×

មិនដឹង​ប្រាប់​ពី​ទំហំ​ស្នេហ៍​ទៅ​ហ្វេ​នយ៉ាង​ណា​ដឹង​តែថា​ស៊ូ​លី​ផេង​មាន​ប្រវត្តិ​តស៊ូ​ក្នុង​វិស័យ​ចម្រៀង​

NEWS 4 years ago
 
 

​            ​ខុសប្លែក​ពី​តារាចម្រៀង​ក្នុង​ស្រុក​ជាច្រើន​ដែល​បាន​ប្រើប្រាស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ក្នុង​វិថី​សិល្បៈ​ ​យុវ​ក​ម្លោះ​ ​ស៊ូ​លី​ ​ផេង​ ​ដែល​មាន​សម្បុរស​មុខមាត់​កាត់​សែស្រឡាយ​ចិន​ម្នាក់​នេះ​បាន​វិនិយោគ​ពេលវេលា​ត្រឹមតែ៤ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ពិភព​ចម្រៀង​ហើយ​ស្រាប់តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ផ្ទុះឡើង​ខ្លាំង​តាមរយៈ​បទចម្រៀង​មនោសញ្ចេតនា​បែប​យុវវ័យ​មួយ​បទ​ដែល​យុវជន​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី​សឹងតែ​គ្រប់គ្នា​បាន​ស្គាល់​និង​ធ្លាប់​ស្តាប់​ក្រោម​ចំណងជើង​ថា​ ​«​ទំហំ​ស្នេហ៍​»​ ​បី​ម៉ាត់​យ៉ាង​ខ្លី​តែ​អត្ថន័យ​ចាក់ដោត​ក្រអៅបេះដូង​។​ ​ ​បទ​ដ៏​ល្បីល្បាញ​នេះ​ត្រូវ​បាន​បង្ហោះ​ឡើងលើ​ ​Channel​ ​Youtube​ ​ផ្ទាល់​របស់​តារាចម្រៀង​ខាងលើ​កាលពី​ខែមីនា​ ​ដើមឆ្នាំ២០១៩នេះ​ ​ប៉ុន្តែ​ក្នុងរយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ​ ​បទ​នេះ​ទទួល​បាន​ចំនួន​អ្នក​ចូល​ស្តាប់​កើនឡើង​រហូតដល់​ជាង១៥លាន​ដង​។​ ​ប៉ុន្តែ​សូម​បញ្ជាក់​ផង​ដែរ​ ​មុន​ការ​ផ្ទុះ​បទ​ ​«​ទំហំ​ស្នេហ៍​»​ ​ដែល​ជា​និមិត្តរូប​ថ្មី​របស់​តារាចម្រៀង​រូប​នេះ​ ​លោក​ធ្លាប់​បាន​ចេញ​បទ​ចម្រៀង​ផ្សេង​ៗ​ទៀត​កន្លងមក​ដែល​សុទ្ធសឹងតែ​ជា​បទ​ពេញនិយម​សម្រាប់​យុវវ័យ​ ​ក្នុង​នោះ​រួមមាន​ ​បទ​ ​«​វិល​វិញ​មក​»​ ​(​២០១៥​)​ ​បទ​ ​“​សុំទោស​ដែល​ខ្ញុំ​សន្យា​”​ ​(​២០១៦​)​ ​និង​ ​បទ​ ​«​គេ​មាន​ជម្រើស​»​ ​(​២០១៧​)​ ​។​

​            ​ជួប​ជាមួយ​ទស្សនាវដ្តី​សូ​វរីន​ ​លោក​ ​ស៊ូ​លី​ ​ផេង​ ​បាន​រំឭក​អនុស្សាវរីយ៍​ដំបូង​ថា​ ​លោក​មាននិស្ស័យ​លើ​សិល្បៈ​ចម្រៀង​តាំងពី​វ័យក្មេង​ម្ល៉េះ​។​ ​នៅក្នុង​ឆ្នាំ២០១៥​ ​កាល​នៅ​រៀន​ថ្នាក់​ទី១២​ ​លោក​បាន​និពន្ធ​ទំនុកច្រៀង​មួយ​បទ​សម្រាប់​កែ​កម្សាន្ត​គឺ​ ​បទ​ ​«​វិល​វិញ​មក​»​ ​ដែល​ក្រោយមក​ ​បាន​ក្លាយជា​បទ​ល្បី​ទីមួយ​របស់​លោក​ក្នុង​អាជីព​ជាតា​រា​ចម្រៀង​។​ ​តាមរយៈ​ការ​ជួយ​ជ្រោមជ្រែង​របស់​លោកគ្រូ​ហ្គីតា​ដែល​លោក​បាន​ហាត់រៀន​ជាមួយ​ ​ការផលិត​បទចម្រៀង​មួយ​បទ​នេះ​បាន​លេច​រូបរាង​និង​ចេញផ្សាយ​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ២០១៥​ ​។​ ​ដោយ​ ​សារ​កាលនោះ​ ​វា​ជា​បទ​ដំបូង​របស់​លោក​ ​លោក​ត្រូវ​ចំណាយពេល​រហូត​អស់​មួយឆ្នាំ​ទម្រាំ​កែសម្រួល​បទ​នេះ​ឲ្យបាន​សម្រេច​ ​ហើយ​លោក​ក៏បាន​អះអាង​ដែរ​ថា​ ​វា​ជា​បទ​ដែល​លោក​មាន​អនុស្សាវរីយ៍​ច្រើន​បំផុត​ក្នុង​ការ​ ​ ​ ​ ​ ​ផលិត​ក្នុងចំណោម​បទ​ទាំង​ប្រាំ​ដែល​បាន​ចេញផ្សាយ​លើ​ទីផ្សារ​នៅពេល​កន្លងមក​ ​កាលនោះ​លោក​នៅ​រៀន​ ​សមត្ថភាព​តែង​និពន្ធ​នៅ​មានកម្រិត​ ​ដូចនេះ​លោក​បាន​ខិតខំ​ព្យាយាម​ជាច្រើនលើក​ច្រើនសា​។​ ​ប៉ុន្តែ​ក្រោយ​ ​មកៗ​ ​ការផលិត​បទចម្រៀង​របស់​លោក​ចំណាយពេល​ជាមធ្យម​ត្រឹមតែ​រយៈពេល៣​-​៦ខែ​ប៉ុណ្ណោះ​។​ ​ ​

​            ជុំវិញ​បញ្ហា​នៃ​ការផលិត​បទចម្រៀង​និពន្ធ​ទំនុកច្រៀង​និង​ទំនុកភ្លេង​ដោយខ្លួនឯង​ ​ស៊ូ​លី​ ​ផេង​ ​បាន​ពន្យល់​អំពី​ការ​លំបាក​ថា​ ​«​ចំណុច​ពិបាក​បំផុត​ ​គឺ​ត្រូវ​មានចិត្ត​អត់ធ្មត់​!​ ​ខ្ញុំ​គិតថា​ ​ដោយសារ​ពេល​ខ្ញុំ​ហ្វឹកហាត់​ទៅ​ ​វា​បាន​លទ្ធផល​មកវិញ​ ​(​ជោគជ័យ​)​ ​តែបើ​សម្រាប់​អ្នកដទៃ​ទៀត​ ​នៅពេល​ដែល​គាត់​តែង​បទចម្រៀង​ទៅ​ហើយ​តែ​អត់​សូវ​ទទួល​បានការ​គាំទ្រ​ ​នោះ​ហើយ​ជា​ចំណុច​ពិបាក​សម្រាប់​អ្នក​ ​original​ ​song​ ​។​ ​បើ​រៀប​ ​រាប់​អំពី​ការ​តែង​និពន្ធ​តែម្តង​ ​ពិបាក​តាំងពី​ធ្វើ​ប៉ា​រ៉ូ​លនិង​សង្វាក់​ផលិតកម្ម​ទាំងអស់​។​ ​បើសិនជា​ខ្ញុំ​ជា​ផលិតករ​ ​(​producer​)​ ​ធ្វើ​ភ្លេង​ដោយខ្លួនឯង​ទៀត​ ​វា​ជួយ​សម្រួល​ច្រើន​ ​តែ​ខ្ញុំ​ចេះ​ត្រឹម​ហ្គីតា​។​ ​»​ ​ទោះបីជា​យ៉ាងណា​ក្តី​ ​ក៏​លោក​នៅតែ​មើលឃើញ​នូវ​ចំណុច​វិជ្ជមាន​ចំពោះ​បញ្ហា​នេះ​ដែរ​ថា​ ​«​ខ្ញុំ​គិតថា​វា​មានមុខ​ពីរ​ ​ខ្ញុំ​អត់​ចេះ​ភ្លេង​ ​ខ្ញុំ​ទៅ​រក​បងៗ​ដែល​ជា​ ​producer​។​ ​នៅពេល​យើង​ធ្វើ​ម្នាក់ឯង​ ​គំនិត​យើង​នឹង​គាំង​។​ ​ដល់ពេល​មាន​ពួកគាត់​ ​យើង​ចែករំលែក​ ​សហការ​គ្នា​។​ ​»​ ​

​            ឆ្លើយតប​នឹង​សំនួរ​ថា​តើ​ហេតុអ្វីបានជា​បទចម្រៀង​របស់​លោក​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មិត្ត​អ្នក​ ​ស្តាប់​?​ ​ស៊ូ​លី​ ​ផេង​ ​បាន​លើកឡើង​ថា​ ​ខណៈ​ពេល​ដែលតា​រា​ចម្រៀង​បែប​យុវវ័យ​ភាគច្រើន​សព្វថ្ងៃ​មាន​​ទំនោរ​និពន្ធ​បទចម្រៀង​ដែល​ទាក់ទង​នឹង​បញ្ហា​ស្នេហា​បែកបាក់​ ​អារម្មណ៍​សោកសៅ​។​ ​លោក​បាន​បង្វែរ​គំនិត​ថ្មី​និពន្ធ​ទំនុកច្រៀង​លាតត្រដាង​អំពី​មូលហេតុ​ពិត​ធំ​មួយ​ដែល​ធ្វើឲ្យ​ជីវិត​គូស្នេហ៍​ឈាន​ទៅ​រក​ភាព​បែកបាក់​ ​ដោយសារ​ភាគី​ណាមួយ​មិន​គោរព​ពាក្យសន្យា​ ​ហើយ​អស់​អា​រម្ម​ណ៍​រៀង​ៗ​ខ្លួន​។​ ​ម្យ៉ាងវិញទៀត​ ​លោក​មាន​លក្ខណៈ​ពិសេស​មួយទៀត​ត្រង់​សិល្បៈ​នៃ​ការប្រើ​ប្រាស់​ពាក្យពេចន៍​នៅក្នុង​ទំនុកច្រៀង​ ​ពោល​គឺ​ចៀសវាង​ ​ភាសា​អសុរោះ​ ​និង​ ​ច្បិច​យក​ភាសា​សន្ទនា​ប្រចាំថ្ងៃ​លាយ​នឹង​ភាសា​តែង​និពន្ធ​បញ្ចូល​គ្នា​បង្កើត​រសជាតិ​តែង​និពន្ធ​ថ្មី​ទាក់ចិត្ត​ចាក់​ចំ​បេះដូង​យុវវ័យ​តែម្តង​។​ ​

​            ឆ្លងកាត់​បទពិសោធន៍​ក្នុង​អាជីព​នេះ​អស់​រយៈពេល៤ឆ្នាំ​មក​ ​លោក​បាន​បញ្ចេញ​ទស្សនៈ​ថា​ ​ពីមុន​យើង​អាច​ត្រឹមតែ​បញ្ចេញ​បទចម្រៀង​ដើម្បីឲ្យ​ប្រិយមិត្ត​ស្ដាប់​កម្សាន្ត​ ​ប៉ុន្តែ​ឥឡូវ​យើង​អាច​បញ្ចេញ​ឲ្យ​បរទេស​ទទួលស្គាល់​ថា​យើង​មាន​បទ​ដែល​មានកម្រិត​គុណភាព​ស្តង់ដារ​។​ ​ការ​តែង​បទចម្រៀង​បែប​ដដែល​ៗ​ ​យូរ​ៗ​នឹង​លែង​មាន​អ្នក​ស្តាប់​ជាមិនខាន​ ​តែ​មិនមែន​យើង​ត្រូវ​បោះបង់ចោល​ស្ទីល​បទ​ចាស់​ៗ​ជា​របៀប​ខ្មែរ​នោះ​ទេ​គឺ​យើង​បែងចែក​អ្នកចម្រៀង​តាម​ប្រភេទ​បទចម្រៀង​នី​មួយ​ៗ​ប្រកបដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​។​ ​ជាចុងក្រោយ​ ​លោក​បាន​ចែករំលែក​ពាក្យស្លោក​ប្រចាំជីវិត​ថា​ ​«​គេ​អាច​អត់​ទទួលស្គាល់​ខ្ញុំ​ ​តែ​ខ្ញុំ​ត្រូវ​ទទួលស្គាល់​ខ្លួនឯង​»​។​ ​សម្រាប់​ផែនការ​អនាគត​ ​លោក​ចង់​មាន​ក្រុមការងារ​ផលិតកម្ម​ចម្រៀង​ផ្ទាល់ខ្លួន​ដើម្បី​សហការ​គ្នា​ធ្វើ​អ្វី​ៗ​ដែល​ថ្មី​ដើម្បី​មុខមាត់​ប្រទេសខ្មែរ​ ​ហើយដោយ​ឡែក​ក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ ​លោក​នឹង​ចេញ​អាល់ប៊ុម​ថ្មី​មួយ​ដែល​មាន​បទចម្រៀង​ប្រហែល៧​-​១០បទ​ ​ក្នុង​នោះ​រួមមាន​ ​បទ​ចាស់​ៗ​ដែល​ផលិត​ឡើងវិញ​ ​បទចម្រៀង​បែប​មនោសញ្ចេតនា​ ​និង​ ​ប្រភេទ​បទចម្រៀង​ស្ទីល​ថ្មី​ៗ​ជាច្រើន​ទៀត​។​ ​សូម​រង់ចាំ​ស្តាប់​និង​គាំទ្រ​ទាំងអស់គ្នា​!​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS