×

រឿងរ៉ាវ​របស់​ម៉ែ​ ​ហាក់​បាន​បង្រៀន​កូន​ឲ្យ​កាន់តែ​រឹងមាំ​និង​ចេះ​តស៊ូ​នៅក្នុង​ជីវិត​ថែម​មួយ​កម្រិត​ទៀត​

NEWS 5 years ago
 
 

​            ពេល​កូន​ជួប​ឧបសគ្គ​ក្នុង​ជីវិ​ត​ម្ដង​ៗ​ ​ហើយ​ក្រ​លេ​កម​ក​មើល​អ្នកម្តាយ​នៅផ្ទះ​ ​ទើប​កូន​ដឹង​ថា​ម៉ែ​បាន​តស៊ូ​ដល់កម្រិត​ណា​ ​ម៉ែ​លំបាក​ប៉ុណ្ណា​ ​ម៉ែ​មាន​សម្ពាធ​យ៉ាងណា​ ​ក៏ប៉ុន្តែ​ម៉ែ​នៅតែ​រឹងមាំ​ ​ហើយ​ម៉ែ​នៅតែ​ជា​មនុស្ស​ដែល​តែងតែ​លើកទឹកចិត្ត​កូន​ជានិច្ច​បើ​ទោះបីជា​មាន​ពេលខ្លះ​កូន​បាន​ធ្វើ​ទង្វើ​មិន​គប្បី​ដាក់​ម៉ែ​យ៉ាងណា​ក្តី​។​ ​ម៉ែ​ពិតជា​ព្រះ​រស់​ឈ្មោះ​ម្តាយ​មួយ​អង្គ​ដែល​តែងតែ​សន្ដោស​ប្រណី​ ​ផ្តល់​ដំ​បូ​ន្មាន​ថ្មី​ៗ​ ​បង្រៀន​កូន​គ្រប់​អ្វី​ៗ​ ​និង​ជា​ដួងច័ន្ទ​បំភ្លឺ​ផែនដី​របស់​កូន​ៗ​ជានិច្ចកាល​។​ ​កូន​ពិតជា​មាន​មោទកភាព​ណាស់​ ​និង​ពិតជា​ចង់​ដឹងពី​រឿងរ៉ាវ​នៃ​ការ​តស៊ូ​របស់​អ្នកម៉ែ​ដែល​បាន​ហែល​កាត់​កន្លងមកណាស់​ ​ហើយ​ពិតជា​ចង់​រៀនសូត្រ​ពី​បទពិសោធន៍​របស់​អ្នកម្តាយ​ណាស់​។​ ​តើ​ម៉ែ​អាច​និទាន​ប្រាប់​កូន​ផង​បានទេ?​

​            «​និទាន​ម៉ែ​»​ ​គឺជា​សៀវភៅ​លើកទឹកចិត្ត​ថ្មី​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ម៉ែ​តាំងពី​កុមារភាព​ ​រហូតដល់​ម៉ែ​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​លុះដល់​ជីវិត​ចុងក្រោយ​។​ ​ចំណងជើង​ថ្មីនេះ​ជា​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​វ័យក្មេង​ ​តុន​ ​ច័ន្ទ​រិទ្ធិ​ ​ដែល​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​លើកទឹកចិត្ត​ ​«​អ្នក​ពិតជា​ពិសេស​ ​តោះ​!​ទៅមុខ​ទៀត​»​។​ ​«​និទាន​ម៉ែ​»​ ​ជា​សៀវភៅ​បែប​ទស្សនវិជ្ជា​មួយ​និយាយ​អំពី​ការ​តស៊ូ​ ​ប្រឹងប្រែង​ ​អ​ត់​ធ្ន​ត់​របស់​អ្នកម្តាយ​គ្រប់រូប​ ​ដែល​ចែកចេញជា​ ​បី​ផ្នែក​ធំៗ​។​ ​ផ្នែក​ទីមួយ​អ្នកនិពន្ធ​បាន​ពិពណ៌នា​ពី​បឋមវ័យ​របស់​ម្តាយ​ដែល​អ្នកម៉ែ​បាន​ចាប់កំណើត​តាំងតែពី​លើកដំបូង​។​ ​ផ្នែក​ទីពីរ​ ​ច័ន្ទ​រិទ្ធិ​ ​បាន​រៀបរាប់​ពី​វ័យ​កណ្ដាល​របស់​អ្នកម្តាយ​ដែល​ទទួលបន្ទុក​ធ្ងន់​ក្នុង​គ្រួសារ​និង​ ​ចុងក្រោយ​ដំណើរ​ជីវិត​របស់​ម៉ែ​ឈាន​ដល់​ ​វ័យ​ចំណាស់​ហើយ​នេះ​គឺជា​ផ្នែក​ទីបី​របស់​សៀវភៅ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ក្នុង​សៀវភៅ​ក៏​បន្ថែម​ផង​ដែរ​នូវ​ ​បណ្ដាំ​ចុងក្រោយ​ ​របស់​ម៉ែ​ ​មុននឹង​អ្នកម្ដាយ​លា​កូន​នៅ​នាទី​ចុងក្រោយ​។​ ​សៀវភៅ​ដែល​មាន​កម្រាស់​ជាង​ ​២០០​ ​ទំព័រ​នេះ​ ​នឹង​បកស្រាយ​នូវ​អ្វី​ដែល​អ្នកម្ដាយ​គ្រប់រូប​ចង់​បង្ហាញ​ប្រាប់​កូន​ៗ​ឲ្យបាន​យល់​ពី​បំណង​ម៉ែ​ ​ដែល​តែងតែ​ចង់​ឲ្យ​កូន​ៗ​ល្អ​។​ ​លើ​ក្របសៀវភៅ​ដែល​មាន​រូប​អ្នកម្តាយ​របស់​ខ្លួន​ផង​នោះ​ ​លោក​ ​តុន ​ច័ន្ទ​រិទ្ធិ​ ​បាន​ប្រាប់ឲ្យដឹង​ថា​ ​សៀវភៅ​នេះ​បង្កើត​ឡើង​ដើម្បី​ទុកជា​អនុស្សាវរីយ៍​ដែល​ខ្លួន​បាន​រស់នៅ​ជាមួយនឹង​អ្នកម្តាយ​ជាយូរមកហើយ​ ​ម្យ៉ាង​ក៏​ចង់​ចែករំលែក​នូវ​ទស្សន​និង​បំណងប្រាថ្នា​របស់​អ្នកម្តាយ​ទាំងឡាយ​ដើម្បី​ឲ្យ​កូន​ៗ​បាន​អាន​និង​យល់​ផង​ដែរ​។​ ​តុន​ ​ច័ន្ទ​រិទ្ធិ​ ​បាន​បន្ថែម​៖​ ​«​និទាន​ម៉ែ​ ​និយាយ​លម្អិត​តាំងពី​កំណើត​របស់​ម៉ែ​ ​ចឹ​ងយើង​លើកទឹកចិត្ត​ពួកគាត់​ពី​កំណើត​របស់​ពួកគាត់​ ​រហូតដល់​គាត់​ជ្រើសរើស​ដៃគូ​ ​និង​ជីវិត​នៅពេល​ចាស់​តើ​ពួកគាត់​អាច​ធ្វើ​អី​ខ្លះ​។​»​ ​អ្នកនិពន្ធ​ធ្លាប់​រៀន​ជំនាញ​អក្សរ​សាស្រ្ត​ខ្មែរ​ ​រូប​នេះ​ក៏បាន​ប្រាប់​ពី​បំណង​ដែល​ចង់​ឲ្យ​អ្នកអាន​មាន​អារម្មណ៍​ថា​បាន​នៅ​កៀក​ជាមួយនឹង​អ្នកម្តាយ​របស់​ខ្លួន​នៅពេល​ដែល​បាន​អាន​សៀវភៅ​នេះ​ផង​ដែរ។​ ​

តុន ​ច័ន្ទ​រិទ្ធិ​ ​

​            យ៉ាងណាមិញ​ ​«​និទាន​ម៉ែ​»​ ​នៅ​ពុំ​ទាន់បាន​បោះពុម្ព​ផ្សាយ​នៅឡើយ​ទេ​ ​ក៏ប៉ុន្តែ​ ​អ្នកនិពន្ធ​ដែល​មាន​វ័យ​ ​២៣ឆ្នាំ​ ​រូប​នេះ​ក៏បាន​បង្ហើប​ពី​គម្រោង​ចេញផ្សាយ​សៀវភៅ​របស់​ខ្លួន​នៅ​ថ្ងៃ​ដែល​អ្នកម្ដាយ​បាន​ផ្ដល់​កំណើត​ដល់​ខ្លួន​តែម្ដង​ ​ពោល​គឺ​នៅ​ថ្ងៃ​ទី១៣​ ​ខែវិច្ឆិកា​ខាងមុខ​ផង​ដែរ។​ ​

​            គួរ​ជម្រាប​ផង​ដែរ​ថា​ ​តុន​ ​ច័ន្ទ​រិទ្ធិ​គឺជា​ ​អ្នកនិពន្ធ​ដែល​ចូលចិត្ត​ទំនោរ​និយម​សរសេរ​សៀវភៅ​បែប​លើកទឹកចិត្ត​និង​សៀវភៅ​ទស្សនវិជ្ជា​មួយ​រូប​ដែល​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ក្នុង​ស្រទាប់​មិត្ត​អ្នកអាន​ទាំងឡាយ​នៅ​កម្ពុជា​។​ ​ច័ន្ទ​រិទ្ធិ​ ​បាន​សរសេរ​ប្រលោមលោក​ជាច្រើន​ចំណងជើង​ ​ក៏ប៉ុន្តែ​គេ​ទើបតែ​បោះពុម្ព​ផ្សាយ​បានតែ​មួយ​ចំណងជើង​ប៉ុណ្ណោះ​គឺ​ ​«​អ្នក​ពិតជា​ពិសេស​ ​តោះ​!​ ទៅមុខ​ទៀត​»​ដែល​ជា​សៀវភៅ​លើក​ចិត្ត​ដែល​កំពុងតែ​ល្បីល្បាញ​។​ ​ជាចុងក្រោយ​ ​ច័ន្ទ​រិទ្ធិ​ ​ក៏បាន​ឆ្លៀត​សូម​អរគុណ​ដល់​បណ្តា​មិត្ត​អ្នកអាន​ទាំងអស់​ដែល​តែងតែ​និយម​គាំទ្រ​នូវ​ស្នាដៃ​របស់​លោក​កាលពី​ពេល​កន្លងមក​ផង​ដែរ​។​ ​តុន​ ​ច័ន្ទ​រិទ្ធិ​ ​«​ប្រសិនបើ​គ្មាន​ពួកគាត់​ ​ក៏​ខ្ញុំ​មិន​អាចម​ក​ដល់ទី​នេះ​ហើយក៏​មិន​មាន​ស្នាដៃ​ថ្មីទៀត​ដែរ»៕

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS