រលាំងជ្រៃជាឈ្មោះភូមិមួយនៃឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ១២ គីឡូម៉ែត្រពីក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ឬ ចម្ងាយប្រមាណ៥៨គីឡូ ម៉ែត្រពីរាជធានីភ្នំពេញ។ ដើម្បីទៅដល់ភូមិរលាំងជ្រៃ អ្នកដំណើរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅភ្នំពេញ-កំពង់ស្ពឺ ហួសទីរួមខេត្តប្រហែល៥គីឡូម៉ែត្រ នោះលោកអ្នកនឹងឃើញខ្លោងទ្វារវត្តអារាមមួយដែលមានអក្សរថា “វត្តរលាំងឈូក ហៅ វត្តក្រួស” នៅខាងស្តាំដៃជាប់នឹងផ្លូវជាតិ។ លោកអ្នកត្រូវជិះបត់ចូលតាមក្លោងទ្វារនោះទៅត្រង់រហូតដល់វត្តរលាំងឈូកតែម្តង ហើយបន្តជិះតាមផ្លូវចំហៀងឆ្វេងដៃរបងវត្តរហូតដល់ផ្លូវបំបែកជាពីរ បត់ឆ្វេងសំដៅទៅរកទំនប់ទឹករលាំងជ្រៃ។
ពាក្យថា រលាំង មានន័យថា ទួលឬប៉ែកដីខ្ពស់ជិតរំលិច គេ-កជាភូមិឬជាវត្តលើទួលនោះ ដូច រលាំងគ្រើល រលាំងចក រលាំងឈូក រលាំងអន្លូង ជាដើម ។ ដូចនេះ រលាំងជ្រៃ ជាភូមិចាស់ដែលស្ថិតនៅលើទួលខ្ពស់ជិតប្រភពទឹកស្ទឹងព្រែកត្នោតដែលជាមុខទឹកសំខាន់បំផុតនៃខេត្តកំពង់ស្ពឺ ហើយទំនងជាមានដើមជ្រៃដុះច្រើននៅតំបន់នោះពីបុរាណកាល។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នទីនេះបានក្លាយជារមណីយដ្ឋានធម្មជាតិដ៏មានប្រជាប្រិយភាព និង សំបូរសក្តានុពលទេសចរណ៍សម្រាប់អ្នកខេត្តកំពង់ស្ពឺនិងអ្នកដំណើរជិតឆ្ងាយឆៀងចូលសម្រាកកម្សាន្តលម្ហែកាយមិនសូវចេះដាច់។
អ្នកទេសចរដែលបានទៅដល់ទំនប់រលាំងជ្រៃភាគច្រើននិយមឈរលេងលើទំនប់គយ គន់ទេសភាពស្ទឹងព្រែកត្នោតនៃភូមិរលាំងជ្រៃដែលអមដោយរុក្ខជាតិតូចធំ ជាពិសេសដើមដូងឈររេរាំតាមខ្យល់ជំនោរមាត់ស្ទឹង ប្របមាត់ទឹកខៀវស្រងាត់មិនចាញ់សម្រស់ព្រែកដៃសមុទ្រនៃខេត្តកោះកុង ឬ កំពតប៉ុន្មានឡើយ។ ភ្ញៀវទេសចរ ជាពិសេសអ្នកស្រុកនោះតែម្តងក៏និយមស្ទូចត្រី ឬ ដងត្រី យកទៅធ្វើម្ហូប ឬ យកទៅលក់បង្កើនចំណូលគ្រួសារនៅរដូវត្រីឡើង ព្រោះនៅក្បាលទំនប់មានទឹកហូរខ្មួរខ្មាញ់ សំបូរត្រីតូចធំទាំងហ្វូងៗ (អាចប្រមូលផលបានរហូត៣០គីឡូក្រាម ក្នុងប្រជានេសាទម្នាក់) បម្រើទាំងវិស័យធារាសាស្រ្ត ជលផល និង ទេសចរណ៍ក្នុងពេលតែមួយ។ គួរបញ្ជាក់ដែរថា ទំនប់រលាំងជ្រៃមានប្រវែង៧២ ម៉ែត្រ ត្រូវបានស្ថាបនាឡើងដោយកម្លាំងពលកម្មប្រជាពលរដ្ឋស្លូតត្រង់រាប់ពាន់នាក់កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ។ ក្រៅពីនេះថតរូបលេងគយគន់ទេសភាពនៅលើខ្នងទំនប់ ភ្ញៀវទេសចរប្រុសស្រីអាចចូលទៅទទួលទានអាហារថ្ងៃត្រង់ ឬ អាហារសម្រន់ពេលរសៀលយ៉ាងសំបូរបែប ទាំងសម្លស្ងោរ ឆា បំពង អាំង និងដុត ស្នាដៃអ្នកស្រុកកំពង់ស្ពឺផ្ទាល់ រសជាតិឈ្ងុយឆ្ងាញ់បែបធម្មជាតិដែលពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ នៅតាមហាងជាច្រើនដែលសង់តម្រៀបជួរនៅតាមបណ្តោយមាត់ស្ទឹង ក្នុងបរិយាកាសធម្មជាតិស្រស់ស្រាយតែស្ងប់ស្ងាត់ស្រដៀងនឹងតំបន់ព្រែកលៀប-បាក់ខែង ជាយក្រុងភ្នំពេញដែរ៕
Article by SRIN SOKMEAN