×

កូនស្រី​ជា​បុគ្គល​ដែល​គួរ​មាន​ឥរិយាបថ​ល្អ​នេះ​ហើយ​ជាហេតុ​ដែល​គួរ​មាន​សាលា​វិជ្ជាជីវៈ​កូនប្រសា​ស្រី​

NEWS 5 years ago
 
 

​            ​«​កូន​មានចំណេះ​ដឹង​ ​កូន​មាន​សមត្ថភាព​ដែល​អាច​ទាញ​កូន​ឲ្យ​ឡើង​ទៅ​កន្លែង​ខ្ពស់​បាន​ ​ប៉ុន្តែ​ប្រសិនបើ​កូន​គ្មាន​សុជីវធម៌​ ​និង​ឥរិយាបថ​សមរម្យ​នោះ​ទេ​ ​វា​នឹង​ទាញ​កូន​ឲ្យ​ធ្លាក់ចុះ​មកវិញ​មិនខាន​នៅ​ថ្ងៃណាមួយ​»​ ​នេះ​គឺជា​សម្តី​របស់​ ​អ្នកស្រី​ ​លឹម​ ​មូលី​រតនា​ ​ដែល​កំពុងតែ​អង្គុយ​រាបសា​ទូន្មាន​ទៅកាន់​សិស្ស​ស្រី​ប្រមាណ១០នាក់​ក្នុង​ថ្នាក់រៀន​មួយ​ដែល​មាន​តាំង​លម្អ​ទៅ​ដោយ​សម្ភារ​ប្រើប្រាស់​ខ្មែរ​បុរាណ​រួម​ជាមួយ​រូបភាព​បង្ហាញ​អំពី​ឥរិយាបថ​របស់​ស្ត្រី៤ទៅ៥ផ្ទាំង​លាយឡំ​នឹង​ពាក្យស្លោក​អប់រំ​ទៅលើ​សុជីវធម៌​ផង​ដែរ។​ ​

​            ​ជាមួយ​បំណង​បណ្តុះ​ផ្នត់គំនិត​យុវវ័យ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ស្រឡាញ់​វប្បធម៌​ ​អរិយធម៌​ ​និង​ប្រកាន់​ខ្ជាប់​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​ផូរផង់​ ​ពិសេស​លើកកម្ពស់​ស្ត្រី​ក្នុង​សម័យ​ទំនើប​កុំ​ឲ្យជ្រួល​ជ្រើម​ជ្រុលនិយម​ទៅតាម​លំហូរ​ចូល​វប្បធម៌​បរទេស​ ​អ្នកស្រី​ ​លឹម​ ​មូលី​រតនា​ ​បាន​បង្កើត​សាលា​វិជ្ជាជីវៈ​មួយ​ក្រោម​ស្លាកយីហោ​ ​«​សាលា​វិជ្ជាជីវៈ​កូនប្រសា​ស្រី​»​ ​ដែល​ផ្តោត​បង្រៀន​ទៅលើ​ផ្នែក​សុជីវធម៌​ ​និង​ការរៀបចំ​ឥរិយាបថ​តាម​ទំនៀម​ប្រពៃណី​ខ្មែរយើង​។​ ​រយៈពេល​បើក​ដំណើរការ​សាលា​ប្រមាណ​ពីរ​ទសវត្សរ៍​ ​នាយិកា ​និង​ជា​គ្រូបង្រៀន​វ័យ៤០ឆ្នាំ​រូប​នេះ​បាន​បណ្តុះបណ្តាល​សិស្ស​ស្រី​ច្រើន​រាប់មិនអស់​ ​សំខាន់​សុទ្ធសឹង​ជា​សិស្ស​ដែល​មក​ពី​គ្រួសារ​អ្នកមាន​មុខមាត់​ក្នុង​សង្គម​ផង​ដែរ​។​ ​«​ឪពុក​ម្តាយ​មួយចំនួន​គិតថា​មុខវិជ្ជា​នេះ​អាច​មិន​សំខាន់​ ​ក៏​ព្រោះ​កូន​ៗ​របស់​ពួកគេ​ទទួល​បានការ​អប់រំ​កម្រិត​ស្តង់ដារ​នៅ​សាលា​អន្តរជាតិ​។​ ​ប៉ុន្តែ​ធាតុ​ពិត​ការ​ព្រងើយកន្តើយ​នេះ​ហើយដែល​ធ្វើឲ្យ​កូន​មាន​ទំនោរ​តាម​វប្បធម៌​បរទេស​ ​ក្លាយជា​មនុស្ស​ឯករាជ្យ​មិន​ខ្វល់​ពី​អ្នកណា​ ​មាន​អត្តចរិត​មិន​សមរម្យ​ ​កាយវិការ​ឆ្គាំឆ្គង​ ​ព្រមទាំង​សម្តី​មិន​ពីរោះពិសា​បាត់បង់​នូវ​អ្វី​ដែល​ជា​អត្តចរិត​កូនខ្មែរ​ដែល​ជាទីស្រឡាញ់​របស់​អ្នកផង​ទាំងពួង​»​។​ ​អ្នកស្រី​លើកឡើង​ដូច្នេះ​ក្នុង​ន័យ​ក្រើន​រំឭក​ឲ្យ​ឪពុក​ម្តាយ​គ្រប់រូប​ដែល​បញ្ចូន​កូន​ទៅរៀន​នៅ​សាលា​អន្តរជាតិ​គប្បី​ចំណាយពេល​អប់រំ​កូន​បន្ថែម​នៅផ្ទះ​ជាជាង​ពឹងផ្អែក​លើ​ការអប់រំ​តែមួយមុខ​នៅ​សាលារៀន​ ​ព្រោះ​បើ​ផ្អែក​តាម​បទពិសោធន៍​បង្រៀន​កន្លងមក​សិស្ស​ភាគច្រើន​ដែល​មាន​បញ្ហា​ឆ្គាំឆ្គង​សុទ្ធតែ​ជា​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​បើ​ធៀប​ទៅ​នឹង​សាលា​រដ្ឋ។​ ​

​            ​មុខវិជ្ជា​សុជីវធម៌​និង​ការរៀបចំ​ឥរិយាបថ​ ​អ្នកគ្រូ​ ​លឹម​ ​មូលី​រតនា​ ​បង្រៀន​តាំងពី​របៀប​សំពះ​ ​ការ​ស្លៀកពាក់​ ​ឥរិយាបថ​ដេក​ ​ដើរ​ ​ឈរ​ ​អង្គុយ​ ​ការ​ហូបចុក​ ​ការរៀបចំ​អត្តចរិត​ ​ការប្រើ​ភាសា​ទំនាក់ទំនង​ ​សុជីវធម៌​នៅ​តាម​ទីកន្លែង​ ​រហូតដល់​ស្វែងយល់​ពី​វប្បធម៌​អរិយធម៌​ ​ប្រពៃណី​ ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង​ដែរ​។​ ​កំឡុង​ពេល​បង្រៀន​ជា​រឿយ​ៗ​អ្នកគ្រូ​តែង​ធ្វើការ​ណាត់ជួប​អាណាព្យាបាល​ដើម្បី​ពិភាក្សា​អំពី​ការ​វិវត្ត​របស់​កូន​ ​ក៏​ដើម្បីឲ្យ​ឪពុក​ម្តាយ​ផ្លាស់​ប្តូរ​ទម្លាប់​ដែល​ធ្លាប់តែ​អប់រំ​កូន​មិន​ស្តាប់​រាល់ដង​មក​ជា​ការអប់រំ​មួយ​ដែល​មានប្រសិទ្ធភាព​ ​និង​ទទួលយក​បាន​ទាំងសងខាង​។​ ​កន្លងមក​សិស្ស​ដែល​មក​រៀន​នៅ​សាលា​វិជ្ជាជីវៈ​កូនប្រសា​ស្រី​មាន​អាយុ​ចន្លោះ​ពី​ ​១១ឆ្នាំ​ដល់​ ​៣៥ឆ្នាំ​ ​សិស្ស​ភាគច្រើន​ជា​ស្ត្រី​ប៉ុន្តែ​បុរស​ក៏មានដែរ​គ្រាន់តែ​ចំនួន​តិច​ជាង​។​ ​«​ខ្ញុំ​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ពី​ឪពុក​ម្តាយ​មួយ​ដែល​គាត់​និយាយ​ថា​ ​គាត់​ពិតជា​សោក​ស្តាយ​ ​និង​ភ្លឺភ្នែក​នៅពេល​ឃើញ​កូន​របស់​គាត់​មាន​អត្តចរិត​ទៅ​តែឯង​មិន​ខ្វល់​ពី​អ្នកណា​ទាំងអស់​ ​ខណៈ​គេ​មាន​វ័យ២០ឆ្នាំទៅ​ហើយដែល​ជា​វ័យ​ពិបាក​ពត់​លត់ដំ​បំផុត​»​។​ ​ជា​ការពិត​ដែល​វិជ្ជាជីវៈ​ផ្នែក​សុជីវធម៌​និង​ការរៀបចំ​ឥរិយាបថ​អាច​ចូលរៀន​បាន​គ្រប់​វ័យ​ ​ប៉ុន្តែ​បើ​តាម​ការ​ឲ្យដឹង​ពី​អ្នកគ្រូ​ ​លឹម​ ​ម៉ូ​លី​រតនា​ ​វ័យ​ចន្លោះ​ពី៧ឆ្នាំ​ ​ដល់១០ឆ្នាំ​ ​គឺជា​វ័យ​ដែល​ស័ក្តិសម​ ​និង​ងាយ​អប់រំ​បំផុត​ ​ព្រោះ​ក្មេង​ក្នុង​វ័យ​នេះ​រៀន​ឆាប់​ចាប់បាន​ ​ហើយ​កាន់តែ​សំខាន់​ឪពុក​ម្តាយ​ជា​គំរូ​ចម្បង​ដែល​តម្រូវ​រួមចំណែក​ក្នុង​ការអប់រំ​ផង​ដែរ។​ ​

​            ​ដោយឡែក​ងាក​មក​ជជីកសួរ​អំពី​ដំណើរដើមទង​នៃ​ការបង្កើត​សាលា​វិជ្ជាជីវៈ​កូនប្រសា​ស្រី​ ​អ្នកស្រី​ ​លឹម​ ​មូលី​រតនា​ ​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ដូច្នេះ​ ​ដោយមាន​ចំណេះ​ផ្នែក​ធ្វើម្ហូប​ពី​ចុងភៅ​ដែល​ធ្វើការ​នៅក្នុង​ភោជនីយដ្ឋាន​របស់​អ្នកម្តាយ​ ​អ្នកស្រី​បាន​បន្ត​អាជីព​ជា​គ្រូបង្រៀន​ធ្វើម្ហូប​នៅ​អង្គការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​អ្នកស្រី​បាន​វិវត្ត​ខ្លួន​ក្លាយជា​គ្រូបង្រៀន​ផ្នែក​សីលធម៌​នៅ​ខណៈ​ពេល​ដែល​អង្គការ​ខ្វះ​គ្រូបង្រៀន​មុខវិជ្ជា​ផ្នែក​នេះ​។​ ​ជា​គ្រូបង្រៀន​ពោរពេញ​ដោយ​ទេពកោសល្យ​ខាង​ផ្នែក​មើលចិត្ត​មនុស្ស​ ​ម្យ៉ាង​ដោយ​ឃើញ​ក្មេង​ជំនាន់​ក្រោយ​មាន​បញ្ហា​ជាមួយ​គ្រួសារ​ច្រើន​ ​ព្រមទាំង​ចង់​ឲ្យ​ក្មេង​ៗ​នៅតែ​រក្សា​ច្បាប់ទម្លាប់​ប្រពៃណី​ខ្មែរ​ ​អ្នកស្រី​បានសម្រេច​ចិត្ត​លាឈប់​ពី​អង្គការ​មក​បើក​ដំណើរការ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​សុជីវធម៌​ និង​ការរៀបចំ​ឥរិយាបថ​ ​ព្រមទាំង​មុខវិជ្ជា​ធ្វើម្ហូប​ផង​ដែរ​។​ ​«​ខ្ញុំ​បើក​សាលា​នេះ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ការអប់រំ​ដល់​ក្មេង​ជំនាន់​ថ្មី​ ​និង​ជា​ចំណែក​មួយ​ជួយ​សង្គម​ជួយ​រក្សា​នូវ​អ្វី​ដែល​ជា​ទំនៀមទម្លាប់​របស់​ខ្មែរយើង​ដោយ​មិន​រំពឹង​ទាំងស្រុង​លើ​ប្រាក់ចំណូល​ឡើយ»។​ ​

​            ​ជាចុងក្រោយ​ ​អ្នកគ្រូ​ ​លឹម​ ​មូលី​រតនា ​បាន​មាន​មតិ​ផ្តាំផ្ញើ​ដែរ​ថា​ ​ចំពោះ​ឪពុក​ម្តាយ​ដែល​ឲ្យ​កូន​ចូលរៀន​នៅ​សាលា​អន្តរជាតិ​គួរគប្បី​បន្ថែម​ការអប់រំ​នៅផ្ទះ​ទៅលើ​សុជីវធម៌​ ​និង​ឥរិយាបថ​ឲ្យបាន​ច្រើន​។​ ​ការ​និយាយ​ដូច្នេះ​មិនមែន​មានន័យថា​សាលា​អន្តរជាតិ​មិនល្អ​នោះ​ទេ​ ​ហើយក៏​មិនមែន​មានន័យថា​ឲ្យ​ពួកគេ​ជ្រុលនិយម​ទៅ​នឹង​វប្បធម៌​បុរាណ​ពេក​ដែរ​ ​គ្រាន់តែ​មិន​ចង់​ឲ្យ​កូនខ្មែរ​គ្រប់​រូ​បងប់ងល់​ទៅលើ​វប្បធម៌​បរទេស​ហើយ​ភ្លេច​នូវ​អ្វី​ដែល​ជា​ទំនៀមទម្លាប់​ក៏ដូចជា​ប្រពៃណី​របស់​ជាតិសាសន៍​ខ្លួន​។​ ​រី​ឯ​ចំពោះ​មាតាបិតា​ដែល​កូន​មាន​បញ្ហា​ទាក់ទង​នឹង​អត្តចរិត​មិន​សមរម្យ​ឥរិយាបថ​ឆ្គាំឆ្គង​អាចម​ក​ធ្វើការ​ពិភាក្សា​ ​និង​ឲ្យ​កូន​ចូលរៀន​នៅ​សាលា​វិជ្ជាជីវៈ​កូនប្រសា​ស្រី​ដែល​នឹង​ជួយ​ពង្រឹង​បាន​មួយផ្នែកទៀត​ផង​ដែរ។​ ​

​            ​សាលា​វិជ្ជាជីវៈ​កូនប្រសា​ស្រី​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវ​លេខ​ ​២៨៨​ ​សង្កាត់​អូឡាំពិក​ ​ក្បែរ​ទៅ​នឹង​សាកល​វិទ្យាល័យ​ធនធានមនុស្ស៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS