×

ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ឆ្នាំ២០១៩​ ព្រឹត្តិ​ការណ៍​លើកស្ទួយ​ទេសចរណ៍​និង​សម្បត្តិ​ធម្មជាតិ​ខេត្តក្រចេះ​

NEWS 4 years ago
 
 

​            ​យោង​តាម​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ ​កម្មវិធី​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​ឆ្នាំ២០១៩​ ​ក្រោម​ប្រធានបទ​ ​«​កើន​ផ្សោត​ ​កើន​ទេសចរ​ ​កើន​ជីវភាព​»​ ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ហួសការ​រំពឹង​ទុក​ ​ដោយមាន​ការចូលរួម​ពី​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ ​៣៥០០០នាក់​ ​ក្នុង​នោះ​ភាគី​ពាក់ព័ន្ធ​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ​ពី​ជីវសាស្ត្រ​ ​និង​ការ​អភិរក្ស​សត្វ​ផ្សោត​ ​ព្រមទាំង​ចូលរួម​កម្មវិធី​នានា​រួមមាន​ ​ការ​ដើរក្បួន​ ​រត់ប្រណាំង​ ​ការ​សម្តែង​របាំ​ក្រឡាន​ ​ប្រណាំង​កង់​ ​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ ​ដាំ​កូនឈើ​ ​បោះ​​តង់​ ​ប្រគំតន្ត្រី​ ​គូរគំនូរ​ ​ប្រកួត​ញ៉ាំ​ក្រូចថ្លុង​ ​ក្រឡាន​ ​និង​ណែម​។​ល​។​ ​

​            ឯកឧត្តម​ ​តុប​ ​សុ​ភ័ក​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​បាន​ធ្វើការ​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ដល់​រដ្ឋបាល​ខេត្តក្រចេះ​ ​មន្ទីរ​ទេសចរណ៍​ ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​ ​និង​អង្គការ​ ​WWF​ ​ដែល​បាន​សហការ​រៀបចំ​ទិវា​សត្វ​ផ្សោត​ឆ្នាំ២០១៩​ ​ឡើង​ដោយ​បាន​រំលេច​ ​និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​កាន់តែ​ច្បាស់​ពី​សារ:សំខាន់​នៃ​ជីវសាស្ត្រ​ ​និង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​សំដៅ​រក្សា​លំនឹង​ជីវសាស្ត្រ​អេកូឡូស៊ី​នៅ​តាម​បណ្តោយ​ដងទន្លេ​មេគង្គ​ ​និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​            ថ្លែង​ក្នុង​ពិធី​បើក​នេះ​ ​«​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​ឆ្នាំ២០១៩​»​ ​នា​ល្ងាច​ថ្ងៃទី២៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ ​ ​ឯកឧត្តម​អនុរដ្ឋ​លេខាធិការ​បាន​គូសបញ្ជាក់​ថា​ ​សត្វ​ផ្សោត​គឺជា​ប្រភេទ​សត្វ​ជលផល​កំពុង​រងគ្រោះ​ថ្នាក់​មួយ​ប្រភេទ​ក្នុងចំណោម​សត្វ​ជលផល​កំពុង​រងគ្រោះ​ថ្នាក់​សរុប៥៨ដែល​ត្រូវ​បាន​កំណត់​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ​ហើយ​វា​ក៏​ត្រូវ​បាន​កំណត់​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​ហៅ​កាត់​ថា​ ​«​IUCN​»​ ​ជា​ប្រភេទ​ងាយ​រងគ្រោះ​ជិត​ផុតពូជ​ ​និង​ជា​រតនសម្បត្តិ​ជាតិ​មានជីវិត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ​។​ ​បច្ចុប្បន្ន​នេះ​ ​សត្វ​ផ្សោត​នៅ​កម្ពុជា​មាន​ចំនួន​សរុប​ប្រមាណ​តែ៩២ក្បាល​ប៉ុណ្ណោះ​ ​ហើយ​ពួកវា​កំពុង​រស់នៅ​តាម​ដងទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​ ​និង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​តម្រូវឲ្យ​មានការ​យកចិត្ត​ទុកដាក់​អភិរក្ស​អោយ​បាន​គង់វង្ស​។​ ​

​            ជា​លទ្ធផល​កម្មវិធី​បាន​ដាក់ចុះ​ទិស​ដៅ​ចម្បង​ៗ​រួមមាន​ពង្រឹង​កិច្ចការ​ការពារ​និង​អភិរក្ស​សត្វ​ផ្សោត​បន្ថែម​ទៀត​ ​អភិវឌ្ឍ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ស្តង់ដារ​ ​និង​យកចិត្ត​ទុកដាក់​លើកកម្ពស់​ជីវភាព​ប្រជាជន​តាមរយៈ​សហគមន៍​អេកូ​ទេសចរណ៍​នានា​។​ ​កម្មវិធី​ទទួល​បានការ​កោតសរសើរ​ ​ពី​ភាគី​ពាក់ព័ន្ធ​ ​និង​សាធារណជន​នានា​ ​ដោយ​បាន​សំ​ពូម​ពរ​ឲ្យ​មាន​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឲ្យ​អធិកអធ័ម​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ​ ​និង​រៀបចំ​ព្រឹត្ត​កា​រណ៍​ផ្សេង​ៗ​ដើម្បី​ទាក់ទាញ​ទេសចរ​មក​ខេត្តក្រចេះ​ឲ្យបាន​កាន់​ ​តែ​ច្រើន​កុះករ៕​

​Article​ ​by​ ​SRIN​ ​SOKMEAN

Photo by LYHONG / CHAMROEUN​


SUGGESTIONS