×

កូដ​កុំព្យូទ័រ​ អាច​ចាប់ផ្តើម​ពី​កុមារ​អាយុ​ ៨ ឆ្នាំ​ មិន​ទាល់តែដល់​មហាវិទ្យាល័យ​នោះ​ទេ

NEWS 4 weeks ago
 
 

          នៅក្នុង​បរិបទ​ពិភពលោក​ដែល​កំពុងតែ​រីកចម្រើន​ក្នុង​វិស័យ​ឌីជីថល​ដូចសព្វថ្ងៃ​នេះ​ បច្ចេកវិទ្យា​ចាប់ផ្ដើម​ជ្រាបចូល​ជំនួស​ការងារ​មនុស្ស​ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​បន្តិច​ម្ដង​ៗតាមរយៈ​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ថ្មី​ៗ និង​ប្រព័ន្ធ​កុំព្យូទ័រ​ដ៏​ស្មុគស្មាញ​។ ការ​ចូល​ជំនួស​ការងារ​ដោយ​បច្ចេកវិទ្យា​នេះ​បាន​ជួយ​សម្រួល​ដល់​ជីវភាពរស់នៅ​របស់​ប្រជាជន​ពិភពលោក​ បាន​មួយ​កម្រិត​ធំ​ ក៏ប៉ុន្តែ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​និង​ជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហាក់​នៅ​មាន​ចំនួន​ខ្វះខាត​ច្រើន​នៅក្នុង​ទីផ្សារ​ការងារ​ពិភពលោក​ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​កញ្ញា​ ផល​ ផា​រី​ ស្ថាបនិក​ Champion​ Coder​ ដែល​ជា​សាលា​បណ្ដុះ​គំនិត​កុមារ​ចាប់ពី​អាយុ​ ៨ ឆ្នាំ​ឡើង​ទៅ​ឲ្យ​ចេះ​បង្កើត​អ្វី​ថ្មី​ដោយខ្លួនឯង​។ នៅ​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​ខ្លាំង​ក្នុង​ជំនាញ​កុំព្យូទ័រ​តួយ៉ាង​ ដូចជា​ ឥណ្ឌា​ សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​នៅ​អ៊ឺ​រ៉ុ​បមួយ​ចំនួន​បាន​បណ្តុះបណ្តាល​ជំនាញ​នេះ​ដល់​ប្រជាជន​របស់​គេ​តាំងពី​នៅ​ក្មេង​ៗមក​ម្ល៉េះ​។ នៅ​កម្ពុជា​សព្វថ្ងៃ​ក៏​កំពុងតែ​អភិវឌ្ឍ​វិស័យ​អប់រំ​និង​កំពុង​ព្យាយាម​តាម​បរិបទ​ដែល​កំពុងតែ​ផ្លាស់​ប្តូរ​ពិភពលោក​បច្ចុប្បន្ន​នេះ​ផង​ដែរ​។ ដោយ​សម្លឹង​មើលឃើញ​ពី​គុណសម្បត្តិ​នៃ​បច្ចេកវិទ្យា​និង​ចង់​ឃើញ​កូនខ្មែរ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​វិស័យ​ឌីជីថល​នេះ​ផង​នោះ​ទើប​ធ្វើឲ្យ​ កញ្ញា​ ផល​ ផា​រី​ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក​បច្ចេកវិទ្យា​នៅ​ប្រទេស​អូស្រ្តាលី​ត្រលប់​មក​កម្ពុជា​ដើម្បី​បង្កើត​នូវ​សាលាបង្រៀន​សរសេរ​កូដ​កុំព្យូទ័រ​សម្រាប់​ក្មេង​ៗអាយុ​ចាប់ពី៨ឆ្នាំទៅ។

          « នៅពេល​កូន​គេ​នៅ​តូច​ៗ គេ​តែងតែ​នឹកឃើញ​ភាសាអង់គ្លេស​ ដើម្បីឲ្យ​កូន​គេ​ចេះស្ទាត់​និង​មាន​គ្រឹះ​ពីក្មេង​ទៅ​ ចុះ​ក្រៅពី​ភាសាអង់គ្លេស​ហេតុ​អី​មិនព្រម​ឲ្យ​ពួកគាត់​រៀន​ជំនាញ​អី​ផ្សេង​? ពួក​ម៉ាក់​ខ្ញុំ​គាត់​សួរ​ថា​ជំនាញ​អី​ទៅ​? ខ្ញុំ​ថា​សរសេរ​កូដ​។ ហើយ​គាត់​ឆ្ងល់​ថា​ស្អី​គេ​កូដ​ហ្នឹង​? [….] ចឹង​ហើយ​បាន​ធ្វើឲ្យ​ខ្ញុំ​ research​ (ស្រាវជ្រាវ​) មើលទៅ​នៅ​ខ្មែរ​អត់មាន​សាលា​ណា​បង្រៀន​ក្មេង​ឲ្យ​ចេះ​សរសេរ​កូដ​មែន​ ចឹង​ហើយ​ខ្ញុំ​ក៏​ចាប់អារម្មណ៍​ត្រង់កន្លែង​ហ្នឹង​» កញ្ញា​ ផល​ ផា​រី។

