×

អនុស្សាវរីយ៍​កម្ពុជា​-​សាធារណរដ្ឋ​ឆេក៦៣ឆ្នាំ​ ​តាមរយៈ​កម្រង​រូបថត​ជាង៣០សន្លឹក​

NEWS 5 years ago
 
 

          ​«​ចំណងមិត្តភាព​តាមពេលវេលា​»​ ​ជា​ចំណងជើង​ពិព័រណ៍​រូបថត​ឯកសារ​ប្រវត្តិ​សាស្រ្ត​ផ្នែកការ​ទូត​ដ៏​យូរអង្វែង​រវាង​សាធារណរដ្ឋ​ឆេក​ ​(​អតីត​ប្រទេស​ឆេកូស្លូវ៉ាគី​)​ ​និង​ ​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ១៩៥៦​ ​រហូត​សម័យ​បច្ចុប្បន្ន​ ​ឆ្លងកាត់​រជ្ជកាល​ព្រះបាទ​នរោត្តម​សុ​រា​ម្រិ​ត​ ​និង​ ​ព្រះ​មហាក្សត្រី​យា​នី​ស៊ីសុវត្ថិ​មុនីវង្ស​ ​នារី​រត​ន៍​សិរី​វឌ្ឍនា​ ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ​ដឹកនាំ​ដោយ​សម្តេច​ ​ហេង​ ​សំ​រិន​ ​ព្រះបាទ​នរោត្តម​សីហនុ​ ​ដល់​រជ្ជកាល​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សីហ​មុនី​ ​អស់​រយៈពេល៦៣ឆ្នាំ​គិត​មកដល់​សព្វថ្ងៃ​។​ ​ស្ថិត​ក្នុង​បន្ទប់​ពិព័រណ៍​នៃ​សារមន្ទីរ​ជាតិ​ ​ពន្លឺភ្លើង​ដ៏​ស្រាល​ស្រទន់​បាន​ចាំង​ឆ្លុះ​កម្រង​រូបថត​ឯកសារ​សំ​ខាន់​ៗ​ពីអ​តី​ត​កាល​ចំនួន​ជាង៣០រូប​ដែល​ដាក់​តាំង​ព្យួរ​យ៉ាង​មាន​របៀបរៀបរយ​ពាសពេញ​ជញ្ជាំង​ទាំង៤ទិស​នៃ​អគារ​។​ ​

          ​រូបថត​ចំណាស់​បំផុត​ត្រូវ​បាន​ដាក់​តាំងនៅ​ខាងឆ្វេង​បំផុត​នៃ​ទ្វារ​ចូល​សាល​ពិព័រណ៍​ឆ្លុះបញ្ចាំង​អំពី​ចំណង​ការទូត​ជាលើកដំបូង​រវាង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឆេកូស្លូវ៉ាគី​និង​ព្រះបាទ​នរោត្តម​សុ​រា​ម្រិ​ត​ក្នុង​ឆ្នាំ១៩៥៦​។​ ​បន្ទាប់ពី​នោះ​មក​ ​រូបថត​ជាច្រើន​ផ្ទាំង​ទៀត​ស្ថិតនៅ​លើ​ជញ្ជាំង​ដដែល​បាន​បង្ហាញ​អំពី​ព្រះរាជវង្សានុវង្ស​ខ្មែរ​ជាមួយនឹង​ថ្នាក់ដឹកនាំ​ប្រទេស​ឆេកូស្លូវ៉ាគី​ ​ដែល​ក្នុង​នោះ​រួមមាន​ជាអាទិ៍​ ​រូបថត​ឯកអគ្គ​រដ្ឋទូត​ឆេកូស្លូវ៉ាគី​ថ្វាយ​សារតាំង​ជូន​ព្រះបាទ​នរោត្តម​សុ​រា​ម្រិ​ត​នៅ​ព្រះបរមរាជវាំង​ ​(​១៩៥៧​)​,​ ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​សីហនុ​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី​ ​(​១៩៦០​)​,​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​នៃ​ប្រទេស​ឆេកូស្លូវ៉ាគី​ទៅកាន់​ខេត្ត​កំពង់ចាម​ ​(​១៩៦៣​)​ ​និង​ ​សម្តេច​នរោត្តម​សីហនុ​ជាមួយ​ ​ក្រុមរបាំ​ព្រះរាជទ្រព្យ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ប្រទេស​ឆេកូស្លូវ៉ាគី​នៅ​អង្គរវត្ត​ ​(​១៩៦៣​)​ ​ជាដើម​។​

          ដោយឡែក​នៅ​ខាងស្តាំ​ ​ភាគច្រើន​ជា​កម្រង​រូបថត​ឯកសារ​ទិដ្ឋភាព​នៃ​រដ្ឋធានី​ភ្នំពេញ​ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ដួល​រលំ​ ​គឺ​ថត​ដោយ​លោក​ ​ហ៊ី​ណេ​ក​ ​ហ្លា​ឌី​ក​ ​(​Hynek​ ​Hladik​)​ ​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​វិស្វកម្ម​ព្រៃឈើ​ពី​មហាវិទ្យាល័យ​ព្រៃឈើ​នៃ​សាកល​វិទ្យាល័យ​កសិកម្ម​នៅ​ទីក្រុង​ប្រា​ណូ​ក្នុងអំឡុងពេល​ដែល​លោក​កំពុង​ចូលរួម​បេសកកម្ម​ជំនាញការ​នៅ​កម្ពុជា​ក្នុង​វិស័យ​ព្រៃឈើ​ ​និង​ ​កែច្នៃ​ឈើ​ ​ក្នុង​ឆ្នាំ១៩៨៣​ ​តាមរយៈ​រូបភាព​កិច្ច​សហប្រតិបត្តិ​ការ​ឆេកូស្លូវ៉ាគី​-​កម្ពុជា​។​ ​ឯ​រូប​មួយចំនួន​ទៀត​ដែល​ស្ថិតនៅ​ខាងស្តាំ​បំផុត​សុទ្ធសឹង​ជា​រូបថត​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗ​ចន្លោះ​ពី​ទសវត្សរ៍​ទី៩០ដល់​សម័យ​បច្ចុប្បន្ន​។​ ​

          ​«​យើង​ផ្តោត​ទៅលើ​ការ​ជ្រើសរើស​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​សំ​ខាន់​ៗ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​នយោបាយ​ ​សេដ្ឋកិច្ច​ ​និង​វប្បធម៌​ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​ចំណង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​ ​សមុច្ច័យ​រូបថត​ដែល​បាន​ផ្តល់​ឲ្យ​ ​(​ក្នុង​ពិ​ព័រ​ណ័​នេះ​)​ ​បាន​ជា​ចំបង​មក​ពី​បណ្ណា​សារ​ដ្ឋាន​ខុទ្ទកាល័យ​ប្រធានា​ ​ធិបតី​នៃ​សាធារណរដ្ឋ​ឆេក​,​ ​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ឆេក​ ​និង​ទីភ្នាក់ងារ​សារព័ត៌មាន​សារ​ធារ​ណ​រដ្ឋ​ឆេក​ ​»​ ​ឯកឧត្តម​ ​វ៉្លា​ទី​មីល​ ​តេ​សា​ ​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឆេក​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ថ្លែង​ក្នុង​ឱកាស​សម្ពោធន៍​ពិព័រណ៍​ខាងលើ​។​ ​ឯកឧត្តម​បាន​បន្ថែម​ថា​ ​ពិព័រណ៍​នេះ​ជា​កញ្ចក់​ឲ្យ​យើង​ឆ្លុះបញ្ចាំង​ពីអ​តី​ត​កាល​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​អតីតកាល​គឺ​គ្រាន់តែ​ជា​យាន​ចម្លង​យើង​ទៅកាន់​អនាគត​ដែល​យើង​ប្រាថ្នា​ចង់បាន​។​ ​ជាពិសេស​ ​ឯកឧត្តម​និង​ជនជាតិ​ឆេក​ទាំងឡាយ​ដែល​កំពុង​ស្នាក់នៅ​និង​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា​សុទ្ធតែ​ទទួលស្គាល់​ថា​ ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តំណាង​ប្រជាជន​រួសរាយ​រាក់ទាក់​។​ ​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពិព័រណ៍​ ​«​ចំណងមិត្តភាព​តាមពេលវេលា​»​ ​បើក​ជូន​សាធារណជន​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​នៅ​សារមន្ទីរ​ជាតិ​រយៈពេល១៥ថ្ងៃ​ ​គឺ​ចាប់តាំងពី​ថ្ងៃទី១៧​ ​ខែតុលា​ ​រហូតដល់​ថ្ងៃទី៣១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​។​ ​ពិព័រណ៍​នេះ​រៀបចំឡើង​ដោយ​ ​ស្ថានទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ ​សហការ​ជាមួយ​នាយកដ្ឋាន​សារមន្ទីរ​ ​ក្រោម​កិច្ច​គាំទ្រ​ពី​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​ហើយ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS