×

នួន​ ​ភិ​មាន​ ​ស្ថាបនិក​របស់​អង្គការ​ ​«​លើកស្ទួយ​ប្រជាពលរដ្ឋ​»​ ​ដែល​ល្បី​រន្ទឺ​ដល់​បស្ចិមប្រទេស​

NEWS 4 years ago
 
 

            ប្រមាណ​ជា១៧ឆ្នាំ​មក​ហើយដែល​អង្គការ​ ​«​លើកស្ទួយ​ប្រជាពលរដ្ឋ​»​ ​(​People​ ​Improvement​ ​Organization​)​ ​បាន​ចាប់បដិសន្ធិ​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទិដ្ឋភាព​ក្មេង​តូច​ៗ​ដែល​ដណ្តើម​កាកសំណល់​អាហារ​ដើម្បី​ទទួលទាន​ ​ខណៈ​ដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​កំពុងតែ​រស់នៅ​ក្នុង​សង្គម​ដែល​ប្រកបដោយ​សន្តិភាព​ ​បាន​ចាក់ដោត​ដល់​បេះដូង​ជន​សាមញ្ញ​ម្នាក់​ ​រហូត​ជំរុញ​ឲ្យ​អ្នកស្រី​សម្រេចចិត្ត​បង្កើត​អង្គការ​មួយ​នេះ​នៅក្នុង​ឆ្នាំ​ ​២០០២​។​ ​អ្នកស្រី​នួន​ ​ភិ​មាន​ ​មាន​ស្រុកកំណើត​នៅក្នុង​ខេត្ត​កំពង់ចាម​ ​ជា​ស្ថាបនិក​របស់​អង្គការ​ ​PIO​ ​។​ ​ស្ថាបនិក​ជា​ស្ត្រី​រូប​នេះ​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ជាច្រើន​ដើម្បី​បង្កើត​អង្គការ​ ​PIO​ ​ជាលើកដំបូង​ ​ដោយ​មិន​រំពឹង​ថា​នឹង​ទទួល​បានការ​តបស្នង​អ្វី​ក្រៅពី​ការ​ផ្តល់​ចំណេះដឹង​ ​និង​ ​ការរស់នៅ​សមរម្យ​សម្រាប់​កុមារ​ជាច្រើន​ពាន់​នាក់​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​។​ ​បើ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​កេរ្តិ៍ឈ្មោះ​និង​សប្បុរសធម៌​របស់​អ្នកស្រី​បាន​ល្បី​រន្ទឺ​ដល់​បស្ចិមប្រទេស​រហូត​ទទួល​បាន​ពានរង្វាន់​និង​មេដាយ​ជាបន្តបន្ទាប់​។​ ​បន្ទាប់ពី​រយៈពេល៦ឆ្នាំ​ដែល​អ្នកស្រី​ ​ភិ​មាន​ ​បាន​បង្កើត​អង្គការPIO​ ​ស្ថានីយ​ទូរទស្សន៍​ធំ​បំផុត​របស់​អន្តរជាតិ​បាន​ផ្តល់​ពានរង្វាន់​ដ៏​កម្រ​មួយ​សម្រាប់​ការងារ​មនុស្សធម៌​របស់​អ្នកស្រី​ ​គឺ​ ​Hero​ ​Award​ ​ពី​កម្មវិធីCNN​ ​Hero​ ​។​ ​ពានរង្វាន់​និង​មេដាយ​ជាច្រើន​ទៀត​ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នកស្រី​នួន​ ​ភិ​មាន​ ​ជាបន្តបន្ទាប់​ទៀត​នៅក្នុង​ឆ្នាំ២០១៥​ ​កន្លងទៅ​ដូចជា​ ​Humanitarian​ ​Award​ ​from​ ​Canadian​ ​Multicultural​ ​Council​ ​គ្រឿង​ឥស្សរិយ​សស​ហមេ​ត្រី​ថ្នាក់​ធិប​ឌិន្​ទ​ ​ពី​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​នរ៉ា​នី​ហ៊ុន​សែន​និងWorld​ ​Children​ ​Prize​ ​Award​ ​(​Children​ ​Nobel​ ​Prize​)​ ​ពី​ប្រទេស​ស៊ុយអែត​។​ ​ជួប​ជាមួយ​ទស្សនាវដ្តី​ សូ​វរីន​ អ្នកស្រី​នួន​ ​ភិ​មាន​ ​បាន​និយាយ​ថា​ ​ពានរង្វាន់​ និង​មេដាយ​ទាំងនោះ​បាន​ធ្វើឲ្យ​អ្នកស្រី​រំភើប​ក្រៃលែង​ ​ជាពិសេស​ពានរង្វាន់​ ​World​ ​Children​ ​Prize​ ​Award​ ​(​Children​ ​Nobel​ ​Prize​)​ ​ពី​ប្រទេស​ស៊ុយអែត​ដែល​ត្រូវ​បាន​បោះឆ្នោត​ដោ​យក្មេងៗ​ជាច្រើន​ទូទាំង​ពិភពលោក​។​

Image Courtesy: PHYMEAN NOUN

            ​តាមរយៈ​ពានរង្វាន់​និង​មេដាយ​ទាំងនោះ​ ​វា​បាន​នាំ​យក​មូលនិធិ​ជាច្រើន​សម្រាប់​ឧបត្ថម្ភ​ដល់​ក្មេង​ៗ​របស់​កម្ពុជា​ជាច្រើន​ដែល​កំពុង​ប្រឈម​នឹង​ភាព​ខ្វះខាត​។​ ​បច្ចុប្បន្ន​មាន​សប្បុរសជន​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ទាំង​ថវិកា​និង​សម្ភារ​បើ​ទោះជា​តិច​ក្តី​ច្រើន​ក្តី​ដើម្បី​ជួយឧបត្ថម្ភ​ដល់​កុមារ​ក្រីក្រ​។​ ​រំឭក​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​អ្នកស្រី​បាន​និយាយ​ថាបើ​ទោះបីជា​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​ ​ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជាក់​ថា​ជីវភាព​របស់​អ្នកស្រី​មិនសូវ​ជា​លំបាក​ដូច​ជា​ក្មេង​ៗ​ដែល​រស់នៅ​ក្នុង​សង្គម​ដែល​មាន​សន្តិភាព​ទៅ​ហើយ​។​ ​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកស្រី​ភិ​មាន​ ​នួន​កើត​នៅក្នុង​ឆ្នាំ១៩៧១​ ​នៅមុន​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត​បន្តិច​នៅក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​។​ ​ប៉ុន្តែ​អ្វី​ៗ​បាន​ឈាន​ទៅដល់​ចំណុចសូន្យ​នៅពេល​ដែល​របប​ប្រល័យ​ពូជសាសន៍​បាន​ចូល​មកដល់​។​ ​កាលពី​កុមារភាព​ ​អ្នកស្រី​ភិ​មាន​ ​នួន​ ​បានឃើញ​ទិដ្ឋភាព​ជាច្រើន​នៅក្នុង​ពេល​ដែល​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​។​ ​អ្នកស្រី​មិនបាន​ទទួល​ភាព​រីករាយ​នៅក្នុង​វ័យ​កុមារ​ឡើយ​ដោយសារតែ​របប​ខ្មៅ​ងងឹត​បាន​គ្រប់​ដណ្តប់​ស្ទើរ​ពេញ​កុមារភាព​របស់​អ្នកស្រី​។​ ​បើ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ជីវិត​ថ្មី​បាន​ចាប់ផ្តើម​ឡើង​ម្ដងទៀត​ក្រោយពេល​ដែល​របប​ខ្មៅ​ងងឹត​បាន​បញ្ចប់​។​ ​អ្នកស្រី​ភិ​មាន​ ​នួន​បាន​រំឭក​ឡើង​ថា​ ​ទឹក​ចិ​ត្ត​ស​ណ្តោ​សប្រ​ណី​របស់​អ្នកស្រី​ត្រូវ​បាន​ផ្តល់​ឲ្យ​ពី​អ្នកម្តាយ​របស់​អ្នកស្រី​។​ ​អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ ​«​កាលពី​ខ្ញុំ​នៅ​តូច​ ​ទោះបីជា​យើង​នៅសល់​តែ​បាតដៃ​ទទេ​រទាំង​អស់​គ្នា​ប៉ុន្តែ​ម្តាយ​របស់ខ្ញុំ​បាន​ជួយ​ក្មេងស្រី​ ​ប្រមាណ១០នាក់​មក​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​និង​ជួយ​ទំនុកបម្រុង​គាត់​ ​ឲ្យ​ទៅរៀន​ដូច្នេះ​ខ្ញុំ​មានការ​ចងចាំ​អំពើល្អ​ដែល​គាត់​ធ្វើ​ ​ទោះបីជា​រយៈពេល​ខ្លី​ដែល​ខ្ញុំ​បាន​នៅជា​មួយ​គាត់​ ​តែ​អ្វី​ដែល​ខ្ញុំ​ចាំ​ជាងគេ​គឺ​ការ​ទូន្មាន​ឲ្យ​ខ្ញុំ​ធ្វើអំពើ​ល្អ​»​។​ ​អ្នកស្រី​បាន​បន្ត​ទៀត​ថា​ ​«​អ្វី​ដែល​ចាំ​ជាងគេ​គឺ​ការ​ធ្វើជា​មនុស្ស​គឺ​ត្រូវ​ចេះ​ឲ្យ​ត្រលប់​ទៅវិញ​ ​មិនមែន​ចេះតែ​ទទួលយក​ដោយ​មិន​មានការ​ផ្តល់​ត្រលប់​ទៅវិញ​នោះ​ទេ​។​ ​គាត់​ក៏បាន​ប្រាប់​ថា​ឲ្យ​ធ្វើអំពើ​ល្អ​ ​មានចិត្តល្អ​ ​កុំ​មើលងាយ​អ្នក​ក្រីក្រ​»​។​ ​នៅក្នុង​បណ្តាំ​ចុងក្រោយ​របស់​ម្តាយ​ជាទី​ស្រលាញ់​របស់​អ្នកស្រី​ភិ​មាន​ ​នួន​ ​បាន​ធ្វើឲ្យ​អ្នកស្រី​បាន​ក្លាយជា​បុគ្គល​ឆ្នើម​នៅក្នុង​សង្គម​ដូច​បច្ចុប្បន្ន​នេះ​គឺ​ការសិក្សា​ ​«​នៅពេល​ចុងក្រោយ​ដែល​គាត់​ ​[​ម្តាយ​]​ជិត​ផុត​ទៅ​ហើយ​ ​គាត់​បាន​ផ្តាំ​ថា​ ​ការសិក្សា​គឺ​សំខាន់​ខ្លាំង​ណាស់​នៅក្នុង​ជីវិត​របស់​យើង​ ​ដូច្នេះ​បើ​ទោះជា​មាន​លុយ​ឬ​អត់​លុយ​គឺ​ត្រូវតែ​ប្រឹងរៀន​ជានិច្ច​»​ ​អ្នកស្រី​ភិ​មាន​នួន​និយាយ​។​ ​អ្នកស្រី​មាន​ជំនឿ​ថា​ ​ការអប់រំ​គឺជា​គន្លឹះ​នៃ​ជោគជ័យ​ ​ហើយក៏​ជឿ​ទៀត​ថា​មានតែ​ចំណេះដឹង​ប៉ុណ្ណោះ​ដែល​អ្នក​អភិវឌ្ឍន៍​សង្គមជាតិ​ឲ្យបាន​ប្រសើរ​ ​ដូច្នេះហើយ​អ្នកស្រី​បាន​ខិតខំ​ព្យាយាម​យ៉ាង​លំបាក​ក្រោយពី​មរណភាព​របស់​អ្នកម្តាយ​ ​ដើម្បី​តែ​ការរៀនសូត្រ​។​ ​អ្នកស្រី​ឆ្លៀត​ចម្លង​សៀវភៅរឿង​ផង​ ​និង​លក់​ទឹក​ផង​ដើម្បី​សន្សំប្រាក់​ខ្លះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ ​និង​ការរៀនសូត្រ​រហូត​ទទួល​បាន​ចំណេះដឹង​សមរម្យ​ដើម្បី​ទទួលការ​ងារ​ជាបន្តបន្ទាប់​។​ ​អ្នកស្រី​ភិ​មាន​ ​នួន​ជា​បុគ្គល​ឆ្នើម​មួយ​រូប​ដែល​បាន​ឆ្លងកាត់​ការងារ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ជាច្រើន​ ​ដែល​ក្នុង​នោះ​រូ​ម​មាន​ ​អង្គការUNCHR​,​ ​UNTAC​,​ ​ADB​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ទៀត​។​ ​

Image Courtesy: PHYMEAN NOUN

​            លើកឡើង​ពី​ស្ថានភាព​របស់​ជន​ក្រីក្រ​នៅ​កម្ពុជា​ ​អ្នកស្រី​ភិ​មាន​ ​នួន​ ​ប្រាប់​យ៉ាង​ដូច្នេះ​ថា​ ​«​អ្នកខ្លះ​រិះគន់​ថា​ ​អ្នកក្រ​មក​ពី​ខ្ជិល​ធ្វើការ​ ​តែ​តាមពិត​អ្នកខ្លះ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ដើម្បី​ជីវភាព​ប៉ុន្តែ​ពួកគេ​នៅតែ​ក្រ​»​។​ ​បន្ទាប់ពី​ពិចារណា​ពី​បញ្ហា​ប្រឈម​របស់​កុមារ​គំនរសំរាម​ស្ទឹងមានជ័យ​គឺជា​ទីតាំង​ដំបូង​បំផុត​ដែល​ជំរុញ​ឲ្យ​ស្ថាបនិក​របស់​អង្គការ​នេះ​បានសម្រេច​ចិត្ត​សាងសង់​សាលារៀន​សម្រាប់​ក្មេង​ៗ​នៅ​ទីនោះ​ ​ក្រោយពេល​ដែល​បាន​ទៅ​ឃើញ​ទិដ្ឋភាព​គំនរសំរាម​ដែល​គ្រប​ដណ្តប់​ដោ​យក្មេងៗ​ជាច្រើន​ដែល​កំពុង​កកា​ក​សំរាម​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ក្រពះ​។​ ​អ្នកស្រី​បាន​និយាយ​ថា​ ​«​ខ្ញុំ​បានសម្រេច​ចិត្ត​សង់សាលា​នៅ​ទីនោះ​ព្រោះ​ក្មេង​ៗ​ទាំងនោះ​មិន​ចង់ទៅ​ណា​ឆ្ងាយ​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ឡើយ​ ​ពួកគេ​សុទ្ធតែ​ចង់​រៀនសូត្រ​បើ​តាមដែល​ខ្ញុំ​បាន​សួរនាំ​ ​ប៉ុន្តែ​ពួកគេ​ក៏​ត្រូវការ​ជួយ​រកស៊ី​ចិញ្ចឹម​គ្រួសារ​និង​ជួយ​ឪពុក​ម្តាយ​ផង​ដែរ​»​។​ ​សាលារៀន​នៅ​ក្បែរ​គំនរសំរាម​បាន​ចាប់ផ្តើម​ពី​សិស្ស​តូច​ៗ​ចំនួន៥០នាក់​ ​បាន​បណ្តុះបណ្តាល​និង​ផ្តល់​ការអប់រំ​ជា​សន្សឹម​ៗ​ដល់​កុមារ​ដែល​រស់នៅ​ជុំវិញ​គំនរសំរាម​ដ៏​ធំ​នោះ​។​ ​មិន​ត្រឹមតែ​ផ្តល់​ការអប់រំ​ ​ក្មេង​ៗ​ទាំងនោះ​ក៏បាន​ទទួលការ​ហូបចុក​សមរម្យ​ដើម្បី​ការលូតលាស់​ផ្នែក​រូបរាងកាយ​ផង​ដែរ​។​ ​ការអប់រំ​បាន​ធ្វើឲ្យ​មនុស្ស​ផ្លាស់​ប្តូរ​យ៉ាង​ពិតប្រាកដ​ ​អ្នកស្រី​ភិ​មាន​នួន​ ​បាន​និយាយ​ថា​ ​«​ក្រោយពី​ក្មេង​បាន​ចូលរៀន​ ​ពួកគេ​បាន​ផ្លាស់​ប្តូរ​យ៉ាងច្រើន​ចាប់តាំងពី​ការ​និយាយ​ស្តី​ ​អាកប្ប​កិរិយា​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ពួកគេ​ពីមុន​បាន​យក​ដែក​កាយ​សំរាម​មក​វាយគ្នា​ ​ឈ្លោះ​គ្នា​បាន​ក្លាយជា​ក្មេង​ត្រឹមត្រូវ​មួយ​រូប​»​។​ ​អ្នកស្រី​បាន​បន្ត​ទៀត​ថា​ ​«​ក្មេង​ទាំងអស់​ធំធាត់​រាល់ថ្ងៃ​លឿន​ខ្លាំង​ណាស់​ ​ខ្ញុំ​គិតថា​ពេល​ដែល​ក្មេង​មិនបាន​ចេះដឹង​ ​ហើយ​អ្នកសុំទាន​ ​អ្នកលួចឆក់​ប្លន់​ ​ដោយសារតែ​ភាព​មិន​ចេះដឹង​ ​និង​ក្រពះ​ ​[​…​.​.​]​ ​ប្រទេសជាតិ​មានការ​រីកចម្រើន​គឺ​ដោយសារ​គ្រប់គ្នា​មានការ​ចេះដឹង​ ​ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​គ្រប់គ្នា​ទាំងអស់​ជួយ​សហការ​គ្នា​ ​ដើម្បី​ការ​ផ្លាស់​ប្តូរ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​ ​នៅពេល​ដែល​ក្មេង​រៀន​ចេះដឹង​ ​មានការ​ងារ​ល្អ​ ​និង​ជួយ​ត្រលប់​ទៅ​សង្គម​របស់​ពួកគេ​វិញ»។​ ​

​            បច្ចុប្បន្ន​នេះ​ ​មាន​សាលារៀន​ចំនួន​បី​ហើយដែល​បាន​សាងសង់​សម្រាប់​ក្មេង​ក្រីក្រ​ ​ដែល​សាលារៀន​ធំជាង​គេ​ស្ថិតនៅ​តំបន់​ស្ទឹងមានជ័យ​។​ ​សិស្ស​ប្រមាណ​ជា១៣១៣​ ​នាក់​កំពុង​ស្ថិតនៅ​ក្នុង​ការឧបត្ថម្ភ​របស់​អង្គការPIO​ ​និង​ក្មេង​ចំនួន​ប្រមា​ណា​ ​១៥០នាក់​ទៀត​កំពុងតែ​ស្ថិតនៅ​ក្នុង​បញ្ជី​រង់ចាំ​។​ ​អង្គការ​ ​PIO​ ​ក៏​បាន​សម្ភោ​ធ​អគារសិក្សា​ចំនួន៥ជាន់​មួយ​ខ្នង​កាលពី​ឆ្នាំ​ ​២០១៦​ ​ដើម្បី​ទទួល​យក​ក្មេង​ៗ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​រង់ចាំ​ជាច្រើន​នាក់​ទៀត៕​ ​

​Article​ ​by​ ​VA​ ​SONYKA​

Image Courtesy: PHYMEAN NOUN


SUGGESTIONS