ទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ ព្រឹត្តិការណ៍លើកស្ទួយទេសចរណ៍និងសម្បត្តិធម្មជាតិខេត្តក្រចេះ
NEWS 4 years ago យោងតាមមន្ទីរទេសចរណ៍ខេត្តក្រចេះ កម្មវិធីទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ក្រោមប្រធានបទ «កើនផ្សោត កើនទេសចរ កើនជីវភាព» បានប្រព្រឹត្តទៅដោយរលូនហួសការរំពឹងទុក ដោយមានការចូលរួមពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣៥០០០នាក់ ក្នុងនោះភាគីពាក់ព័ន្ធទទួលបានចំណេះដឹងថ្មីៗពីជីវសាស្ត្រ និងការអភិរក្សសត្វផ្សោត ព្រមទាំងចូលរួមកម្មវិធីនានារួមមាន ការដើរក្បួន រត់ប្រណាំង ការសម្តែងរបាំក្រឡាន ប្រណាំងកង់ តាំងពិព័រណ៍ផលិតផលក្នុងស្រុក ដាំកូនឈើ បោះតង់ ប្រគំតន្ត្រី គូរគំនូរ ប្រកួតញ៉ាំក្រូចថ្លុង ក្រឡាន និងណែម។ល។
ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ មន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គការ WWF ដែលបានសហការរៀបចំទិវាសត្វផ្សោតឆ្នាំ២០១៩ ឡើងដោយបានរំលេច និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីសារ:សំខាន់នៃជីវសាស្ត្រ និងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅរក្សាលំនឹងជីវសាស្ត្រអេកូឡូស៊ីនៅតាមបណ្តោយដងទន្លេមេគង្គ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ថ្លែងក្នុងពិធីបើកនេះ «ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩» នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សត្វផ្សោតគឺជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុប៥៨ដែលត្រូវបានកំណត់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ហើយវាក៏ត្រូវបានកំណត់នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិដែលហៅកាត់ថា «IUCN» ជាប្រភេទងាយរងគ្រោះជិតផុតពូជ និងជារតនសម្បត្តិជាតិមានជីវិតរបស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនសរុបប្រមាណតែ៩២ក្បាលប៉ុណ្ណោះ ហើយពួកវាកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់អភិរក្សអោយបានគង់វង្ស។
ជាលទ្ធផលកម្មវិធីបានដាក់ចុះទិសដៅចម្បងៗរួមមានពង្រឹងកិច្ចការការពារនិងអភិរក្សសត្វផ្សោតបន្ថែមទៀត អភិវឌ្ឍរមណីយដ្ឋានអន្លង់ផ្សោតកាំពីឲ្យក្លាយជារមណីយដ្ឋានស្តង់ដារ និងយកចិត្តទុកដាក់លើកកម្ពស់ជីវភាពប្រជាជនតាមរយៈសហគមន៍អេកូទេសចរណ៍នានា។ កម្មវិធីទទួលបានការកោតសរសើរ ពីភាគីពាក់ព័ន្ធ និងសាធារណជននានា ដោយបានសំពូមពរឲ្យមានរៀបចំព្រឹត្តិការណ៍នេះឲ្យអធិកអធ័មបន្ថែមទៀតនៅឆ្នាំក្រោយៗ និងរៀបចំព្រឹត្តការណ៍ផ្សេងៗដើម្បីទាក់ទាញទេសចរមកខេត្តក្រចេះឲ្យបានកាន់ តែច្រើនកុះករ៕
Article by SRIN SOKMEAN
Photo by LYHONG / CHAMROEUN