×

កសិដ្ឋាន​អម​រៈ​ ​ទេសចរណ៍​បៃតង​ថ្មី​រះ​ឡើង​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ

TRAVEL & LIVING 4 weeks ago
 
 

​            ​ទន្លេបាសាក់​ជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ​ប្រចាំ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា​ដែល​ហូរ​បត់បែន​នាំមក​នូវ​ដីល្បាប់​ដ៏​សំបូរ​ជីវជាតិ​លើសលប់​សម្រាប់​ស្រោចស្រព​ច្បារដំណាំ​ប្រជាជន​ដែល​រស់នៅ​សងខាង​ដងទន្លេ​ក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​និង​ ​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល​ ​ជាអាទិ៍​ស្រុក​កៀនស្វាយ​ ​ស្រុក​ស្អាង​ ​និង​ ​ស្រុក​កោះធំ​ ​បន្ត​រហូតដល់​ព្រំប្រទល់​ប្រទេស​កម្ពុជា​-​វៀតណាម​។​ ​បើ​យើង​ធ្វើដំណើរ​ឆ្លងស្ពាន​ចំកោង​ខ្នង​ព្រះមុនីវង្ស​ ​ឬ​ ​ស្ពាន​ច្បារអំពៅ​ ​ហើយ​បត់​ស្តាំ​សសៀរ​តាមផ្លូវ​ប្រប​ដងទន្លេ​បាសាក់​ត្រើយ​ខាងកើត​ ​ដែលគេ​និយម​ហៅ​ជាទូទៅ​ថា​ ​ផ្លូវ​ព្រែកប្រា​ ​ត្រង់​ចំ​ទៅ​ត្បូង​ហួស​វត្ត​ព្រែកប្រា​ទៅ​បន្តិច​ ​គេ​នឹង​ទៅដល់​ភូមិ​សាស្រ្ត​សង្កាត់​ព្រែកថ្មី​។​ ​សង្កាត់​ព្រែកថ្មី​ ​ជា​សង្កាត់​ថ្មី​របស់​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រែក្លាយ​ពីអ​តី​ត​ឃុំ​ព្រែកថ្មី​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។​ ​សង្កាត់​នេះ​សព្វថ្ងៃ​ស្ថិត​ក្នុង​ដែនដី​រដ្ឋបាល​របស់​ខណ្ឌ​ច្បារអំពៅ​ ​ហើយ​ត្រូវ​បាន​បែងចែក​ចេញ​ជា​បី​ភូមិ​ ​ក្នុង​នោះ​រួមមាន​ ​ភូមិ​ចំពុះក្អែក​ ​ភូមិ​កោះក្របី​ ​និង​ ​ភូមិ​ព្រែកថ្មី​។​ ​ក្នុង​ដំណើរ​កម្សាន្ត​ប្រចាំខែ​វិច្ឆិកា​ចុងឆ្នាំ២០១៩នេះ​ ​សូវ​រី​ន នឹង​បង្ហាញ​ប្រិយមិត្ត​ទាំងអស់គ្នា​នូវ​សួន​ទេសចរណ៍​បៃតង​មួយ​កន្លែង​ដែល​កំពុង​លាក់ខ្លួន​បន្លំ​នឹង​ធម្មជាតិ​ស្រុកទន្លេ​របស់​ភូមិ​កោះក្របី​ ​សង្កាត់​ព្រែកថ្មី​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គល់​ស្ពាន​ព្រែក​សំរោង​ ​ផ្លូវបំបែក​កោះក្របី​-​ព្រែកឯង។​ ​

​            ​បើ​យើង​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​អ្នកទេសចរ​ចំណាយពេល​ត្រឹមតែ​ប្រមាណ៣០នាទី​ប៉ុណ្ណោះ​ដើម្បី​ទៅដល់​ទីតាំង​គោលដៅ​ទេសចរណ៍​ថ្មីសន្លាង​មួយ​នេះ​។​ ​ពួក​យើង​ត្រូវ​បន្តដំណើរ​បត់​ចូល​តាម​ខ្លោងទ្វារវត្ត​គល់​ទទឹង​ស្ថិតនៅ​ខាងឆ្វេង​ដៃ​ដែល​ជា​វិបស្សនា​ដ្ឋាន​ដ៏​ល្បីល្បាញ​ដែល​ពុទ្ធសាសនិក​ជន​ខ្មែរ​ភាគច្រើន​ធ្លាប់​បាន​ស្គាល់​រួចមក​ហើយ​ ​ងាយស្រួល​រក​មែនទែន​។​ ​បន្ទាប់ពី​ចូល​តាម​ខ្លោងទ្វារវត្ត​ដ៏​ធំ​ស្កឹមស្កៃ​នោះ​រួចមក​ ​ពួក​យើង​ត្រូវ​បត់​ស្តាំ​ ​ហើយ​បត់ឆ្វេង​តាមផ្លូវ​ទីមួយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ ​ពួក​យើង​ក៏បាន​ឃើញ​ស្លាក​សម្គាល់​កសិដ្ឋាន​អម​រៈ​ដែល​ជាគោល​ដៅកំណត់​របស់​យើង​នៅ​ខាងស្តាំ​ដៃ​តែម្តង​។​ ​នៅ​តាមផ្លូវ​ចូល​ ​យើង​បានឃើញ​លំនៅ​ដ្ឋាន​តូច​ធំ​របស់​ប្រជាពលរដ្ឋ​អ្នកកោះ​ក្របី​សង់​ជាប់​ដងផ្លូវ​យ៉ាង​ស្រស់​ស្អាត​ដែល​សរ​បញ្ជាក់​អំពី​ជីវភាពរស់នៅ​ដ៏​ធូរធារ​សមរម្យ​របស់​ពួកគាត់​ ​ព្រោះ​បើ​តាមយើង​ដឹង​ស្រាប់​តំបន់​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ជា​យូរយារណាស់មកហើយ​ខាង​វិស័យ​កសិកម្ម​ ​ជាពិសេស​គឺ​ដំណាំ​មៀន​និង​ដំណាំ​ផ្កាម្លិះ​ដែល​មិន​មាន​តំបន់​ណា​ផ្សេង​នៃ​ប្រទេស​កម្ពុជា​អាច​ប្រៀបផ្ទឹម​ស្មើ​បាន​។​ ​ដំណាំ​ទាំងពីរ​នេះ​ហើយដែល​ជា​អត្តសញ្ញាណ​នៃ​ភូមិ​កោះក្របី​ ​អន្ទងចិត្ត​អ្នកដំណើរ​តាមផ្លូវ​ជាតិ​លេខ២១បេ​ឲ្យ​ឈប់​យានយន្ត​ទិញ​កសិផល​នៅ​ទីនេះ​មិនសូវ​ដាច់​ហើយ​កសិផល​ប្រចាំ​តំបន់​មួយ​ផ្នែក​ធំ​ក៏​ត្រូវ​ដឹកជញ្ជូន​មក​ផ្គត់ផ្គង់​ចែកចាយ​បន្ត​នៅ​ផ្សារ​ទីក្រុង​ទៀតផង។​

​            ​តោះ​!​ ​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ទិដ្ឋភាព​ខាងក្នុង​កសិដ្ឋាន​អម​រៈ​វិញ​ម្តង​ ​តើ​ទីនេះ​មាន​លក្ខណៈ​ពិសេស​ខុសពី​សួន​បន្លែ​ដទៃទៀត​ត្រង់​ចំណុច​ណាខ្លះ​?​ ​ការពិត​ទៅ​ ​កសិដ្ឋាន​អម​រៈ​មិនមែន​ជា​កសិដ្ឋាន​ដែល​ទើបនឹង​បង្កើត​ឡើង​នោះ​ទេ​ ​ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទឹកដី​ភូមិ​កោះក្របី​នេះ​តាំងពី​ខែវិច្ឆិកា​ ​ឆ្នាំ២០០៨មក​ម្ល៉េះ​ ​គិត​មកដល់​ខែ​នេះ​ ​ឆ្នាំនេះ​ ​ជាគម្រប់​ខួប​អនុស្សាវរីយ៍១១ឆ្នាំ​នៃ​ការបង្កើត​សួន​បន្លែ​នេះ​ឡើង​ ​ក្នុង​គោលបំណង​ដើម្បី​ដាំដុះ​ ​និង​ ​ផ្គត់ផ្គង់​ដំណាំ​ផ្លែឈើ​ ​និង​ ​បន្លែ​សរីរាង្គ​គ្មាន​ជាតិគីមី​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដល់​អ្នកប្រើ​ប្រាស់​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក​។​ ​ភាព​បៃតង​ដ៏​សំបូរ​បែប​បាន​បញ្ចេញ​សម្រស់​ទាក់​នេត្រា​អ្នកទេសចរ​ក្មេង​ចាស់​ប្រុសស្រី​ទាំងឡាយ​ដែល​បាន​ឈានជើង​មកដល់​កសិដ្ឋាន​ដំណាំ​សរីរាង្គ​នេះ​។​ ​នៅក្នុងកសិដ្ឋាន​នេះ​ ​យើង​ឃើញ​មាន​សំបូរ​ដំណាំ​ស្លឹក​ពពួក​សាលាដ​ដែល​មានពូជ​ច្រើន​ប្រភេទ​នាំចូល​ពី​បរទេស​មក​ដាំដុះ​នៅក្នុង​ស្រុកខ្មែរ​ ​ហើយ​ទទួល​បាន​នូវ​ការ​ពេញនិយម​ទទួលទាន​សម្រាប់​សុខភាព​ ​តួយ៉ាង​ ​សាលាដ​ស្លឹក​បៃតង​ ​សាលាដ​ស្លឹក​ក្រហម​ ​សាលាដ​រ៉ុក្កែត​ ​សា​លា​ដរ៉ូ​ម៉េ​ន​ ​សា​លាដ​ហ្វ្​រី​សេ​ ​និង​ ​សា​លា​ដប៉ា​តា​វី​យ៉ា​ ​។​ ​ក្រៅពី​សាលាដ​ពូជ​បរទេស​ទាំងនេះ​ ​បន្លែ​ជាច្រើន​មុខ​ទៀត​កំពុង​ប្រជែង​គ្នា​បង្អួត​សម្រស់​បង្ហាញ​អ្នកទេសចរ​ ​ដូចជា​ ​ត្រកួន​ ​ស្ពៃ​តឿ​ ​ឬ​ ​ផ្ល​ក់​ចយ​ ​ជីរ​ ​ប៉េងប៉ោះ​ធម្មតា​ ​ប៉េងប៉ោះ​តូច​ ​និង​ ​សណ្តែក​បារាំង​ ​ជាដើម។​ ​

​            ​រី​ឯ​ដំណាំ​ឈើ​ហូប​ផ្លែ​ក៏​កំពុង​លូតលាស់​បែកមែក​សាខា​ខៀវស្រងាត់​ចោល​ម្លប់​ត្រឈឹងត្រឈៃ​ផង​ ​ជួយ​បង្កើន​សោភណភាព​កសិដ្ឋាន​ទាំងមូល​ផង​ ​ជាអាទិ៍​ ​ដំណាំ​ចេក​ ​ដំណាំ​ត្របែក​ឥត​គ្រាប់​ ​ដំណាំ​ត្របែក​សាច់​ក្រហម​ ​និង​ ​ដំណាំ​មៀន​កោះក្របី​ដែល​ជា​អត្តសញ្ញាណ​កសិផល​ប្រចាំ​តំបន់​មិន​អាច​រំលង​ចោល​បាន​។​ ​ភ្ញៀវ​មិន​ត្រឹមតែ​អាច​ដើរ​គយគន់​សម្រស់​សួនច្បារ​ដំណាំ​ធម្មជាតិ​ធម្មតា​នោះ​ទេ​ ​ពួក​យើង​ថែមទាំង​អាច​ចូលរួម​ក្នុង​សកម្មភាព​ដាំដុះ​ដំណាំ​សរីរាង្គ​ទាំងនោះ​បាន​ដោយ​ផ្ទាល់​ថែមទៀត​ផង​ដូចជា​ ​ការ​បណ្តុះ​គ្រាប់ពូជ​ ​ការ​ជ្រោយ​ដី​ពូន​គល់​ដំណាំ​ ​ការ​ស្រោចទឹក​ ​និង​ ​ការ​ដកស្មៅ​បំផ្លាញ​ដំណាំ​ ​។​ល​។​ ​សកម្មភាព​ទាំងនេះ​ជួយ​ធ្វើឲ្យ​យើង​រឹតតែ​មាន​អារម្មណ៍​ស្រឡាញ់​ដំណាំ​សរីរាង្គ​ដែល​ដាំដុះ​ដោយ​ប្រជាកសិករ​ក្នុង​ស្រុក​ទ្វេដង​ ​ហើយ​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​វិធី​សាស្រ្ត​ដាំដុះ​និង​ថែទាំ​ដំណាំ​ទាំងនោះ​តាម​ក្បួនខ្នាត​បច្ចេកទេស​កសិកម្ម​ស្តង់​ ​ដារ​ ​មិន​ប្រើ​ថ្នាំពុល​សម្លាប់សត្វ​ល្អិត​ ​និង​ ​ជីគីមី​ធ្វើឲ្យ​ដំណាំ​លូតលាស់​ល្អ​ឆាប់​ហុច​ទិន្នផល​ខុសប្រក្រតី​នោះ​ឡើយ​។​ ​តាមរយៈ​នេះ​ ​យើង​ក៏បាន​យល់​ពី​មូលហេតុ​ដែល​នាំឲ្យ​តម្លៃ​កសិផល​សរីរាង្គ​ខ្ពស់​ជាង​តម្លៃ​កសិផល​នាំចូល​ពី​ប្រទេសជិតខាង​ ​ដោយសារតែ​កសិផល​ក្នុង​ស្រុក​នៅ​ទីនេះ​មានការ​ថែទាំ​យកចិត្ត​ទុកដាក់​ខ្ពស់​ស្របតាម​គោលការណ៍​កសិកម្ម​បែប​ធម្មជាតិ​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ។​ ​

​            ​បន្ទាប់ពី​បាន​រៀនសូត្រ​អំពី​បច្ចេកទេស​ដាំ​ដុះ​ខ្លះ​ៗ​ ​ពួក​យើង​មានឱកាស​ចម្អិន​អាហារ​ហូប​ដោយខ្លួនឯង​តាម​បែប​ដែល​បរទេស​និយម​ហៅថា​ ​Farm​-​to​-​Table​ ​មានន័យថា​ ​យក​បន្លែ​ផ្លែឈើ​ថ្មី​ស្រស់​ផ្ទាល់​ពី​កសិដ្ឋាន​មក​ចម្អិន​បរិភោគ​ភ្លាម​ៗ​ដោយ​គ្មាន​ឆ្លងកាត់​កា​របំ​លែង​កែច្នៃ​ផ្ទុក​សារធាតុ​រក្សា​គុណភាព​ ​ពណ៌​ ​ក្លិន​ ​ឬ​ ​ទិញ​ផលិតផល​បន្ត​ពីទី​ផ្សារ​ខាងក្រៅ​នោះ​ឡើយ​។​ ​តាមវិធី​នេះ​ ​ភ្ញៀវ​អាច​ទុកចិត្ត​បាន១០០​%​ ​ថា​អាហារ​ទាំងអស់​ដែល​ពួកគេ​ទទួលទាន​នៅ​ទីនេះ​ពិតជា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​។​ ​នៅ​ទីនេះ​មាន​បន្ទប់​ទទួលទាន​អាហារ​មួយ​ឈ្មោះថា​ ​ត្របែក​ ​(​Trabek​ ​Dining​ ​Room​)​ ​ដែល​អាច​ទទួលភ្ញៀវ​លក្ខណៈ​គ្រួសារ​ ​ឬ​ ​មិត្តភក្តិ​បាន​ចំនួន១០នាក់​។​ ​ឈ្មោះ​ ​“​ត្របែក​”​ ​គឺ​យក​តាម​បរិយាកាស​ជុំវិញ​ទីតាំង​បន្ទប់​ទទួលទាន​អាហារ​នេះ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ចំការ​ត្របែក​ដ៏​ស្រស់​ត្រកាល​ធ្វើឲ្យ​ពួក​យើង​មាន​អារម្មណ៍​ដូច​កំពុង​ទទួលទាន​អាហារ​ក្នុង​ផ្ទះ​ចម្ការ​ផ្ទាល់ខ្លួន​ដ៏​ប្រណិត​មួយ​កន្លែង​ដូច្នោះ​ដែរ​។​ ​អ្វី​ដែល​រឹតតែ​ពិសេស​ជាង​នេះ​ទៀត​នោះ​ ​ក្រៅពី​ផ្ទះបាយ​បើកចំហ​ដែល​អាច​ចម្អិន​អាហារ​ដោយខ្លួនឯង​យ៉ាង​សប្បាយរីករាយ​ហើយ​នោះ​ ​ភ្ញៀវ​អាច​ហែលទឹក​លេង​នៅក្នុង​អាងទឹក​សិប្បនិម្មិត​ប្រវែង១២ម៉ែត្រ​ដែល​មាន​ទឹក​ស្អាត​ថ្លា​ដូច​កញ្ចក់​ស្ថិតនៅ​ជាប់​ទីនោះ​តែម្តង។​ ​

Image Courtesy: AMARAK FARM

​            ​ ​ក្រោយពី​ងូតទឹក​កម្សាន្ត​ជម្រះកាយ​ប្រហែល៣០នាទី​រួចមក​ ​យើង​នាំគ្នា​ជិះទូក​លេង​នៅ​លើទឹក​ស្រះ​ដែលគេ​ជីក​សម្រាប់​ស្តុក​ទឹក​ស្រោចស្រព​ដំណាំ​ផង​ ​សម្រាប់​ចិញ្ចឹម​ត្រី​ទុកឲ្យ​ភ្ញៀវ​ស្ទូច​លេង​ផង​និង​សម្រាប់​ចម្អិន​ធ្វើជា​ម្ហូបអាហារ​ផង​។​ ​ជិះទូក​បណ្តើរ​ ​ភ្នែក​យើង​រំពៃ​សម្លឹង​មើល​មនុស្សម្នា​ដែល​អង្គុយ​ស្ទូចត្រី​នៅ​ឯ​មាត់ច្រាំង​យ៉ាង​ស្ងប់ស្ងៀម​ ​តែ​ក្នុងចិត្ត​អន្ទះសា​ទន្ទឹង​ចាំមាត់​ត្រី​ដែល​នឹង​ស៊ីនុយ​សន្ទូច​។​ ​ត្រី​ដែល​ត្រូវ​បាន​ចិញ្ចឹម​នៅ​ទីនោះ​មាន​តូច​មាន​ធំ​ ​ហើយ​ខ្លះ​មាន​ទម្ងន់​រហូត​បួន​ប្រាំ​គីឡូ​ក៏​មាន​។​ ​ត្រី​ទាំងនោះ​រួមមាន​ពពួក​ត្រី​ទី​ឡាប​យ៉ា​ ​ត្រី​ឆ្ពិន​ ​ត្រីពោ​ ​និង​ ​ត្រីប្រា​។​ ​ត្រី​ដែល​ស្ទូច​បាន​មក​អាច​ឲ្យ​ចុងភៅ​ជួយ​ចាត់ចែង​ចម្អិន​ជា​ម្ហូប​ស្ងោរ​ ​សម្លម្ជូរ​ ​ម្ហូប​ឆា​ ​ឬ​ ​ចៀន​ ​បាន​តាមចំណង់​ចំណូល​ ​ចិត្ត​របស់​អតិថិជន​។​ ​ភ្ញៀវ​ខ្លះ​ចង់​ទុក​ត្រី​ដែល​ស្ទូច​បាន​សម្រាប់​យក​ទៅ​ស្ល​នៅផ្ទះ​រៀងខ្លួន​ក៏បាន។​ ​

Image Courtesy: AMARAK FARM

​            សូម​បញ្ជាក់​ថា​ ​ភ្ញៀវ​អាចយ​ក​ម្ហូបអាហារ​ពី​ផ្ទះ​មក​បរិភោគ​លក្ខណៈ​ពិ​ក​និក​ជួបជុំគ្នា​នៅ​ក្រោមម្លប់​ឈើ​ក្បែរ​មាត់ស្រះ​ក៏បាន​ ​ឬក៏​អាច​អាំង​សាច់BBQ​ ​បរិភោគ​ក្តៅ​ៗ​ភ្លាម​ៗ​នៅ​ទីនោះ​ក៏​រឹតតែ​បង្កើន​បរិយាកាស​ឲ្យ​កាន់​ ​តែ​សោមនស្ស​រីករាយ​ថែម​មួយ​កម្រិត​ ​អម​ដោយ​សម្លេង​បសុសត្វ​ ​មាន់​ ​ទា​ ​ក្ងាន​ ​បន្លឺ​បន្ទរ​ ​អឺងកង​តាម​ធម្មជាតិ​ស្រុកស្រែ​ចំការ​ ​ធ្វើឲ្យ​ភ្ញៀវ​ភ្លេច​អស់​ក្តី​មួរ​ហ្មង​ក្នុងចិត្ត​។​ ​បើ​បាន​ទៅដល់​កសិដ្ឋាន​អម​រៈ​ហើយ​ ​កុំ​ភ្លេច​ភ្លក្ស​រសជាតិ​សាលាដ​បែប​ចំការ​និង​កាហ្វេ​ចំការ​ ​ដែល​ពេញនិយម​ជាងគេ​ផង​ណា​!​ ​ចំពោះ​ភ្ញៀវ​ដែល​មានបំណង​ស្នាក់នៅ​ទីនោះ​ ​អាច​ជ្រើសរើស​បន្ទប់​មួយ​ក្នុងចំណោម​ប្រភេទ​បន្ទប់​ទាំង៤របស់​សេវាកម្ម​ស្នាក់នៅ​អម​រៈ​ ​គឺ​ប្រភេទ​បន្ទប់​ ​Amarak​ ​Superior​ ​Amarak​ ​Deluxe​ ​Amarak​ ​Studio​ ​និង​ ​Amarak​ ​Residence​ ​ឬ​ ​ការ​ស្នាក់នៅ​បែប​បោះតង់​ជា​លក្ខណៈ​ក្រុម​ ​ដែល​មិន​ងាយ​រសាយ​បាត់​ពី​ការ​ចងចាំ​របស់​លោកអ្នក​ឡើយ៕

​ ​Article​ ​by​ ​SRIN​ ​SOKMEAN​ ​



SUGGESTIONS