×

ភូមិ​ម៉ា​យ៉ា​ ​ទីឋាន​លម្ហែ​ស្ងប់ស្ងាត់​នៅ​ជិតបង្កើយ​ក្រុងភ្នំពេញ​ដែល​អ្នក​មិនធ្លាប់​បាន​ស្គាល់​

TRAVEL & LIVING 4 weeks ago
 
 

          មនុស្ស​ច្រើនណាស់​ដែល​មានបំណង​ប្រាថ្នា​ចង់​ស្វែងរក​ទីតាំង​លម្ហែ​កាយ​ដ៏​សុខ​ស្ងប់​ទាំង​ផ្លូវចិត្ត​ទាំង​ផ្លូវកាយ​ ​ចៀស​ផុត​ពី​ការ​រំខាន​ដោយ​សម្លេង​ ​ការ​បំពុល​ដោយ​ផ្សែង​យានយន្ត​ ​និង​ ​រោងចក្រ​សហគ្រាស​នានា​ ​ព្រមទាំង​ភាព​ខ្វាត់ខ្វែង​នៃ​ចរាចរណ៍​ទាំងយប់​ទាំង​ថ្ងៃ​ដែល​សុទ្ធសឹង​ជា​កត្តា​នាំទៅរក​ភាព​តប់ប្រមល់​ផ្លូវចិត្ត​ ​និង​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​។​ ​នៅពេល​ដែល​យើង​នាំគ្នា​គិត​មធ្យោបាយ​គេច​ចេញពី​បញ្ហា​ទាំងអស់​នេះ​ ​មនុស្ស​ភាគច្រើន​តែងតែ​គិតដល់​ការស្វែងរក​កន្លែង​ឆ្ងាយ​ដាច់ស្រយាល​នៅ​តាម​បណ្តា​ខេត្ត​ជាក់ជា​មិនខាន​ដើម្បី​បន្ធូរ​អារម្មណ៍​ឲ្យ​ស្រស់ស្រាយ​ឡើងវិញ​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពួក​យើង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ ​ឬ​ ​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ទៅកាន់​ទីកន្លែង​ទាំងនោះ​។​ ​ហេតុនេះ​ហើយ​ ​យើង​គួរ​ងាក​មកស​ម្លឹង​មើល​ទីកន្លែង​ដែល​នៅ​ជិ​តៗ​ទីក្រុង​ ​ប៉ុន្តែ​មាន​បរិយាកាស​ល្អ​ប្រសើរ​ ​និង​ ​សក្តា​នុ​ពល​ទាក់ទាញ​ច្រើន​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​ខ្លី​ ​ដែល​ធ្វើឲ្យ​យើង​ចំណេញ​ទាំង​ពេលវេលា​ ​ចំណេញ​ទាំង​កម្លាំងកាយ​ ​និង​ ​ធនធាន​ថវិកា​ផង​ដែរ​។​ ​តោះ​!​ ​មក​ស្គាល់​កន្លែង​លម្ហែ​កាយ​ថ្មី​មួយ​ដែល​ទើបនឹង​រះ​ឡើង​កណ្តាល​ភូមិ​អរិយក្សត្រ​ ​ត្រើយម្ខាង​ក្រុងភ្នំពេញ​ ​ដែល​សំបូរ​អ្នកដំណើរ​ឆ្លងកាត់​ ​ប៉ុន្តែ​មិនសូវ​ស្គាល់​ ​ដោយសារ​វា​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ចំការ​ផលានុផល​ដ៏​ធំ​ល្វឹងល្វើយ​ ​ប្រៀប​បាន​នឹង​បុប្ផា​ជាយក្រុង​មួយ​ទង​ដែល​កំពុង​រីក​បាំង​សន្លឹក​តែ​ចោល​ក្លិន​ឈ្ងុយឈ្ងប់​ជ្រួតជ្រាប​នាសា​ទេសចរ​ផ្សងព្រេង​។​

