×

សណ្ឋាគារ​បណ្តែត​ទឹក​ទំនើប​រំលេច​កាយ​នៅ​លើ​ផ្ទៃ​ទន្លេមេគង្គ​លើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

TRAVEL & LIVING 4 years ago
 
 

​            ​ទោះបីជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក​ហើយដែល​ប្រទេស​កម្ពុជា​បាន​រួចផុត​ពី​របប​ខ្មែរក្រហម​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​ក៏​តំបន់​ទន្លេបួនមុខ​នៃ​ក្រុង​ចតុមុខ​មង្គល​នៅតែ​ជាទី​លម្ហែ​កាយ​ដ៏​ពេញនិយម​សម្រាប់​មហាជន​ទូទៅ​មិនថា​ក្មេង​ចាស់​ ​មាន​ក្រ​ ​ឬ​ ​ជាតិសាសន៍​អ្វី​នោះ​ទេ​ ​ព្រោះ​ទីនេះ​ជា​បេះដូង​នៃ​វិស័យ​ទេសចរណ៍​ក្នុង​រាជធានី​ប្រវត្តិ​សាស្រ្ត​ដ៏​ចំណាស់​នេះ​គ្រប់​សម័យកាល​គ្រប់​របប​សង្គម​មិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ​។​ ​ក្នុង​វស្សានរដូវ​ដែល​ព្រះ​ភិរុណ​តែងតែ​បង្អុរ​ធ្លាក់​ជោកជាំ​ដែល​ធ្វើឲ្យ​ទេសចរ​ទាំងឡាយ​ពិបាកធ្វើ​ដំណើរ​ទៅកាន់​ទី​រមណីយ​ដ្ឋាន​ឆ្ងាយ​ៗ​បាន​ ​សូវ​រី​ន បាន​ជ្រើសរើស​តំបន់​ទន្លេ​ចតុមុខ​ ​មុខ​ព្រះបរមរាជវាំង​ ​ធ្វើជា​គោលដៅ​ទេសចរណ៍​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​ខ្លី​ប្រចាំខែ​តុលា​ចុងឆ្នាំ​នេះ។​ ​

​            ​នៅ​ទល់មុខ​បញ្ឆិត​ផ្សារ​រាត្រី​បន្តិច​តាម​បណ្តោយ​ដងទន្លេ​សាប​ ​គឺជា​កំពង់ផែ​ទូក​ទេសចរណ៍​ដែល​ប្រិយមិត្ត​អ្នកអាន​គ្រប់គ្នា​ច្បាស់ជា​បាន​ស្គាល់​រួចមក​ហើយ​។​ ​ម៉ោង​ប្រហែល៤រសៀល​ ​អាកាសធាតុ​ល្អ​ ​មេឃស្រទំ​ត្រជាក់​ ​តែ​សំណាងល្អ​មិន​មាន​ភ្លៀង​ធ្លាក់​ដែល​ធ្វើឲ្យ​រាំងស្ទះ​ដល់​គម្រោង​នាវាចរណ៍​របស់​ក្រុមការងារ​ពួក​យើង​នោះ​ទេ​។​ ​ពួក​យើង​បាន​ជួបជុំគ្នា​នៅ​កំពង់ផែ​ទេសចរណ៍​នោះ​ ​ហើយ​បាន​ចុះទូក​ទេសចរណ៍​ធំល្មម​ដែល​មាន​លាប​ពណ៌​ឈើ​ក្រម៉ៅ​រលើបរលោង​និង​ប្រក់​ដំបូល​ពាក់កណ្តាល​ ​មានឈ្មោះ​ថា​ ​ឡឺ​ទន្លេ​ ​(​Le​ ​Tonle​)​។​ ​អ្នកគ្រប់គ្រង​ទូក​ដ៏​ស្រស់​ស្អាត​នេះ​បាន​ប្រាប់​សូ​វរីន​ថា​ ​ទូ​ក​ឡឺ​ទន្លេ​តែងតែ​ដឹកជញ្ជូន​អ្នកទេសចរ​ពី​កំពង់ផែ​ទៅកាន់​គោលដៅ​សណ្ឋាគារ​បណ្តែត​ទឹកដែល​មានឈ្មោះ​ថា​ ​“​ ​ផ្លូ​ត​ថេ​សិន​ ​”​ ​(​Floatation​)​ ​ចំនួន​មួយ​លើក​ក្នុង​មួយថ្ងៃ​គឺ​នៅ​ម៉ោង៥ល្ងាច​ ​ហើយ​វិលត្រឡប់​មក​ផែ​វិញ​ក្រោយ​ព្រះអាទិត្យ​អស្តង្គត​នៅ​វេលា​ម៉ោង៦​ ​និង​ ​៣០នាទី​។​ ​ទូក​នេះ​អាច​ផ្ទុក​បាន​មនុស្ស​ចំនួន​ជាង២០នាក់​ ​ហើយ​ត្រូវ​ចំណាយពេល​ប្រមាណ​ជា២០នាទី​ដើម្បី​ទៅដល់​គោលដៅ​ដែល​ស្ថិតនៅ​ត្រើយម្ខាង​។​ឡឺ​ទន្លេ​មាន​ទទួល​រៀបចំ​ជាពិធី​ជប់លៀង​ជួបជុំ​នៅ​លើ​ទូក​ផង​ដែរ។​

​            ​គ្រាន់តែ​ចុះពី​ជណ្តើរ​កំពង់ផែ​ទៅដល់​ក្បាលទូក​ភ្លាម​ ​យើង​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ប្រកបដោយ​ស្នាមញញឹម​ស្រស់ស្រាយ​ពីសំណាក់​បុគ្គលិក​ផ្នែក​បម្រើសេវា​កម្ម​នៅ​លើ​ទូក​។​ ​ទូក​នោះ​មិនជា​ធំ​ណាស់ណា​ទេ​ប៉ុន្តែ​វា​បាន​ផ្តល់​បរិយាកាស​ដ៏​សែនមនោរម្យ​សម្រាប់​អ្នកដំណើរ​។​ ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ​បំផុត​នោះ​ ​គឺ​តុ​ឈើ​ដែល​ប្រើ​នៅ​លើ​ទូក​ច្នៃ​ប្រតិដ្ឋ​ចេញពី​ម៉ាស៊ីនដេរ​មើលទៅ​ប្លែក​ទាក់ទាញ​ ​សមជា​ ​មួយ​នឹង​កៅអី​ធ្វើអំពី​ឈើ​ដូចគ្នា​ដែរ​ ​កល់​ពូក​ជា​បង្អែក​ខ្នង​និង​ទ្រនាប់​អង្គុយ​ទន់ល្មើយ​ត្រូវ​បាន​ដាក់​តម្រៀប​ជា​ពីរ​ជួរ​សងខាង​ទូក​យ៉ាង​មាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​។​ ​អ្នកទេសចរ​ចម្រុះ​ជាតិសាសន៍​អាច​អង្គុយ​នៅ​ខាងក្នុង​ក៏បាន​ខាងក្រៅ​ក៏បាន​ព្រោះ​ទូក​នេះ​មាន​ដំបូល​ត្រឹម​ពាក់កណ្តាល​។​ ​ប៉ុន្តែ​ភ្ញៀវ​ភាគច្រើន​និយម​អង្គុយ​ ​ខាង​កន្សៃទូក​ ​ដើម្បី​ងាយស្រួល​គយគន់​ទេសភាព​ដងទន្លេ​ផង​ ​និង​ស្រូប​យក​ខ្យល់ជំនោរ​ទន្លេ​បរិសុទ្ធ​ដែល​បក់​មក​ត្រ​សៀ​កៗ​ត្រជាក់​កាយា​ផង។​ ​

​            ​ភ្ញៀវ​ទេសចរ​រមែង​មិន​ភ្លេច​ដក​យក​ទូរសព្ទ​មក​ផ្តិត​យក​រូបថត​ជិះទូក​យ៉ាង​សប្បាយរីករាយ​ជាមួយ​មិត្តភក្តិ​ជា​ក្រុម​ ​ឬ​ ​គូស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ពោរពេញ​ដោយ​អនុស្សាវរីយ៍​បំភ្លេច​មិនបាន​នោះ​ទេ​។​ ​បន្ទាប់មក​ ​ពួកគេ​បាន​ថតរូប​រាជធានី​ភ្នំពេញ​មើល​ពី​ផ្ទៃ​ទន្លេ​ដែល​មាន​អគារ​តូច​ធំ​ស្អេកស្កះ​ ​ព្រមទាំង​ទិដ្ឋភាព​តីរវិថី​ព្រះ​សុវត្ថិ​ដែល​ពោរពេញ​ដោយ​ចរាចរណ៍​យ៉ាង​មមាញឹក​កកកុញ​នៅពេល​ល្ងាច​។​ ​ទូក​ចេះតែ​រំកិល​ខ្លួន​តាម​ដងទន្លេ​ ​សាប​ចេញពី​ចំណុច​កំពង់ផែ​ម្តុំ​ផ្សារ​រាត្រី​កាត់តាម​វត្តឧណ្ណាលោម​រហូតដល់​ចំណុច​ទន្លេ​ចតុមុខ​ទល់មុខ​ព្រះបរមរាជវាំង​ ​ទើប​បង្វែរ​ទិសដៅ​បត់ឆ្វេង​កាត់តាម​ចុងបំផុត​នៃ​តំបន់​ជ្រោយចង្វា​ត្រង់​ចំណុច​សណ្ឋាគារ​សុខា​ដ៏​ខ្ពស់​ស្កឹមស្កៃ​ហាក់បីដូចជា​ប៉ម​ដ៏​ធំ​មួយ​សង់​លើ​កោះ​កណ្តាលទន្លេ​លាតសន្ធឹង​ល្វឹងល្វើយ។​ ​

​            ខណៈ​ពេល​ដែល​នា​វា​ឡឺ​ទន្លេ​កំពុង​រសាត់​បោះពួយ​ជ្រែក​ផ្ទៃ​គង្គា​បែកផ្កាត្រែង​ ​បើ​យើង​ចោលភ្នែក​រំពៃ​ទៅ​ខាង​ជ្រោយចង្វា​ ​យើង​បាន​ពើបប្រទះ​នឹង​ទិដ្ឋភាព​ទូក​នេសាទ​របស់​គ្រួសារ​ប្រជា​នេសាទ​ខ្មែរ​-​ឥស្លាម​ឈប់​សំចត​ត្រៀបត្រា​ដេរដាស​ពៀប​នឹង​មាត់ច្រាំង​ទន្លេ​ ​បន្ទាប់ពី​ពួកគាត់​ត្រលប់​មក​ពី​នេសាទ​នៅ​តាម​ដងទន្លេ​យ៉ាង​នឿយហត់​ ​អស់​រយៈពេល​មួយថ្ងៃ​ពេញ​មក​ហើយ​។​ ​យើង​បានឃើញ​ប្រជាជន​ខ្លះ​កំពុង​ដោះ​ត្រី​តូច​ធំ​ចេញពី​សំណាញ់​ផ្ទេរ​ដាក់​ក្នុង​ធុង​ ​ឬ​ ​ចានដែក​យ៉ាង​ប៉ិនប្រសប់​។​ ​រី​ឯ​ខ្លះទៀត​កំពុង​រៀបចំ​បង្កាត់ភ្លើង​ដាក់​ឆ្នាំង​ដាំទឹក​ត្រៀម​ចម្អិន​ត្រី​ដែលគេ​បង់​បាន​ទុក​បរិភោគ​អាហារ​ពេលល្ងាច​ជួបជុំ​គ្រួសារ​ក្រោម​ដំបូលទូក​ដែល​ជា​ជម្រក​ដ៏​សុខដុមរមនា​។​ ​បើ​យើង​សម្លឹង​មើលទៅ​កណ្តាលទន្លេ​ឯនាយ​វិញ​ ​យើង​ឃើញ​ទូក​ទេសចរណ៍​ ​និង​ ​សាឡាង​ភ្នំពេញ​-​អរិយក្សត្រ​ ​ឆ្លង​អ្នកដំណើរ​ជិត​ឆ្ងាយ​ទៅមក​មិនសូវ​ចេះ​ដាច់។​ ​

​            កំពុងតែ​ជក់ចិត្ត​ដិតអារម្មណ៍​នឹង​ទេសភាព​ទន្លេសាប​ ​ទន្លេបាសាក់​ ​ទន្លេមេគង្គ​លើ​ ​និង​ ​ទន្លេមេគង្គ​​ក្រោម​ ​ដែល​ហូរ​ត្របាញ់​ខ្មួល​ចូលគ្នា​ក្នុង​រដូវទឹកឡើង​ ​ព្រមទាំង​ធម្មជាតិ​ដែល​ចោល​ពណ៌បៃតង​ស្រស់​ឆើតឆាយ​លម្អ​ច្រាំងទន្លេ​ឯ​ត្រើយម្ខាង​ ​ទូក​បាន​បន្ថយល្បឿន​ខិត​រំកិល​ខ្លួន​ចូល​ទៅ​រក​គោលដៅ​ចំណត​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កំពង់ចម្លង​អរិយក្សត្រ​។​ ​មើល​ពីលើ​ទូក​ ​ពួក​យើង​ដែល​ជា​ភ្ញៀវ​អាច​មើលឃើញ​អគារ​តូច​ៗ​ចំនួន​បួន​សង់​ទន្ទឹមគ្នា​ជាជួរ​ប្រប​តាម​មាត់ទន្លេ​មេគង្គ​លើ​ប្រៀប​ដូចជា​ផ្ទះតៀម​ឈើ​បែប​បុរាណ​ក្នុង​ភូមិ​នេសាទ​តាម​មាត់​ស្ទឹង​ ​ឬ​ ​ព្រែក​ដៃសមុទ្រ​គួរឲ្យ​ចង់​សម្រាក​លម្ហែ​បន្ធូរ​អារម្មណ៍​ក្នុង​ថ្ងៃ​វិស្សមកាល​ជា​ពន់ពេក​។​ ​យើង​ត្រូវ​ចុះពី​លើ​ទូក​ដោយមាន​ការសម្រប​សម្រួល​យ៉ាង​យកចិត្ត​ទុកដាក់​ពីសំណាក់​នាវិក​ដែល​ជា​បុគ្គលិក​ផ្ទាល់​របស់​សណ្ឋាគារ​បណ្តែត​ទឹក​ខាងលើ​។​ ​ដំបូង​ ​យើង​បាន​ឈានជើង​ឆ្លងកាត់​ផែ​ទឹក​ឥត​ជញ្ជាំង​ប្រក់​ដំបូល​ដែល​ជា​កន្លែង​ចំណតនាវា​ទេសចរណ៍​ផង​ ​ជា​កំពង់​សម្រាប់​ភ្ញៀវ​អង្គុយ​លម្ហែ​គយគន់​មាត់ទឹក​ផង។​ ​

​            បន្ទាប់មក​យើង​ដើរ​ឆ្លងតាម​បន្ទះ​ឈើ​មួយ​ផ្ទាំង​ទៅដល់​ភោជនីយដ្ឋាន​និង​បា​រនីយ​ដ្ឋាន​របស់​សណ្ឋាគារ​។​ ​នៅ​ទីនោះ​បរិយាកាស​ពិតជា​ពោរពេញ​ដោយ​ភា​ពរ៉ូ​ម៉េ​ន​ទិ​ក​ក្រៃលែង​ ​ដោយសារ​នៅ​ផ្នែក​ខាងលើ​មាន​ចង​ជា​កូន​អំ​ពូ​លតូចៗ​រំលេច​រចនា​ដោយ​ផ្កា​កុលាប​ក្រហម​ជា​ខ្សែ​សម្រាប់​ទុក​បំភ្លឺ​នៅពេល​រាត្រី​។​ ​នៅ​ផ្នែក​ខាងមុខ​បារ​ ​គេ​បាន​រៀបចំ​ជា​តុ​លក្ខណៈ​គូស្នេហ៍​ជាប់នឹង​មាត់ទឹក​តែម្តង​សម្រាប់​ភ្ញៀវ​ទទួលទាន​ភោជនាហារ​និង​ភេ​សជ្ជៈ​ផ្សេង​ៗ​ ​អម​ដោយ​សម្លេង​ទឹកហូរ​ ​និង​ ​សូរ​សៀង​តូ​រ្យ​តន្រ្តី​ស្រាល​ស្រទន់​ដែល​ខាង​បុគ្គលិក​រៀបចំ​ចាក់​ជូន​។​ ​ចំពោះ​ភ្ញៀវ​ដែល​មក​ជា​ក្រុម​ហើយ​មិន​ចង់​ទទួលទាន​អាហារ​ ​គ្រាន់តែ​ចង់​ទស្សនា​ទិដ្ឋភាព​ថ្ងៃលិច​ដ៏​ស្រស់​ ​ត្រកាល​នោះ​ ​ពួកគាត់​តែងតែ​ឆ្លង​ទៅផ្ទះ​ទឹក​មួយទៀត​ដែល​ជា​កន្លែង​មាន​សាឡុង​ឈើ​វែង​សម្រាប់​ភ្ញៀវ​អង្គុយ​សម្រាក​លម្ហែ​បំបាត់​ភាព​នឿយហត់​ ​ទន្ទឹងរង់ចាំ​សុរិយា​បន្ទាបខ្លួន​បន្តិច​ម្តង​ៗ​ចែងចាំង​រស្មី​ពណ៌​មាស​ច្រាល​សន្ធោសន្ធៅ​ពាស​ផ្ទៃ​អាកាសា​ដណ្តប់​លើកំពូល​អ​គារ​ខ្ពស់​ៗ​តាម​បណ្តោយ​មាត់ទន្លេ​​ក្រុងភ្នំពេញ​។​ ​ភ្ញៀវ​អាច​គយគន់​ថ្ងៃលិច​បណ្តើរ​ ​ជជែកគ្នា​ពីនេះពីនោះ​ ​និង​ ​ទទួលទាន​ភេសជ្ជៈ​សម្រួល​បំពង់ក​បណ្តើរ។​ ​

​            នៅពេល​សន្ធិប្រកាស​បាន​បញ្ចប់​ ​ផ្ទៃមេឃ​ប្រែជា​ខ្មៅ​ងងឹត​បាំងបិទ​អស់​សែង​សុរិយា​ជំនួស​ដោយ​ពន្លឺភ្លើង​អគ្គិសនី​ទីក្រុង​ចាំង​រំលេច​ភ្លឺផ្លេក​ពី​ចម្ងាយ​ដូច​ហ្វូង​អំពិលអំពែក​ចូល​មក​បំភ្លឺ​ស្បៃ​រាត្រី​។​ ​ភ្ញៀវ​ដែល​ត្រូវ​សម្រាក​នៅ​ទីនេះ​មួយ​យប់​ ​ត្រូវ​សម្រាក​ក្នុង​បាំង​ហ្គា​ឡូ​បណ្តែត​ទឹក​រាង​ជា​តង់​ដ៏​ស៊ីវិល័យ​តែមួយគត់​ដែល​ស្ថិតនៅ​ចុង​ខាងឆ្វេង​ដៃ​បង្អស់​​។​ ​បាំង​ហ្គា​ឡូ​ឯកជន​នេះ​មានឈ្មោះ​ថា​ ​ចាំង​ហ្គា​លូ​ ​(​Jungloo​)​ ​ជាទី​ស្នាក់នៅ​ដ៏​សក្តិ​សម​បំផុត​សម្រាប់​ភ្ញៀវ​គូ​ស្វាមីភរិយា​ ​ឬ​ ​ភ្ញៀវ​ទោល​ ​ដែល​ប្រាថ្នា​ចង់បាន​ទីស្ថាន​ស្ងប់ស្ងាត់​នៅ​ជិត​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​វិស្សមកាល​រយៈពេល​ខ្លី​របស់​ពួកគេ​។​ ​ចំណុច​ពិសេស​បំផុត​នោះ​ ​គឺ​បាំង​ហ្គា​ឡូ​នេះ​មានតែ​មួយ​បន្ទប់​ប៉ុណ្ណោះ​ ​ដូចនេះ​លោកអ្នក​ពិតជា​អាច​ប្រាកដ​ក្នុងចិត្ត​បាន​ថា​ ​ការ​ស្នាក់នៅ​របស់​លោកអ្នក​នៅ​ទីនេះ​ប្រៀប​ដូចជា​ការ​ស្នាក់នៅ​ផ្ទះ​លម្ហែ​មាត់ទឹក​ផ្ទាល់ខ្លួន​ដែរ​ពោល​គឺ​គ្មាន​ការ​រំខាន​ដោយ​ភ្ញៀវ​ដទៃ​ឡើយ​។​ជាមួយ​ ​នឹង​តម្លៃ​ស្នាក់​នៅ​៩០ដុល្លារ​​ឡើង​ទៅ​ក្នុង​មួយ​យប់​ ​ភ្ញៀវ​អាច​ទទួល​បាន​អាហារ​ពេលព្រឹក​សម្រាប់​មនុស្ស​ពីរ​នាក់​ដោយ​ឥតគិតថ្លៃ​។​ ​លើស​ពីនេះ​ទៅទៀត​ ​សណ្ឋាគារ​មាន​សេវាកម្ម​រៀបចំ​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​ជូន​ភ្ញៀវ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ជិ​តៗ​នោះ​ ​ដូចជា​ ​ទស្សនា​តម្បាញ​សូត្រ​នៅ​តំបន់​កោះដាច់​និង​សួន​ចំការ​ស្នេហ៍​នៅ​កោះឧកញ៉ាតី​ ​ជាដើម​ ​ដោយ​មាន​មគ្គុ​ទ្ទេ​សក៏​រួសរាយ​រាក់ទាក់​ ​នាំមក​នូវ​ភាព​សប្បាយរីករាយ៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN


SUGGESTIONS