×

ពី​ឱសថការី​ ​ក្លាយជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​Cosplay​ ​ដ៏​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​

FASHION & BEAUTY 2 weeks ago
 
 

          ប្រិយមិត្ត​ដែល​និយម​ទស្សនា​រឿង​ត្លុក​ជប៉ុន​(​Manga​)​ ​ឬ​គំនូរជីវចល​ ​(​Anime​)​ ​ប្រាកដជា​បាន​ស្គាល់​ពីCosplay​ ​Event​ ​ហើយ​ថា​ជា​កម្មវិធី​វប្បធម៌​មួយ​នៃ​ប្រទេស​ជប៉ុន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នកគាំទ្រ​រឿង​ត្លុក​ជប៉ុន​(​Manga​)​ ​ឬ​គំនូរជីវចល​(​Anime​)​ ​ដើម្បី​ស្លៀកពាក់​ទៅតាម​ទំនោរ​បែប​ប្លែក​ៗ​ទៅតាម​តួអង្គ​នី​មួយ​ៗ​ដែល​បាន​សម្តែង​ក្នុង​រឿង​ ​និង​ជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​ក្នុង​ការបង្កើត​នូវ​មិត្តភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​មក​ផ្តុំគ្នា​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​បាន​ប្រារព្ធ​។​ ​ជាក់ស្តែង​ ​លំហូរ​នៃ​វប្បធម៌​នេះ​បាន​នាំមក​នូវ​ទស្សនីយភាព​មួយ​ដ៏​ល្អ​ប្រណីត​សម្រាប់​យុវជន​កម្ពុជា​អាច​ស្លៀកពាក់​តាមចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ ​រួម​ទាំង​អាច​ទទួល​បាន​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗ​ពី​ទំនៀមទម្លាប់​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាដើម​។​

          ទន្ទឹម​នឹង​ការ​ពេញនិយម​ដ៏​មាន​ប្រជាប្រិយ​ភាព​នា​ពេល​បច្ចុប្បន្ន​ទៅលើ​ការ​លេង​ស្ទា​យ៍​ ​Cosplay​ ​ម្តង​ៗ​យុវជន​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​សម្លៀកបំពាក់​មួយ​ឈុត​ ​តួយ៉ាង​ ​គ្រឿង​តុបតែង​កាយ​ផ្សេង​ៗ​ ​ដើម្បី​លម្អ​ ​និង​តុបតែង​ខ្លួន​ស្រដៀង​ទៅ​នឹង​តួអង្គ​ដែល​មាន​ក្នុង​រឿង​ត្លុក​ជប៉ុន​(​Manga​)​ ​ឬ​គំនូរជីវចល​ ​(​Anime​)​។​ ​យ៉ាងណាមិញ​ ​អ្នកគាំទ្រ​ ​Cosplay​ ​មួយចំនួន​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​រាល់ពេល​ដែល​មានកម្ម​វិធី​ ​Cosplay​ ​ម្តង​ៗ​ ​ពួកគេ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ ​តួយ៉ាង​សម្លៀកបំពាក់​ ​គ្រឿង​តុបតែង​កាយ​ ​និង​សម្ភារ​មួយចំនួន​ផ្សេងទៀត​។​ ​ជាមួយនឹង​កត្តា​នេះ​ ​បាន​ជំរុញ​ទឹកចិត្ត​ ​ឱសថការី​ម្នាក់​ដែល​ទើបតែ​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ឱសថសាស្ត្រ​បាន​ប្រែ​អាជីព​របស់​ខ្លួន​ងាក​មក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​Cosplay​ ​ដ៏​ស្រស់​ស្អាត​ ​និង​មិនចាញ់​សម្លៀកបំពាក់Cosplay​ ​ដែល​មាន​លក់​លើ​ទីផ្សារ​បរទេស​ប៉ុន្មាន​ឡើយ​។​

          ​ស្ថិត​ក្នុង​វ័យ​ ​៣០ឆ្នាំ​ ​កញ្ញា​ ​រឿន​ ​សុ​ម៉ាលី​ ​មាន​ស្រុកកំណើត​ក្នុង​ខេត្តសៀមរាប​ ​និង​ជា​អ្នកគាំទ្រ​ ​Cosplay​ ​ដ៏​ខ្លាំង​ម្នាក់​ដែល​បាន​ចូលរួម​កម្មវិធី​ ​Cosplay​ ​បួន​ដង​កន្លង​ផុត​ទៅ​ថ្មី​ៗ​ ​បាន​បង្ហាញ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដូច្នេះ​ថា​ ​«​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់ផ្តើម​ច្នៃ​សម្លៀកបំពាក់​នេះ​ ​ក៏​ព្រោះតែ​សម្លៀកបំពាក់​ ​Cosplay​ ​គឺ​មាន​ទំហំ​ធំជាង​ខ្លួន​របស់ខ្ញុំ​និយាយរួម​ទៅ​ដងខ្លួន​របស់ខ្ញុំ​គឺ​ទំហំ​តូច​ពិបាក​នឹង​រក​សម្លៀកបំពាក់​ដែល​ត្រូវ​នឹង​តួអង្គ​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ណាស់​ ​ម៉្យាងវិញទៀត​ ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​មួយ​ឈុត​ ​ហេតុនេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​សួរ​ខ្លួនឯង​ថា​ ​ហេតុអ្វី​មិន​ចាប់ផ្តើម​សាកល្បង​ធ្វើ​ដោយខ្លួនឯង​?​»​។​ ​សុ​ម៉ាលី​ ​ក៏បាន​បន្ត​ ​«​ប្រសិនបើ​និយាយរួម​ទៅ​ខ្ញុំ​រៀន​ដេរ​ ​រៀន​វាស់​ខោអាវ​ ​តាម​អ្នក​ជិត​ផ្ទះ​ខ្ញុំ​ ​ព្រោះ​គាត់​បើកហាង​កាត់​សម្លៀកបំពាក់​ ​ចឹង​ខ្ញុំ​ក៏​រៀន​តាម​គាត់​បន្តិច​ម្តង​ៗ​ ​រហូត​សម្រេច​នូវ​គោលដៅ​»​។​ ​ម៉្យាងវិញទៀត​ ​សម្រាប់​សម្លៀកបំពាក់​ ​Cosplay​ ​មួយ​ឈុត​ ​រួម​ទាំង​គ្រឿង​តុបតែង​កាយ​ ​ឬ​អាវុធ​ ​(​តាម​ប្រភេទ​តួអង្គ​ក្នុង​គំនូរជីវចល​)​ ​កញ្ញា​ត្រូវ​ចំណាយពេល​មួយ​ខែ​ ​ឬ​ពីរ​ខែ​ ​អាស្រ័យ​ទៅតាម​ប្រភេទ​សម្លៀកបំពាក់​ដែល​អតិថិជន​ចង់បាន​ ​និង​ពេលវេលា​របស់​កញ្ញា​ដែល​ទំនេរ​ពី​ការ​ងារ​ផ្សេង​ៗ​។​ ​ដោយឡែក​ ​កញ្ញា​ ​សុ​ម៉ាលី​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ច្នៃ​សម្លៀកបំពាក់​ ​Cosplay​ ​ដោយខ្លួនឯង​វា​នឹង​មិន​អាច​ដូច​ទៅ​នឹង​ភាព​ជាក់ស្តែង​ក្នុង​គំនូរជីវចល​ទាំងស្រុង​នោះ​ទេ​ ​ប៉ុន្តែ​វា​អាច​មាន​ភាព​ស្រដៀងគ្នា​ប្រមាណ​ជា៨០ភាគរយ​ផង​ដែរ​។​

          ជាចុងក្រោយ​ ​កញ្ញា​ ​សុ​ម៉ាលី​ ​មាន​ចំណាប់​អារម្មណ៍​ដូច្នេះ​ថា​ថ្វី​ដ្បិត​ ​Cosplay​ ​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​រាង​តូច​ចង្អៀត​បន្តិច​ ​ប៉ុន្តែ​កញ្ញា​សង្ឃឹមថាCosplayនេះ​នឹងអាច​រីកចម្រើន​កាន់តែ​ខ្លាំង​។​ ​លើស​ពីនេះ​ទៅទៀត​ ​សុ​ម៉ាលី​ ​ក៏បាន​បង្ហាញ​មតិ​ថា​ ​ការ​តុបតែង​បែប​គំនូរជីវចល​នេះ​មិនមែន​ជា​ការ​តុបតែង​បែប​ខុសឆ្គង​ទៅ​នឹង​វប្បធម៌​នោះ​ទេ​ ​ប៉ុន្តែ​វា​ជាផ្នែក​មួយ​ដែល​អាច​កម្សាន្ត​ចិត្ត​ដល់​យុវជន​ ​ហើយ​ការ​ស្លៀកពាក់​នេះ​ដែរ​អាច​បង្ហាញ​ពីអ​ត្ត​ចរិ​ក​របស់​បុគ្គល​ម្នា​ក់ៗ​នៃ​តួអង្គ​នី​មួយ​ៗ​មាន​ក្នុង​រឿង​ត្លុក​ជប៉ុន​(​Manga​)​ ​ឬ​គំនូរជីវចល​(​Anime​)​៕​

​Article​ ​by​ ​PAN​ ​SIVLY​ ​



SUGGESTIONS