          ​អរិយក្សត្រ​ជា​ទឹកដី​ប្រវត្តិ​សាស្រ្ត​ដ៏​ចំណាស់​ដែល​មាន​ចារ​ក្នុង​ឯកសារ​មហាបុរស​រដ្ឋ​ ​និង​ ​សៀវភៅ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​។​ ​ត្រង់​ចំណុច​វត្ត​អរិយក្សត្រ​សព្វថ្ងៃ​ជា​កន្លែង​ជ័យភូមិ​ដែល​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ ​សោយរាជ្យ​ចន្លោះ​ពី​គ.ស​.​ ​១៦០១​ ​ដល់​ ​គ.ស​.​១៦១៨​ ​(​ក្នុង​សតវត្សរ៍​ទី១៧​)​ ​ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​សង់​ព្រះរាជវាំង​ ​ហើយ​គ្រងរាជ្យ​នៅ​ទីនោះ​ពី​គ.ស​.​១៦០៣​ ​និង​ ​គ.ស​.​១៦១៣​។​ ​ក្រោយ​ព្រះរាជបុត្រ​ទ្រង់ព្រះ​នាម​ ​ព្រះបាទ​ជ័យជេដ្ឋាទី២​ ​ឡើង​សោយរាជ្យ​បន្ត​ក្នុង​ ​គ.ស​.​ ​១៦១៨​ ​ព្រះស្រី​សុរិយោ​ពណ៌​គង់នៅ​ជា​ឧភយោរាជ​រហូត​សោយទិវង្គត​នៅ​ព្រះរាជវាំង​នោះ​ក្នុង​ព្រះជន្មាយុ​ ​៦៤​ ​ព្រះវស្សា​។​ ​ក្រោយមក​ ​ក្នុង​ ​គ.ស​.​ ​១៦២០​ ​ព្រះបាទ​ជ័យជេដ្ឋាទី២​ ​ក៏​បោះបង់​រាជវាំង​ល្វាឯម​មក​តាំង​រាជធានី​ថ្មី​នៅ​ក្រុង​ឧដុង្គ​ ​ប៉ុន្តែ​ទីនោះ​នៅ​ជាប់​ឈ្មោះថា​ ​អរិយក្សត្រ​ ​(​មានន័យថា​ ​ស្តេច​ដ៏​ប្រសើរ​)​ ​រហូតមកដល់​សព្វថ្ងៃ​។​ ​ប៉ុន្តែ​លុះដល់​ចំណេរ​កាល​សតវត្សរ៍​ទី២១ថ្មីនេះ​ ​អតីត​រាជធានី​អរិយក្សត្រ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​កែប្រែ​មុខមាត់​ក្លាយជា​អរិយ​ដ្ឋាន​សម្រាប់​អ្នកដំណើរ​ជិត​ឆ្ងាយ​។​

          ​ផ្ទះ​ស្នាក់​ភូមិ​ម៉ា​យ៉ា​ ​ឬ​ ​Maya​ ​Village​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អរិយក្សត្រ​ ​ឃុំ​អរិយក្សត្រ​ ​ស្រុក​ល្វាឯម​ ​ខេត្តកណ្តាល​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ២គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កំពង់ចម្លង​អរិយក្សត្រ​។​ ​ដើម្បី​ទៅដល់​ទីតាំង​នេះ​ ​អ្នកដំណើរ​ត្រូវ​ឆ្លង​សាឡាង​ពី​ភ្នំពេញ​ត្រង់​ចំណុច​គល់​ស្ពាន​កោះ​ពេជ្រ​ជិត​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ឆ្ពោះទៅ​កាន់​ឃុំ​អរិយក្សត្រ​ឯ​ត្រើយម្ខាង​ ​រួច​បន្តដំណើរ​ទៅត្រង់​កាត់តាម​ផ្សារ​ហនុមាន​អរិយក្សត្រ​ទៅដល់​ចំណុច​វត្ត​សុវណ្ណ​សាគរ​ ​ហើយ​បន្ត​ទៅមុខ​ត្រង់​បន្តិច​ទើប​ឃើញ​ផ្លូវលំ​តូច​មួយ​នៅ​ខាងស្តាំ​ដៃ​របស់​អ្នក​ដែល​មាន​ស្លាក​សញ្ញា​ ​Maya’s​ ​Garden​ ​ជា​សម្គាល់​។​ ​លោកអ្នក​ត្រូវ​បត់​តាមផ្លូវ​ ​Maya’s​ ​Garden​ ​នោះ​ប្រមាណ៩០០ម៉ែត្រ​ទើប​ឃើញ​ទ្វារ​របង​ប្ញស្សី​មួយ​នៅ​ខាងឆ្វេង​ដៃ​ ​នោះ​ហើយ​ជាទី​តាំង​សម្រាក​លម្ហែ​ភូមិ ម៉ា​យ៉ា​ ​ឬ​ជា​ភាសាឡាតាំង​ហៅថា​ ​Maya​ ​Village​។​

         ​ភូមិ​ម៉ា​យ៉ា​ជា​តំបន់​ដី​ទំនាប​ជិត​ដីស​ណ្ត​មាត់ទន្លេ​មេគង្គ​ដែល​ជា​ភូមិ​សាស្រ្ត​អំណោយផល​ល្អ​ដល់​​ ​វិស័យ​កសិកម្ម​។​ ​ដូចនេះ​ហើយ​ ​ទើប​យើង​សង្កេតឃើញ​ថា​ ​នៅ​ជុំវិញ​ផ្ទះ​លម្ហែ​ភូមិ​ម៉ា​យ៉ា​សុទ្ធសឹងតែ​ចំការ​ស្វាយ​ ​និង​ ​ដំ​ណាំ​ថ្លែ​ឈើ​ហូប​ផ្លែ​ចោល​ម្លប់​ត្រឈឹងត្រឈៃ​ស្ងប់ស្ងាត់​ត្រជាក់​ត្រជុំ​រមនា​ខុសប្លែក​ពី​តំបន់​ទីក្រុង​ដាច់​ស្រឡះ​ហៅ​មិនឮ​។​ ​ស្ថិត​ក្នុង​បរិវេណ​ដីចំការ​ភូមិ​ដែល​មាន​ទំហំ​ជិត​មួយ​ហិ​ក​តា​ ​ផ្ទះ​លម្ហែ​បែប​ប្រពៃណី​ចាស់​ៗ​ចំនួន០៤ធំៗ​ត្រូវ​បាន​រុះរើ​យក​មក​ពី​តំបន់​ផ្សេង​ៗ​នៃ​ប្រទេស​កម្ពុជា​មក​ប្រមូល​ផ្តុំគ្នា​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរ​ដែល​មក​ស្នាក់នៅ​ ​ក្នុង​នោះ​រួមមាន​ ​តំបន់​ទួលគោក​ ​និង​ ​តំបន់​គីឡូម៉ែត្រ​លេខ៨​ ​(​រាជធានី​ភ្នំពេញ​)​ ​ស្រុក​បរិបូណ៍​ ​ខេត្ត​កំពង់ឆ្នាំង​ ​និង​ ​តំបន់​គគីរ​កៀនស្វាយ​ ​ខេត្តកណ្តាល​។​ ​ផ្ទះ​នី​មួយ​ៗ​សុទ្ធសឹងតែ​សង់​អំពី​ឈើ​តាម​ក្បួនខ្នាត​ស្ថាបត្យកម្ម​លំនៅ​ស្ថាន​ប្រពៃណី​ខ្មែរ​ពី​បុរាណ​ ​ហើយ​ម្ចាស់ផ្ទះ​ដើម​នៃ​ផ្ទះ​ទាំង៤នោះ​ក៏​មាន​តំណែង​ឋានៈ​ផ្សេង​ៗ​គ្នា​ដែរ​កាលពី​ជំនាន់​មុន​ ​ដែល​ជាហេតុ​បណ្តាល​ឲ្យ​ផ្ទះ​នី​មួយ​ៗ​មាន​រចនាបថ​ជាក់លាក់​ប្លែក​ទីទៃ​ពីគ្នា​។​

          ជាក់ស្តែង​ ​ផ្ទះ​មួយ​ក្នុងចំណោម​ផ្ទះ​ទាំង៤នោះ​ ​គឺ​ផ្ទះ​ទីបី​ដ៏​ធំ​ស្កឹមស្កៃ​ដែល​យើង​ឃើញ​រាប់​ពី​ទ្វារ​ចូល​នោះ​ ​ជា​អតីត​ផ្ទះ​អ្នកជំនួញ​ស្តុកស្តម្ភ​កាត់​សែ​ស្រ​លាយ​ចិន​ម្នាក់​នៅ​ភ្នំពេញ​ដែល​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ១៩៦១​ ​ហើយ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ១៩៦៣​។​ ​បើ​វិភាគ​អំពី​រចនាបថ​ស្ថាបត្យកម្ម​ ​ផ្ទះ​នេះ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ផ្ទះកន្តាំង​ ​(​ក្លាយ​)​ ​ដំបូល​ក្រពើ​ហា​ដែល​កម្រ​បានឃើញ​ក្នុង​ប្រទេស​កម្ពុជា​សម័យបច្ចុប្បន្ន​។​ ​ផ្ទះ​នេះ​សង់​ខ្ពស់ស្រឡះ​ផុត​ពី​ដី​ទ្រដោយ​សសរ​បេតុង​អារ​មេ​។​ ​នៅ​ខាងក្រោម​ផ្ទះ​មាន​កង់​ដាក់​តម្រៀបជួរ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ជិះ​លេងកម្សាន្ត​ក្នុង​បរិវេណ​ផ្ទះ​លម្ហែ​ ​ឬ​ ​ជិះ​គយគន់​ទេសភាព​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកភូមិ​អរិយក្សត្រ​ដែល​រស់នៅ​ក្បែរ​ទីតាំង​នេះ​។​ ​នៅ​លើ​ផ្ទះ​ ​មាន​ល្វែង​កណ្តាល​ធំ​ទូលាយ​ជា​វាលលំហ​ដែល​អាច​ប្រើប្រាស់​ជា​កន្លែង​អង្គុយលេង​ ​ជា​កន្លែង​ទទួលភ្ញៀវ​ ​និង​ ​ជា​កន្លែង​ប្រជុំ​ការងារ​ក្រុម​ផ្សេង​ៗ​ ​តាម​តម្រូវការ​របស់​ភ្ញៀវ​។​ ​នៅ​កណ្តាល​ផ្ទះ​ ​មានការ​រៀបចំ​ជា​សាឡុង​អង្គុយ​យ៉ាង​សមរម្យ​ ​លម្អ​ដោយ​អំពូលភ្លើង​ដែល​មាន​ក្បាច់រចនា​ល្អ​វិចិត្រ​ចោល​ពន្លឺ​ក្រហម​ស្រទន់​សមស្រប​តាម​បរិយាកាស​ជុំវិញ​ឥត​ខ្ចោះ​ ​និង​ ​មាន​សៀវភៅ​ជាច្រើន​ដាក់​តាំង​សម្រាប់​អាន​លម្ហែ​អារម្មណ៍​ពេល​អង្គុយលេង​ផង​ដែរ​។​ ​

         ​ក្រៅពី​កន្លែង​ទទួលភ្ញៀវ​ ​នៅ​មានផ្ទះ​បាយ​កណ្តាល​វាល​ដែល​មាន​ខ្យល់អាកាស​ចេញចូល​ល្អ​ ​អាច​ឲ្យ​ភ្ញៀវ​ចម្អិន​អាហារ​បរិភោគ​ដោយខ្លួនឯង​បាន​យ៉ាង​សប្បាយ​។​ ​ប៉ុន្តែ​ភ្ញៀវ​ក៏អាច​ស្នើ​ឲ្យ​ម្ចាស់ផ្ទះ​រៀបចំ​សេវាកម្ម​បម្រើ​ម្ហូបអាហារ​បាន​ដែរ​ ​ក្នុងករណី​ចាំបាច់​ ​ដូចជា​ ​កម្មវិធី​ប្រជុំ​ ​សិក្ខាសាលា​ ​ឬ​ ​ការកម្សាន្ត​នៅ​ទីនេះ​រយៈពេល​ខ្លី​។​ ​បើ​និយាយ​ពី​ម្ហូប​វិញ​នោះ​ ​ផ្ទះ​លម្ហែ​ភូមិ​ម៉ា​យ៉ា​ពុំ​មាន​ជា​បញ្ជីរាយនាម​មុខម្ហូប​សម្រាប់​ភ្ញៀវ​កុម្ម៉ង់​ជាប្រចាំ​នោះ​ទេ​ ​ព្រោះថា​ម្ចាស់ផ្ទះ​តែងតែ​ចេញទៅ​ផ្សារ​ក្រមួន​ក្នុង​ភូមិ​ជា​រៀងរាល់​ព្រឹក​ដើម្បី​រកមើល​បន្លែ​ត្រី​សាច់​ស្រស់​ដែល​អ្នកភូមិ​រកបាន​យក​មក​ដាក់​លក់​បន្តិចបន្តួច​ ​ដូចនេះ​មានន័យថា​ ​បើ​ទៅ​ផ្សារ​រក​ទិញ​បានអ្វី​ ​នោះ​គេ​នឹង​យក​វា​មក​ចម្អិន​ជាមុ​ខ​ម្ហូប​ឲ្យ​ភ្ញៀវ​ទទួលទាន​តែម្តង​។​ ​ម្ហូប​បែប​ខ្មែរ​ជនបទ​ស្រុកស្រែ​ចំការ​ដែល​ម៉ា​យ៉ា​ធ្លាប់​រៀបចំ​ជូន​ភ្ញៀវ​ដែល​បាន​មកដល់​រួមមាន​ជាអាទិ៍​ ​ដូចជា​ ​ទឹកគ្រឿង​អន្លក់​ខ្ចី​ ​ហហ្មុក​សាច់​ត្រី​ ​បបរ​ត្រី​ស្រែ​ ​បាញ់ហយ​ ​ឬ​ បាញ់​ឆែវ​បន្លែ​ធម្មជាតិ​ ​សម្ល​ផ្សិត​ ​សម្លម្ជូរ​ដើមចេក​ត្រី​ជញ្ជាត់​ ​និង​ ​បង្អែម​ផ្លែឈើ​ស្រស់​។​ល​។​ ​

         ផ្ទះ​នី​មួយ​ៗ​មាន​បន្ទប់គេង​ចំនួន​ពីរ​ ​លើកលែងតែ​ផ្ទះ​ដែល​បាន​រៀបរាប់​ខាងលើ​ដែល​មាន​បន្ទប់គេង​រហូតដល់​ទៅ​បី​។​ ​បន្ទប់គេង​ទាំងនោះ​ត្រូវ​បាន​រៀបចំ​តុបតែង​បែប​សាមញ្ញ​តែ​ស្រស់​ស្អាត​គួរឲ្យ​ចង់​ស្នាក់នៅ​ជា​ពន់ពេក​ ​ជាពិសេស​គឺ​ដូចដែល​យើង​ដឹង​ស្រាប់ហើយ​ថា​ ​បន្ទប់គេង​ផ្ទះ​ប្រពៃណី​ខ្មែរយើង​មាន​បង្អួច​ធំ​ស្រឡះ​ ​មាន​ពន្លឺ​និង​ខ្យល់​គ្រប់គ្រាន់​ ​មិន​ចាំបាច់​ប្រើ​ម៉ាស៊ីន​ត្រជាក់​ដូច​អគារ​ខុន​ដូ​ ​ឬ​ ​ផ្ទះល្វែង​នៅ​កណ្តាល​ ​ក្រុង​ឡើយ​។​ ​រី​ឯ​បន្ទប់​វិញ​ក៏​មាន​លក្ខណៈ​ធំ​ទូលាយ​ហើយ​ត្រូវ​បាន​សាងសង់​តាម​ក្បួនខ្នាត​បច្ចេកទេស​បុរាណ​លាយស​ម័យ​ដែល​ផុស​ចេញពី​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មី​របស់​អ្នកនាង​ ​ម៉ា​យ៉ា​ ​ដែល​ជា​ម្ចាស់​គម្រោង​ផ្ទះ​លម្ហែ​ភូមិ​ ​ម៉ា​យ៉ា​នេះ​ផ្ទាល់​តែម្តង​។​ ​ជាក់ស្តែង​ ​បើ​មើល​ពី​ខាងក្រៅ​ ​បន្ទប់ទឹក​ហាក់ដូចជា​បន្ទប់គេង​មួយ​នៃ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ​ ​ប៉ុន្តែ​នៅពេល​ដែល​លោកអ្នក​បើកទ្វារ​ចូល​ទៅ​ខាងក្នុង​ភ្លាម​ ​លោកអ្នក​ច្បាស់ជា​ភ្ញាក់ផ្អើល​លាន់មាត់​ជាក់ជា​មិនខាន​ ​ព្រោះ​នៅ​ខាងក្នុង​បំពាក់​ទៅ​ដោយ​សម្ភារ​បរិក្ខារ​បន្ទប់ទឹក​ទំនើប​មិនចាញ់​សណ្ឋាគារ​ផ្កាយ៥ប៉ុន្មាន​ទេ​ ​គួបផ្សំ​នឹង​ជំនាញ​តុបតែង​លម្អ​ផ្សារភ្ជាប់​នឹង​វត្ថុ​សិល្បៈ​បែប​ធម្មជាតិ​មួយចំនួន​ ​ដូចជា​ ​សំបក​សិប្បីសត្វ​មាន​សណ្ឋាន​ប្លែក​ៗ​ដែល​រើស​បាន​នៅ​តំបន់​មាត់សមុទ្រ​ ​ជាដើម​។​ ​

         ​អ្វី​ដែល​សំខាន់​គឺ​ ​បន្ទប់ទឹក​សង់​ពី​បេតុង​អារ​មេ​ ​ប៉ុន្តែ​សង់​លើ​សំណង់ផ្ទះ​ឈើ​ដែល​មាន​វ័យ​ចំណាស់​ ​ដែល​អាច​ចាត់ទុកថា​ជា​គំនិត​ស្ថាបត្យកម្ម​កម្រ​មិន​ងាយ​ធ្វើ​បាន​ ​ព្រោះ​ជាទូទៅ​ ​ចំពោះ​ផ្ទះ​ឈើ​ប្រពៃណី​សង់​ផុត​ពី​ដី​បែបនេះ​ ​គេ​ច្រើន​និយម​សង់​បន្ទប់ទឹក​នៅ​ផ្ទាល់​ដី​ ​ដាច់ដោយឡែក​ពី​ផ្ទះ​ធំ​ ​ឬ​ ​នៅ​ខាងក្រោម​ផ្ទះ​។​ ​បើ​គេ​ធ្វើ​នៅ​លើ​ផ្ទះ​ ​គេ​និយម​ធ្វើ​បន្ទប់ទឹក​ពី​ក្តារ​ឈើ​ដូចគ្នា​ ​ឬ​ ​ជា​ប្រភេទ​ក្តារ​កុង​ប្លា​កេស្​រាល​ៗ​យក​មក​ឃាំង​ខណ្ឌ​បិទបាំង​តែប៉ុណ្ណោះ​។​ ​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ​ៗ​នៃ​សំណង់​ស្ថាបត្យកម្ម​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ក្នុង​ភូមិ​លម្ហែ​ម៉ា​យ៉ា​តែ​បុ​ណ្ណោះ​ ​ប៉ុន្តែ​តាមពិត​ទីនេះ​មាន​អ្វី​ជាច្រើន​ទៀត​ដែល​អាច​ឆក់​ស្រូប​ដួងចិត្ត​អ្នកទេសចរ​ឲ្យ​មក​ម្តង​ហើយ​ចង់​មក​ម្តង​ទៀត​មិន​ចេះ​ជិនណាយ​។​ ​សូ​វរីន​សូម​ណែនាំ​ថា​ ​ប្រសិនបើ​បាន​ទៅ​លម្ហែ​នៅ​ភូមិ​ម៉ា​យ៉ា​ ​សូមកុំ​ភ្លេច​ដើរ​ផ្សារ​ក្រមួន​ ​រៀន​ធ្វើម្ហូប​បែប​អ្នកស្រុក​ ​និង​ ​ជួយ​គាំទ្រ​ផលិតផល​សិប្បកម្ម​សម្ភារៈ​តម្បាញ​បែប​ប្រពៃណី​ខ្មែរ​ដែល​ដាក់​តាំង​លក់​នៅ​ទីនោះ​ផង​ ​ប៉ុន្តែ​ជាទូទៅ​ ​លោកអ្នក​ត្រូវ​កុម្ម៉ង់​ទុកជាមុន​ ​ព្រោះ​នៅ​ទីនោះ​មិន​មាន​ធ្វើ​ស្តុក​ទុក​លក់​ច្រើន​ដូច​តាម​ហាង​ធំៗ​នោះ​ទេ​៕​ ​

Article by SRIN SOKMEAN




SUGGESTIONS