ស្ទីកគ័ររូបតុក្កតាបុរាណបែបឃ្យូតៗគួរឲ្យស្រលាញ់ជាច្រើនដែលគេប្រទះឃើញនៅលើអាវយឺត លើកែវ គម្របសៀវភៅឆ្លងដែន កាបូប នៅហាងតំណក់ត្រូវបានគេចាប់អារម្មណ៍និងស្រលាញ់គ្រប់ៗគ្នា។ គំនូរតុក្កតា ជាច្រើនដូចជា តួហនុមាន តួទេពមច្ឆា តួអប្សរា និងតួយក្សនៅក្នុងល្ខោនខោលនិងក្នុងរបាំខ្មែរនេះត្រូវបានសិល្បករមួយរូបបានកែច្នៃជារូបតុក្កតាស្អាតៗហាក់បានទាក់ចិត្តទាក់បេះដូងយុវវ័យក្មេងៗឲ្យស្រលាញ់និងថែមទាំងបានស្គាល់នូវអ្វីដែលជារបស់ខ្មែរផងដែរ។ គំនូរតុក្កតាឃ្យូតៗទាំងអស់នេះគឺជាស្នាដៃរបស់សិល្បករវ័យក្មេងមួយរូបដែលចង់បង្កើតនូវអ្វីដែលថ្មី និងរក្សានូវអ្វីដែលមានស្រាប់ដើម្បីច្របាច់បញ្ជូលគ្នា។ តើសិល្បករគំនូរតុក្កតាតូចៗគួរឲ្យស្រលាញ់ជាអ្នកណា?
នាង រ័ត្នសម្បត្តិ គឺជាសិល្បករគំនូរប្រចាំហាងតំណក់គឺជាអ្នកបង្កើតស្ទីកគ័រតុក្កតាបុរាណតូចៗទាំងអស់នោះបានបង្កើតនូវផ្ទាំងទស្សនីយភាពថ្មី បុរាណលាយសម័យគូរបែបគំនូរឌីជីថលច្បាស់ៗដែលគួរឲ្យស្រលាញ់មិនចាញ់រូបតុក្កតាបរទេសប៉ុន្មានឡើយ។ សិល្បករវ័យ ២៥ ឆ្នាំរូបនេះ ចាប់ចិត្តប្រតិព័ទ្ធជាមួយនឹងគំនូរនិងចាប់ផ្តើមគូររូបតាំងពីនៅបឋមសិក្សាមកម្ល៉េះ។ ដោយការស្រលាញ់និងចូលចិត្ត បានធ្វើឲ្យអតីតសិស្សព័ត៍មានវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះចេះតែអភិវឌ្ឍន៍ខ្លួនទៅជាលំដាប់។ សម្បត្តិ បានចាប់ផ្តើមស្វ័យសិក្សាលើគំនូរឌីជីថលតាមបណ្តាញសង្គមយូធូប ការសាកសួរពីសិល្បកររៀមច្បងចាស់ៗនិងការបង្កើតគំនិតថ្មីៗនៃគំនូរនេះដោយខ្លួនឯងរហូតមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា «រត្ន័សម្បត្តិ's Art»ទាំងដែលខ្លួនពុំបានចូលរៀនគំនូរនេះនៅសាលាណាទាំងអស់។ ថ្វីដ្បិតតែមិនបានរៀនជំនាញគូរគំនូរនេះនៅសាកលវិទ្យាល័យណាក្តី ក៏ប៉ុន្តែការគូររបស់សម្បត្តិសុទ្ធតែត្រូវបានឆ្លងកាត់គិតយ៉ាងល្អិតល្អន់ជៀសវាងការបង្ហាញខុសលក្ខណៈជាសិល្បៈរបស់ខ្មែរ។ «ពេលខ្ញុំគូរខ្ញុំក៏ប្រយ័ត្នដែរ ព្រោះខ្លាចពេលគូរទៅជាន់របស់គេ (ខ្លាចដូចគំនូររបស់ថៃឬក៏គំនូររបស់សិល្បករផ្សេង) ឬក៏ខុសពីសំណៅដើមដែលធ្វើឲ្យគេថាមិនល្អ »។ ជាការពិតណាស់សិល្បៈគំនូរក៏ជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយ្យធម៌របស់ប្រទេសមួយផងដែរ ប្រសិនបើគំនូរនោះមានការឆ្គាំឆ្គងឬខុសលក្ខណៈពីទម្រង់សិល្បៈវប្បធម៌ដើមនោះ ការយល់ច្រលំក៏អាចកើតមានឡើងជាយថាហេតុ។
ដោយហេតុនេះហើយ ទើប សិល្បករ រ័ត្នសម្បតិ្ត បានបើកចិត្តទូលាយក្នុងការទទួលយកការរិះគន់ដើម្បីស្ថាបនា ។ ជាមួយគ្នានេះ អ្នកបង្កើតគំនូរតុក្កតាបែបឃ្យូតៗរូបនេះក៏បានប្រាប់ឲ្យដឹងពីបទពិសោធន៍ដែលត្រូវបានគេរិះគន់នូវគំនូរខ្លួនលើបណ្តាញសង្គមហ្វេសប៊ុកកន្លងមកផងដែរ។ ក៏ប៉ុន្តែបទពិសោធន៍នេះមិនបានធ្វើឲ្យខ្លួននេះមានការខឹងសម្បារនោះទេ តែវាបែរជាមេរៀនមួយដែលសម្បត្តិបានឆ្លងកាត់និងបានពន្យល់បកស្រាយទៅវិញប្រសិនបើការរិះគន់នោះមានលក្ខណៈខុសបច្ចេកទេសណាមួយ។ ឆ្លៀតពេលជាមួយគ្នានេះ សិល្បករ នាងរ័ត្នសម្បតិ្ត ក៏បានផ្តាំផ្ញើរទៅកាន់សិល្បករទាំងឡាយឲ្យបើកចិត្តទូលាយ កុំបាក់ទឹកចិត្តប្រសិនបើមានការស្តីបន្ទោសពីសំណាក់មហាជនត្រង់ចំណុចណាមួយនៃស្នាដៃរបស់ខ្លួន តែត្រូវគិតថាវាគឺជាមេរៀនមួយដែលបង្រៀនយើងឲ្យខ្លាំងពូកែជាងមុនវិញ៕
Article by KEO SONG