្ទើរតែ​គ្រប់​គ្រួសារ​នៅតែ​យក​មក​ប្រើប្រាស់​មិនដែល​អាក់ខាន​ ​ហើយ​អ្វី​ដែល​គួរឲ្យ​ស្ញប់ស្ញែង​ជាង​នេះ​ទៀត​នោះ​វិចិត្រករ​មួយ​រូប​ដែល​បោះបង់​អាជីព​គំនូរ​ស្ទើរ​មួយ​ទសវត្សរ៍​ទៅ​ហើយ​បាន​ងាក​មក​បង្កើត​គំនិត​ថ្មី​ដោយ​ជ្រើសរើស​ចង្អេរ​ធ្វើជា​ផ្ទាំង​សម្រាប់​គូរគំនូរ​រំលេចពណ៌​រំលេច​ក្បាច់​យ៉ាង​ស្រស់​ស្អាត​ដែល​បង្ក​ការចាប់អារម្មណ៍​ជា​ពន់ពេក​ក្រៃ​។​ ​ចុះ​តើ​វិចិត្រករ​ម្នាក់​នោះ​ជា​នរណា​?​ ​ហើយ​តើ​លោក​បាន​គំនិត​ប្លែក​ថ្មីនេះ​មក​ពីណា​?​ ​និង​មាន​វិធីសាស្ត្រ​គូរ​យ៉ាងដូច​ម្តេច​?​។​ ​

​            ជាមួយ​ទឹកមុខ​ញញឹមញញែម​ហាក់​មាន​ក្តី​សង្ឃឹមលើ​ទឹកដៃ​ដ៏​ល្អឯក​គ្មាន​ពីរ​ពី​វិចិត្រករ​ចង្អេរ​ ​លោក​ ​វូ​ ​សុ​សំណាង​ ​ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​លើទឹក​ដី​ក្រុង​តាខ្មៅ​បាន​រៀបរាប់​មកកាន់​ ​សូ​វរីន​ ​ថា​ ​ការដែល​រូបលោក​ ​ប្រើប្រាស់​មនោ​រម្ម​ណ៍​របស់​ខ្លួន​ចាប់​ជក់​កាន់​ខ្មៅដៃ​គូរគំនូរ​នៅ​លើ​ចង្អេរ​នេះ​ឡើង​ ​គឺ​ផ្តើម​ចេញពី​ក្តី​ស្រឡាញ់​និង​ចំណង់​ចំណូលចិត្ត​ ​គួបផ្សំ​នឹង​ចង់​បង្កើត​នូវ​អ្វី​ដែល​ស្នាដៃ​ថ្មី​ក្រោយ​ត្រលប់​មកកាន់​អាជីព​គំនូរ​របស់​ខ្លួន​វិញ​បន្ទាប់ពី​ផ្អាក​គូរ​អស់​រយៈពេល​ប្រា​មា​ណ​ ​១០ឆ្នាំ​កន្លងមក​។​ ​បើ​រំឭក​ទៅ​ការ​ចាប់ផ្តើម​អាជីព​គំនូរ​នា​គ្រាដំបូង​ឡើយ​ ​ដោយសារ​ស្ថិត​ក្នុង​បន្ទុក​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ខ្វះខាត​លោក​បាន​បោះបង់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ត្រឹម​ឆ្នាំទី២​ ​ហើយ​ងាក​មក​ចាប់​ជំនាញ​រៀន​គូរគំនូរ​វគ្គ​ខ្លី​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​តាំងតែពី​កុមារភាព​។​ ​សំណាង​បាន​បោះជំហាន​ជីវិត​ជា​បណ្តើរ​ៗ​ខិត​ទៅ​រក​ក្តី​ស្រមៃ​ជា​វិចិត្រករ​ដោយ​បាន​ចូលរៀន​នៅ​សាលារចនា​រយៈពេល​មួយឆ្នាំ​ចន្លោះ​ពីឆ្នាំ​ ​២០០៧​ ​ដល់​ឆ្នាំ​ ​២០០៨​។​ ​លុះក្រោយមក​ក៏បាន​ឆ្លៀត​ចូលរៀន​បន្ត​នៅ​សមាគម​វិចិត្រករ​ខ្មែរ​នៅ​ឯ​វត្តភ្នំ​ក្នុងរយៈពេល​មួយឆ្នាំ​ទៀតផង​ដែរ​។​ ​ជា​ការ​តស៊ូ​ ​ប្រឹងប្រែង​ ​និង​យកចិត្ត​ទុកដាក់​ពីសំណាក់​រៀមច្បង​ក៏ដូចជា​គ្រូបង្រៀន​ ​រួមផ្សំ​នឹង​ទេពកោសល្យ​ពី​កំណើត​សំណាង​ទទួល​បាន​លទ្ធផល​ពី​ការរៀនសូត្រ​យ៉ាង​គាប់ប្រសើរ​ដោយ​បាន​ប្រលង​ជាប់​សញ្ញាបត្រ​ជា​វិចិត្រករ​អាជីព​ថែមទៀត​ផង​។​ ​គ្រានោះ​ដែរ​សំណាង​បាន​ផ្តើម​ស្វែងរក​ចំណូល​តាមរយៈ​ការ​គូរគំនូរ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​អ្វី​ដែល​ផ្ទុយពី​ការ​រំពឹង​ទុក​គំនូរ​លក់​បាន​ក្នុង​តម្លៃ​ទាប​ខុស​ប្រៀប​ឆ្ងាញ​ពី​ការប្រើ​កម្លាំង​ពលកម្ម​ច្រើន​ ​ដែល​បាន​ធ្វើឲ្យ​លោក​បាក់ទឹកចិត្ត​រហូត​សម្រេចចិត្ត​លាង​លែង​ពី​អាជីព​គំនូរ​ងាក​មក​ស្វែងរក​ការងារ​ធ្វើការ​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​វិញ​។​ ​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ ​ខណៈ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​នកាន់​តែ​ជឿ​លឿន​រួម​ជាមួយ​បណ្តាញ​សង្គម​នានា​បាន​ដើរ​តួរ​ជា​អ្នក​ផ្តល់​ឱកាស​ដល់​សិល្បៈ​ករ​គំនូរ​បាន​ផ្សព្វផ្សាយ​ក៏ដូចជា​បង្ហាញ​ស្នាដៃ​យ៉ាង​ទូលំទូលាយ​ ​ស្រប​ពេល​គំនូរ​ចាប់ផ្តើម​មាន​ទីផ្សារ​ ​និង​ឲ្យ​តម្លៃ​ទៀតផង​នោះ​ ​ពេលនេះ​ហើយដែល​ជំរុញ​ឲ្យ​វិចិត្រករ​ ​វូ​ ​សុ​សំណាង​ ​ដុះដាល​គំនិត​សម្រេចចិត្ត​ត្រលប់​មក​ចាប់​អាជីព​គំនូរ​របស់​ខ្លួន​វិញ​ជាមួយនឹង​ការបង្កើត​សិល្បៈគំនូរ​លើ​ចង្អេរ​ដ្បិត​រូបលោក​មមាញឹក​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​យ៉ាងណា​ក្តី​។​ ​ចុះ​សួរ​ថា​តើ​គំនូរ​លើ​ចង្អេរ​នេះ​កើតចេញមកពី​ណា​?​។​ ​ឆ្លើយ​ទាំង​ឥត​លាក់លាម​ ​សំណាង​ ​បង្ហើប​ថា​លោក​បាន​វិល​មក​គូរគំនូរ​វិញ​នៅ​កំឡុង​ឆ្នាំ​ ​២០១៨​ ​ដោយ​ចាប់ផ្តើម​គូរ​ដំបូង​ទៅលើ​គំនូរ​ក្តារ​ម្រ័ក្សណ៍​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ដោយសារតែ​ចង់​បង្កើត​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ដើម្បី​ជា​ស្នាដៃ​ផ្ទាល់ខ្លួន​ ​លោក​ក៏​ជ្រើសរើស​ចង្អេរ​ដែល​ធ្លាប់តែ​ឃើញ​លក់​នៅ​តាមផ្លូវ​ធ្វើដំណើរ​ទៅ​ធ្វើការ​រៀងរាល់ថ្ងៃ​យក​មក​ធ្វើជា​ផ្ទាំង​សម្រាប់​គូរ​តែម្តង​។​ ​

​            ជាមួយនឹង​ចង្អេរ​ធ្វើអំពី​ចម្រៀកឫស្សី​វា​មាន​លក្ខណៈ​ផ្ទុះ​ស្រឡះ​ពី​ក្រដាស​រាបស្មើ​ ​វិចិត្រករ​ ​សំណាង​ ​បាន​ធ្វើការ​តេ​ស្ត​ម្តង​ជា​ពីរ​ដង​ទៅលើ​ការប្រើ​ពណ៌​ ​និង​ការ​កាត់​ក្បាច់​ដើម្បី​ប្រាកដ​ថា​គ្មាន​ចំណុច​ណាមួយ​មក​រាំងស្ទះ​មុន​សម្រេច​គូរ​យក​ជា​ផ្លូវការ​។​ ​តួយ៉ាង​ ​គំនូរ​គូរ​លើ​ចង្អេរ​គឺជា​គំនូរ​ប្រើ​គូ​ល័រ​ទឹក​ ​ត្រូវ​ជ្រើសរើស​ប្រើ​ពណ៌​ណា​ដែ​លលេ​ចៗ​ ​និង​ធ្វើការ​គូរ​សសៃ​កាត់​ក្បាច់​ដោយ​ប្រើ​អារម្មណ៍​ផ្ចិតផ្ចង់​បំផុត​។​ ​ដំណាក់កាល​នៃ​ការ​ធ្វើ​គំនូរ​នេះ​ត្រូវ​ចាប់ផ្តើម​ពី​ការកំណត់​ទំហំ​កាត់​ឬស្សី​ចេញពី​ចង្អេរ​ ​បន្ទាប់មក​ព្រាង​រូប​លើ​ក្រដាស​ ​ក្រោយមក​ទើប​យក​មក​ចម្លង​លើ​ចង្អេរ​ដែលកាត់​រួចហើយ​ចាប់ផ្តើម​ដាក់​ពណ៌​ ​និង​គូរ​កាត់​សសៃ​តាម​ក្បាច់​ ​ចំណែក​ចុងក្រោយ​លាបថ្នាំ​រលោង​ការពារ​ដាក់​ហាលឲ្យស្ងួត​ ​និង​យក​មក​ដាក់​ស៊ុម​ជាការស្រេច​។​ ​គំនូរ​នេះ​អាច​មើលទៅ​ងាយស្រួល​ប៉ុន្តែ​ទាមទារ​ភាព​អត់ធ្មត់​ខ្ពស់​ក៏​ព្រោះតែ​ផ្ទៃ​ចង្អេរ​មាន​គន្លាក់គន្លើន​ពិបាក​គូរ​ ​ហើយ​បើ​ប្រើ​ទឹក​ច្រើន​អាច​ធ្វើឲ្យ​ហៀរ​ពណ៌​ប្រតាក​លើ​គ្នា​ផង​ដែរ​។​ ​គំនូរ​ចង្អេរ​មួយ​អាច​ចាយ​ពេល​យ៉ាងហោចណាស់​ពីរ​ថ្ងៃ​ ​ឬ​ដល់​មួយ​អាទិត្យ​អាស្រ័យ​ទៅតាម​ទំហំ​ ​និង​ប្រភេទ​រូប​ ​ម្យ៉ាង​វិចិត្រករ​សំណាង​ឆ្លៀត​ធ្វើ​បានតែ​ពេលយប់​ឬ​ចុង​សប្តាហ៍​ក្រោយ​សម្រាក​ពី​ការងារ​របស់​ខ្លួន​ប៉ុណ្ណោះ​។​ ​សិល្បៈគំនូរ​លើ​ចង្អេរ​ពិត​ណាស់​ដែល​ក្រឡេក​មួយភ្លែត​យើង​នឹង​ចាប់អារម្មណ៍​មុនគេ​ទៅលើ​ចង្អេរ​ ​ប៉ុន្តែ​បើ​ក្រឡេក​ឲ្យ​មែនទែន​ទៅ​ ​វិចិត្រករ​វ័យ​ ​៣២​ ​ឆ្នាំ​រូប​នេះ​ក៏បាន​ផ្តោត​គូរគំនូរ​បង្ហាញ​ពី​សិល្បៈ​បុរាណ​ខ្មែរ​ដោយ​យក​តួអង្គ​នានា​មក​បង្ហាញខ្លួន​នៅ​លើ​ចង្អេរ​រំលេច​ជារូបរាង​យ៉ាង​ស្រស់​ល្អឯក​មាន​ដូចជា​ ​រូប​ហនុមាន​ ​រូប​ព្រះរាម​ ​រូប​ផ្ការំដួល​ ​និង​រូប​នារី​របាំ​បុរាណ​ជាដើម​។​ ​បង្ហើប​ពី​គោលបំណង​នៃ​ការបង្កើត​សិល្បៈគំនូរ​លើ​ចង្អេរ​នេះ​ដែរ​ ​សំណាង​ ​បាន​រៀបរាប់​ថា​ទី១លោក​ចង់​បង្កើត​អ្វី​ថ្មី​ជា​ស្នាដៃ​ផ្ទាល់ខ្លួន​ ​ទី២​ ​ចង់​បង្ហាញ​ពី​សិល្បៈគំនូរ​បុរាណ​ ​និង​ទី៣​ ​ចង់​ឲ្យ​កូនខ្មែរ​ស្គាល់​ ​និង​នៅតែ​ចងចាំ​នូវ​អ្វី​ដែល​ជា​សម្ភារ​ប្រើប្រាស់​របស់​ខ្មែរ​។​ ​

