×

ប្លែក​មាត់​ជាមួយ​រសជាតិ​ ​ “ចា​ណាង​” សម្ល​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តរតនគិរី

TRAVEL & LIVING 4 years ago
 
 

          ​អ្នក​នៅ​ភ្នំពេញ​ភាគច្រើន​ប្រហែល​ពុំ​ទាន់​ស្គាល់​សម្ល​ «ចា​ណាង​» នៅឡើយ​ទេ​ ប៉ុន្តែ​អ្នក​ខេត្តរតនគិរី​ទាំងអស់​សុទ្ធតែ​ស្គាល់​សម្ល​មួយ​មុខ​នេះ​ ព្រោះ​វា​បាន​ក្លាយជា​មុខម្ហូប​ពិសេស​ប្រចាំ​តំបន់​ទៅ​ហើយ​។ នៅ​ទីរួមខេត្ត​រតនគិរី​ មាន​ភោជនីយដ្ឋាន​ជាច្រើន​ដែល​មាន​បម្រើ​ស៊ុប​ចា​ណាង​ ជាពិសេស​នៅ​ម្តុំ​ជុំវិញ​បឹង​កន្សែង​។ យ៉ាងណាមិញ​ មុខម្ហូប​អត្តសញ្ញាណ​ជនជាតិ​គ្រឹង​ និង​ ទំពួន​ មួយ​មុខ​នេះ​ត្រូវ​បាន​យក​មក​ចម្អិន​បង្ហាញ​ជាពិសេស​នៅក្នុង​មហោស្រព​សិល្បៈ​ដណ្តាំ​ស្ល​ម្ហូបអាហារ​លើក​ទី២០​ និង​ទម្រង់​ម៉ូត​សម្លៀកបំពាក់​ខ្មែរ​ លើក​ទី១៩​ ឆ្នាំ២០១៩​ នា​ថ្ងៃទី២៥​ តុលា​ ២០១៩​ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្រ្ត​វត្តភ្នំ​ រាជធានី​ភ្នំពេញ​ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២គួរ​ជាទី​មោទកភាព​ក្រៃលែង​សម្រាប់​ប្រជាជន​ភូមិភាគ​ឦសាន​ ។ ​សម្ល​នេះ​ត្រូវ​បាន​លើក​មក​បង្ហាញ​ជា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ជាលើកដំបូង​ក្នុង​ឆ្នាំ២០១៩នេះ​ ដោយក្រុម​ស្រ្តី​ជនជាតិ​ដើម​ភាគតិច​ដែល​ដឹកនាំ​ដោយ​អ្នកនាង​ ឡាត់​ សុ​ខឯម​ ជនជាតិ​គ្រឹង​ រស់នៅ​ខេត្តរតនគិរី​ផ្ទាល់​។ ​កញ្ញា​ អាន​ លីយ៉ុង​ ជា​និស្សិត​ជនជាតិ​គ្រឹង​ និង​ សមាជិក​ក្រុម​ «ស្រ្តី​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​» មក​ពី​ខេត្តរតនគិរី​ បាន​សម្តែង​អារម្មណ៍​រីករាយ​ត្រេកអរ​ដែល​បាន​ចូលរួម​ចំណែក​បង្ហាញ​មត៌ក​មុខម្ហូប​ជនជាតិ​របស់​ខ្លួន​ក្នុង​ឱកាស​ពិព័រណ៍​ចម្លាក់​ស្បែក​ ក្រោម​ប្រធានបទ​ «ព្រះរាម​ផ្លែងសរ​» រៀបចំ​ដោយ​នាយកដ្ឋាន​សិល្បៈ​សូន​រូប​ និង​សិល្បៈ​សិប្បកម្ម​ ស.រ.ស​ នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដែល​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃទី១៤​-១៥​-១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​បរិវេណ​បណ្ណាល័យជាតិ​កម្ពុជា​ ផ្លូវ​លេខ៩២​ សង្កា​ត់​វត្ដ​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​(ខាង​លិច​វត្ដ​ភ្នំ​)។ កញ្ញា​បាន​និយាយប្រាប់​សូ​វរីន​ថា​ សម្ល​ចា​ណាង​ ជាមុ​ខម្ហូប​ប្រចាំថ្ងៃ​ដែល​ជនជាតិ​ដើម​ភាគតិច​និយម​ចម្អិន​បរិភោគ​ជាទូទៅ​ ជាពិសេស​នៅ​ខែវស្សា​ដែល​សម្បូរ​ទំពាំង​លាស់​ មិនមែន​ជាមុ​ខម្ហូប​សម្រាប់​ឱកាស​ពិធីបុណ្យ​ប្រពៃណី​ណាមួយ​ឡើយ​។ ​សម្ល​នេះ​មាន​គ្រឿងផ្សំ​សំ​ខាន់​ៗ ដូចជា​ ស្លឹក​ចា​ណាង​ ឬ ស្លឹក​ស៊ុង​រៀង​ ​(បើ​អត់មាន​ស្លឹក​ចា​ណាង​ឬស្លឹក​ស៊ុង​រៀង​ គេ​អាច​ប្រើ​ស្លឹក​សណ្តែក​ខ្មោច​ ប៉ុន្តែ​វា​មាន​រសជាតិ​រាង​ក្រពុល​បន្តិច​) ទំពាំង​ ក្តាត​ ត្រប់​ ស្នៀតពោត​ ពពាយ​ខ្ចី​ ឃ្លោក​ខ្ចី​ ជាដើម​។ ចំពោះ​វិធី​ធ្វើ​ ដំបូង​ត្រូវ​លាង​ស្លឹក​ចា​ណាង​ដែលគេ​រកបាន​ពី​ក្នុង​ព្រៃ​ ឬ ដាំ​ក្នុង​ភូមិ​ឲ្យ​ស្អាត​ហើយ​ហាលថ្ងៃ​។ បន្ទាប់មក​ ត្រូវ​យក​ស្លឹក​នោះ​មក​បុក​ពី​ល្ងាច​ហើយ​ត្រាំទឹក​មួយ​យប់​ឲ្យ​ឡើងជា​តិ​ល្អ​ ទើប​យក​ទឹក​ស្លឹក​នោះ​មក​ចាក់​ក្នុង​ឆ្នាំង​ស្ងោរ​រម្ងាស់​ឲ្យ​យូរ​ដូច​ស៊ុប​ (តែ​កុំ​ឲ្យ​យូរ​ពេក​ ខ្លាច​រលួយ​)។ ចំពោះ​សាច់​ គេ​អាច​ប្រើ​សាច់គោ​ (ឆ្អឹងជំនីរ​ ឬ ឆ្អឹងស្មងជើង​) ក៏បាន​ សាច់​ជ្រូក​ក៏បាន​ តែ​ភាគច្រើន​ ជនជាតិ​ដើម​គេ​និយម​ប្រើ​ឆ្អឹងជំនីរ​ជ្រូក​ជាង​។ ប៉ុន្តែ​មុននឹង​ស្ល​សម្ល​នេះ​ គេ​ត្រូវ​យក​សាច់​ជ្រូក​ ឬ សាច់គោ​នោះ​ទៅ​អាំង​ឲ្យ​ស្រពាប់​ជាមុន​សិន​។ ​អ្វី​ដែល​សំខាន់​ គឺ​ជនជាតិ​ដើម​ភាគតិច​មិន​ប្រើ​ស្ករ​សម្រាប់​ចម្អិន​សម្ល​នេះ​ទេ​ ពោល​គឺ​ ដាក់​តែ​អំបិល​និង​ប៊ីចេង​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ​គេ​អាច​ទទួលទាន​សម្ល​នេះ​ជាមួយ​បាយ​អង្ករខ្សាយ​ចំហុយ​ ឬ បាយដំណើប​ចំហុយ​ក៏បាន​ទៅតាម​ចំណង់​ចំណូលចិត្ត​ ផ្ទាប់​ជាមួយ​បុក​ប្រគ្រីវ​ (ជ្រក់​ម្យ៉ាង​របស់​ជនជាតិភាគតិច​មាន​រសជាតិ​ប្រៃ​ហិរ​)។ សព្វថ្ងៃ​ គេ​និយម​ច្នៃ​វា​ជា​ស៊ុប​បរិភោគ​ជាមួយ​មី​ដូច​មី​ខគោ​របស់​អ្នកស្រុក​ខ្មែរ​កណ្តាល​យើង​ ដែរ​។ សម្ល​នេះ​អាច​កម្តៅ​ទុក​បាន​យូរ​រហូត​មួយ​សប្តាហ៍​ ហើយ​ក្នុងករណី​ដែល​សម្ល​រីង​ទឹក​ គេ​អាច​ចាក់ទឹក​ត្រាំ​ស្លឹក​ចា​ណាង​នោះ​ចូល​បន្ថែម​ វា​នឹង​រក្សា​បាន​រសជាតិ​ឆ្ងាញ់​ដដែល​។ ចៀសវាង​ចាក់ទឹក​ធម្មតា​ចូល​ដែល​នឹង​ បណ្តាល​ឲ្យ​បាត់បង់​រសជាតិ​សម្ល​ដើម​៕ ​

Article​ by​ SRIN​ SOKMEAN


SUGGESTIONS