×

ស្វែងយល់​ពី​ប្រភេទ​ស្រា​ក្រឡុក​ដែល​កំពុងពេញនិយម​នា​ពេល​បច្ចុប្បន្ន​

TRAVEL & LIVING 4 years ago
 
 

          និយាយ​ដល់​ Cocktail​ ឬហៅ​ថា​ស្រា​ក្រឡុក​ យើង​នឹង​ភ្នកនឹក​ដល់កន្លែង​កម្សាន្ត​សប្បាយ​នា​ពេល​រាត្រី​ដូចជា​ ស្កា​យបារ​ ឡោញ​ ​ និង​ក្លឹប​រាំ​កម្សាន្ត​ ដោយសារតែ​កន្លែង​ទាំងនេះ​គឺ​ជា​បណ្តុំ​បម្រើ​នូវ​ភេសជ្ជៈ​ស្រា​ក្រឡុក​ដ៏​ពេញនិយម​បំផុត​សម្រាប់​អ្នកចូលចិត្ត​ជីវិត​សប្បាយ​នា​ពេល​រាត្រី​។ ស្រា​ក្រឡុក​មាន​ប្រភព​មក​ពី​បរទេស​ដែល​កើតឡើង​រយៈពេល​ជាច្រើន​សតវត្សរ៍​មក​ហើយ​ ​ តែ​ក៏​មិនដល់​សតវត្សរ៍​ទី​ ១៧​ ឬទី១៨ដែរ​ ​ ទោះ​យ៉ាងណា​តាម​ការ​កត់ត្រា​នៅ​ទាន់​មិន​ច្បាស់​នៅឡើយ​ទេ​ថា​ កន្លែងណា​ ពេលណា​ ហើយ​នរណា​ជា​អ្នកបង្កើត​វា​នោះ​ទេ​ ខណៈ​ស្រា​ក្រឡុក​ម៉ាក​ល្បីឈ្មោះ​ដូចជា​ Sling​, Fizz​, Toddy​ និង​ Julep​ ត្រូវ​បាន​គេ​ចារ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ថា​ជា​ស្រា​ក្រឡុក​ដែល​ពេញនិយម​ និង​ល្បីល្បាញ​បំផុត​។ ពាក្យ​ថា​ Cocktail​ គឺ​សំដៅ​ដល់​ភេសជ្ជៈ​ក្រឡុក​ម្យ៉ាង​ដែល​លាយ​បញ្ចូល​គ្រឿងផ្សំ​ច្រើនមុខ​ច្រើន​រសជាតិ​ចាប់ពី​បី​មុខ​ឡើង​ទៅ​មិនថា​ ស្រា​ ផ្លែឈើ​ ពិសេស​តែង​ខ្វះ​មិនបាន​ផ្សំគ្នា​ជាមួយនឹង​ទឹកកក​ ដែល​ហេតុនេះ​ហើយ​ទើប​ពេល​យើង​ក្រេបរសជាតិ​ស្រា​ក្រឡុក​ណាមួយ​ភ្លាម​ យើង​នឹង​ទទួល​បាន​អារម្មណ៍​ជ្រួតជ្រាប​ជាមួយ​ក្លិន​ឈ្ងុយ​ស្រា​ផង​ ក្លិន​ផ្លែឈើ​ផង​ និង​មាន​រសជាតិ​ល្វីង​ផ្អែម​ប្រហើរ​ខុសប្លែក​ពី​ស្រា​ឬប៊ីយែរ​ដាច់ដោយឡែក​។  ​ជាទូទៅ​យើង​តែងឃើញ​ស្រា​ក្រឡុក​បាន​រៀបចំ​ចាក់​ក្នុង​កែវ​ប្រភេទ​ផ្សេង​ៗគ្នា​ ជាក់ស្តែង​ កែវ​ខ្លះ​តូច​ កែវ​ខ្លះ​ធំ​ រី​ឯកែវ​ខ្លះទៀត​ក៏​មាន​រូប​សណ្ឋាន​ប្លែក​ៗតុបតែង​លម្អ​ជាមួយ​ផ្លែឈើ​បង្ក​សម្រស់​សិច​ស៊ី​គួរឲ្យ​ទាក់ទាញ​។ ចុះ​ប្រិយមិត្ត​មាន​ឆ្ងល់​ទេ​ថា​ហេតុអ្វីបានជា​ស្រា​ក្រឡុក​ចម្រាញ់​ចាក់​ដាក់​កែវ​ប្រភេទ​ខុស​ៗគ្នា​? ហើយ​ តើ​ស្រា​ក្រឡុក​មាន​ប៉ុន្មាន​ប្រភេទ​ និង​ប្រភេទ​នី​មួយ​ៗមាន​លក្ខណៈ​ពិសេស​យ៉ាងដូច​ម្តេច​?

          នៅ​លើ​បញ្ជីរាយនាម​ស្រា​ក្រឡុក​នៅ​តាម​បណ្តា​ ស្កា​យបារ​ ឡោញ​ និង​ក្លឹប​រាត្រី​ យើង​រមែង​ឃើញ​ឈ្មោះ​ស្រា​ក្រឡុក​ខ្លះ​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​ដែល​មាន​រសជាតិ​ប្លែក​ ហើយ​វា​ក៏​ត្រូវ​បាន​ក្លាយជា​និមិត្តសញ្ញា​ប្រចាំ​កន្លែង​របស់​ពួកគេ​ផង​ដែរ​។ ថ្វី​ដ្បិត​ស្រា​ក្រឡុក​ទាំង​រសជាតិ​ថ្មី​ និង​រសជាតិ​ដើមមាន​ច្រើន​ស្ទើរ​រាប់មិនអស់​ ប៉ុន្តែ​ក្នុង​នោះ​យើង​ក៏អាច​កត់ចំណាំ​ស្រា​ក្រឡុក​ទៅតាម​ប្រភេទ​របស់​ពួកវា​ ពោល​គឺ​មាន​បី​ប្រភេទ​ ប្រភេទ​ Long​ Drink​ ឬហៅ​ថា​ប្រភេទ​កែវ​ធំ​ ប្រភេទ​ Short​ Drink​ កែវ​កណ្តាល​ និង​ប្រភេទ​Shot​ ឬកូន​កែវ​។ សម្រាប់​ ពពួក​ Long​ Drink​ ​គឺជា​ស្រា​ក្រឡុក​ចាក់​ក្នុង​កែវ​ធំ​រាង​ទ្រវែង​ដែល​មាន​ចំណុះ​ចាប់ពី​ ១២០​ មីលីលីត្រ​ ដល់​ ៤០០មីលីលីត្រ​ ​; វា​ជា​ភេសជ្ជៈ​ដែល​លាយ​ជាតិ​អាល់កុល​តិច​បំផុត​តែ​ផ្សំ​ទឹក​ផ្លែឈើ​ច្រើនជាង​ និង​ដាក់​ទឹកកក​ច្រើន​ ដោយ​រាល់ពេល​បឺត​ទទួលទាន​នឹង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ អ្វី​ដែល​សំខាន់​វា​គឺជា​ភេសជ្ជៈ​ដែល​ទេសចរ​ពេញនិយម​បំផុត​ ជាពិសេស​នៅ​រដូវ​ក្តៅ​នេះ​តែម្តង​។ ​ ក្នុងចំណោម​ Long​ Drink​ ដែល​មាន​រសជាតិ​ឆ្ងាញ់​ល្បីល្បាញ​បំផុត​មាន​ដូចជា​ Mojito​, Gin​ and​ Tonic​, Long​ Island​, Mai​ Tai​, Pina​ Colada​ និង​ Tequila​ Sunrise​។  ​;ងាក​មក​ប្រភេទ​ Short​ Drink​ វិញ​ គឺជា​ភេសជ្ជៈ​ស្រា​ក្រឡុក​មាន​ជាតិ​អាកុល​ខ្ពស់​ចាប់ពី​ ១៧ភាគរយ​ ទៅ​ ៤៥​ ភាគរយ​  ​;ដោយមាន​លាយ​គ្រឿងផ្សំ​បី​ទៅ​បួនមុខ​បញ្ចូល​គ្នា​ ជាទូទៅ​វា​ត្រូវ​បាន​គេ​បម្រើ​ដាក់​ក្នុង​កែវ​មាន​ជើងវែង​សម្រាប់​កាន់​ ឬកែវ​មូល​ខ្លី​ៗចំណុះ​ពី​ ៥០មីលីលីត្រ​ទៅ​ ១២០មីលីលីត្រ​ ស័ក្តិសម​សម្រាប់​អ្នកចេះ​ពិសា​ស្រា​ស្រាប់​។ ​ ចំពោះ​ពពួក​ Short​ Drink​ មាន​ប្រជាប្រិយ​ភាព​បំផុត​មាន​ដូចជា​ Daiquiri​, Martini​, Caipirinha​, Bellini​, Black​ Russian​ និង​ White​ Russian​។ ​ ចំណែក​ឯប្រភេទ​ស្រា​ក្រឡុក​ដែល​កន្លងមក​យើង​តែងឃើញ​គេដាក់​ក្នុង​កូន​កែ​វតូចៗ​ ជួន​មាន​ទឹក​ពីរ​ពណ៌​ ជួន​មាន​ច្រើនពណ៌​ថ្នា​ក់ៗ​ក្នុង​កែវ​តែមួយ​ ដែល​ពិសេស​យើង​តែងឃើញ​អ្នកក្រ​ឡុក​ស្រា​តែង​សម្តែង​ដុតភ្លើង​ឆេះ​ទៀត​នោះ​ នេះ​ហើយ​គឺ​ហៅថា​ប្រភេទ​ Shot​ ឬក៏​ Shooter​ ដែល​វា​មាន​ជាតិ​អាកុល​ខ្លាំង​ និង​ចាក់​ក្នុង​កូន​កែ​វតូចៗ​ចំណុះ​ចាប់ពី​ ៤០​ ទៅ​ ៦០មីលីលីត្រ​។ ជម្រើស​រសជាតិ​ស្រា​ក្រឡុក​ប្រភេទ​ Shot​ ឬ Shooter​ ដែល​ល្បីល្បាញ​ជាច្រើន​ទសវត្សរ៍​មកនេះ​មាន​ដូចជា​ B-52​, Tequila​, Vodka​, Smirnoff​ North​, Jagermeister​ និង​ Coffee​ Shooter​ ជាដើម​។

          យ៉ាងណាមិញ​ ថ្វី​ដ្បិត​ស្រា​ក្រឡុក​ជា​ភេសជ្ជៈ​លាយ​គ្រឿងផ្សំ​មាន​ជាតិ​អាកុល​ក្តី​ ប៉ុន្តែ​យើង​ក៏អាច​ជ្រើសរើស​មក​ទទួលទាន​ទៅតាម​ចំណង់​ចំណូលចិត្ត​ក៏ដូចជា​កម្រិត​ស្រា​ដែល​ខ្លួន​អាច​ទទួល​បាន​ផង​ដែរ​។ តួយ៉ាង​ សម្រាប់​អ្នក​មិនសូវ​ចេះ​ពិសា​ស្រា​ឬមិន​ចេះ​សោះ​ អ្នក​អា​ចកុម្មង់​ប្រភេទ​ Long​ Drink​ បាន​ ដោយសារតែ​វា​មាន​លាយ​ទឹក​ផ្លែឈើ​ច្រើនជាង​ជាតិ​អាកុល​ឬអាច​និយាយ​បាន​ថា​ជាតិ​អាកុល​តិច​បំផុត​។ ចំណែក​អ្នកចេះ​ពិសា​ស្រា​ស្រាប់​អាច​សាកល្បង​ជាមួយ​ពពួក​ Short​ Drink​ ក៏បាន​ឬបើ​ចូលចិត្ត​កម្រិត​ស្រា​ខ្លាំង​ទៀត​នោះ​អាច​ចាប់ផ្តើម​ជាមួយ​ពពួក​ Shot​ ឬ Shooter​ ដោយ​ក្រេប​តែមួយ​ក្អឹក​ធានា​ថា​ដឹង​តែ​ពេញចិត្ត​តែម្តង​។ បន្ទាប់ពី​ស្គាល់​ប្រភេទ​ស្រា​ក្រឡុក​ទាំង​បី​ខាងលើ​នេះ​ហើយ​ ចុះ​តើ​អ្នក​នឹង​ត្រូវចិត្ត​ប្រភេទ​មួយ​ណា​? ចាំ​ដល់ណា​ទៀត​ តោះ​! ទៅ​បង្កើត​កម្មវិធី​ជួបជុំ​ល្ងាច​នេះ​នៅ​ស្កា​យបារ​ហើ​យកុម្មង់​ប្រភេទ​ស្រា​ក្រឡុក​ណាមួយ​ដែល​ត្រូវ​នឹង​ចំណូលចិត្ត​របស់​អ្នក​៕

Article​ by​ HEM​ SOKKHIM​


SUGGESTIONS