​            បច្ចុប្បន្ន​គំនូរ​លើ​ចង្អេរ​របស់​វិចិត្រករ​លាក់មុខ​ ​វូ​ ​សុ​សំណាង​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ ​និង​មាន​កា​រកុម្មង់​ទិញ​ពី​ភ្ញៀវ​ហូរហែរ​មិនចេះដាច់​ ​ជា​ពិ​សេ​សកុម្មង់​សម្រាប់​ដាក់​តាំងនៅ​តាម​បណ្តា​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ហាង​កាហ្វេ​ ​ក្រុមហ៊ុនទេសចរណ៍​ ​និង​ដាក់​លម្អ​នៅក្នុង​គេហដ្ឋាន​ផង​ដែរ​។​ ​ចំពោះ​តម្លៃ​គំនូរ​លើ​ចង្អេរ​ទំហំខ្នាត​តូច៣តឹក​បួនជ្រុង​ចាប់ផ្តើម​ពី​តម្លៃ​ ​៣៥ដុល្លារ​ ​និង​ខ្នាត​ធំ៦តឹក​បួនជ្រុង​តម្លៃ​ ​៨០ដុល្លារ​។​ ​លោក​បាន​បញ្ជាក់​ដែរ​ថា​ ​តម្លៃ​នេះ​បើ​យើង​គិត​មួយភ្លែត​គឺ​ដូចជា​ថ្លៃ​ខ្លាំង​ណាស់​ ​ប៉ុន្តែ​ប្រសិនបើ​យើង​គិត​ពី​តម្លៃ​ពេលវេលា​ ​គំនិត​ច្នៃ​ប្រឌិដ្ឋ​ ​និង​ការ​ចំណាយ​វត្ថុធាតុដើម​យក​មក​ធ្វើ​នោះ​គឺ​មិន​ថ្លៃ​នោះ​ទេ​។​ ​ដូចនេះ​លោក​ក៏បាន​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជួយ​គាំទ្រ​ស្នាដៃ​កូនខ្មែរ​លើ​ផ្នែក​គំនូរ​នេះ​ ​មិនថា​រូបលោក​ ​ឬ​វិចិត្រករ​ដទៃទៀត​ ​ដើម្បី​ឱ្យ​ពួកគាត់​មាន​កម្លាំងចិត្ត​ ​និង​រក្សា​ទឹកដៃ​គំនូរ​ខ្មែរ​ឱ្យ​បាន​ស្ថិតស្ថេរ​ ​មួយវិញទៀត​ ​អាច​បង្ហាញ​ទៅដល់​ពិភពលោក​ឱ្យ​ឃើញថា​ ​ខ្មែរ​សម្បូរទៅដោយ​ធនធានមនុស្ស​យ៉ាង​សម្បូរ​បែប​មិនចាញ់​ប្រទេសជិតខាង​ឡើយ​។​ ​ជាចុងក្រោយ​ ​វិចិត្រករ​សំណាង​ក៏បាន​ថ្លែងអំណរគុណ​ ​និង​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ទៅដល់​ភ្ញៀវ​ក៏ដូចជា​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដែល​តែងតែ​គាំទ្រ​ដល់​ស្នាដៃ​លោក​រហូត​មក​ ​ហើយ​លោក​ប្តេជ្ញា​នឹង​តាំងចិត្ត​ធ្វើ​វា​ឱ្យ​ល្អ​ ​និង​ថែមទាំង​ស្ម័គ្រចិត្ត​ចែករំលែក​ចំណេះដឹង​ផ្នែក​គំនូរ​ដែល​ខ្លួន​មាន​ទៅ​ឱ្យ​កូនខ្មែរ​ ​និង​យុវជន​ដែល​មាន​ចំណង់​ចំណូលចិត្ត​ខាង​គំនូរ​ដូចជា​រូបលោក​ផង​ដែរ​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS