×

ជង្រុក​វប្បធម៌​ដើម​ជនជាតិភាគតិច​សួយ​នៃ​ស្រុក​ឱរ៉ាល់​

TRAVEL & LIVING 5 years ago
 
 

​            ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ភាគច្រើន​តែងតែ​នឹកដល់​បណ្តា​ខេត្ត​ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ​ជាពិសេស​ខេត្តមណ្ឌលគិរី​ ​និង​ ​រតនគិរី​ ​ដែល​សម្បូរ​ដោយ​ជនជាតិ​ដើម​ភាគតិច​ ​តួយ៉ាង​ ​ ​ជនជាតិ​គ្រឹង​ ​ព្នង​ ​កួយ​ ​ទំពួន​ ​ចា​រាយ​ ​កា​វ៉ែត​ ​ព្រៅ​ ​ដែល​ជា​សហគមន៍​វប្បធម៌​ដែល​មនុស្សម្នា​ភាគច្រើន​បានដឹង​រួចមក​ហើយ​នៅពេល​កន្លងមក​។​ ​ប៉ុន្តែ​សម្រាប់​លេខ​ខែសីហា​នេះ​ ​សូ​វរីន​ ​សូម​ណែនាំ​ប្រិយមិត្ត​ទៅកាន់​មជ្ឈមណ្ឌល​សហគមន៍​ជនជាតិ​ដើម​សួយ​ធំ​បំផុត​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​ព្រៃភ្នំ​តំបន់​ភ្នំ​ឱរ៉ាល់​នៃ​ជួរភ្នំ​ក្រវាញ​ប៉ែក​និរតី​នៃ​ប្រទេស​ដែល​មិនសូវ​មាន​អ្នក​ទៅដល់​។​ ​

​            ​ស្រុក​ឱរ៉ាល់​ជា​ស្រុក​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ទីរួមស្រុក​ឈ្មោះថា​ ​ផ្សារ​កន្ទួត​ ​មាន​ចម្ងាយ​ប្រមាណ៤៥គីឡូម៉ែត្រ​ពី​ក្រុង​ច្បារមន​ ​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ហើយ​ស្រុក​នេះ​ត្រូវ​បាន​បែងចែក​ដែនដី​រដ្ឋបាល​ជា​ប្រាំ​ឃុំ​គឺ​ ​ឃុំ​សង្កែ​សាទប​ ​ឃុំ​រស្មី​សាមគ្គី​ ​ឃុំ​ហោង​សំណំ​ ​ឃុំ​ត្រពាំង​ជោរ​ ​និង​ ​ឃុំ​តា​សាល​។​ ​ប៉ុន្តែ​យើងខ្ញុំ​នឹង​លើកយក​សហគមន៍​ជនជាតិ​សួយ​ចំនួន​ពីរ​ដែល​ល្បី​ជាងគេ​ប្រចាំ​ក្នុង​ស្រុក​នោះ​គឺ​ស្ថានីយ​បុរាណវិទ្យា​ភ្នំ​ចាស់​ ​និង​ ​សហគមន៍​កោ​ដូន្តី​ ​(​កោរ​ដូនតី​)។​ ​

​            ​បើ​យើង​ធ្វើដំណើរ​ចេញពី​ក្រុង​ច្បារមន​ឆ្ពោះទៅ​កាន់​ទីរួមស្រុក​ឱរ៉ាល់​ដែល​ស្ថិតនៅ​ប៉ែក​ពាយ័ព្យ​នៃ​ខេត្ត​នេះ​តាមផ្លូវ​ជាតិ​លេខ៤៤​ ​បាន​ចម្ងាយ​ប្រមាណ​ជាង៣០គីឡូម៉ែត្រ​ ​យើង​នឹង​ឃើញ​ភ្នំ​ថ្ម​ដុះ​មួយ​នៅ​ខាងឆ្វេង​ដៃ​។​ ​ដើម្បី​ចូល​ទៅដល់​ទីតាំង​ភ្នំ​នេះ​ ​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​បើកបរ​ចូល​តាម​ក្លោងទ្វារ​វត្ត​មួយ​ឈ្មោះថា​ សុ​ចន្ទ​គិរី​ ​ហៅ​ ​វត្តភ្នំ​ចាស់​ ​ស្ថិតនៅ​ក្នុង​បរិវេណ​ព្រៃ​សហគមន៍​ ​“​ស្ថានីយ៍​បុរាណវិទ្យា​ភ្នំ​ចាស់​”​ ​ដែល​ជា​ផ្លូវ​ឡើង​ទៅកាន់​ភ្នំ​តែម្តង​។​ ​ភ្នំ​ចាស់​មានផ្ទៃ​ដី​ ​១០៣​ ​ហិ​ក​តា​ ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃ​សហគមន៍​ចំនួន​ជាង៤០០​ ​ហិ​ក​តា​ ​ដូចនេះ​ទៅ​មានផ្ទៃ​ដី​សរុប​ជាង៥០០​ ​ហិ​ក​តា​ ​ដែល​ត្រូវ​បាន​អភិរក្ស​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​សែនមនោរម្យ​ប្រើប្រាស់​ ​និង​ ​គោរព​បូជា​តាម​ជំនឿ​និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ពួកគេ​តាំងពី​ដើម​ត​រៀង​ ​មក​។​ ​យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​វប្បធម៌​ ​និង​​វិចិត្រ​សិល្បៈ​ដែល​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី០៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១០​ ​ស្តី​ពី​ការ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​“​រមណី​ ​យ​ដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់​”​ ​បានសម្រេច​យក​ទីតាំង​ ​“​ភ្នំ​ចាស់​”​ ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ជាតិ។​ ​ ​

​            ​ភ្នំ​ចាស់​មាន​កម្ពស់​ប្រហែល​ពី១៩០ទៅ២២០ម៉ែត្រ​ ​និង​មាន​ខ្នងភ្នំ​ចែកចេញជា​បី​ ​គឺ​ខ្នងភ្នំ​ទី១ឈ្មោះ​ខ្នង​ព្រះព្រហ្ម​ ​ខ្នងភ្នំ​ទី២ឈ្មោះ​ខ្នង​ព្រះពុទ្ធ​ ​និង​ ​ខ្នងភ្នំ​ទី៣ឈ្មោះ​ខ្នង​កិន្នរ​។​ ​បើ​តាម​ប្រសាសន៍​អះអាង​របស់​លោកអ៊ំ​ ​ឃឹម​ ​ខុម​ ​វ័យ៥៩ឆ្នាំ​ ​ជា​អ្នកមើល​ថែរក្សា​រមណីយដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ក្រសួងវប្បធម៌​ធ្លាប់​ចុះ​មក​ធ្វើស្ថិតិ​ចំនួន​ល្អាង​ធម្មជាតិ​នៅ​ទីនេះ​ ​ហើយ​រក​ឃើញថា​ភ្នំ​ចាស់​មាន​ល្អាង​តូច​ធំ​សរុប​ចំនួន៤២ល្អាង​ ​ប៉ុន្តែ​ល្អាង​តែមួយគត់​ដែល​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​អាច​ចូល​ទស្សនា​បាន​ជានិច្ច​ជា​កាលនោះ​ ​គឺ ​“​ល្អាង​ជង្រុក​”​ ​មាន​ទំហំ​ធំជាង​គេ​ ​ហើយ​ជាទី​សក្ការបូជា​សក្តិ​សិទ្ធ​បំផុត​របស់​សហគមន៍​ភ្នំ​ចាស់​ ​ព្រោះ​ទីនោះ​ជាទី​តាំងរបស់​អតីត​កន្រ្ទាញ​ជនជាតិ​សួយ​ដើម​ ​ដែល​សព្វថ្ងៃ​អ្នកស្រុក​នាំគ្នា​គោរព​ប្រតិបត្តិ​ហើយ​ហៅថា​“​លោកតា​ចម្រើន​”។​ ​

​            ​លោក​ ​ចាន់​ ​រដ្ឋា​ ​ប្រធាន​ការិយាល័យ​បេ​តិ​ក​ភ័​ណ្ឌ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ស្ពឺ​ ​បាន​និយាយ​អំពី​ប្រវត្តិ​ឈ្មោះ​ ​“​ល្អាង​ជង្រុក​”​ ​នេះ​ថា​ ​សម័យ​ដែល​សៀម​ចូល​ឈ្លានពាន​អាណាចក្រ​ខ្មែរ​ ​ពួកគេ​កាប់សម្លាប់​ប្រជាពលរដ្ឋ​ ​ចាប់​ធ្វើទារុណកម្ម​ ​និង​ចាប់​ជា​ឈ្លើយសឹក​ ​។​ ​ដោយហេតុនេះ​ហើយ​ ​ប្រជាជន​ភ័យខ្លាច​ក៏​ភៀសខ្លួន​រត់គេច​ពី​សង្គ្រាម​ឈ្លានពាន​របស់​សៀម​ទៅ​សំងំ​លាក់ខ្លួន​នៅ​ម្តុំ​ភ្នំ​ចាស់​នេះ​។​ ​លុះដល់​រដូវវស្សា​ ​ពេលថ្ងៃ​នាំគ្នា​លាក់ខ្លួន​ ​ដល់ពេល​យប់​នាំគ្នា​ចេញទៅ​បង្កបង្កើនផល​ដូចជា​ដាំពោត​ស្រូវ​សណ្តែក​នៅ​ម្តុំ​ជើងភ្នំ​ ​។​ ​នៅពេល​ប្រជាពលរដ្ឋ​ភៀសខ្លួន​ចេញពី​ភូមិ​បាន​យក​របស់របរ​មានតម្លៃ​ទៅ​លាក់​ទុក​ក្នុង​ល្អាង​ភ្នំ​រួមមាន​ព្រះពុទ្ធរូប​ ​រូបចម្លាក់​ ​គ្រឿងអលង្ការ​ ​កងដៃ​ ​កងជើង​ ​ឆ្នាំង​ ​ពាន​ ​ផ្តិល​.​.​.​ ​ដែល​របស់​ទាំងនោះ​សុទ្ធសឹង​ធ្វើ​ពី​លោហធាតុ​ ​ស្ពាន់​ ​សំរឹទ្ធិ​ ​មាស​ ​លង្ហិន​ ​ថ្មកែវ​ ​និង​ឈើ​ជាដើម​ ​ព្រមទាំង​បាន​និមន្ត​ព្រះសង្ឃ​ទៅ​គង់នៅ​ល្អាង​នោះ​ដែរ​។​ ​ក្រោយពេល​ស្ងប់ស្ងាត់​ផុត​ពី​ការ​យារ​យី​របស់​ចោរ​សៀម​ ​ទើប​ប្រជាជន​ត្រឡប់ទៅ​ភូមិកំណើត​វិញ​ ​ដោយ​បន្សល់ទុក​របស់របរ​មានតម្លៃ​ជា​វត្ថុ​គរុភណ្ឌ​មួយចំនួន​ក្នុង​ល្អាង​ភ្នំ​នោះ​រហូត​មក​។​ ​ចាប់តាំងពី​ពេល​ដែល​ប្រជាជន​ភៀស​សឹក​ ​បាន​បង្កបង្កើនផល​ ​រក្សាទុក​ស្បៀង​ ​និង​ ​វត្ថុ​មានតម្លៃ​ខាងលើ​នៅក្នុង​ល្អាង​នោះ​ ​ទើប​ទីនោះ​ជាប់​ឈ្មោះថា​ ​“​ល្អាង​ជង្រុក​”​ ​ដល់​សព្វថ្ងៃ។​ ​

​            ​ក្រៅពី​បារមី​លោកតា​ចម្រើន​ដែល​ជា​អតីត​មេ​កន្រ្ទាញ​ប្រចាំ​តំបន់​នេះ​សម័យ​ដើម​ ​នៅ​ជុំវិញ​ភ្នំ​នេះ​ ​នៅ​មាន​បារមី​ជាច្រើន​ទៀត​ដែល​អ្នកស្រុក​ដើម​ត្រូវ​គោរព​បួងសួង​សែនព្រេន​តាម​ជំនឿ​ពី​បរម​បុរាណ​មក​ ​រួមមាន​ ​លោកតា​រាម​ ​ដែល​មានរឿង​ព្រេង​ប្រវត្តិ​ទាក់ទង​នឹង​រឿង​រាមកេរ្តិ៍​ ​លោកតា​មាន់​ប្រាំបី​ ​និង​ ​លោកតា​ហោរា​។​ ​អ្នក​រស់នៅ​ឃុំ​ហោង​សំណំ​តែងតែ​នាំគ្នា​ប្រារព្ធ​ធ្វើពិធី​បុណ្យ​រំឭក​គុណ​បារមី​ភ្នំ​ចាស់​នៅ​ខែមេសា​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដោយ​មេ​ស្មូន​ ​(​ភាសា​ជនជាតិ​មានន័យថា​ ​អាចារ្យ​)​ ​ជា​អ្នក​ប្រមូល​ចាស់ទុំ​ប្រុសស្រី​ទៅ​ជំនុំ​គ្នា​នៅក្នុង​ភូមិ​ ​ដែល​ពិធី​ត្រូវ​បាន​គេ​ហៅថា​ ​“​ពិធីបុណ្យ​ឆ្លង​ចេត្រ​”​ ​។​ ​ក្រោយពី​បានការ​ឯកភាព​គ្នា​អំពី​ពេលវេលា​ដែល​ភាគច្រើន​គេ​ជ្រើសរើស​យក​ថ្ងៃសៅរ៍​ ​និង​ថ្ងៃអង្គារ​ ​ពេលព្រឹក​មេ​ស្មូន​ដឹកនាំ​អ្នកភូមិ​ទៅ​ជួបជុំគ្នា​នៅ​ខាងត្បូង​ឆៀង​ខាងលិច​ភ្នំ​ ​ហើយ​នាំគ្នា​សង់​រោង​តូច​ៗ​ល្មម​ប្រក់​ស្បូវ​ ​។​ ​ពេល​សង់រោង​ហើយ​គេ​រៀបចំ​លំដាប់​ក្នុង​រោង​មាន​បាយសី៥ថ្នាក់​ ​និង​ស្លាធម៌៥គូ​ ​។​ ​លុះ​ថ្ងៃរសៀល​ជួបជុំ​ញាតិមិត្ត​ជិត​ឆ្ងាយ​ធ្វើ​បទ​នមស្ការ​សមាទានសីល​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត​ ​និង​សម្តែង​ធម៌​ទេសនា។​

​            ​ថ្ងៃបន្ទាប់​មេ​ស្មូន​ប្រមូលគ្នា​ទាំងអស់​ក្នុង​រោងបុណ្យ​ ​និង​និមន្ត​ព្រះសង្ឃ​សូត្រធម៌​ស្វាធ្យាយ​ជ​យន្តោ​។​ ​នៅពេល​ព្រះសង្ឃ​សូត្រ​ចប់​ ​ព្រះសង្ឃ​ត្រូវ​ស្រង់​ព្រះ​ ​ហើយ​ទើប​មនុស្សម្នា​ដែល​ចូលរួម​ចាប់ផ្តើម​ស្រង់​ព្រះ​ទាំងអស់គ្នា​។​ ​ម្នា​ក់ៗ​ត្រង​យក​ទឹកដែល​ស្រង់​ព្រះ​នោះ​យក​ទៅ​ផ្ញើ​ញាតិមិត្ត​បងប្អូនកូនចៅ​លុបមុខ​ឬ​ងូត​ដើម្បី​មាន​សិរី​សួស្តី​ ​។​ ​បន្ទាប់មក​ ​គេ​នាំគ្នា​ដើរកម្សាន្ត​តាម​ល្អាង​ ​ដែល​ជា​វេលា​តែមួយគត់​ដែល​គ្រប់គ្នា​អាច​ចូល​ ​ ​ ​ទស្សនា​ល្អាង​ទាំងនោះ​បាន​ក្នុងរយៈពេល​មួយឆ្នាំ​ ​ក្រោយពេល​ធ្វើពិធី​បើកផ្លូវ​ពី​បារមី​រួចរាល់​សព្វគ្រប់​។​ ​បន្ទាប់មក​ទៀត​ ​គេ​នាំគ្នា​ឡើង​ទៅលើ​ខ្នងភ្នំ​ ​និង​ ​នាំគ្នា​ចុះ​មក​រោងបុណ្យ​វិញ​ដើម្បី​ហូបបាយ​ជុំគ្នា​ជា​កិច្ច​បង្ហើយ​បុណ្យ។​ ​

​            ​ក្រៅពី​បុណ្យ​នេះ​ ​នៅ​អំឡុង​ខែជេស្ឋ​ ​ឬ​ ​អាសាឍ​ ​អ្នកស្រុក​តែង​ជួបជុំគ្នា​ធ្វើពិធី​សុំ​ទឹកភ្លៀង​ ​ឬ​ ​ហៅថា​ ​ពិធីបុណ្យ​មាន់​ប្រាំបី​ ​ពោល​គឺ​មានការ​រៀបចំ​សែន​ព្រេង​ ​និង​ ​អារក​មាន់​ចំនួន​ប្រាំបី​ដើម្បី​សម្រក់​ឈាម​ផ្សង​ទឹកភ្លៀង​។​ ​មាន់​នី​មួយ​ៗ​ ​តំណាង​ខែ​ធ្វើស្រែ​ចំការ​ដែល​ត្រូវការ​ទឹកភ្លៀង​។​ ​បើ​ឈាមមាន់​ណា​ហូរ​ច្រើន​ ​មានន័យថា​ ​ខែ​នោះ​សំបូរ​ទឹកភ្លៀង​ហើយ​។​ ​ដូចនេះ​ ​អ្នក​ដែល​ចូលរួម​ពិធី​នាំគ្នា​ហ៊ោកញ្ជ្រៀវ​។​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​បើ​មាន​មាន់​ណា​គ្មាន​ឈាម​ហូរ​សោះ​ ​ធ្វើ​ឱ្យ​ពួកគេ​មាន​ទឹកមុខ​ក្រៀមក្រំ​សម្តែង​នូវ​ការ​មិន​សប្បាយចិត្ត​។​ ​នៅពេល​ចប់​ពិធី​ហើយ​ ​គេ​នាំគ្នា​ផឹកស៊ី​ ​ច្រៀងរាំ​យ៉ាង​សប្បាយរីករាយ​ ​ប៉ុន្តែ​មាន​ត្រណម​មួយ​គឺ​ហាម​មិន​ឱ្យ​យក​ម្ហូប​ ​ស្រា​ដែល​សល់​ក្នុង​ពិធី​ចូល​ភូមិ​ ​ឬ​យក​ទៅផ្ទះ​ជាដាច់ខាត​។​ ​អ្នកស្រុក​មាន​ជំនឿ​ថាបើ​មាន​អ្នកណា​ហ៊ាន​យក​ចូល​ភូមិ​ឬ​យក​ទៅផ្ទះ​ ​យប់​ឡើង​ច្បាស់ជា​មាន​ខ្លា​ចូល​ភូមិ​ ​កាច់ក​គោក្របី​ ​ស៊ី​ជាក់ជា​មិនខាន។​ ​

​            ​ជិះ​ចេញពី​ទីតាំង​ភ្នំ​ចាស់​ប្រហែល៣០គីឡូ​ទៀត​ ​ទៅមុខ​ត្រង់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ដដែល​ ​ដល់​ចំណុច​ភូមិ​តា​សាល​ ​ឃុំ​តា​សាល​ ​ស្រុក​ឱរ៉ាល់​ ​នៅ​ខាងឆ្វេង​ដៃ​ ​យើង​នឹង​ឃើញ​ស្លាក​សញ្ញា​ ​រមណីយដ្ឋាន​ ​ទេ​ទឹកពុះ​ ​នៃ​សហគមន៍​ការពារ​ធម្មជាតិ​កោ​ដូន្​តី​ ​(​កោរ​ដូនតី​)​។​ ​ទឹក​នៅ​ទីនេះ​ផុស​ចេញពី​ក្រោម​ដី​ ​មាន​សភាព​ក្តៅ​រហូតដល់៧០អង្សា​រ​ ​ខុសពី​ទឹកផុស​ ​ឬ​ ​ទឹក​ជប់​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ទូទាំង​ប្រទេស​។​ ​នៅក្នុង​សហគមន៍​សួយ​មាន​វត្ថុ​សក្ដិសិទ្ធិ​ចំនួន២​ ​គឺ​ស្គរ​ស​ណំ​ ​និង​ ​ទឹក​ក្តៅ​ ​នៅកន្លែង​ទេ​ទឹកពុះ​។​ ​គេ​មាន​ជំនឿ​ថា​វត្ថុ​ទាំងពីរ​នោះ​អាច​ការពារ​និង​មាន​ឥ​ទិ្ធ​ពល​ចំពោះ​ប្រជាជន​ជា​ខ្លាំង​។​ ​ចំពោះ​ទេ​ទឹកពុះ​ ​ពួកគាត់​ជឿ​ថា​ ​ទឹកពុះ​នោះ​អាចយ​ក​ ​មក​ព្យាបាល​ជម្ងឺ​ផ្សេង​ៗ​បាន។

​            ​នៅ​ទីនោះ​ ​មានរឿង​និទាន​មួយ​ដែល​ត្រូវ​បាន​និ​យា​យតៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​ ​កាលពី​ព្រេងនាយ​ ​មាន​សេដ្ឋី​ម្នាក់​រស់នៅ​ជាមួយនឹង​កូនប្រុស​ម្នាក់​ ​កូនស្រី​ម្នាក់​។​ ​កូន​ទាំងពីរ​មាន​ចរិតលក្ខណៈ​ល្អ​ផូរផង់​ ​និង​សម្រស់​ស្រស់​សោភា​។​ ​ដោយសារ​ភាព​លោភលន់​របស់​សេដ្ឋី​ជា​ឪពុក​ ​លោក​បាន​ផ្សំផ្គុំ​កូនស្រី​ ​និង​កូនប្រុស​ឲ្យ​រៀបការ​នឹងគ្នា​។​ ​គោលបំណង​របស់​គាត់​ ​គឺ​ដើម្បី​ទុកទ្រព្យ​សម្បត្តិ​ទាំងអស់​សម្រាប់​កូន​ទាំងពីរ​មិន​ចង់​អោយ​ទ្រព្យសម្បត្តិ​ធ្លាក់​ទៅដល់​ដៃ​អ្នកដទៃ​។​ ​ក្នុង​ពិធីជប់លៀង​មង្គលការ​ ​សេដ្ឋី​បាន​ចាត់​អ្នកបម្រើ​ម្នាក់​ឲ្យ​ទៅ​កាប់​ក្រពើ​ដែល​អ្នកបម្រើ​សេដ្ឋី​ម្នាក់ទៀត​ឈ្មោះ​ ​តី​ ​ជា​អ្នក​ចិញ្ចឹម​ ​។​ ​ជា​ប្រផ្នូល​មិនល្អ​ ​នៅពេល​យប់​នោះ​ ​នាង​តី​បាន​យល់​សុ​បិន្​ត​ឃើញ​តា​ចាស់​ម្នាក់​ ​។​ ​លោកតា​បាន​ដាស់តឿន​នាង​អោយ​រត់ចេញ​ឆ្ងាយ​ពី​ភូមិ។​ ​

​            ​នៅក្នុង​ពិធី​មង្គលការ​នោះ​កំពុង​ដំណើរការ​ ​ស្រាប់តែ​មាន​ទឹក​ក្ដៅ​ផុស​ចេញ​មក​ពីក្រោម​ដី​បង្ក​រ​អោយ​លិចលង់​ភូមិ​នោះ​ ​។​ ​អ្នកភូមិ​ទាំងអស់​ត្រូវ​បាន​ស្លាប់​ ​មានតែ​អ្នកបម្រើ​ឈ្មោះ​ ​តី​ ​ម្នាក់​ទេ​ដែល​នៅ​រស់រាន​មានជីវិត​ ​ដោយសារ​នាង​មិនបាន​ចូលរួម​ហូប​សាច់​ក្រពើ​ដែល​ជា​ក្រពើអ្នកតា​ឃុំគ្រង​នោះ​។​ ​ចាប់ពី​ពេលនោះ​មក​ ​ជនជាតិ​សួយ​បាន​ហាមប្រាម​ដាច់ខាត​ចំពោះ​ការ​រៀបការ​ ​ជាមួយ​សាច់ញាតិ​ខ្លួនឯង​។​ ​មុននឹង​ទៅ​ដណ្ដឹង​ប្រពន្ធ​ ​ខាង​ប្រុស​ត្រូវ​ស៊ើប​ពី​ខាង​ស្រី​អោយ​បាន​ច្បាស់​ដើម្បី​ប្រាកដ​ថា​ខាង​ស្រី​មិន​ជាប់សាច់​ឈាម​ជាមួយនឹង​ខ្លួន។​ ​

​            ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សព្វថ្ងៃ​នេះ​ ​ជនជាតិ​សួយ​កំពុង​រស់នៅ​ភូមិ​ចំនួន៥នៃ​សហគមន៍​កោ​ដូន្​តី​ ​(​កោរ​ដូនតី​)​ ​រួមមាន​ ​ភូមិ​កោរ​ដូនតី​ ​ភូមិ​តានិល​ ​ភូមិ​ត្រាង​ ​ភូមិ​ពុទ្រា​ ​និង​ ​ភូមិ​ចំបក់​ ​ដែល​មាន​លោកអ៊ំ​ ​ផល​ ​នឿន​ ​ជា​ប្រធាន​សហគមន៍​។​ ​ជនជាតិ​ដើម​ភាគតិច​សួយ​ទាំង៥ភូមិ​ ​មាន​ចំនួន៣១៦គ្រួសារ​ ​ហើយដែល​មាន​ប្រជាជន​សួយ​សរុប​ចំនួន១៣២៥នាក់​។​ ​ឯ​របាំ​ព្លយ​សួយ​ដែល​ជា​របាំ​ប្រពៃណី​មួយ​ដ៏​ល្បីល្បាញ​នោះ​ក៏​មាន​ប្រភព​កំណើត​ចេញពី​ជនជាតិ​សួយ​នៃ​តំបន់​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​នេះ​ដែរ​ ​ហើយ​វា​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​ទំនៀមទម្លាប់​នៃ​ព្រានព្រៃ​សម័យ​បុរាណ​ដែល​ជួបប្រទះ​នឹង​ទិដ្ឋភាព​សត្វ​ក្ងោក​ច្រៀងរាំ​លេងសប្បាយ​ ​នៅក្នុង​ព្រៃ​ ​ហើយ​មាន​បុរស​កាន់​ឧបករណ៍​តន្រ្តី​ព្លយ​ផ្លុំ​ប្រគំ​តាម​ចលនា​នៃ​សត្វ​ក្ងោក​រេរាំ​។​ ​ប៉ុន្តែ​បើ​តាម​វប្បធម៌​ដើម​របស់​ជនជាតិ​នេះ​ ​របាំ​ខាងលើ​អាច​រាំ​បានតែ​នៅពេល​មាន​ពិធីបុណ្យ​ប្រពៃណី​របស់​ជនជាតិ​ ​ឬ​ ​ពេល​មានការ​សែនព្រេន​សុំ​ការអនុញ្ញាត​តែប៉ុណ្ណោះ​ ​មិនមែន​អាច​រាំ​សម្តែង​ទូទៅ​នៅ​តាមកម្ម​វិធី​សិល្បៈ​ដូច​បច្ចុប្បន្ន​នោះ​ទេ៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS