×

គំនូរ​ឌីជីថល​សហសម័យ​របស់​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​រ៉េ​ត​វីរៈ​បុត្រ​ ​បង្កប់​ខ្លឹមសារ​វប្បធម៌​ ​និង​អរិយធម៌​ខ្មែរ​

NEWS a month ago
 
 

​            ​ថ្វី​ដ្បិតតែ​គំនូរ​ឌីជីថល​កំពុង​ស្ថិត​ក្នុង​ការវិវត្តន៍​គ្រប់​ទម្រង់​ក៏​ពិតមែន​ ​ប៉ុន្តែ​វិចិត្រករ​គ្រប់រូប​នៅតែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ ​ដើម្បីឲ្យ​គំនូរ​ឌីជីថល​ទាំងនោះ​មានការ​គាំទ្រ​កាន់តែ​ខ្លាំង​ជាង​នេះ​មួយ​កម្រិត​ទៀតផង​ដែរ​។​ ​ជា​ធម្មតា​ ​ប្រភេទ​គំនូរ​ទាំងអស់​ដែល​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​គ្រប់រូប​សុទ្ធតែ​បង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​មានខ្លឹមសារ​ ​និង​ផ្នត់គំនិត​ដ៏​មុតមាំ​មួយចំនួន​តែង​ឆ្លុះបញ្ចាំង​ពី​បរិបទ​សង្គម​នា​អតីតកាល​ ​សម័យ​ទំនើប​ ​ឬ​អនាគត​ ​តួយ៉ាង​ ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប​ដែល​ទាក់ទង​នឹង​វប្បធម៌​ ​និង​អរិយធម៌​ជាដើម​។​ ​

​            អ្នកអង្គម្ចាស់​ ​នរោត្តម​ ​រ៉េ​ត​វីរៈ​បុត្រ​ ​ទ្រង់​មាន​ព្រះជន្ម១៩ព្រះវស្សា​ ​មាន​ទេពកោសល្យ​យ៉ាង​ពិសេស​ក្នុង​ការ​គូរគំនូរ​ឌីជីថល​សហសម័យ​បង្ហាញ​ពី​វប្បធម៌​ដ៏​ចំណាស់​ ​ក៏ដូចជា​សម្ភារ​មួយចំនួន​មាន​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បាត់បង់​ក្នុង​សម័យ​សង្គ្រាម​។​ ​តាមរយៈ​គំនូរ​ឌីជីថល​សហសម័យ​នី​មួយ​ៗ​នេះ​ ​បាន​ធ្វើឲ្យ​អ្នកទស្សនា​ហាក់​មាន​អារម្មណ៍​ថា​ ​មិនគ្រាន់​តែ​ជា​គំនូរ​ដ៏​សាមញ្ញ​តែប៉ុណ្ណោះ​ទេ​ ​តែ​ហាក់ដូចជា​បាន​បង្កប់​នូវ​ចំណុច​ពិសេស​អ្វី​ម្យ៉ាង​ ​ដែល​បង្ហាញថា​ជា​គំនូរ​ផ្តល់​នូវ​អត្តសញ្ញាណ​ជាតិ​ ​ឬ​វប្បធម៌​ដ៏​ចំណាស់​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​មាន​។​ ​យ៉ាងណាមិញ​ ​ទ្រង់​បាន​បញ្ជាក់​ដូច្នេះ​ថា​ ​«​ខ្ញុំ​មើល​វប្បធម៌​បុ​រា​ណៗ​ដែល​ធ្លាប់​មាន​ ​រួច​ខ្ញុំ​យកគំនិត​ទាំងនោះ​មក​បញ្ចូល​គ្នា​ក្នុង​គំនិត​នៃ​សម័យ​បច្ចុប្បន្ន​ ​ដូចនេះ​គំនូរ​ដែល​ខ្ញុំ​គូរ​ភាគច្រើន​មាន​លក្ខណៈ​បុរាណ​លាយស​ម័យ​»​។​ ​លើស​ពីនេះ​ទៅទៀត​ ​ពី​គំនូរ​មួយ​ផ្ទាំង​ ​ទៅ​គំនូរ​មួយ​ផ្ទាំង​នេះ​ ​គឺ​ទ្រង់​រៀន​គូរ​ដោយខ្លួនឯង​ផ្ទាល់​ផង​ដែរ​។​ ​អ្នកអង្គម្ចាស់​ក៏​មាន​បន្ទូល​ ​«​គំនូរ​ដែល​ខ្ញុំ​ផ្តោត​សំខាន់​នោះ​គឺ​គ្រឿង​ ​អលង្ការ​ ​មនុស្ស​មួយចំនួន​តែង​គិតថា​គំនូរ​របស់ខ្ញុំ​មាន​ភាព​សាមញ្ញ​ ​ប៉ុន្តែ​បើ​និយាយ​ពី​គោលបំណង​របស់ខ្ញុំ​នោះ​គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើអ្វី​ដែល​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​ឲ្យដឹង​ថា​ ​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​សម្បូរទៅដោយ​គ្រឿងអលង្ការ​មានតម្លៃ​ដែរ​ ​ប៉ុន្តែ​ប្រសិនបើ​ជនបរទេស​ឃើញ​គ្រឿងអលង្ការ​ទាំងនោះ​គេ​ប្រាកដជា​ ​និយាយ​ថា​វា​ជា​របស់​ប្រទេស​ដទៃ​ជាក់ជា​មិនខាន​»​។​ ​ថ្វីត្បិតតែ​ ​គំនូរ​បែប​ឌីជីថល​សហសម័យ​ដែល​មានការ​លាយ​គំនិត​បញ្ចូល​គ្នា​រវាង​ពីរ​សម័យ​ពិតមែនតែ​នេះ​ជា​ចំណី​អារម្មណ៍​ដ៏​ប្លែក​មួយ​សម្រាប់​ស្រទាប់​យុវវ័យ​អាច​ងាយស្រួល​ក្នុង​ការ​កត់ចំណាំ​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ផង​ដែរ​។​

​            គួរ​ជម្រាប​ផង​ដែរ​ថា​ ​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​រ៉េ​ត​វីរៈ​បុត្រ​ ​ត្រូវជា​ព្រះ​ភិនេ​យ្យ​អយ្យកា​ទួត​មួយ​ ​(​ក្មួយជីទួតមួយ​)​ ​នៃ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​អ្នកអង្គម្ចាស់ នរោត្តម​ ​រ៉េ​ត​វីរៈ​បុត្រ​ ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​ ​«​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​នោះ​ ​គឺ​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​អាច​នឹង​យក​វត្ថុ​ក៏ដូចជា​ម៉ូត​សម្លៀកបំពាក់​ដែល​មាន​ក្នុង​សម័យ​បុរាណ​ច្នៃ​ទៅជា​វត្ថុ​ថ្មី​ផ្សេង​មួយទៀត​ដែល​រក្សាទុក​អត្តសញ្ញាណ​ជាតិខ្មែរ​ ​ដើម្បីឲ្យ​ប្រទេស​ដទៃទៀត​ឲ្យបាន​ដឹង​ច្បាស់​ពី​វប្បធម៌​ខ្មែរ​កាន់តែ​ច្រើនជាង​នេះ​ទៅទៀត​»​៕​

​Article​ ​by​ ​PAN​ ​SIVLY​

Image Courtesy: KOSAL



SUGGESTIONS