កញ្ញា​ ផល​ ផា​រី

         សម្លេង​អ៊ូអរ​ពោរពេញ​ដោយ​ថាមពល​និង​ភាព​សប្បាយរីករាយ​ចេញពី​បន្ទប់​រៀន​មួយ​នៃ​មជ្ឈមណ្ឌល​ Champion​ Coders​ គឺជា​សម្លេង​ក្មេង​ៗដែល​កំពុងតែ​បញ្ជា​កុំព្យូទ័រ​ និ​ងរ៉ូ​បូ​តតូច​ៗ ដែល​ពួកគេ​បាន​បង្កើត​ឡើង​ដោយខ្លួនឯង​ដោយមាន​ការ​បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់​ពី​សំណាក​អ្នកគ្រូ​ ផល​ ផា​រី​ និង​លោកគ្រូ​ជាច្រើន​ផ្នែក​ទៀត​មាន​ទាំង​បរទេស​និង​ខ្មែរ​ផង​ដែរ​។ សម្លេង​ដែល​បង្ហាញ​ពី​សកម្មភាព​ដែល​ខ្លួនឯង​ពេញចិត្ត​ ធ្វើឲ្យ​យើង​នឹកស្មាន​មិនដល់​ថា​ក្មេង​ៗដែល​ទើបតែ​ចម្រើន​វ័យ​ត្រឹម៨ឆ្នាំ​ ទាំងអស់​នេះ​ចូលចិត្ត​កុំព្យូទ័រ​និង​បច្ចេកវិទ្យា​ក៏​ដូច​ជា​រ៉ូបូ​តតូច​ៗបែបនេះ​។ កញ្ញា​ ផល​ ផា​រី​ បាន​ភ្ញាក់ផ្អើល​នៅពេល​ដែល​កញ្ញា​ចាប់ផ្តើម​ Champion​ Coders​ កាលពី​ដំបូង​ដោយ​ឃើញ​កុមារ​កម្ពុជា​ចូលចិត្ត​ខ្លាំង​លើ​បច្ចេកវិទ្យា​នេះ​។ កញ្ញា​បាន​ប្រាប់ឲ្យដឹង​ពី​គោលបំណង​នៃ​ការបង្កើត​នូវ​ Champion​ Coders​ នេះ​គឺ​មិន​ត្រឹមតែ​បង្រៀន​ឲ្យ​ក្មេង​ៗឲ្យ​ចេះ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ​កុំព្យូទ័រ​នោះ​ទេ​ តែ​ចង់​ឲ្យ​ពួកគេ​បង្កើត​នូវ​គំនិត​នវានុវត្តន៍​ថ្មី​ៗដោយខ្លួនឯង​ទៀតផង​។ គោលបំណង​ទីពីរ​គឺ​ចង់​បង្វែរ​ក្មេង​ៗឲ្យ​ប្រើប្រាស់​ពេលវេលា​ឲ្យ​មានប្រយោជន៍​ជៀសវាង​ការ​លេង​ហ្គេម​ដែល​មានស្រាប់​និង​មើល​តុក្កតា​ក្នុង​យូ​ធូប​ ដោយ​ឲ្យ​ពួកគេ​អាចប​ង្កើត​ហ្គេម​និង​គំនូរជីវចល​ដោយខ្លួនឯង​ផង​ដែរ​។ បង្កើត​ឡើង​នៅ​ខែមករា​ ឆ្នាំ២០១៩នេះ​ Champion​ Coders​ ចាប់ផ្តើម​មាន​កំណើន​សិស្ស​ចាប់ពី​អាយុ​ ៨ ដល់​ ១៥ឆ្នាំ​ រហូតដល់​ជិត​ ១០០​ នាក់​ហើយ​មកដល់​សព្វថ្ងៃ​នេះ។

          នៅក្នុង​ផ្នត់គំនិត​ឪពុក​ម្តាយ​ក្មេង​ៗកម្ពុជា​បច្ចុប្បន្ន​ តែង​សម្លឹង​មើលឃើញ​ពី​គុណវិបត្តិ​នៃ​ការប្រើ​ប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និច​និង​ផល​ប៉ះពាល់​នៃ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​ទៅដល់​ភ្នែក​។ យ៉ាងណាមិញ​ កញ្ញា​ ផល​ ផា​រី​ ក៏បាន​ពន្យល់​ពី​ការគ្រប់គ្រង​ពេលវេលា​ដើម្បីឲ្យ​ក្មេង​នៅជា​មួយ​គ្រឿង​អេ​ឡិច​ត្រូ​និច​ទាំងនោះ​ ដោយ​ក្នុង​វគ្គសិក្សា​នៅ​ Champion​ Coders​ បើក​ថ្នាក់​បង្រៀន​តែ​ថ្ងៃ​សៅរិ៍​ អាទិត្យ​ ដោយ​មួយថ្ងៃ​រៀន​តែមួយ​ម៉ោង​ប៉ុណ្ណោះ​។ កញ្ញា​ ផា​រី​ ក៏បាន​ឆ្លៀត​បង្ហើប​ឲ្យដឹង​ពី​គម្រោង​ក្នុង​ការ​បង្រៀន​កុមារ​ឲ្យ​ចេះ​បង្កើត​និង​គូរ​ជា​គំនូរ​ ស្រ៊ី​ឌី​ (3D​) រួច​បង្កើត​វា​ចេញ​ជារូបរាង​ពិ​តៗ​តាមរយៈ​ម៉ាស៊ីន​ 3D​ Printer​ ទៀតផង​ ហើយក៏​គ្រោង​និង​បើក​វគ្គ​បង្រៀន​កុមារ​អាយុ​ ៣ ទៅ​ ៤ ឆ្នាំ​តាមរយៈ​ iPad​ នៅ​ថ្ងៃ​អនាគត​ផង​ដែរ៕

Article​ by​ KEO​ SONG​



SUGGESTIONS