«ចំណងមិត្តភាពតាមពេលវេលា» ជាចំណងជើងពិព័រណ៍រូបថតឯកសារប្រវត្តិសាស្រ្តផ្នែកការទូតដ៏យូរអង្វែងរវាងសាធារណរដ្ឋឆេក (អតីតប្រទេសឆេកូស្លូវ៉ាគី) និង ព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៥៦ រហូតសម័យបច្ចុប្បន្ន ឆ្លងកាត់រជ្ជកាលព្រះបាទនរោត្តមសុរាម្រិត និង ព្រះមហាក្សត្រីយានីស៊ីសុវត្ថិមុនីវង្ស នារីរតន៍សិរីវឌ្ឍនា សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន ព្រះបាទនរោត្តមសីហនុ ដល់រជ្ជកាលព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី អស់រយៈពេល៦៣ឆ្នាំគិតមកដល់សព្វថ្ងៃ។ ស្ថិតក្នុងបន្ទប់ពិព័រណ៍នៃសារមន្ទីរជាតិ ពន្លឺភ្លើងដ៏ស្រាលស្រទន់បានចាំងឆ្លុះកម្រងរូបថតឯកសារសំខាន់ៗពីអតីតកាលចំនួនជាង៣០រូបដែលដាក់តាំងព្យួរយ៉ាងមានរបៀបរៀបរយពាសពេញជញ្ជាំងទាំង៤ទិសនៃអគារ។
រូបថតចំណាស់បំផុតត្រូវបានដាក់តាំងនៅខាងឆ្វេងបំផុតនៃទ្វារចូលសាលពិព័រណ៍ឆ្លុះបញ្ចាំងអំពីចំណងការទូតជាលើកដំបូងរវាងប្រធានាធិបតីនៃសាធារណរដ្ឋឆេកូស្លូវ៉ាគីនិងព្រះបាទនរោត្តមសុរាម្រិតក្នុងឆ្នាំ១៩៥៦។ បន្ទាប់ពីនោះមក រូបថតជាច្រើនផ្ទាំងទៀតស្ថិតនៅលើជញ្ជាំងដដែលបានបង្ហាញអំពីព្រះរាជវង្សានុវង្សខ្មែរជាមួយនឹងថ្នាក់ដឹកនាំប្រទេសឆេកូស្លូវ៉ាគី ដែលក្នុងនោះរួមមានជាអាទិ៍ រូបថតឯកអគ្គរដ្ឋទូតឆេកូស្លូវ៉ាគីថ្វាយសារតាំងជូនព្រះបាទនរោត្តមសុរាម្រិតនៅព្រះបរមរាជវាំង (១៩៥៧), ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់នរោត្តមសីហនុនៅប្រទេសឆេកូស្លូវ៉ាគី (១៩៦០), ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៃប្រទេសឆេកូស្លូវ៉ាគីទៅកាន់ខេត្តកំពង់ចាម (១៩៦៣) និង សម្តេចនរោត្តមសីហនុជាមួយ ក្រុមរបាំព្រះរាជទ្រព្យក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប្រទេសឆេកូស្លូវ៉ាគីនៅអង្គរវត្ត (១៩៦៣) ជាដើម។
ដោយឡែកនៅខាងស្តាំ ភាគច្រើនជាកម្រងរូបថតឯកសារទិដ្ឋភាពនៃរដ្ឋធានីភ្នំពេញក្រោយរបបប្រល័យពូជសាសន៍ដួលរលំ គឺថតដោយលោក ហ៊ីណេក ហ្លាឌីក (Hynek Hladik) និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មព្រៃឈើពីមហាវិទ្យាល័យព្រៃឈើនៃសាកលវិទ្យាល័យកសិកម្មនៅទីក្រុងប្រាណូក្នុងអំឡុងពេលដែលលោកកំពុងចូលរួមបេសកកម្មជំនាញការនៅកម្ពុជាក្នុងវិស័យព្រៃឈើ និង កែច្នៃឈើ ក្នុងឆ្នាំ១៩៨៣ តាមរយៈរូបភាពកិច្ចសហប្រតិបត្តិការឆេកូស្លូវ៉ាគី-កម្ពុជា។ ឯរូបមួយចំនួនទៀតដែលស្ថិតនៅខាងស្តាំបំផុតសុទ្ធសឹងជារូបថតកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗចន្លោះពីទសវត្សរ៍ទី៩០ដល់សម័យបច្ចុប្បន្ន។
«យើងផ្តោតទៅលើការជ្រើសរើសចំណុចគួរឲ្យចាប់អារម្មណ៍សំខាន់ៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះចំណងទ្វេភាគីរវាងប្រទេសទាំងពីរ។ សមុច្ច័យរូបថតដែលបានផ្តល់ឲ្យ (ក្នុងពិព័រណ័នេះ) បានជាចំបងមកពីបណ្ណាសារដ្ឋានខុទ្ទកាល័យប្រធានា ធិបតីនៃសាធារណរដ្ឋឆេក, ក្រសួងការបរទេសនៃសាធារណរដ្ឋឆេក និងទីភ្នាក់ងារសារព័ត៌មានសារធារណរដ្ឋឆេក » ឯកឧត្តម វ៉្លាទីមីល តេសា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងឱកាសសម្ពោធន៍ពិព័រណ៍ខាងលើ។ ឯកឧត្តមបានបន្ថែមថា ពិព័រណ៍នេះជាកញ្ចក់ឲ្យយើងឆ្លុះបញ្ចាំងពីអតីតកាល។ ទោះបីជាយ៉ាងណាក៏ដោយ អតីតកាលគឺគ្រាន់តែជាយានចម្លងយើងទៅកាន់អនាគតដែលយើងប្រាថ្នាចង់បាន។ ជាពិសេស ឯកឧត្តមនិងជនជាតិឆេកទាំងឡាយដែលកំពុងស្នាក់នៅនិងបំពេញការងារនៅប្រទេសកម្ពុជាសុទ្ធតែទទួលស្គាល់ថា ប្រទេសកម្ពុជាគឺជាប្រទេសតំណាងប្រជាជនរួសរាយរាក់ទាក់។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ «ចំណងមិត្តភាពតាមពេលវេលា» បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃនៅសារមន្ទីរជាតិរយៈពេល១៥ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។ ពិព័រណ៍នេះរៀបចំឡើងដោយ ស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅទីក្រុងភ្នំពេញ សហការជាមួយនាយកដ្ឋានសារមន្ទីរ ក្រោមកិច្ចគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
Article by SRIN SOKMEAN