×

យុវ​សិស្ស​ ​ទុយ​ ​សុខ​ដុង​ ​«​អរគុណ​ការ​បង្អាប់​ដែល​ធ្វើឲ្យ​ខ្ញុំ​រឹងមាំ​»​ ​

NEWS a month ago
 
 

          ​ពិការភាព​មិនបាន​ធ្វើឲ្យ​មនុស្ស​គ្រប់រូប​អស់សង្ឃឹម​ក្នុង​ឆាកជីវិត​ ​ឬ​ ​ដើរ​ដល់​ចំណុចសូន្យ​មិន​រីកចម្រើន​ទៅមុខ​បាន​នោះ​ទេ​។​ ​ពិការភាព​គ្រាន់តែ​ជា​ការ​ខ្វះខាត​កាយសម្បទា​សំបក​ក្រៅ​ ​ប៉ុន្តែ​ជីវិត​មនុស្ស​អាច​ប្រែប្រួល​អាស្រ័យ​លើ​ផ្នត់គំនិត​ ​និង​មនសិការ​របស់​បុគ្គល​នី​មួយ​ៗ​។​ ​ជាក់ស្តែង​ ​ប្អូនប្រុស​ ​ទុយ​ ​សុខ​ដុង​ ​សិស្ស​ថ្នាក់​ទី​ ​១២B​ ​នៃ​វិទ្យាល័យ​ស្ទឹងសែន​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​ជន​ពិការ​អវៈយវៈ​តាំងពី​កំណើត​រស់នៅ​ក្នុង​ជីវភាព​គ្រួសារ​ខ្វះខាត​ ​បាន​ប្រឡងជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​(​បាក់ឌុប​)​ ​ក្នុង​សម័យ​ប្រឡង​ ​១៩​ សីហា​ ​២០១៩​ ​នៅ​មណ្ឌល​បឋមសិក្សា​អនុវត្ត​ ​ហ៊ុន​ ​សែន​ ​អាចារ្យលាក់​ ​ខេត្តកំពង់ធំ​ ​ដោយ​ភាព​ជោគជ័យ​ ​ដែល​ជា​មោទនភាព​សម្រាប់​ខ្លួនឯង​ ​ក្រុម​គ្រួសារ​ ​និង​សង្គមជាតិ​ទាំងមូល​ ​ក៏ដូចជា​សម្រាប់​ជន​ដែល​មាន​ពិការភាព​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​

          ​ជា​កិត្តិយស​បំផុត​សម្រាប់​យុវជន​ ​ទុយ​ ​សុខ​ដុង​ ​ជា​យុវ​សិស្ស​ដែល​មាន​ពិការភាព​មួយ​រូប​ត្រូវ​បាន​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​បាន​បង្ហោះ​សារ​លើក​សរសើរ​ចំពោះ​ការ​ខិតខំ​តស៊ូ​ព្យាយាម​ ​និង​អបអរសាទរ​ចំពោះ​លទ្ធផល​ជោគជ័យ​នៃ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ក្រ​សួង​កាលពី​ថ្ងៃទី១០​ ​ខែកញ្ញា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​យុវជន​រូប​នេះ​ក៏បាន​ជាប់​អាហារូបករណ៍១០០​%​ ​សម្រាប់​បន្ត​ការសិក្សា​ជំនាញ​ព័ត៌មាន​វិទ្យា​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​ ​ក្នុងចំណោម​បេក្ខជន​ជ័យលាភី​ចំនួន៣៩រូប​ ​ដែល​ក្នុង​នោះ​មាន​បេក្ខភាព​ជន​ដែល​មាន​ពិការភាព​ចំនួន​ ​០៤​ ​រូប​។​ ​

          ​តើ​អ្វីទៅ​ដែល​ជា​កត្តា​ជំរុញ​ទឹកចិត្ត​យុវ​សិស្ស​ ​ទុយ​ ​សុខ​ដុង​ ​ឲ្យ​ខិតខំ​អភិវឌ្ឍ​ខ្លួន​មកដល់​កម្រិត​នេះខណៈ​ដែល​សិស្ស​មួយចំនួន​បែរជា​កើតជំងឺ​បាក់ទឹកចិត្ត​បោះបង់ចោល​ការរៀនសូត្រ​?​ ​ជាមួយនឹង​សម្តី​មួយ​ៗ​ទឹកមុខ​សុភាព​រាបសា​ ​សុខ​ដុង​បាន​ប្រាប់​សូ​វរីន​ថា​ ​«​ពេលខ្លះ​ម៉ែ​គាត់​ជូន​ខ្ញុំ​ទៅ​សាលា​ ​អ្នក​ជិ​តៗ​ហ្នឹង​គេ​ថា​កុំ​ជូន​ទៅ​អី​ ​ទោះ​ជូន​ទៅរៀន​ ​ក៏​ថ្ងៃ​អនាគត​ទៅ​គ្មាន​ការងារ​ធ្វើ​ ​គ្មាន​ប្រយោជន៍​!​ ​[​…​]​ ​តែ​ឥឡូវនេះ​ ​ពេល​ជាប់​បាក់ឌុប​ហ្នឹង​ ​អរគុណ​ដល់​ពួកគាត់​ដែល​តែងតែ​បង្អាប់​ឲ្យ​យើង​រឹងមាំ​ ​សម្រេច​នូវ​គោលបំណង​​ដែល​ចង់បាន​។​»​ ​ក្នុង​ឆាកជីវិត​រយៈពេល២០ឆ្នាំ​ ​សុខ​ដុង​ ​បាន​បញ្ជាក់​ថា​ ​រូបគេ​មិនដែល​អស់សង្ឃឹម​ម្តង​ណា​ឡើយ​ ​ទោះបីជា​រូបគេ​ឆ្លងកាត់​ការ​សើចចំអក​មើល​ងាយ​ខ្លះ​ៗ​ពី​អ្នក​រស់នៅ​ភូមិផងរបងជាមួយ​និង​សិស្ស​រួមសាលា​មួយចំនួន​តាំងពី​ថ្នាក់​បឋមសិក្សា​ក៏ដោយ​។​ ​គេ​បាន​ប្រើប្រាស់​ជីវិត​ក្នុង​ពិការភាព​ដោយមាន​ការ​ជួយ​គាំទ្រ​ជ្រោមជ្រែង​និងផ្តល់​កម្លាំងចិត្ត​ច្រើន​ពី​ឪពុក​ម្តាយ​ ​ព្រមទាំង​បងប្អូន​បង្កើត​ទាំង០៥នាក់​ជានិច្ច​ជា​កាល​។​ ​

          ​“​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​គឺ​ពិបាក​ ​ពេល​បំ​លាស់​ទីកន្លែង​ណា​ដែល​មាន​ភក់​ ​ត្រូវ​ប្រឡាក់​។​ ​ពេល​ទៅ​សាលា​ ​បើ​អាវ​មាន​ឡេវ​ ​ឬ​ ​ខោ​មាន​ឡេវ​ដាក់ខ្លួន​ឯង​មិនបានទេ​ ​ទាល់តែ​ម៉ែ​ជួយ​។​ ​ពេល​ងូតទឹក​ ​កក់សក់​ ​ជូត​ខ្លួន​ ​ទាល់តែ​ម៉ែ​ជួយ​​”​ ​នេះ​ជា​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​​ប្រចាំថ្ងៃ​ដែល​សុខ​ដុង​បាន​បកស្រាយ​។​ ​ទន្ទឹម​នឹង​នេះ​អ៊ំស្រី​ ​អែល​ ​សំណាង​ ​ម្តាយ​បង្កើត​របស់​យុវជន​ខាងលើ​ ​ក៏បាន​លើក​ឡើង​ដែរ​ថា​ ​«​ខ្ញុំ​អត់​អាច​ចោល​គាត់​បានទេ​!​ ​បើ​ខ្ញុំ​អត់​នៅ​ ​ក៏​ឪពុក​វា​ ​បង​វា​ទាំងអស់​ជួយ​។​ ​សព្វថ្ងៃ​បាន​អា​ពៅ​ ​(​ប្អូនប្រុស​របស់​ ​សុខ​ដុង​ ​រៀន​ថ្នាក់​ទី១១​)​ ​ឌុប​ទៅ​សាលារៀន​»​ ​។​ ​គាត់​បាន​បន្ថែម​ទៀត​ថា​ ​ក្នុងនាម​ជា​ម្តាយ​ ​គាត់​បាន​ជួយ​ជូន​កូន​ទៅ​សាលា​រហូតដល់​ថ្នាក់​ទី៨ទើប​ឈប់​ ​ហើយ​ប្អូនប្រុស​សុខ​ដុង​ដែល​ជា​កូនពៅ​ជួយ​ជូន​សុខ​ដុង​ទៅរៀន​បន្ត​ពី​ថ្នាក់​ទី៩ដល់ទី១២​។​ ​សុខ​ដុង​ ​អាច​ទទួលទាន​អាហារ​ ​និង​ ​ធ្វើ​បំ​លាស់​ទី​រំកិល​ជិ​តៗ​ផ្ទះ​បាន​ដោយខ្លួនឯង​ដោយ​ប្រើ​ស្បែកជើង​ ​ប៉ុន្តែ​បើ​ធ្វើដំណើរ​ឆ្ងាយ​ ​ប្អូនប្រុស​របស់​គាត់​ជា​អ្នក​អៀវ​ពីក្រោយខ្នង​។​ ​

          ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​ ​«​ចង់​មានចំណេះ​ដឹង​ ​កុំ​ឲ្យ​គេ​បោកប្រាស់​»​ ​សុខ​ដុង​បាន​ចំណាយពេល​ច្រើន​ក្នុង​ការសិក្សា​រៀនសូត្រ​ទាំង​នៅ​សាលារៀន​ ​និង​នៅផ្ទះ​ដោយខ្លួនឯង​ផង​។​ ​គេ​មាន​ពេលសម្រាក​បាយ​ថ្ងៃត្រង់​ ​និង​ ​ពេល​ចេញពី​រៀន​ពេលល្ងាច​តែប៉ុណ្ណោះ​។​ ​ពេលយប់​គេ​ឆ្លៀត​មើលសៀវភៅ​ ​ធ្វើលំ​ហាត់​ដល់ម៉ោង១០ឬ​ ​១១​ ​ទើប​សម្រាក​។​ ​ជួនកាល​ ​គេ​ធ្វើ​ស្វ័យ​សិក្សា​ផ្នែក​ ​HTML​ ​ដោយសារ​គេ​ស្រឡាញ់​ជំនាញ​ព័ត៌មាន​វិទ្យា​។​ ​រី​ឯមុខ​វិជ្ជា​ដែលគេ​ចូលចិត្ត​បំផុត​គឺ​ ​គណិតវិទ្យា​ ​ភូមិវិទ្យា​ ​និង​ ​ប្រវត្តិវិទ្យា​។​ ​នៅ​ថ្ងៃ​អនាគត​ ​សុខ​ដុង​ ​ចង់​ចាប់​យក​អាជីព​ព័ត៌មាន​វិទ្យា​ ​ឬ​ ​ផ្នែក​រដ្ឋបាល​ ​ដើម្បី​ចិញ្ចឹមជីវិត​ខ្លួនឯង​ ​និង​ ​ឪពុក​ម្តាយ​ដែល​មាន​វ័យ​ចំណាស់​កំពុង​ប្រកបរបរ​ធ្វើស្រែ​ចំការ​នៅ​ខេត្ត​ ​«​ខ្ញុំ​ចង់​ជួយ​ពុក​ម៉ែ​កុំឱ្យ​គេ​មើលងាយ​»​៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​



SUGGESTIONS