ទោះបីលំបាកយ៉ាងណាក៏សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅតែយកព្រះទ័យទុកដាក់លើមត៌ករបាំដល់នាទីចុងក្រោយ
NEWS 4 years agoទូលព្រះបង្គំជានាយកនិពន្ធនិងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃទស្សនាវដ្តីសូវរីន សូមថ្វាយមហាព្រះ រាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលទ្រង់បានយាងទៅកាន់ទីឋានព្រះបរម សុខកុំបីឃ្លៀងឃ្លាតឡើយ។ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុង ព្រះជន្ម ៧៦ព្រះវស្សា វេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។
កាលពីនៅមានព្រះជន្ម ទ្រង់ធ្លាប់មានព្រះរាជបន្ទួលប្រាប់សូវរីនថា ទ្រង់ជាបុត្រីរបស់អ្នកម្នាង ផាត់ កាញ៉ុល និងព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ហើយត្រូវបានចិញ្ចឹមបីបាច់ដោយព្រះអយ្យកោគឺ សម្តេច ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈនារីរ័ត្ន ដែលជាអ្នកគ្រប់គ្រងរបាំព្រះរាជទ្រព្យ និងព្រះអយ្យកា គឺសម្តេចព្រះនរោត្តម សុរាម្រិត “ដោយសារព្រះអយ្យកោរបស់ខ្ញុំជាអ្នកមើលការខុសត្រូវ ការបង្ហាត់របាំព្រះ រាជទ្រព្យជារៀងរាល់ព្រឹក ហើយខ្ញុំជាអ្នកនៅជាប់ជាមួយទ្រង់ ទើបខ្ញុំបានចម្រើនវ័យជាមួយនឹងបរិយាសកាស បែបនេះ។ គ្រប់គ្នានៅក្នុងរាជវង្សខ្ញុំមិនច្រើនក៏តិច គឺជាសិល្បករ។ ដូច្នេះខ្ញុំក៏មានជំនាញនេះដូចជាពួកទ្រង់ ដែរ”។
កាលពីស្ថិតក្នុងព្រះជន្ម ៣ ឬ ៤ ព្រះវស្សា សម្តេចព្រះរៀម បុប្ផាទេវី ដែលកាលនោះនៅជារាជកុមារី បាន សិក្សាពីកាយវិការមូលដ្ឋានពីក្រោយសិស្សដែលមានអាយុច្រើនជាង“ខ្ញុំបានរៀនរាំ ជាការកំសាន្ត”។ ;សម្តេច ព្រះមហាក្សត្រីយានី បានសម្រេចចិត្តផ្តល់ឱ្យទ្រង់នូវការបង្ហាត់យ៉ាងល្អ ជាមួយនឹងគ្រូដ៏ជំនាញដូចជាអតីត នាដការីនៃរបាំរបស់ព្រះបាទស៊ីសុវត្ថិ។ ដោយសារតែគន្លឹះនៃរបាំក្បាច់បុរាណ និងកាយវិការរបស់របាំនេះ គឺភាពបត់បែននៃសន្លាក់អនាគតអ្នករបាំបានចាប់ផ្តើមហាត់ក្នុងវ័យដ៏ក្មេងពេលដែលរាងកាយងាយស្រួលក្នុងការហាត់ពត់លត់ដំ។
“ របាំក្បាច់បុរាណរបស់ខ្មែរគឺខុសគ្នាយ៉ាងខ្លាំងពីរបាំបុរាណរបស់អឺរ៉ុប ដែលទាមទារនូវការប្រើកម្លាំងយ៉ាង ខ្លាំង។ នៅក្នុងរបាំក្បាច់បុរាណខ្មែរ អ្វីដែលសំខាន់បំផុតគឺយកចិត្តទុកដាក់ លើការហាត់ពត់រាងកាយ។ ការហាត់ពត់រាងកាយត្រូវចាប់ផ្តើមពីវ័យ ៥ទៅ ៦ឆ្នាំ។ របាំនេះមិន ទាមទារការបញ្ចេញកម្លាំងច្រើនទេ។ វាគឺមួយជំហានម្តង មួយជំហានម្តង។ ជំនួសឱ្យការបង្ខំ រាងកាយ អ្នកត្រូវហាត់សន្សឹមៗ។ ទោះបីយ៉ាងនេះ វាក៏មានភាពលំបាកណាស់ដែរ ពីព្រោះដើម្បីទទួលបានជោគជ័យ អ្នកមិនអាចឈប់ហាត់ពត់នោះទេ”។
ទ្រង់បានក្លាយជានាដកាទីមួយនៃរបាំអប្សរាពេលដែលទ្រង់មានព្រះជន្ម ១៥ ឆ្នាំ។ នៅពេលនោះក្រោយព្រះ មហាវីរក្សត្រព្រះបាទនរោត្តម សីហនុ បានទាមទារឯករាជ្យពីប្រទេសបារាំងនៅក្នុងឆ្នាំ ១៩៥៣ ទ្រង់បាន ខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេស និងផ្សព្វផ្សាយរបាំនេះកាន់ពិភពលោក។ ព្រះអង្គបាននាំយក ក្រុមរបាំព្រះរាជទ្រព្យទៅតាមគ្រប់ដំណើរទស្សនកិច្ចការទូត ឬរៀបចំឱ្យមានការសម្តែងរបាំនេះសម្រាប់ភ្ញៀវ ពិសេសៗនៅក្នុងប្រទេសកម្ពុជា។
“ របាំព្រះរាជទ្រព្យ គឺជាសម្បតិ្តវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ យើងបានសម្តែងរបាំនេះគ្រប់ទីកន្លែង នៅលើសកលលោកជាពិសេសបណ្តាប្រទេសសំខាន់ៗ។ ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន។ មួយក្នុងចំណោម នោះគឺនៅពេលដែលព្រះបិតារបស់ខ្ញុំបានសុំឱ្យខ្ញុំរាំជាការស្វាគមន៍ ឧត្តមសេនីយ៍ សាលដឺហ្គោល ក្នុងឆ្នាំ ១៩៦៤ ” ។ ព្រឹត្តិការណ៍នោះគឺនៅប៉ារីស បន្ទាប់ពីការសម្តែងរបាំអប្សរា នៅ Opera Garnier។
ចាប់តាំងពីឆ្នាំ ១៩៦៥ ដែលជាឆ្នាំដែលទ្រង់បានប្រសូតបុត្រទី ៣ សម្តេចព្រះរៀមបានក្លាយជាគ្រូបង្ហាត់របាំ ព្រះរាជទ្រព្យ។ នៅពេលនោះ គឺមានគ្រូបង្ហាត់របាំក្បាច់បុរាណខ្មែរ ៣០០ នាក់ និងសិស្សរបាំ ៥០០ នាក់ ដែល មកពីឋានៈផ្សេងៗគ្នា។ នៅដើមឆ្នាំ ១៩៧០ របាំព្រះរាជទ្រព្យបានសម្តែងជាផ្លូវការខ្លះ ប៉ុន្តែនៅខែកញ្ញា ឆ្នាំ ១៩៧៣ សម្តេចព្រះមហាក្សត្រីយានី កុសុមៈ បានយាងចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ សម្តេចព្រះរៀម បានយាងទៅតាមព្រះបិតារបស់ទ្រង់ទៅប្រទេសចិន ហើយបន្ទាប់មកទ្រង់បានយាងបន្តទៅប៉ារីស។ ទ្រង់បាន ត្រលប់មកដល់ព្រំដែនកម្ពុជាថៃ កន្លែងដែលទ្រង់បានបង្កើតថ្នាក់ បង្ហាត់របាំនៅជំរំជនភៀសខ្លួន។ ទ្រង់បាន គាំទ្រគំនិតផ្តួចផ្តើមរបស់អ្នកដែលនៅរស់នៅទូទាំងពិភពលោកនាំគ្នាបង្ហាត់របាំក្បាច់បុរាណខ្មែរឡើងវិញ។ សម្តេចព្រះរាម បានយាងត្រលប់មកមាតុប្រទេសវិញ នៅឆ្នាំ ១៩៩១ ជាមួយនឹងព្រះបិតារបស់ទ្រង់ ។
បន្ទាប់ពីរបបប៉ុលពត មានអតីតគ្រូបង្ហាត់ និងអ្នករបាំ ប្រហែលជា ២០ នាក់ ; ប៉ុណ្ណោះ ដែលនៅរស់រានមាន ជីវិត។ សម្តេចព្រះរៀមបានមានបន្ទូលបន្ថែមថា “យើងបានខិតខំទាំងអស់គ្នា ដើម្បីធ្វើឱ្យរបាំនេះរស់ឡើងវិញ ទាំងកាយវិការ ចលនាមូលដ្ឋាន ; តន្រ្តីបុរាណ និងអ្វីគ្រប់យ៉ាងដែលធ្លាប់មានពីមុន។ នេះគឺជាការងារក្រុម ដែលប្រៀបដូចជាគ្រួសារ”។
បន្ទាប់ពីត្រូវបានជ្រើសតាំងជាអនុរដ្ឋមន្រ្តីក្រសួងវប្បធម៌នៅឆ្នាំ ១៩៩៣ និងបន្ទាប់មកជារដ្ឋមន្រ្តី ក្រសួងវប្បធម៌ នាឆ្នាំ ១៩៩៨ សម្តេចព្រះរៀមបានដឹកនាំក្រុមអ្នកជំនាញនិងសិល្បករ ដាក់ពាក្យសុំបញ្ចូលរបាំក្បាច់ខ្មែរបុរាណ ជាស្នាដៃឯកផ្នែកបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីខាងផ្នែកមនុស្សជាតិរបស់អង្គការយូណេស្កូ។ការទទួល ស្គាល់ជាអន្តរជាតិនេះ គឺជាភស្តុតាងដ៏សំខាន់បំផុតនៃប្រពៃណីបញ្ចេញសម្លេងនិងការបង្ហាញនៃទម្រង់នៃ វប្បធម៌ទៅគ្រប់តំបន់នៃពិភពលោក។ នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០០៣ អង្គការយូណេស្កូ បានប្រកាសទទួល ស្គាល់របាំព្រះរាជទ្រព្យជាស្នាដៃឯកផ្នែកបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីខាងផ្នែក មនុស្សជាតិ។
“ ក្រុមរបាំនេះ គឺជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រខ្មែរ។ របាំនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង ព្រះមហាក្សត្រ។ ឥលូវនេះ ក្រុមរបាំនេះជាកម្មសិទ្ធរបស់រដ្ឋ។ ពួក យើងជាមន្ត្រីរាជការ។ ពេលនេះ របាំព្រះរាជ ទ្រព្យជាសម្បត្តិរដ្ឋ ហើយតួនាទីរបស់យើងគឺបង្ហាត់ក្មេងៗអំពីរបាំ និងវប្បធម៌” ។
បច្ចុប្បន្នការរីកដុះដាលនៃការសម្តែងរបាំក្បាច់ខ្មែរបុរាណនៅភោជនីយដ្ឋានដែលមើលទៅមិនល្អគ្រប់លក្ខណៈ ; បានប្រែក្លាយរបាំដ៏ពិសិដ្ឋនេះទៅជាផ្ទាំងទស្សនីយភាពសម្រាប់ភ្ញៀវទេសចរដែលចង់ទស្សនាដែលគ្មានតម្លៃ សោះសម្រាប់វប្បធម៌។ ការរាំរបាំនៅភោជនីយដ្ឋានមិនគួរទទួលយកនោះទេ បើតាមព្រះរាជតម្រិះរបស់ទ្រង់។
ទន្ទឹមនឹងនេះទ្រង់បានបង្កើតមូលនិធិ អ្នកម្នាង ផាត់កាញ៉ុល ដែលដាក់ឈ្មោះតាមព្រះនាមព្រះមាតា របស់ទ្រង់ដើម្បីទ្រទ្រង់របាំនេះនិងគម្រោងរបាំនេះ។ ជាចុងក្រោយ ទ្រង់នៅស្ងៀមបន្តិចទើបមានបន្ទូលថា “ខ្ញុំសង្ឃឹមថា ក្មេងជំនាន់ក្រោយនឹងធ្វើបានល្អ។ តួនាទីរបស់យើងគឺបង្ហាត់ពួកគេ។ បន្ទាប់ពីនោះគឺពួកគេជា អ្នកជ្រើសរើសអនាគតដោយខ្លួនឯង” ៕
Article By SOVRIN