×

«​បរាភវ​សូត្រ​»​ ​ជា​ធម៌​អប់រំ​ដែល​ប្រជាជន​ខ្មែរ​មិន​គួរ​រំលង​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​

TRAVEL & LIVING 5 years ago
 
 

          ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​និង​កាន់បិណ្ឌ​ជាពិធី​បុណ្យ​សាសនា​ដ៏​ធំ​មួយ​ដែល​ប្រជាជន​ខ្មែរ​គ្រប់រូប​រមែង​ប្រតិបត្តិ​ទៅតាម​ប្រពៃណី​ ​ទំនៀម​ទំ​លាប់​តាំងពី​បុ​រម​បុរាណ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​និង​ញាតិកា​រទាំង​ប្រាំពីរ​សន្តាន​ដែល​បាន​ចែកឋាន​ទៅ​។​ ​ចាប់តាំងពី​ម៉ោង៤​ ​ទាប​ភ្លឺ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នីម្នា​នាំគ្នា​ទៅ​វត្ត​ដើម្បី​បោះ​បាយបិណ្ឌ​ ​និង​ស្តាប់​ព្រះធម៌ទេសនា​។​ ​«​បរាភវ​សូត្រ​»​ ​គឺជា​ធម៌​មួយ​ដែលគេ​តែងតែ​ឮ​នៅពេល​ដែល​មាន​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្ឌ​ម្ដង​ៗ​ដែល​ព្រះសង្ឃ​តែង​សម្ដែង​មិនដែល​ខាន​ក្នុងរយៈពេល​ ​១៥​ ​ថ្ងៃ​នៃ​ពិធីបុណ្យ​ជាតិ​មួយ​នេះ​។​ ​តើ​ ​ធម៌​ ​បរាភវ​សូត្រ​នេះ​គឺជា​អ្វី​ ​ហើយ​ធម៌​នេះ​បាន​បង្កប់ន័យ​អប់រំ​អ្វីខ្លះ​?​ ​ព្រះ​គ្រូ​ ​អភិធម្ម​សត្ថា​ចារ្យ​ ​សួង​ ​សុធន​ ​មាន​សង្ឃ​ដីការ​ពន្យល់​៖​

          ​បរាភវ​សូត្រ​គឺជា​មេរៀន​មួយ​កន្លែង​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​នៃ​យើង​បាន​បង្រៀន​ពី​មូលហេតុ​ឬក៏​កត្តា​ដែល​នាំឲ្យ​មនុស្ស​វិនាសអន្តរាយ​។​ ​បរាភវ​សូត្រ​គឺជា​សូត្រ​មួយ​ដែល​ផ្ទុយពី​ ​ធម៌​មង្គលសូត្រ​ដែល​ជា​ធម៌​នាំឲ្យ​មនុស្ស​បាន​សុខ​ដែល​មាន​ចំនួន​ ​៣៨​ ​ប្រការ​។​ ​ធម៌​ដែលគេ​តែងតែ​សូត្រ​នៅក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​មាន​ចំនួន​ ​១២​ ​កង​ ​ឬ​ ​១២​ ​វិនាស​ដែល​រៀបរាប់​អំពី​ទង្វើ​អាក្រក់​មួយចំនួន​ដែល​ពុទ្ធបរិស័ទ​មិន​គួរ​ប្រព្រឹត្តិ​និង​ជា​កញ្ចក់ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ទូទៅ​នៃ​សង្គមជាតិ​ទៀតផង​។​ ​បរាភវ​សូត្រ​ក៏​រៀបរាប់​អំពី​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​នាំឲ្យ​មនុស្ស​វិនាសអន្តរាយ​ផង​ដែរ​។​ ​អ្នក​ល្មោភដេក​ច្រើន​ ​ប្រជុំ​គ្នា​និយាយលេង​ឥតប្រយោជន៍​ច្រើន​ ​ខ្ចិល​ច្រអូស​ឥត​ខំប្រឹង​ប្រែង​ ​និង​ឆាប់​ក្រោធ​ខឹង​ ​នេះ​នឹង​នាំឲ្យ​វិនាសអន្តរាយ​។​ ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ ​ហើយ​ឥត​ថែរក្សា​ចិញ្ជឹម​បីបាច់​មាតាបិតា​ចាស់ជរា​មាន​វ័យ​កន្លង​ហួសហើយ​ ​នាំឲ្យ​វិនាសអន្តរាយ​។​ ​អ្នកលេង​ស្រី​ ​លេង​ស្រា​ ​ល្បែង​ពាលា​ឬ​ភ្នាល់​នាំឲ្យ​វិនាស​ទ្រព្យសម្បត្តិ​ ​នេះ​នាំឲ្យ​វិនាសអន្តរាយ​។​ ​អ្នក​មិន​សន្ដោស​ ​ឬមិន​ត្រេកអរ​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន​ ​ហើយ​ទៅ​ត្រេកត្រអាល​ជាមួយនឹង​ស្រីផ្កាមាស​ ​ឬ​ប្រពន្ធ​អ្នកដទៃ​នាំឲ្យ​វិនាសអន្តរាយ​។​ ​អ្នកមាន​វ័យចាស់​ហើយ​ ​យក​ស្រី​ក្មេង​មាន​ថនា​ក្រពុំ​ដូច​ផ្លែ​ទន្លាប់​ទុំ​ជា​ភរិយា​គេ​តែង​ក្តៅក្រហាយ​ដោយសារ​ការ​ប្រចណ្ឌ​របស់​ប្រពន្ធ​នោះ​ ​នេះ​នាំឲ្យ​វិនាសអន្តរាយ​។​ ​អ្នក​ដែល​ស្រលាញ់​ជន​អសប្បុរស​ ​ហើយ​ស្អប់ខ្ពើម​ជន​ជា​សប្បុរស​ ​នេះ​នាំឲ្យ​វិនាសអន្តរាយ​។​ ​អ្នក​រឹងត្អឹង​ដោយ​ ​អាង​ជាតិ​ ​ឬ​វណ្ណៈ​ ​អាង​ទ្រព្យ​ ​ឬ​អាង​គោត្រ​ត្រកូល​ ​ហើយ​មើលងាយ​អ្នកដទៃ​ ​នេះ​នាំឲ្យ​វិនាសអន្តរាយ​ ​និង​មាន​ប្រការ​ជាច្រើន​ទៀត​ ​ដែល​ព្រះសង្ឃ​បាន​សម្ដែង​ពី​ព្រះធម៌​បរាភវ​សូត្រ​នេះ​។​ ​ស្ដាប់​ទៅ​ធម៌​នេះ​មានន័យ​ទូលំទូលាយ​ណាស់​ ​ចុះ​ហេតុអ្វីបានជា​គេ​សូត្រ​តែ​នៅក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ដូច្នេះ​?​

          ​«​ ​បរាភវ​សូត្រ​នេះ​មិនមែន​សម្ដែង​តែ​ខែ​ភ្ជុំបិណ្ឌ​នោះ​ទេ​ ​គេ​អាច​សម្តែង​បាន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ ​ក៏ប៉ុន្តែ​ដោយសារតែ​រដូវ​បុណ្យ​ភ្ជុំ​នេះ​ ​គឺជា​ពេល​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ជួបជុំគ្នា​ទំនេរ​ពី​ការងារ​ច្រើន​ ​អ៊ីចឹង​ហើយ​បាន​ជា​ព្រះសង្ឃ​ក៏​យក​ឱកាស​នេះ​ដើម្បី​សម្តែង​នូវ​ធម៌​បរា​សូត្រ​ឲ្យ​ប្រជាជន​ខ្មែរ​បានដឹង​ថា​អ្វី​ដែល​នាំឲ្យ​វិនាសអន្តរាយ​»​ ​នេះ​បើ​តាម​សង្ឃដីកា​របស់​ ​ព្រះ​គ្រូ​ ​អភិធម្ម​សត្ថា​ចារ្យ​ ​សួង​ ​សុធន​។​ ​ម្យ៉ាង​ដោយសារតែ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​មាន​ថេរវេលា​វែង​ជាង​បុ​ណ្យ​ផ្សេង​ៗ​ ​ពោល​គឺ​មាន​ចំនួន១៥ថ្ងៃ​ឯណោះ​ ​ដូច្នេះហើយ​ទើប​គេស​ម្រេច​យក​ឱកាស​នេះ​ដើម្បី​សូត្រ​ ​ហើយ​វា​ក៏បាន​ក្លាយជា​ទំនៀម​ទំ​លាប់​ ​ប្រពៃណី​និង​បាន​ក្លាយជា​អត្តសញ្ញាណ​របស់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​រហូត​មក​តែម្ដង​។​ ​យ៉ាងណាមិញ​ ​ពលរដ្ឋខ្មែរ​ទូទៅ​គួរតែ​ទៅ​ស្ដាប់​នូវ​ ​ធម៌​ដែល​មានតម្លៃ​អប់រំ​ ​និង​ជា​មាគ៌ា​ ​ដែល​នាំឲ្យ​ជៀស​ផុត​ពី​ភាព​ភ្លើតភ្លើន​ផង​ដែរ​៕

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS