×

ខូ​ឡិក​ហ្សិន​ ​«​The​ ​Mind​»​ ​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន​នៃ​រាជិនី​ប្រទេស​អេហ្ស៊ីប​

FASHION & BEAUTY a month ago
 
 

          ​ទំនោរ​និយម​ថ្មី​នៃ​សម័យកាល​ជឿនលឿន​ ​នឹង​ប្រកបដោយ​ភាព​ស៊ីវិល័យ​ ​ប្រណីតភាព​ ​តែង​បង្ហាញ​វត្តមាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ ​ហើយ​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្តា​នុ​ពល​ ​ក៏ដូចជា​ការ​ឆ្លុះបញ្ចាំង​នូវ​ភាព​ប៉ិន​ប្រសប់​ថ្មី​ៗ​ ​ឬ​គំនិត​ច្នៃ​ប្រតិដ្ឋ​ពី​បុគ្គល​ម្នា​ក់ៗ​ ​និង​ការអភិវឌ្ឍន៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៃ​វិស័យ​នី​មួយ​ៗ​ ​ជាពិសេស​ ​វិស័យ​ហ្វេ​សហ្សិ​នក្នុង​ប្រទេស​កម្ពុជា​តែម្តង​។​ ​ជាក់ស្តែង​ ​ផ្នត់​គំ​និ​ត​ប្លែក​ៗ​ ​ប្រកប​ទៅ​ដោយ​ភាព​ជឿជាក់​ ​ក្នុង​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ពី​មួយ​ឈុត​ ​ទៅ​មួយ​ឈុត​ ​របស់​អ្នក​ច្នៃ​ម៉ូដ​ម្នា​ក់ៗ​តែង​បង្កប់​នូវ​អត្តសញ្ញាណ​ ​ឬ​អត្ថន័យ​និង​អត្ថរស​ ​មួយចំនួន​ដែល​បង្ហាញ​ពី​ការរស់នៅ​ប្រចាំថ្ងៃ​ ​ឬ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នា​ក់ៗ​នៃ​សង្គម​ផង​ដែរ​។​ ​

          ​អ្នកនាង​ ​ណា​ ​ម៉ា​រី​យ៉ា​ ​ជា​ស្ថាបនិកា​នៃ​ហាង​សម្លៀកបំពាក់​លំដាប់​ហ្វេ​សហ្សិន​ ​«​The​ ​Privé​»​ ​និង​ជា​អ្នក​ច្នៃ​ម៉ូដ​អាជីព​ផង​នោះ​ ​បាន​រចនា​ម៉ូដ​ខូ​ឡិក​ហ្សិ​នដ៏​ពេញនិយម​ប្រមាណ​ជាង១៥ឈុត​ ​ហើយ​សម្រាប់​ខូ​ឡិក​ហ្សិន​ទាំង១៥ឈុត​នេះ​ទើបតែ​បង្ហាញ​វត្តមាន​ដ៏​គគ្រឹកគគ្រេង​ក្នុង​កម្មវិធី​ ​«​Phnom​ ​Penh​ ​Designers​ ​Week​»​ ​ដែល​ទើបតែ​កន្លង​ផុត​ទៅ​នា​ថ្មី​ៗ​នេះ​។​ ​«​The​ ​Mind​»​ ​ជា​ឈ្មោះ​នៃ​ខូ​ឡិក​ហ្សិ​ននេះ​មាន​ផ្នត់គំនិត​ផ្តោត​សំខាន់​ទៅ​ ​លើ​ដំណើរ​ដ៏​សមសួន​ ​ទន់ភ្លន់​ ​និង​អង់អាច​ក្លាហាន​ ​មិន​ងាយ​ចុះចាញ់​នឹង​ឧបសគ្គ​គ្រប់យ៉ាង​ដែល​មាន​ចំពោះមុខ​របស់​រាជិនី​នៃ​ប្រទេស​អេហ្ស៊ីប​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ពណ៌​ចម្រុះ​ដែល​អ្នក​ច្នៃ​ម៉ូដ​ ​ម៉ា​រី​យ៉ា​ ​បាន​ប្រើ​ទៅលើ​ខូ​ឡិក​ហ្សិ​ននេះ​ ​គេ​សង្កេតឃើញ​ថា​ឈុត​សម្លៀកបំពាក់​នៅក្នុង​ការ​ដើរ​ម៉ូដ​ភាគច្រើន​តែង​ប្រើ​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌​មាស​ដេរ​រួមបញ្ចូល​គ្នា​ ​ចំណែក​ឯ​ឈុត​សម្លៀកបំពាក់​តិចណាស់​ដែលគេ​ឃើញ​ប្រើ​ពណ៌​ឆើត​។​

អ្នកនាង​ ​ណា​ ​ម៉ា​រី​យ៉ា

          ​ជាមួយគ្នា​នេះ​ដែរ​ ​អ្នកនាង​ ​ម៉ា​រី​យ៉ា​ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ខូ​ឡិក​ហ្សិ​នដែល​ច្នៃ​ម៉ូដ​ក្នុង​ទម្រង់​រាជិនី​នៃ​ប្រទេស​អេហ្ស៊ីប​នេះ​ ​គឺជា​ផ្នត់គំនិត​បង្ហាញ​ពី​ការ​គិត​របស់​មនុស្ស​ទូទៅ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ភាព​វិជ្ជមាន​ផង​ ​និង​ភាព​អវិជ្ជមាន​ផង​ ​ថា​តើ​ត្រូវ​ជ្រើសរើស​ផ្លូវ​មួយ​ណា​ដែល​ត្រឹមត្រូវ​ ​តួយ៉ាង​ ​ការ​គិតពិចារណា​នៃ​ផ្លូវ​ជីវិត​ជាដើម​។​ ​អ្នក​ច្នៃ​ម៉ូដ​ ​ម៉ា​រី​យ៉ា​ ​បាន​លើកឡើង​ដូច្នេះ​ថា​ ​«​ពណ៌​ដែល​ខ្ញុំ​បាន​ប្រើ​ទាំងអស់​ ​គឺ​សំដៅ​ទៅលើ​ភាព​ច្របូកច្របល់​នៃ​អារម្មណ៍​របស់​យើង​កំពុងតែ​ប្រឆាំង​គ្នា​ ​ចំណែក​ឯ​ពណ៌ស​ ​សំដៅលើ​ភាព​ត្រឹមត្រូវ​ស្អាតស្អំ​ ​រី​ឯ​ពណ៌ខ្មៅ​ ​ជា​គំនិត​អវិជ្ជមាន​ដែល​តែង​មក​លោម​ចិត្ត​យើង​ធ្វើអ្វី​មួយ​ ​ចំពោះ​ពណ៌​មាស​វិញ​ ​ជា​លទ្ធផល​ចុងក្រោយ​ដែល​យើង​បានសម្រេច​ចិត្ត​»​។​ ​យ៉ាងណាមិញ​ ​«​The​ ​Mind​»​ ​ខូ​ឡិក​ហ្សិ​នដែ​លប្រើ​រយៈពេល​ប្រមាណ​ជាង​បី​ខែ​នេះ​នៅតែ​បន្ត​ទទួល​បាន​ប្រជាប្រិយ​ភាព​បំផុត​ពី​ស្រទាប់​យុវវ័យ​ជំនាន់​ក្រោយ​ ​និង​សិស្សានុសិស្ស​ដែល​កំពុងតែ​សិក្សា​ផ្នែក​រចនា​ម៉ូដ​សម្លៀកបំពាក់​ ​ក៏​ព្រោះតែ​ភាព​ប៉ិនប្រសប់​ ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការរចនា​ម៉ូដ​ឈុត​សម្លៀកបំពាក់​ឲ្យ​ទៅជា​លំដាប់​ហ្វេ​សហ្សិន​ផង​ដែរ​។​ ​

          ជាមួយគ្នា​នេះ​ ​អ្នកនាង​ ​ណា​ ​ម៉ា​រី​យ៉ា​ ​បាន​សម្ដែង​នូវ​មតិ​មួយចំនួន​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយដែល​កំពុង​សិក្សា​ក្នុង​វិស័យ​ហ្វេ​សហ្សិ​ននេះ​ ​គួរតែ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ចេញពី​គំនិត​ខ្លួនឯង​ ​និង​ព្យាយាម​សម្រេច​គោលដៅ​ដែល​បាន​គ្រោងទុក​ឲ្យបាន​ជោគជ័យ​។​ ​ថ្វី​ដ្បិតតែ​ ​វិស័យ​ហ្វេ​សហ្សិ​ននេះ​ ​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ក្នុង​ការរចនា​ម៉ូដ​នី​មួយ​ៗ​ ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ច្រើន​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​នឹង​ផ្តល់​នូវ​ភាព​វិជ្ជមាន​ច្រើន​នា​ថ្ងៃ​អនាគត​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​នៅពេល​ដែល​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​ ​បាន​ឈរឈ្មោះ​លើឆាកអន្តរជាតិ​នោះ​ ​វា​គឺជា​កិត្តិនាម​ដ៏​ខ្ពង់​ខ្អស់​នៃ​ប្រទេស​កម្ពុជា​យើង​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS