×

​ផ្ទះ​សូត្រ​ ​សារមន្ទីរ​រស់​នៃ​សរសៃសូត្រ​ខ្មែរ​

TRAVEL & LIVING 5 years ago
 
 

          សម្លេង​កី​តម្បាញ​ទង្គិច​គ្នា​លាន់​រណ្តំ​ដូច​ការ​ប្រគំ​តន្រ្តី​កំ​ពុង​បន្លឺ​រ​ចេញពី​អគារ​ធំ​មួយ​ក្នុង​ក្រុងភ្នំពេញ​ ​ជាទី​ដែល​អ្នកស្រី​ ​សាន​ ​វណ្ណា​រី​ ​ទើបតែ​កែច្នៃ​ឲ្យ​ក្លាយជា​សារមន្ទីរ​រស់​នៃ​សូត្រ​ខ្មែរ​ដ៏​ប្រណីត​មួយ​។​ ​អគារ​ធំ​ទូលាយ​មាន​ខ្យល់​ចេញចូល​ត្រជាក់​ល្ហឹម​ដែល​ដាក់ឈ្មោះ​ថា​ ​«​ផ្ទះ​សូត្រ​»​ ​ទើបតែ​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែកក្កដា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​ចំណាយពេល​រៀបចំ​អស់​ពេល​ជិត​កន្លះ​ឆ្នាំ​។​ ​សារមន្ទីរ​រស់​នេះ​ ​គឺជា​ទីតាំង​ថ្មី​មួយ​ដែល​អ្នកស្រី​ ​វណ្ណា​រី​ ​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ដំណើរការ​ផលិត​ផលិតផល​សូត្រ​ខ្មែរ​តាំងពី​ដើម​រហូតដល់​លទ្ធផល​សម្រេច​ ​ដើម្បី​ស្វាគមន៍​ដល់​ភ្ញៀវ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជាពិសេស​កូនខ្មែរ​គ្រប់រូប​បាន​ទស្សនា​និង​ស្វែងយល់​ ​។​ ​

          ​ជា​ការពិត​ណាស់​ ​របរ​ចិញ្ចឹម​ដង្កូវនាង​ដើម្បី​ផលិត​សូត្រ​ ​គឺជា​របរ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​ជា​យូរលង់​ណាស់​មក​ហើយ​។​ ​គួរឲ្យ​សោក​ស្តាយ​ ​ដោយ​កង្វះ​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​ ​កសិករ​មួយចំនួន​ធំ​បានសម្រេច​ចិត្ត​បោះបង់​របរ​នេះ​យ៉ាង​គំហុក​បង្ក​ជា​ការ​ព្រួយបារម្ភ​ដល់​អ្នក​វិនិយោគ​លើ​តម្បាញ​សូត្រ​ខ្មែរ​ ​និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ​។​ ​កត្តា​ទាំងនេះ​ហើយដែល​ជំរុញ​ឲ្យ​អ្នកស្រី​វណ្ណា​រី​ ​ព្យាយាម​រិះរក​គំ​និ​ត​ថ្មី​ៗ​ដើម្បី​លើកស្ទួយ​របរ​ប្រពៃណី​នេះ​ឲ្យ​រស់រាន​ឡើងវិញ​។​ ​ថ្លែង​ដោយ​ទឹកមុខ​ព្រួយបារម្ភ​ ​អ្នកស្រី​វណ្ណា​រី​ ​មានប្រសាសន៍​ថា​៖​ ​«​កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​និង​គ្រួសារ​តស៊ូ​បង្កើត​កន្លែង​នេះ​ ​នោះ​គឺ​ការបាត់បង់​អ្នកធ្វើ​សូត្រ​ខ្មែរ​។​ ​អ្នក​ចិញ្ចឹម​ដង្កូវនាង​និង​ដាំ​ដើម​មន​ស្ទើរតែ​បាត់បង់​អស់ហើយ​។​ ​ពួកគាត់​នាំគ្នា​ទៅ​ចំណាកស្រុក​ ​ឬ​ធ្វើជា​កម្មករ​កាត់ដេរ​។​ ​ម្នា​ក់ៗ​ចាកចោល​ស្រុកកំណើត​អស់​»​។​ ​តួលេខ​ដែល​បង្ហាញ​ដោយ​ម្ចាស់ផ្ទះ​សូត្រ​រូប​នេះ​បាន​បង្ហាញថា​ ​ថវិកា​ក្នុង​ស្រុក​យ៉ាងហោចណាស់​ ​២០លាន​ដុល្លារ​អា​មេ​រិច​ក្នុង​មួយឆ្នាំ​ត្រូវ​ចាកចេញ​ទៅក្រៅ​ប្រទេស​ ​ដើម្បី​នាំចូល​សរ​សៃ​រសូ​ត្រ​ប្រមាណ៤០០តោន​មក​ក្នុង​ស្រុក​វិញ​ ​ក្នុង​បំណង​បំពេញ​តម្រូវការ​ផលិត​សម្ភារ​ធ្វើ​ពី​សូត្រ​ដល់ទី​ផ្សារ​ក្នុង​ស្រុក​។​ ​បញ្ហា​ទាំងនេះ​ ​បណ្តាល​មក​ពី​ការ​ឈប់​ផលិត​សូត្រ​ដោយខ្លួនឯង​ពីសំណាក់​ប្រជាជន​ក្នុង​ប្រទេស​។​ ​អ្នកស្រី​ ​វណ្ណា​រី​ ​បាន​លើកឡើង​ថា​៖​ ​«​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ពួកគាត់​ផ្ទាល់​ ​គឺ​កង្វះ​ការ​គាំទ្រ​។​ ​ដោយសារ​គ្មាន​បច្ចេកទេស​ ​ដូច្នេះ​ពេល​គាត់​ធ្វើ​បរាជ័យ​គាត់​ក៏​បោះបង់ចោល​។​ ​ដូច្នេះ​បើសិនជា​យើង​ជាឯក​ជន​មិន​សហការ​ជាមួយ​រដ្ឋ​ទេ​ ​នោះ​យើង​នឹង​ប្រឈម​ការបាត់បង់​។​ ​ចំណុច​នេះ​ហើយ​បាន​ជា​ខ្ញុំ​និង​ក្រុម​គ្រួសារ​ ​យល់ថា​បើ​យើង​អាច​ធ្វើអ្វី​បាន​ក៏​ធ្វើ​ទៅ​ ​ជៀស​ជាង​មិនបាន​ធ្វើ​អីសោះ​ដើម្បី​ជួយ​ដល់​វប្បធម៌​និង​ប្រទេស​ ​ទោះបីជា​វា​ផ្តល់​ការ​ផ្លាស់​ប្តូរ​តិច​ឬ​ច្រើន​ក៏ដោយ​»​។​ ​

          ​ការងារ​នៅក្នុង​ការផលិត​សូត្រ​ពី​ដង្កូវនាង​ត្រូវ​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ដំណាក់កាល​។​ ​ដើម្បី​ផលិត​បាន​ជា​សូត្រ​ដង្កូវនាង​ ​កសិករ​ត្រូវ​ចិញ្ចឹម​ដង្កូវនាង​ ​ចាប់ពី​ដំណាក់កាល​ពង​ដង្កូវ​រយៈពេល​ជាច្រើន​ថ្ងៃ​ទម្រាំ​វា​វិវត្តន៍​ទៅជា​សំបុក​ដង្កូវនាង​ ​ដែល​អាចយ​កម​ក​ផលិត​ជា​សូត្រ​បាន​។​ ​ផ្ទុយទៅវិញ​ ​ការងារ​ដ៏​លំបាក​នៅ​ពីក្រោយ​ភាព​ស្រស់​ស្អាត​នៃ​ផលិតផល​សូត្រ​ខ្មែរ​ ​ជា​រឿយ​ៗ​ត្រូវ​បាន​មហាជន​មើល​រំលង​ ​ហើយក៏​មិន​មាន​មនុស្ស​ច្រើន​នាក់​នោះ​ទេ​ ​ដែល​ធ្លាប់​បានឃើញ​ផ្ទាល់​ពី​ការ​ចិញ្ចឹម​ដង្កូវនាង​។​ ​នេះ​ជាហេតុ​មួយទៀត​ដែល​អ្នកស្រី​វណ្ណា​រី​ ​រៀបចំ​ ​«​ផ្ទះ​សូត្រ​»​ ​ជាទី​តាំង​ដែល​មហាជន​អាច​ទៅ​ទស្សនា​និង​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ការ​ចិញ្ចឹម​ដង្កូវនាង​ ​ការ​ដាំ​ដើម​មន​ដើម្បី​ធ្វើជា​ចំណី​ដង្កូវនាង​ ​និង​ការ​យក​សំបុក​ដង្កូវនាង​មក​ផលិត​ជា​សរ​សៃ​រសូ​ត្រ​ ​ជា​ចំណុច​សំខាន់​មួយ​ដែល​សារមន្ទីរ​រស់​នេះ​ចង់​បង្ហាញ​។​ ​អ្នកជំនាញ​របស់​ ​«​ផ្ទះ​សូត្រ​»​ ​បាន​ដាក់​ដង្កូវនាង​នៅ​លើ​ចង្អេរ​ជា​ថ្នា​ក់ៗ​ ​ហើយ​ចិញ្ចឹម​នៅក្នុង​សាល​ចិញ្ចឹម​ដង្កូវនាង​ ​ដែល​មាន​របាំង​ការពារ​សត្វល្អិត​ដទៃ​មក​យារ​យី​តាម​ក្បួន​បច្ចេកទេស​។​ ​អ្នកស្រី​ ​វណ្ណា​រី​ ​ក៏​មាន​អ្នកជំនាញ​ចាំ​ពន្យល់​ភ្ញៀវ​ដែល​មក​ទស្សនា​ពី​ដំណាក់កាល​វិវត្តន៍​របស់​ដង្កូវនាង​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ទស្សនកិច្ច​។​ ​ពេល​បាន​ចូល​មក​ក្នុង​បរិវេណ​ ​«​ផ្ទះ​សូត្រ​»​ ​លោកអ្នក​នឹង​ទាក់ភ្នែក​នឹង​កី​តម្បាញ​ប្រភេទ​ខុស​ៗ​គ្នា​តម្រៀប​ជាជួរ​ ​ធ្វើឲ្យ​នឹក​រំពៃ​ដល់​សង្វាក់​ផលិតកម្ម​លើ​វិស័យ​សូត្រ​ដែល​ម្ចាស់ផ្ទះ​សូត្រ​នេះ​ចង់​បង្ហាញ​។​ ​ភ្ញៀវ​ដែល​មក​ទស្សនកិច្ច​នៅផ្ទះ​សូត្រ​ ​នឹង​បាន​ស្គាល់​ពី​ប្រភេទ​ក្រណាត់​របស់​ខ្មែរ​ ​រៀន​ពី​វិធី​ជ្រលក់​ពណ៌​សូត្រ​ ​និង​របៀប​ចង​គោម​ជ្រលក់​ពណ៌​ធ្វើ​កន្សែង​ជាដើម​ ​តាមរយៈ​កម្មវិធី​ពិសេស​ដែល​ស្ថាបនិក​បាន​រៀបចំឡើង​។​ ​អ្នក​ដែល​ចូលចិត្ត​ផលិតផល​ធ្វើ​ពី​សរ​សៃ​រសូ​ត្រ​ ​ពិតជា​មិន​ខកចិត្ត​ទេ​ប្រសិនជា​បាន​ទៅ​ទស្សនកិច្ច​នៅ​ ​«​ផ្ទះ​សូត្រ​»​ ​ថ្មី​ស​ឡាង​នេះ​ ​ព្រោះ​លោកអ្នក​នឹង​បាន​ទទួលយក​បទពិសោធន៍​ទិញទំនិញ​នៅក្នុង​ហាង​លក់​ផលិតផល​សូត្រ​ដែល​បាន​តុបតែង​យ៉ាង​ប្រណីត​ ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ស្វែងរក​ជាវ​ផលិតផល​ពី​សូត្រ​ ​អំបោះ​ ​និង​ក្រណាត់​ប្រើប្រាស់​ឡើងវិញ​ ​ដែលកាត់​ដេរ​និង​ច្នៃ​ម៉ូដ​ដោយ​អ្នកជំនាញ​ជនជាតិ​ខ្មែរ​សុទ្ធសាធ​។​ ​កន្សែង​សូត្រ​ ​សម្លៀកបំពាក់​ ​ផលិតផល​តាំង​លម្អ​ ​និង​គ្រឿងអលង្ការ​ច្រើន​ប្រភេទ​ ​ត្រូវ​បាន​ដាក់​តាំង​សម្រាប់​លក់​ក្នុង​តម្លៃ​ដ៏​សមរម្យ​។​ ​

          ​«​ទី១នៅ​ទីនេះ​អាច​បង្ហាញ​គាត់​ ​(​ភ្ញៀវ​)​ ​ឲ្យ​ស្វែងយល់​ពី​ដំណាក់កាល​នៃ​ការ​ធ្វើ​ ​ថា​វា​លំបាក​ប៉ុណ្ណា​ទម្រាំ​បាន​ជា​អាវ​មួយ​ ​ទី២ទៀត​គឺ​បង្ហាញ​ពី​វប្បធម៌​អរិយធម៌​របស់​ខ្មែរយើង​ ​និង​ឲ្យ​តម្លៃ​ទៅ​អ្នកធ្វើ​។​ ​ពេល​ដែល​គាត់​ទិញ​ ​គឺ​គាត់​ឲ្យ​តម្លៃ​ទៅ​វត្ថុ​ដែល​គាត់​ទិញ​ ​ដែល​ចំណុច​នេះ​ហើយដែល​យើង​ព្យាយាម​ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការទិញ​ទំនិញ​របស់​គាត់​ ​និង​ធ្វើឲ្យ​គាត់​ដឹង​ថា​ ​វត្ថុ​ឬ​ឧទាហរណ៍​កន្សែង​មួយ​តើ​វា​ផ្តល់​ការ​ជះ​ឥ​ទិ្ធ​ពល​ដល់​សង្គម​យ៉ាងណា​ខ្លះ​ ​ថា​តើ​លុយ​ដែល​គាត់​បាន​ចំណាយ​ទិញ​កន្សែង​មួយ​តើ​គាត់​បាន​ជួយ​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ពីក្រោយ​ការផលិត​កន្សែង​នោះ​»​។​ ​

          សម្រាប់​អ្នក​ដែល​មានបំណង​សាកល្បង​ផលិត​កន្សែង​ដោយខ្លួនឯង​ ​គឺ​តម្រូវឲ្យ​ធ្វើការ​កក់​ទុកជាមុន​ ​ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​ធ្វើការ​រៀបចំ​ស្វាគមន៍​ ​ដែល​«​ផ្ទះ​សូត្រ​»​នឹង​ទទួល​ជា​ក្រុម​ចាប់ពី៣នាក់​ឡើង​ទៅ​។​ ​ទីតាំង​ដ៏​សម្បូរ​បែបនេះ​ ​ក៏​មាន​បន្ទប់​ប្រជុំ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់៦០នាក់​ ​ដែល​ការបង្កើត​សេវាកម្ម​ទាំងនេះ​ ​សុទ្ធសឹងតែ​មាន​គោលបំណង​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​សង្វាក់​ផលិតកម្ម​ក្នុង​ការផលិត​សូត្រ​ ​និង​ស្វែងរក​កម្រៃ​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ដំណើរការ​នៃ​ ​«​ផ្ទះ​សូត្រ​»​ ​ទាំងមូល​។​ ​សារមន្ទីរ​រស់​ ​«​ផ្ទះ​សូត្រ​»​ ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចាប់ពី​ថ្ងៃអង្គារ​ដល់​ថ្ងៃអាទិត្យ​។​ ​ចំណែក​តម្លៃ​ចូល​ទស្សនា​មានតម្លៃ​ត្រឹមតែ​ ​៥ដុល្លារ​ក្នុង១នាក់​សម្រាប់​ភ្ញៀវ​បរទេស​ ​ចំណែក​ឯ​ជនជាតិ​ខ្មែរ​ ​ត្រឹមតែ​ ​២០០០រៀល​ប៉ុណ្ណោះ​ ​៕​ ​

Article​ ​by​ ​VA​ ​SONYKA​


SUGGESTIONS