×

ការ​ចេះ​លើក​ចិត្ត​ខ្លួនឯង​បាន​ជំរុញ​ឲ្យ​យុវជន​មួយ​រូប​អាចប​ង្កើត​កម្មវិធី​ ​E​-​Tungtin​ ​តែម្នាក់ឯង​

NEWS 3 months ago
 
 

​            «​ការ​លើកទឹកចិត្ត​និង​ការ​តាំងចិត្ត​វា​ពិតជា​មាន​សារៈសំខាន់​ ​ហើយ​យើង​ត្រូវតែ​ជឿជាក់​ថា​យើង​អាច​ធ្វើ​បាន​។​ ​ពេល​ចាប់ផ្តើម​ដំបូង​ ​ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​គេ​ ​និយាយ​ជាមួយ​គ្រូ​តែ​គេ​និយាយ​ថា​ ​ធ្វើ​អត់​កើត​ទេ​ ​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បានទេ​។​ ​តែ​ខ្ញុំ​តែងតែ​និយាយប្រាប់​គាត់​វិញ​ថា​ខ្ញុំ​នឹង​ធ្វើអ្វី​ដែល​អត់​បាន​ឲ្យ​វា​បាន​។​»​ ​នេះ​គឺជា​ការ​តាំងចិត្ត​របស់​ ​វង្ស​ ​ទិត្យ​ ​ដែល​ជា​អ្នក​ ​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​ដែល​អាច​ឲ្យ​គេលេង​ ​តុងទីន​ ​តាម​អន​ឡា​ញបាន​។​ ​បើ​គេ​និយាយ​អំពី​តុងទីន​សម្រាប់​សិស្ស​និស្សិត​និង​មនុស្ស​មួយចំនួន​គេ​ប្រហែលជា​នឹង​គិតថា​វា​គឺជា​ល្បែងស៊ីសង​មួយ​ប្រភេទ​ ​ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក​ដែល​មានការ​ងារ​ធ្វើ​និង​មានមុខ​របរ​នឹងនរ​ ​គេ​បែរជា​គិតថា​វា​គឺជា​វិធីសាស្ត្រ​មួយ​ដើម្បី​សន្សំប្រាក់​ ​និង​ការស្វែងរក​ប្រភព​ចំណូល​បន្ថែម​ដើម្បី​ដោះ​ទាល់​នៅពេល​ដែលគេ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ម្តងម្កាល​។​ ​តាមធម្មតា​នៅពេល​ដែលគេ​សម្រេចចិត្ត​លេង​តុងទីន​គេ​តែងតែ​ប្រមូល​អ្នក​ដែល​ស្គាល់គ្នា​ ​ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​ដែល​គ្រប់គ្រង​លុយ​(​មេ​តុងទីន​)​ ​គឺជា​មនុស្ស​ដែល​អាច​ទុកចិត្ត​បាន​ ​និង​អាច​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ​ជូន​អ្នក​ដែល​លេង​(​កូន​)​ ​បាន​ ​ដូច្នេះហើយ​បាន​ជា​ភាគច្រើន​គេ​តែងតែ​លេង​ជាមួយ​អ្នក​ដែល​នៅ​ជិ​តៗ​ខ្លួន​ ​ឬ​អ្នក​ដែល​ជិតដិត​បំផុត​។​ ​យ៉ាងណាមិញ​ប្រសិនបើ​គេ​និយាយ​ថា​មានកម្ម​វិធី​ទូរសព្ទ​ដៃ​មួយ​ដែល​អាច​អនុញ្ញាតិ​ឲ្យ​គេលេង​តុងទីន​ ​តាម​អន​ឡា​ញបាន​គេ​ប្រាកដជា​ចំ​លែក​ក្នុងចិត្ត​ ​ដ្បិត​វា​ហាក់ដូចជា​មិន​មាន​ភាព​ស៊ីមេទ្រី​គ្នា​ជាមួយនឹង​វិធី​សាស្រ្ត​ដែលគេ​លេង​ពីមុន​មក​សោះ​ឡើយ​។​ ​ក៏ប៉ុន្តែ​យុវជន​ ​វង្ស​ ​ទិត្យ​ ​ដែល​ជា​យុវ​និស្សិត​នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ ​ក្នុង​ជំនាញ​វិស្វករ​កុំព្យូទ័រ​ ​បាន​សិក្សា​ស្វែងយល់​និង​បាន​បង្កើត​កម្មវិធី​នេះ​ហើយ​បាន​លើក​ធ្វើជា​និក្ខេបបទ​ដើម្បី​បញ្ចប់​ការសិក្សា​បាន​យ៉ាង​ជោគជ័យ​ទៀតផង​។​ ​ចង់​ដឹង​ណាស់​ថា​ ​កម្មវិធី​លេង​តុងទីន​តាម​ទូរសព្ទ​ដៃ​នេះ​យ៉ាងម៉េច​ខ្លះ​ ​ហើយ​មាន​លក្ខណៈ​ពិសេស​ត្រង់ណា​ខ្លះ​ ​សូវ​រី​នបាន​ជួប​ជជែក​ជាមួយនឹង​ ​វង្ស​ ​ទិត្យ​ ​ដែល​ជា​ស្ថាបនិក​នៃ​កម្មវិធី​នេះ​ ​ដើម្បី​ ​ពាំនាំ​នូវ​គំនិត​នវានុវត្តន៍​និង​ចែករំលែក​ដល់​ប្រិយភាព​សូ​វរីន​ទាំងអស់គ្នា។​

​            ​«​E​-​TungTin​»​ ​ឬ​តុងទីន​អេ​ឡិច​ត្រូ​និច​គឺជា​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​ដែល​តម្រូវឲ្យ​អ្នកប្រើ​ប្រាស់​បង្កើត​នូវ​គណនី​មួយ​នៅក្នុង​កម្មវិធី​។​ ​សម្រាប់​ ​មេ​តុងទីន​គេ​អាច​ឲ្យ​កូន​តុងទីន​ ​ស្កេន​នូវ​ ​QR​ ​កូដ​ ​ឬ​ ​វាយ​បញ្ចូល​លេខ​កូដ​ដើម្បី​ ​ចងក្រង​ក្រុម​ជាមួយគ្នា​ក្នុង​ក្បាល​តែមួយ​ ​ហើយ​នេះ​ក៏អាច​ឲ្យ​សមាជិក​ឬ​កូន​ដទៃទៀត​បាន​ស្គាល់គ្នា​តាមរយៈ​ក្រុម​នៅក្នុង​កម្មវិធី​មួយ​នេះ​ផង​ដែរ​។​ ​ដូច្នេះ​តាមរយៈ​ ​«​ ​E​-​TungTin​»​ ​នេះ​គេ​អាច​លេង​ពី​ចម្ងាយ​បាន​។​ ​សមាជិក​ទាំងអស់​ក៏អាច​មើល​ដឹង​នូវ​ចំនួន​ទឹកប្រាក់​សរុប​របស់​ក្បាល​តុងទីន​នី​មួយ​ៗ​ ​និង​ព័ត៍​មាន​ផ្សេង​ៗ​ទៀតផង​ដែរ​។​ ​ចំណែក​ឯ​ការ​បង់ប្រាក់​ ​វង្ស​ ​ទិត្យ​ ​ក៏បាន​បង្ហើប​ឲ្យដឹង​ផង​ដែរ​ពី​ការស្វែងរក​ដៃគូ​សហការ​ដើម្បី​អាច​ឲ្យ​អ្នកប្រើ​ប្រាស់​អាច​បង់ប្រាក់​តាម​អន​ឡាញ​ ​(​E​-​Payment​)​ ​បាន​តាមរយៈ​ ​WING​,​ ​ABA​ ​ឬ​សេវាកម្ម​ផ្ញើ​ប្រាក់​តាម​អន​ឡាញ​ដទៃទៀត​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ទិត្យ​ក៏​កំពុងតែ​សិក្សា​អំពី​ផ្លូវច្បាប់​ដើម្បី​ដោះស្រាយ​ក្នុងករណី​ប្រសិនបើ​មាន​មេ​រត់បាត់​។​ ​«​ក្នុង​ការ​លេង​បច្ចុប្បន្ន​គេលេង​មាន​ជា​កុងត្រា​ដែល​មាន​ប្រធាន​ភូមិ​ ​ប្រធាន​ឃុំ​ជា​សាក្សី​ ​ក៏ប៉ុន្តែ​ខ្ញុំ​អាច​បម្លែង​អាហ្នឹង​មក​ធ្វើ​ក្នុង​ទូរសព្ទ​បាន​ដែល​យើង​អាច​នឹង​មេធាវី​គាត់​ទទួល​»​ ​វង្ស​ ​ទិត្យ​ ​បាន​បន្ថែម​។​ ​លើស​ពីនេះ​ទៅទៀត​ ​កម្មវិធី​នេះ​ក៏​នឹង​មានមុខ​ងារ​ពិ​សេស​ៗ​ជាច្រើន​ទៀត​នៅ​ថ្ងៃ​អនាគត​ដូចជា​អាច​អនុញ្ញាតិ​ឲ្យ​អ្នកលេង​ទាំងអស់​អាច​ឈែ​ត​ ​(​Chat​)​ ​ឲ្យ​គ្នា​ទៅវិញទៅមក​ផង​ដែរ។​

​            គួរ​ជម្រាប​ផង​ដែរ​ថា​ ​វង្ស​ ​ទិត្យ​ ​គឺជា​កូនទោល​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​ម្តាយ​កំពុងតែ​មាន​ជំងឺ​ ​និង​ឳពុក​ជា​ជន​មាន​ពិការភាព​។​ ​ដោយសារតែ​ភាព​ក្រខ្សត់​របស់​គ្រួសារ​ទើប​ឳពុក​របស់​លោក​មានបំណង​ចង់​លេង​តុងទីន​ដើម្បី​ស្វែងរក​ប្រាក់​បង្វិល​ ​ហើយ​ដាយ​សារ​តែ​ហេតុនេះ​ហើយ​ទើប​លោក​តស៊ូ​រៀនសូត្រ​រហូត​បាន​បញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​វិស្វករ​កុំព្យូទ័រ​ ​ក្រោម​ការ​ជួយ​ទំនុកបម្រុង​ពី​អង្គការ​ ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ​(​PSE​)​។​ ​បច្ចុប្បន្ន​ ​ទិត្យ​ ​បានសម្រេច​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​នេះ​ប្រមាណ​ជា​ចិតសិប​ភាគរយ​តែម្នាក់ឯង​ ​ហើយក៏​កំពុងតែ​សិក្សា​ពីទី​ផ្សារ​និង​ពិចារណា​ពី​ថ្ងៃ​ដែល​ត្រូវ​បញ្ចេញ​កម្មវិធី​នេះ​ផង​ដែរ៕​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS