“អាហារពេលល្ងាចដៃ៦” ដោយក្រុមចុងភៅខ្មែរម្ចាស់ពានរង្វាន់មាសពីក្រុងបាងកក
NEWS 4 years agoកន្លងទៅថ្មីៗនេះ នៅសណ្ឋាគារថេមផ្លេសិនអង្គររីសត (Templation Angkor Resort) ខេត្តសៀមរាប មានការប្រារព្ធកម្មវិធីជប់លៀងអាហារពេលល្ងាចដ៏ធំមួយដែលមានឈ្មោះថា “អាហារពេលល្ងាចដៃ៦” (6 Hands Dinner) ដែលមានវត្តមានចុងភៅខ្មែរបីរូបដែលជាម្ចាស់ពានរង្វាន់មាស Gold Gourmet Awards ក្នុងការប្រកួតធ្វើម្ហូបដ៏ល្បីមួយឈ្មោះ Thailand Ultimate Chef Challenge ប្រចាំឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ ចូលរួមចម្អិនឈុតអាហារពិសេសដែលជាប់ជ័យលាភីចំនួន០៥មុខជាកិត្តិយស។
ចុងភៅទាំងបីរូបដែលបានចូលរួមបង្ហាញថ្វីដៃចម្អិនម្ហូបក្នុងកម្មវិធីលៀងភោជនាហារពេលល្ងាចបែបសប្បុរសធម៌នេះគឺ លោក ឈន ប៊ុនឈូ មកពីក្រុមហ៊ុន Golden Temple Group លោក ទឹម ភ័ក្រ មកពីសណ្ឋាគារ Templation Angkor Resort និង លោក ស្រី បូរ៉ា មកពីក្រុមហ៊ុនភោជនីយដ្ឋាន DineBeyond ។ អាហារដែលចុងភៅទាំងបីបានចម្អិនជូនភ្ញៀវជាតិ និងអន្តរជាតិទទួលទានក្នុងកម្មវិធីនោះរួមមាន គ្រំបំពងជ្រក់ស្វាយ ញាំក្រូចថ្លុងបង្គា ហហ្មុកត្រីបែបទំនើប ការីសាច់មាន់ដំឡូងបារាំង និង សង្ខ្យាល្ពៅ។ គួរបញ្ជាក់ផងដែរថា ម្ហូបទាំងប្រាំមុខនេះត្រូវបានសម្រិតសម្រាំងចេញពីមុខម្ហូបទាំង១០ដែលចុងភៅទាំងបីរូបនេះបានទទួលពានរង្វាន់ក្នុងកម្មវិធីប្រកួតធ្វើម្ហូបនៅប្រទេសថៃក្នុងរយៈពេលត្រឹមតែបីម៉ោង។
គោលបំណងធំបំផុតនៃព្រឹត្តិការណ៍នេះគឺដើម្បីប្រមូលមូលនិធិពីការលក់សំបុត្រ និង ប្រាក់វិភាគទានពីសប្បុរសជនដើម្បីទ្រទ្រង់សាលារៀនផ្នែកទេសចរណ៍របស់អង្គការមួយកន្លែងឈ្មោះថា “មជ្ឈមណ្ឌល បណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចអេកបក់” មានទីតាំងស្ថិតនៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ អង្គការ “អេកបក់” (EGBOK) ជាពាក្យកាត់មកពីអក្សរផ្តើមនៃពាក្យក្នុងប្រយោគភាសាអង់គ្លេស “Everything’s Gonna Be OK.” មានន័យថា គ្រប់បែបយ៉ាងនឹងមិនមានបញ្ហាអ្វីនោះទេ។ អង្គការនេះត្រូវបានបង្កើតដើម្បីជួយយុវជនកម្ពុជាក្រីក្រឲ្យមានលទ្ធភាពជួយជីវិតខ្លួនឯងបានតាមរយៈការផ្តល់ការអប់រំ បណ្តុះបណ្តាល និង ឱកាសការងារនៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍។ សាលានេះបានបណ្តុះបណ្តាលសិស្សទេសចរណ៍ជាង ១៣៥០នាក់ (កម្រិតទី១) និង ៣៣៦ នាក់ (កម្រិតទី២) ហើយក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ចំនួនជាង១០០បានទទួលយកសិស្សសាលានេះទៅបំពេញការងារនៅពេលកន្លងមក។
លោក Benoit Le Rioux ចុងភៅប្រចាំសណ្ឋាគារ Templation បានបញ្ជាក់ប្រាប់ថា “ ថវិកាដែលទទួលបានពីកម្មវិធីនៅថ្ងៃទី២៣នឹងជួយឲ្យអង្គការអេកបក់ទទួលបានកុំព្យូទ័រសម្រាប់បំពាក់នៅក្នុងថ្នាក់រៀននៅទីនោះ ក្នុងអត្រាបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនកុំព្យូទ័រអេចភី(HP)ដែលបានយល់ព្រមឧបត្ថម្ភកម្មវិធីតាមរយៈនេះ”៕
Article by SRIN SOKMEAN