×

​ស្វែងយល់​ពី​ជីវភាពរស់នៅ​របស់​អ្នកស្រុក​កំពង់ស្ពឺ​ ​ព្រម​ជាមួយ​ការ​ស្នាក់នៅ​បែប​ផ្ទះ​សហគមន៍​អម​ដោយ​ទេសភាព​​ស្រុកស្រែនាថ្ងៃ​រៀប​លិចគួរ​ជាទី​មនោរម្យ​

TRAVEL & LIVING 5 years ago
 
 

​          ​ក្រៅពី​ឧទ្យានជាតិ​ព្រះសុរាម្រិត​-​កុសុមៈ​គិរីរម្យ​ក្នុង​ស្រុក​ភ្នំស្រួច​ ​និង​ ​ទឹកជ្រោះ​ជ្រាវ​នៅ​ឃុំ​អមលាំង​ ​ស្រុក​ថ្ពង​ដ៏​ល្បីល្បាញ​ទូទាំង​ប្រទេស​ ​អ្នកទេសចរ​ភាគច្រើន​ហាក់​មិនសូវ​ចាប់អារម្មណ៍​នឹង​ការរៀបចំ​ដំណើរ​កម្សាន្ត​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ស្ពឺ​ឡើយ​ ​ព្រោះ​ពួកគេ​មិនសូវ​ស្គាល់​កន្លែង​ទាក់ទាញ​ណា​ផ្សេង​នៅក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ដ៏​ជិតបង្កើយ​នេះ​ឡើយ​។​ ​តាមពិត​ ​ខេត្ត​នេះ​មាន​បង្កប់​តំបន់​ទាក់ទាញ​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិ​សាស្រ្ត​ ​និង​ ​ធម្មជាតិ​ជាច្រើន​ស្ថិតនៅ​រាយប៉ាយ​ក្នុង​ស្រុក​ទាំង៧​ ​និង​ ​ក្រុង១​ ​ក្នុង​នោះ​រួមមាន​ ​ស្រុក​ភ្នំស្រួច​ ​ស្រុក​ថ្ពង​ ​ស្រុក​សំរោងទង​ ​ស្រុក​ឱរ៉ាល់​ ​ស្រុក​ឧដុង្គ​ ​ស្រុក​គងពិសី​ ​ស្រុក​បរ​សេដ្ឋ​ ​និង​ ​ក្រុង​ច្បារមន​។​ ​ប៉ុន្តែ​ក្នុង​លេខ​នេះ​ ​ទស្សនាវដ្តី​សូ​វរីន​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​មក​ស្គាល់​ទីតាំង​មន្ត​ស្នេហ៍​ស្រុកស្រែ​យ៉ាង​ស្រស់​ត្រកាល​មួយ​កន្លែង​លាក់ខ្លួន​ពួន​សម្រស់​ក្នុង​ភូមិ​សាស្រ្ត​ជិតបង្កើយ​នឹង​ក្រុង​ច្បារមន​ ​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ដែល​ជនជាតិ​ខ្មែរយើង​កម្រ​បាន​ស្គាល់​និង​ទៅដល់​នៅឡើយ​។

​          ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវជាតិ​លេខ៤​ ​ក្នុងរយៈ​ចម្ងាយ​ប្រមាណ៥០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ផ្ទះ​ស្នាក់​ជនបទ​មួយ​កន្លែង​ដែល​ទើបនឹង​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៧​ ​មានឈ្មោះ​ថា​ ​“​ផ្ទះ​ស្នាក់​ព្រៃ​កន្រ្ទង់​”​ ​គឺជា​បេះដូង​ទេសចរណ៍​ថ្មី​នៃ​ ​ឃុំ​ធម្មតាអរ​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​។​ ​ផ្ទះ​ស្នាក់​ព្រៃ​កន្រ្ទង់​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​យកឈ្មោះ​តាម​ភូមិ​សាស្រ្ត​ភូមិ​ព្រៃ​កន្ទ្រង់​ដែល​ជា​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ចំនួន២១នៃ​ឃុំ​ធម្មតាអរ​ ​ក្រោម​គំនិត​ផ្តួចផ្តើម​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ​ហង់​ ​សំ​អូន​ ​អតីត​និស្សិត​សកលវិទ្យាល័យ​បៀ​លប្រា​យសា​ខា​ខេត្តសៀមរាប​ ​ដែល​ជា​កូនចៅ​អ្នកភូមិ​ព្រៃ​កន្រ្ទង់​ផ្ទាល់​តែម្តង​ ​ក្នុង​ឆ្នាំ២០១៦​ ​ដោយសារតែ​គាត់​ចង់​អភិវឌ្ឍ​ ​ប្រែក្លាយ​សហគមន៍​របស់​គាត់​ឲ្យ​ទៅជា​គោលដៅ​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​និង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាកសិករ​រស់នៅ​ចិញ្ចឹមជីវិត​ពឹងផ្អែក​តែ​លើ​វិស័យ​កសិកម្ម​។ អ្វី​ដែល​យើង​ចាប់អារម្មណ៍​មុនគេ​បង្អស់​នៅពេល​ទៅដល់​ផ្ទះ​ស្នាក់​ព្រៃ​កន្រ្ទង់​ ​គឺ​ស្លាកយីហោ​ផ្ទះ​ស្នាក់​ធ្វើ​ពី​ក្តារ​ឈើ​មាន​អក្សរ​ពត់​ ​“​Prey​ ​Kun​ ​Trong​ ​Homestay​”​ ​ធ្វើ​ពី​ខ្សែពួរ​យ៉ាង​ស្រស់​ស្អាត​ផុស​ចេញ​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ស្ថាបនិក​ ​សមនឹង​ទេសភាព​ជុំវិញ​ផ្ទះ​ដែល​មាន​ដើមឈើ​ផលានុផល​តូច​ធំ​បែកមែក​សាខា​យ៉ាង​ខៀវស្រងាត់​ ​និង​ ​សួន​ដំណាំ​បន្លែ​សរីរាង្គ​ ​ព័ទ្ធជុំវិញ​ផ្ទះ​ធំ​ដែល​ជា​ប្រភេទ​ផ្ទះកន្តាំង​បែប​ខ្មែរ​យ៉ាង​ប្រណិត​គួរឲ្យ​ចង់​ស្នាក់នៅ​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ ​ឬ​ ​គូស្នេហ៍​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ទេសភាព​ជនបទ​ស្រុកស្រែ​ ​និង​ ​ចង់​ស្វែងយល់​អំពី​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាកសិករ​ខេត្ត​កំពង់ស្ពឺ​ពិ​តៗ​។​

​          ​ ​ក្រៅពី​ភោគផល​ដំណាំ​កសិកម្ម​យ៉ាង​ស្រស់បំព្រង​នោះ​ ​ក្នុង​បរិវេណ​ផ្ទះ​ស្នាក់​ព្រៃ​កន្ទ្រង់​ ​យើង​សង្កេតឃើញ​មានការ​ចិញ្ចឹម​បក្សីស្រុក​ពពួក​មាន់ទា​តាម​បែប​ប្រពៃណី​ខ្មែរ​ត​ពី​ដូនតា​ ​ដែល​រឹតតែ​ញ៉ាំង​បរិយាកាស​នៃ​ស្នាក់នៅ​ឲ្យ​រស់រវើក​ ​មិន​ស្ងប់ស្ងាត់​ក្រៀមក្រោះ​ ​ទោះបីជា​យើង​កំពុង​ស្ថិតនៅ​តំបន់​ស្រុកស្រែ​ជើងភ្នំ​យ៉ាងណាក៏ដោយ​។​ ​ផ្ទុយទៅវិញ​ ​ភ្ញៀវ​អាច​សប្បាយចិត្ត​ស្រស់ស្រាយ​អារម្មណ៍​នៅពេល​ឃើញ​មាន់ទា​ដើររក​ចំណី​ក្នុង​បរិវេណ​ផ្ទះ​ ​ត្រង់នេះ​បន្តិច​ ​ត្រង់នោះ​បន្តិច​ ​ខ្លះ​ប្រចឹក​គ្នា​ ​ខ្លះ​បណ្តើរ​កូន​តូច​ៗ​ ​ខ្លះ​បន្លឺ​សម្លេង​ចេចចាច​តាម​ធម្មជាតិ​របស់​សត្វ​។​

          ​យូរ​ៗ​ម្តង​ ​យើង​ឃើញ​អ្នកភូមិ​ជិះកង់​កាត់តាម​ភូមិ​ទៅផ្ទះ​ ​ឬ​ ​ឡើង​ទៅ​ស្រែ​ ​ដែល​មាន​ជួរភ្នំ​វែងអន្លាយ​ ​ផ្ទៃ​បឹង​ធម្មជាតិ​ ​និង​ ​វាលស្រែ​លាតសន្ធឹង​រំលេច​ជា​រាង​ក្រឡាចត្រង្គ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ជា​ចំណី​ចក្ខុ​គាប់ចិត្ត​មិន​ចេះ​ជិនណាយ​នៃ​អ្នកទេសចរ​ផង​ទាំងពួង​ដែល​បាន​ធ្វើដំណើរ​មកដល់​ទីនេះ​។​ ​បន្ទាប់ពី​ទស្សនា​សកម្មភាព​ប្រជាកសិករ​ខ្មែរ​ប្រុសស្រី​ខ្មីឃ្មាត​ភ្ជួរ​រាស់​ដក​ស្ទូង​យ៉ាង​មមាញឹក​ឲ្យ​ទាន់​វស្សានរដូវ​ដែល​ជារ​ដូវ​សំបូរ​ទឹកភ្លៀង​អំណោយផល​ល្អ​ដល់​វិស័យ​ក្សេត្រកម្ម​របស់​អ្នកស្រែ​ចំការ​ទូទាំង​ប្រទេស​នោះ​ ​ក្រុមការងារ​យើង​បានសម្រេច​ចិត្ត​ជួល​គោយន្ត​របស់​សហគមន៍​ព្រៃ​កន្ទ្រង់​ជិះ​ទស្សនា​ទេសភាព​ជើងភ្នំ​ដ៏​សែនមនោរម្យ​ ​លាយ​ ​ឡំ​នឹង​សម្រស់​ដើមត្នោត​ខ្ពស់​លៃ​ដែល​ជា​រុក្ខជាតិ​តំណាង​ប្រទេស​កម្ពុជា​ ​និង​ជា​អត្តសញ្ញាណ​សំខាន់​មួយ​របស់​ខេត្ត​កំពង់ស្ពឺ​ ​ឈរ​បង្អួតរាង​យ៉ាង​ស្រស់​សង្ហា​នៅមុខ​ពីមុខ​ម៉ាស៊ីន​ថត​របស់​ភ្ញៀវ​ទេសចរ​ប្រុសស្រី​។​ ​ពួក​ធ្វើដំណើរ​ត្រាច់ចរ​តាមរយៈ​យានជំនិះ​នេះ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​គោលបំណង​ស្វែងយល់​អំពី​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​ធម្មតាអរ​ ​ដែល​ជា​ធ្វើឲ្យ​យើង​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ចំពោះ​ខេត្ត​កំពង់ស្ពឺ​ដែល​យើង​ធ្លាប់តែ​ជិះ​កាត់​រំលង​រហូត​ ​មិនដែល​នឹកនា​ថា​នឹង​មាន​ផ្ទាំង​ទស្សនីយភាព​យ៉ាង​ស្រស់បំព្រង​បែបនេះ​ឡើយ​។​ ​ប្រហែល​កន្លះម៉ោង​ក្រោយមក​ ​បន្ទាប់ពី​យើង​ថតរូប​ទេសភាព​វាលស្រែ​និង​ភូមិដ្ឋាន​ប្រជាជន​អស់ចិត្ត​ហើយ​ ​យើង​បាន​ពើបប្រទះ​នឹង​បឹង​ធម្មជាតិ​ដែល​មាន​ទំហំ​តូចល្មម​មួយ​តែ​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​កាត់ថ្លៃ​មិនបាន​ ​ទាំង​ដែល​យើង​បានដឹង​មុន​សោះ​ថា​ទីនេះ​មាន​បឹង​ឈូក​ស្រស់​ស្អាត​ដល់​ម្លឹង​។​ ​ផ្កាឈូក​រីក​រហង់​ប្រជែង​សម្រស់​គ្នា​ពេញ​ផ្ទៃ​បឹង​ចោល​ក្លិនក្រអូប​ឈ្ងប់​ជ្រួតជ្រាប​ដល់​នាសា​អ្នកដំណើរ​ទាំងឡាយ​។

​          យើង​បានឃើញ​កុមារា​ ​កុមារី​ ​កូនចៅ​អ្នកភូមិ​ពីរបី​នាក់​នាំគ្នា​មក​បេះ​ផ្កា​ឈូ​ក​ស្រស់​ៗ​ទាំងនោះ​ទៅ​លក់​នៅ​ឯ​ផ្សារ​ ​ព្រោះ​ថ្ងៃនេះ​ចំ​ថ្ងៃសីល​ដែល​តាមចំណាំ​ ​ពុទ្ធសាសនិក​ជន​ខ្មែរ​តែងតែ​ត្រូវការ​ផ្កា​សម្រាប់​បូជា​ព្រះ​តាម​ទំនៀមទម្លាប់​ពុទ្ធសាសនា​នៃ​យើង​។​ ​ពួ​ក​ក្មេង​ៗ​ញញឹម​យ៉ាង​ពព្រាយ​មកកាន់​អ្នក​ទីក្រុង​ដែល​បាន​ចូល​មកលេង​តំបន់​របស់​ពួកគេ​ទុកជា​សញ្ញា​ស្វាគមន៍​បើកផ្លូវ​ឲ្យ​ពួក​យើង​ផ្តិត​យក​រូបភាព​ក្នុង​បរិយាកាស​យ៉ាង​ជិតស្និទ្ធ​ឥតឧបមា​។​ ​ដោយ​ទឹកចិត្ត​អាណិត​ស្រឡាញ់​ចំពោះ​កុមារ​ជនបទ​ដែល​មាននិស្ស័យ​រួសរាយ​រាក់ទាក់​និង​ ​យើង​បាន​ជួយ​ទិញ​ផ្កាឈូក​ ​និង​ ​ផ្លែ​ឈូក​ខ្លះ​ពី​ពួកគេ​ដើម្បី​យក​ទៅ​តាំង​លម្អ​បន្ទប់​ស្នាក់នៅ​ផង​ ​និង​ ​យក​ទៅ​ទទួលទាន​ជា​បង្អែម​លាងមាត់​ពេលល្ងាច​ផង​។​ ​យើង​បាន​បន្តដំណើរ​តាមផ្លូវ​ភូមិ​ព្រៃ​កន្រ្ទង់​ទៅដល់​ភ្នំ​ធំ​មួយ​ឆ្ពោះទៅ​កាន់​បឹង​មួយ​កន្លែង​ទៀត​ដែល​ជា​រមណីយដ្ឋាន​សំខាន់​មួយ​របស់​អ្នកស្រុក​សំរោងទង​ដែរ​នោះ​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​ព្រៃ​កន្ទ្រង់​ ​ដែល​អ្នក​រស់នៅ​ទីនោះ​នាំគ្នា​ហៅថា​ ​ទំនប់​ថ្មពួក​ ​ដោយសារ​វា​ស្ថិតនៅ​ជាប់​ភ្នំ​ថ្មពួក​ ​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ក្រាំង​ ​ឃុំ​ធម្មតាអរ​ ​ ​ ​ ​ ​ដដែល​។​ ​ទីនោះ​ជា​ទំនប់​អាងទឹក​ប្រវត្តិ​សាស្រ្ត​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​កម្លាំង​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាច្រើន​នាក់​ក្នុង​សម័យ​ខ្មែរក្រហម​ដើម្បី​យក​ទឹក​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​។​ ​បច្ចុប្បន្ន​ ​ទំនប់​ប្រវត្តិ​សាស្រ្ត​ដ៏​ធំ​ល្វឹងល្វើយ​នេះ​បាន​ក្លាយជា​រមណីយដ្ឋាន​ក្នុង​ស្រុក​ដ៏​ទាក់ទាញ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​នេះ​ឲ្យ​មក​ស្រូប​យកខ្យល់អាកាស​ ​អង្គុយ​សម្រាក​លម្ហែ​ទទួលទាន​អាហារសម្រន់​បន្តិចបន្តួច​ ​ជជែកគ្នា​លេង​នៅ​តាម​រោង​លក់​អាហារ​នៅ​ជាប់មាត់​ទំនប់​។​ ​នៅ​មាត់​ទំនប់​ ​មាន​ដី​វាល​ដ៏​ធំ​ដែល​អាច​ឲ្យ​អ្នកទេសចរ​បោះតង់​ ​ឬ​ ​ទទួលទាន​អាហារ​បែប​ពិ​ក​និក​ ​និង​ ​ធ្វើសកម្មភាព​កំសាន្ត​ជា​ក្រុម​ផ្សេង​ៗ​បាន​យ៉ាង​សប្បាយរីករាយ​។

​          លុះដល់​ពេលល្ងាច​មុន​ថ្ងៃលិច​បន្តិច​ ​យើង​បាន​បន្ថែម​គោលដៅ​មួយទៀត​ ​គឺ​ឆៀងចូល​ទៅ​ថត​យក​សកម្មភាព​ផ្ទះ​អ្នកភូមិ​មួយ​កន្លែង​ដែល​ប្រកបរបរ​ប្រពៃណី​ធ្វើ​នំ​បុរាណ​ខ្មែរ​ ​ពពួក​នំកង​ ​នំក្រូច​ ​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ជា​យូរលង់​ណាស់​មក​ហើយ​ ​ហើយ​នរ​ណាៗ​ក៏​ស្គាល់​ដែរ​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពួក​យើង​ចង់​ដឹងពី​របៀប​ធ្វើ​នំ​ទាំងនោះ​ពី​អ្នកភូមិ​ដែល​មានថ្វីដៃ​លក់ដាច់​ប្រចាំ​តំបន់​នេះ​ដើម្បី​ទទួលយក​ចំណេះដឹង​ក៏ដូចជា​បទ​ពិសោធ​ន៍​ថ្មី​ៗ​ប្លែក​ៗ​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​ខ្លី​តែ​ខ្លឹម​មួយ​នេះ​។​ ​

​          ព្រះទិនករ​កាន់តែ​ថមថយ​ថាម​ពល​ទៅៗ​ ​ស្បៃ​រាត្រី​ក៏បាន​យាត្រា​ចូល​មកដល់​ ​ពួក​យើង​សំអាត​កាយ​ក្រោយពី​ការ​ធ្វើដំណើរ​កម្សាន្ត​អស់​រយៈពេល​មួយថ្ងៃ​ពេញ​មក​។​ ​ម្ចាស់ផ្ទះ​ស្នាក់​បាន​រៀបចំ​ម្ហូបអាហារ​ដែល​ពួកគាត់​បាន​ចម្អិន​ដោយ​គ្រឿងផ្សំ​បែប​ធម្មជាតិ​ដែល​គាត់​សុទ្ធតែ​រកបាន​ដោ​យងាយៗ​ស្រាប់​ៗ​នៅ​ជុំវិញ​ភូមិដ្ឋាន​សហគមន៍​របស់​គាត់​។​ ​    ​ប៉ុន្តែ​សម្រាប់​ភ្ញៀវ​បរទេស​ ​ពួកគាត់​អា​ចកុ​ម៉្មង់​អាហារ​បែប​អឺរ៉ុប​បែប​សាមញ្ញ​ៗ​ ​ដូចជា​ ​នំប៉័ងអាំង​ជាមួយ​ប៊័រ​និង​ឈីស​ ​ពង​ទា​ចៀន​អូ​ម៉េ​ឡែ​ត​ ​រួម​ជាមួយនឹង​ផ្លែឈើ​ស្រស់​ជា​បង្អែម​។​ ​ចំណែក​អាហារ​បែប​ខ្មែរ​វិញ​ ​មាន​ដូចជា​ ​បាយ​អង្ករសម្រូប​ ​មាន់​ស្រែ​ដុត​ ​ត្រី​ស្រែ​អាំង​ ​បបរស​ត្រីងៀត​ ​ពង​ទា​ប្រៃ​ ​ជា​ ​ដើម​។​ ​នៅពេល​យប់​ ​យើង​បាន​ជជែក​លេង​ជាមួយ​ម្ចាស់ផ្ទះ​ស្នាក់​ពីនេះពីនោះ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​រួចហើយ​យើង​ក៏​លាគ្នា​ទៅ​ទទួលទានដំណេក​រៀង​ខ្លួន​ៗ​ ​។​ ​យើង​បាន​គេង​មួយ​យប់​នៅក្នុង​ផ្ទះ​ស្នាក់​ដែល​ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​ខ្ទមស្រែ​ប្រក់​ស្បូវ​មាន​រានហាល​ខាងមុខ​អាច​ឲ្យ​យើង​ចង​អង្រឹង​ ​ឬ​ ​អង្គុយ​ស្រូប​យកខ្យល់អាកាស​បាន​ដោយសេរី​ ​។​ ​ជំនោរ​កំពង់ស្ពឺ​បាន​បបោសអង្អែល​យើង​ឲ្យ​លង់លក់​ស្កប់ស្កល់​រហូតដល់​ថ្ងៃ​ ​បន្ទាប់​ដោយ​មិនបាច់​ប្រើ​ម៉ាស៊ីន​ត្រជាក់​ដូច​នៅ​ទីក្រុង​ឡើយ​៕

Article ​by​ ​SOKMEAN


SUGGESTIONS