គ្រាន់តែបង្ហាញគន្លឹះផាត់មុខងាយៗ បានធ្វើឲ្យយុវតី ជា ស្រីនា ក្លាយជាតារា YouTube ល្បីក្នុងរយៈពេលដ៏ខ្លី
NEWS 4 years agoភាពក្រម៉ិចក្រមើមរួមជាមួយការបង្ហាញនូវអត្តចរិកពីធម្មជាតិរួមផ្សំជាមួយការតាំងចិត្តនឹងមានគោលជំហរក្នុងការបង្ហាញពីភាពស្រស់ស្អាតទៅកាន់សុភាពនារីគ្រប់រូប បានធ្វើឱ្យយុវតីដែលពោរពេញទៅដោយគំនិតក្នុងការច្នៃប្រឌិតវីដេអូMake up ជា ស្រីនា ទទួលបានភាពជោគជ័យក្លាយជាតារាយូធូបក្នុងរយៈពេលដ៏ខ្លី
ក្រឡេកមកតារាយូធូប (YouTuber) នៅកម្ពុជាឬហៅថាអ្នកធ្វើវីដេអូ YouTube ;មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាមានយុវជនយុវតីជាច្រើនបានបង្កើតវីដេអូខ្លីៗប្លែកៗបង្ហោះនៅលើបណ្តាញសង្គម YouTube ដោយផ្តោតទៅលើប្រធានបទផ្សេងៗគ្នា អ្នកខ្លះផ្តោតលើដំណើរកម្សាន្ត អ្នកខ្លះផ្តោតលើវីដេអូកំប្លែង ហើយខ្លះទៀតក៏ផ្តោតលើសុខភាពនិងសម្រស់ជាដើម។ យ៉ាងណាមិញ ក្នុងចំណោម YouTuber កម្ពុជាល្បីៗ ជឿជាក់ថាប្រិយមិត្ត ជាពិសេសយុវវ័យប្រាកដជាស្គាល់នូវយុវតី YouTuber វ័យក្មេងមួយរូបដែលបច្ចុប្បន្នកំពុងច្បាមប្រជាប្រិយភាពតាមរយៈការធ្វើវីដេអូទាក់ទិននឹងការតុបតែងមុខ ហើយក៏ជាសិស្សជាប់និទ្ទេស A អាយដលរបស់សិស្សប្អូនគ្រប់រូបនោះគឺកញ្ញា ជា ស្រីនា។ ;លេចមុខមាត់លើបណ្តាញសង្គម YouTube ជាមួយគណនីផ្លូវការ SreyNea Nea មិនទាន់បានប៉ុន្មានខែផង ក៏ទទួលបានការគំាទ្រយ៉ាងខ្លាំងដោយមានអ្នកចុចចូលទស្សនាវីដេអូរាប់ម៉ឺនរាប់សែននាក់មិនចាញ់ YouTuber រៀមច្បងឡើយ ចុះតើអ្វីទៅដែលជំរុញឲ្យស្រីនាក្លាយជា YouTuber ទទួលបានប្រជាប្រិយភាពក្នុងរយៈពេលដ៏ខ្លី? ; ហើយក្រៅពីផ្តោតលើប្រធានបទសម្រស់ តើវីដេអូរបស់កញ្ញាបានផ្តល់ជាសារអ្វីខ្លះចំពោះអ្នកទស្សនា?។
ជាមួយនឹងវីដេអូបង្ហាញពីការតុបតែងមុខច្រើនស្ទីលច្រើនបែបលាយឡំនឹងជីវិតប្រចាំថ្ងៃ បើសរុបមកទល់បច្ចុប្បន្នយុវតី ជា ស្រីនា បានបង្កើតនិងបង្ហោះនៅលើគណនី YouTube ផ្ទាល់ខ្លួនប្រមាណជា ៥៣ វីដេអូ ក្នុងនោះវីដេអូដែលធ្វើឲ្យប្រជាប្រិយភាពរបស់កញ្ញាចាប់ផ្តើមផ្ទុះមានអ្នកស្គាល់កាន់តែច្រើនគឺវីដេអូទី៣ដែលបង្ហាញពីការប្រកួតតុបតែងមុខគ្មានកញ្ចក់ថតរួមគ្នាជាមួយនឹងអ្នកម្តាយរបស់កញ្ញា។ ដោយមានទេពកោសល្យពូកែវោហារលាយឡំកាយវិការក្រមិចក្រមើម ចេះកំប្លែងនិងជ្រើសរើសប្រធានបទត្រូវចិត្តអ្នកទស្សនាផងនោះ វីដេអូរបស់យុវតីរូបនេះចេះតែទទួលបានការគាំទ្រជាបន្តបន្ទាប់រហូតមានអ្នកចុច Subscribe ដល់ទៅ 147K ឬស្មើនឹង១០មឺុន៤ពាន់៧រយនាក់ក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ។ ជំនួបជាមួយនឹងសូវរីន ស្រីនា បានលើកឡើងថា « ក៏ព្រោះតែពាក្យប៉ុន្មានឃ្លារបស់ម៉ាក់ខ្ញុំ ធ្វើទៅមិនអីទេ! វាមិនជាប់ទោសទេ! យ៉ាងច្រើនលុបចោល! បានច្រានចោលអារម្មណ៍ដែលខ្ញុំធ្លាប់តែខ្លាចធ្វើទៅមិនល្អ ខ្លាចគេមិនពេញចិត្ត ឲ្យមានកម្លាំងចិត្តបង្កើតវីដេអូមានការគាំទ្រមកដល់សព្វថ្ងៃ»។ ជាក់ស្តែង ស្រីនាបានចាប់ផ្តើមធ្វើវីដេអូដំបូងបំផុតនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ អ្វីដែលសំខាន់ទៀតនោះមិនថាការថត ការរៀបចំប្លង់ និងការកែសម្រួលវីដេអូគឺស្រីនាជាអ្នកធ្វើដោយខ្លួនឯងទាំងអស់។ ការថតវីដេអូប្រកបដោយគុណភាពនិងភាពទាក់ទាញ ; អ្នកបង្កើតវីដេអូ YouTube វ័យ ១៩ឆ្នាំរូបនេះរមែងរិះរកប្រធានបទសប្បាយៗ បង្ហាញពីតិចនិចនិងផលិតផលច្បាស់លាស់ ពិសេសប្រកាន់គោលការណ៍ចង់ឲ្យអ្នកទស្សនាទទួលបានចំណេះដឹងលើសពីការតុបតែងមុខ ឬយ៉ាងហោចណាស់ស្គាល់នូវរបស់ប្រើប្រាស់ក្នុងការតុបតែងមុខជាដើម។ មិនត្រឹមតែពាំនាំចំណេះដឹងសម្រស់ ស្រីនាដែលជាសិស្សប្រឡងជាប់និទ្ទេស A ឆ្នាំ២០១៨ ក៏រមែងធ្វើវីដេអូចែករំលែកចំណេះដឹងទាក់ទងនឹងការត្រៀមខ្លួនប្រឡងបាក់ឌុប ក៏ដូចជាគន្លឹះសិក្សានៅមហាវិទ្យាល័យដល់ប្អូនៗជំនាន់ក្រោយផងដែរ។ ជាអ្នកបង្កើតប្រធានបទខ្លួនឯងផង ថតវីដេអូខ្លួនឯងផង និងកែសម្រួលវីដេអូខ្លួនឯងផងនោះ រាល់វីដេអូនីមួយៗទម្រាំចេញត្រូវចំណាយពេលយ៉ាងហោចណាស់ ៨ម៉ោងឬជួនដល់ទៅ៣ថ្ងៃអាស្រ័យទៅលើពេលវេលាអំណោយផល ហើយដើម្បីជៀសវាងកំហុសស្រីនាតែងយកវីដេអូឆ្លងកាត់ភ្នែកគ្រួសារដូចជា លោកយាយ ម៉ាក់ និងប្អូនៗមើលជាមុនសិនថាតើទទួលយកបានទាំងក្មេងនិងទាំងចាស់ឬអត់ទើបសម្រេចចិត្តបង្ហោះនៅលើ YouTube ដែលនេះជាហេតុរាល់វីដេអូរបស់ស្រីនាចេញទៅកម្រមានកំហុស។ កន្លងទៅនេះស្រីនាទើបជោគជ័យទទួលបានពានប្រាក់ Silver Creator Award ពី YouTube ដែលមានចំនួនអ្នក Subscribe ឡើងដល់១០ម៉ឺននាក់ ប៉ុន្តែកញ្ញានៅតែលើកឡើងថា «កាលណាចំនួនអ្នក Subscribe កើនឡើងកាន់តែច្រើន យើងកាន់តែទាមទារការប្រុងប្រយ័ត្នខ្ពស់បំផុតទៅលើការបង្កើតវីដេអូនីមួយៗ»។
ងាកមករំឭកមុនក្លាយជា YouTuber លេចធ្លោនៅកម្ពុជា កាលវ័យ១៣ឆ្នាំ ស្រីនាក៏ធ្លាប់ធ្វើវីដេអូ YouTube បង្ហោះជាពីរបីវីដេអូផងដែរ ដែលវីដេអូទាំងនោះផ្តោតទៅលើការនិយាយបែបកំប្លែងៗខុសប្លែកពីវីដេអូបច្ចុប្បន្ន។ ក្រោយមកដោយមានទំនោរទៅលើភាពយន្តកូរ៉េ សកម្មភាពតារាកូរ៉េ ជាពិសេសវីដេអូតុបតែងមុខ ស្រីនាក៏ចាប់ផ្តើមមានគំនិតចង់បង្កើតជាវីដេអូទាក់ទងនឹងសម្រស់ស្របពេលខ្លួនមានចំណេះចេះតុបតែងតិចតួចពីអ្នកម្តាយដែលគាត់ធ្លាប់ជាអតីតស្ថាបនិកហាងសាឡនមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ដ្បិតជំហានដំបូងស្រីនាមិនសូវពូកែតុបតែងមុខក្តី ប៉ុន្តែដោយសារអ្នកម្តាយ និងអ្នកជុំវិញខ្លួនចេះតែជំរុញទឹកចិត្តទើបស្រីនាចេះតែប្រឹងប្រែងវិវដ្តសមត្ថភាពក៏ដូចជាចំណេះជំនាញកាន់តែខ្លាំងមកដល់សព្វថ្ងៃ។ ការចាប់ប្រធានបទវីដេអូផ្តោតលើសម្រស់ ស្រីនា បានបង្ហើបថា «ទី១ ដោយសារខ្ញុំឃើញអ្នកធ្វើ Vlog នៅស្រុកខ្មែរភាគច្រើនជាបុរសហើយពួកគាត់ចូលចិត្តធ្វើវីដេអូបែបដំណើរកម្សាន្តទៅក្រៅប្រទេសដែលវាមិនមែនជាជំនាញរបស់ខ្ញុំ ទី២ការតុបតែងមុខជាចំណូលចិត្តរបស់ខ្ញុំ ម្យ៉ាងនៅស្រុកខ្មែរមិនទាន់មានអ្នកណាធ្វើលេចធ្លោនៅឡើយ និងទី៣ខ្ញុំចង់មានគោលដៅច្បាស់លាស់ ចង់ឲ្យគេស្គាល់ច្បាស់ថាខ្ញុំធ្វើពី Beauty (សម្រស់) ដែលសំខាន់ងាយស្រួលសម្រាប់អ្នកចង់ស្ពនស័រផងដែរ»។
យុវតី ជា ស្រីនា កើតនៅក្នុងគ្រួសារអ្នកជំនួញដែលមានឪពុកធ្វើជំនួញផ្នែកអចលនទ្រព្យ និងអ្នកម្តាយជាស្ថាបនិកហាងកាត់ដេល្បីមួយក្នុងរាជធានីភ្នំពេញ។ ស្រីនា មានបងប្អូនចំនួន ៣នាក់(ស្រី២ប្រុស១) ស្រីនាជាកូនច្បង។ ក្រៅពីជានិស្សិតសិក្សាឆ្នាំទីពីរនៅសាកលវិទ្យាល័យ AUPP ;ផ្នែក ពាណិជ្ជកម្ម ស្រីនាជា YouTuber ផ្នែកសម្រស់ដ៏លេចធ្លោមួយរូបនៅកម្ពុជា ហើយក៏កំពុងមានការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្តាស្ពនស័រល្បីៗ ព្រមទាំងជារឿយៗត្រូវបានអញ្ជើញចូលរួមកម្មវិធីនានាមិនចាញ់តារាសម្តែង និងចម្រៀងល្បីៗប៉ុន្មានឡើយ។ នាពេលឆាប់ៗខាងមុខកញ្ញានឹងចាប់ផ្តើមជំនួញផ្ទាល់ខ្លួនមួយគឺបើកសំអាងការជាមួយអ្នកម្តាយ និងគ្រោងបង្កើតផលិតផលសម្រស់ដែលជារូបមន្តផ្ទាល់ខ្លួនក៏ដូចជាម៉ាកផ្ទាល់ខ្លួនផងដែរនាពេលអនាគត៕
Article by SOKKHIM