×

កោះត្រែង​ និមិត្តរូប​ក្រូចថ្លុង​ឆ្ងាញ់​បំផុត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​

TRAVEL & LIVING 7 days ago
 
 

          កោះត្រែង​ជា​កោះធំ​មួយ​ស្ថិតនៅ​កណ្តាលទន្លេ​មេគង្គ​ ទល់មុខ​ភ្នំ​ហាន់ជ័យ​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​ និង​ ទល់មុខ​ឃុំ​កំពង់ទ្រាស​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ហើយ​មាន​កំពង់ចម្លង​តែមួយគត់​ទៅកាន់​កោះ​នេះ​ គឺ​កំពង់ចម្លង​វត្ត​ក្រូចសើច​ ដែល​ស្ថិតនៅ​ត្រើយ​ខាងលិច​ មុន​ទៅដល់​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​។ នៅ​រដូវប្រាំង​កោះត្រែង​ព័ទ្ធជុំវិញ​ទៅ​ដោយ​ខ្សាច់​ពណ៌លឿង​ភ្លឺផ្លេក​គួរ​ជាទី​រម្យ​នា​។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​លំនៅ​ដ្ឋាន​ណា​ក៏​មាន​ដើម​ក្រូចថ្លុង​ដែរ​។ ដូចនេះ​ហើយ​ទើប​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​ ព្រមទាំង​អ្នកដំណើរ​ពី​ភ្នំពេញ​ដែល​មានបំណង​ចង់​សាកល្បង​ហូប​ក្រូចថ្លុង​ដី​កោះ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​តែងតែ​ទៅ​ទាក់ទង​ទិញ​ក្រូចថ្លុង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​។

          លោក​ ខូវ​ អ៊​ មេឃុំ​កោះពីរ​បាន​រៀបរាប់​ថា​ កោះ​នេះ​មានផ្ទៃ​ដី​ប្រមាណ​ ១,០៧៧​ ហិ​កតា​ ចែក​ជា៤ភូមិ​ រួមមាន​ ភូមិ​កោះត្រែង​ ភូមិ​បី​ពៃ​ ភូមិ​ជួរ​កណ្តាល​ និង​ភូមិ​ម៉ឺ​ននង់​ ហើយ​មាន​ស្ថិតិ​ប្រជាពលរដ្ឋ​ចំនួន​ ៦៣៧​ គ្រួសារ​។ កោះ​នេះ​ពី​ជំនាន់​ពីមុន​សម្បូរទៅដោយ​ដើម​ឫស្សី​និង​ដើម​គ ប៉ុន្តែ​ក៏​មានការ​ដាំដំណាំ​ក្រូចថ្លុង​ជុំវិញ​ផ្ទះ​លក្ខណៈ​គ្រួសារ​តាំងពី​សម័យ​សង្គម​រាស្រ្ត​មក​ម្ល៉េះ​។ លោក​បន្ត​ថា​ក្រោយមក​ដោយសារ​ការ​ដាំដំណាំ​ក្រូចថ្លុង​ផ្តល់​ផល​ច្រើន​ហើយ​មាន​ទីផ្សារ​ល្អ​ ទើប​ប្រជាជន​ក្នុង​ភូមិ​មួយចំនួន​បាន​កាប់​ឫស្សី​រួច​ចាក់​ដី​បន្ថែម​ដើម្បី​ដាំដំណាំ​ក្រូចថ្លុង​ជាបន្តបន្ទាប់​។ គិត​មកដល់ពេលនេះ​ នៅ​លើ​កោះ​ទាំងមូល​ មានផ្ទៃ​ដី​ប្រមាណ​ ៣០​ ហិ​កតា​ហើយដែល​ប្រជាកសិករ​នាំគ្នា​ដាំដំណាំ​មួយ​ប្រភេទ​នេះ​។

           លោកពូ​ ចំណាប់​ កសិករ​ដំណាំ​ក្រូចថ្លុង​មួយ​រូប​នៅ​ភូមិ​ម៉ឺ​ននង់​ ឃុំ​កោះពីរ​ បាន​ប្រាប់​សូ​វរីន​ថា​ គាត់​មានផ្ទៃ​ដី​បង្កបង្កើនផល​ក្រូចថ្លុង​ទទឹង៣០ម៉ែត្រ​និង​បណ្តោយ​ជាង១០០ម៉ែត្រ​ដែល​មាន​ដើម​ក្រូចថ្លុង​ប្រមាណ​ ៦០ដើម​។ គាត់​អាច​ប្រមូល​ផល​បាន​គិតជា​សាច់ប្រាក់​បាន​ចន្លោះ​ពី២៥០​-៣០០ដុល្លារ​ ក្នុង​មួយ​ដើម​។ លោក​ បាន​បញ្ជាក់​ថា​ ក្រូច​ដែល​លោក​ដាំ​មាន​ពីរ​ប្រភេទ​ធំៗ​គឺ​ប្រភេទ​ក្រូច​ផ្អែម​ (ផ្លែ​តូច​) និង​ ប្រភេទ​ក្រូច​ទទឹម​ (រស​ ជាតិ​ជូរអែម​ ផ្លែ​រាង​ធំ​)។ លោកពូ​អះអាង​ថា​ ដំបូង​ឡើយ​ អ្នកកោះ​នេះ​និយម​ដាំ​ប្រភេទ​ក្រូចថ្លុង​ ម្យ៉ាង​ដែលគេ​ហៅថា​ «ក្រូចថ្លុង​រយ​» ជា​ពូជ​ក្រូច​មានតម្លៃ​ប្រចាំ​កោះ​នេះ​ផ្ទាល់​ តែ​ក្រោយមក​ក៏​ចាប់ផ្តើម​មានពូជ​ក្រូចថ្លុង​ផ្អែម​ និង​ ពូជ​ដទៃទៀត​នាំចូល​ពី​ខាងក្រៅ​មក​ដាំ​នៅ​លើ​ដី​កោះ​នេះ​យ៉ាង​សំបូរ​បែប​។

          ចំពោះ​តម្លៃ​លក់​វិញ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​លក់​គិតជា​ឡូ​ ដែល​ក្នុង​មួយ​ឡូ​ មានតម្លៃ​ ៦០០០០រៀល​ ស្មើនឹង​ ១៥ដុល្លារ​។ ជាមួយ​តម្លៃ​នេះ​ គឺទី​ផ្សារ​ស្រួល​លក់​ មាន​អ្នកទិញ​ហូប​ជា​លក្ខណៈ​គ្រួសារ​ និង​អ្នកទិញ​យក​ទៅ​លក់​បន្ត​ដែល​មករ​កទិញ​ផ្ទាល់​ដល់​ចំការ​តែម្តង​ មិន​ពិបាក​រក​ម៉ូយ​នោះ​ទេ​។ កសិករ​ដដែល​បាន​ចែករំលែក​អំពី​វិធី​សាស្រ្ត​ដើម្បី​រក្សា​ក្រូចថ្លុង​ឲ្យបាន​យូរថ្ងៃ​នោះ​គឺ​ នៅពេល​ប្រមូល​ផល​ផ្លែ​វា​ ត្រូវ​បេះ​ដោយ​ប្រើ​កន្រ្តង​ ឬ ច្រម​ កុំ​បេះ​ដោយ​វិធី​ដោល​ (មានន័យថា​បេះ​ដោយដៃ​ទាញ​ទម្លាក់​ចុះ​) ដែល​បណ្តាល​ឲ្យ​ក្រូច​ខ្ទាំ​ឆាប់​ រលួយ​។ ការ​បេះ​ដោយ​កន្ត្រង​អាច​ជួយ​រក្សា​ក្រូចថ្លុង​ឲ្យ​នៅតែ​មានគុណ​ភាពល្អ​រហូត​ជាង​មួយ​ខែ​ដោយ​មិន​ចាំបាច់​ទុ​កក្លា​ស្សេ​ក្នុង​ទូរ​ទឹកកក​ឡើយ​។ នៅពេល​ប្រមូល​ផល​នោះ​ដែរ​ ដើម្បី​ដឹង​ថា​ក្រូចថ្លុង​នោះ​ទុំ​ឬនៅ​ គឺ​យើង​ត្រូវ​មើល​ផ្លែ​ណា​ដែល​មាន​ក្រឡា​រីក​ល្អ​។ កសិករ​ម្នាក់ទៀត​ឈ្មោះ​ ហេង​ ទូច​ ដែល​មានបទពិសោធន៍​ដាំ​ ក្រូចថ្លុង​ជាង២០ឆ្នាំ​មក​ហើយ​ បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​ធំ​បំផុត​នៃ​ដំណាំ​នេះ​ថា​ជា​ បញ្ហា​ទឹកជំនន់​ ។ នៅ​លើ​កោះ​នេះ​ មាន​ទឹកជំនន់​លិច​ជា​រៀងរាល់​ឆ្នាំ​ ដូចនេះ​ប្រសិនបើ​កសិករ​ប្រមូល​ផល​មិនទាន់​នោះ​ ដំណាំ​របស់​ពួកគាត់​នឹង​ត្រូវ​ខូចខាត​អស់​។

          ជុំវិញ​ការ​ដាំដំណាំ​ក្រូចថ្លុង​នេះ​ លោក​ ហេង​ ពិសិដ្ឋ​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ បាន​ណែនាំ​ និង​ផ្តល់​បច្ចេកទេស​ជូន​ដល់​កសិករ​ ដោយ​ត្រូវ​ធ្វើការ​តាក់តែង​មែក​ ដើម្បី​ពន្លឺថ្ងៃ​ចូល​បាន​គ្រប់គ្រាន់​ ទប់ស្កាត់​ជំងឺ​និង​សត្វល្អិត​ បំផ្លាញ​ដំណាំ​ និង​ ធ្វើឲ្យ​ផ្លែ​មាន​ទំហំ​ស្តង់ដារ​ ។ ទន្ទឹម​នឹង​នេះ​ ត្រូវ​ចងក្រង​ជា​ក្រុម​ ឫសហគមន៍​កសិកម្ម​ ដាំដុះ​តាម​បច្ចេកទេស​ មាន​ស្តង់ដារ​សុវត្ថិភាព​ច្បាស់លាស់​ ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ និង​ ផ្សារភ្ជាប់​ទីផ្សារ​តាមរយៈ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ប្រើ​ប្រព័ន្ធ​ស្រោចស្រព​តាម​បទដ្ឋាន​ ​បច្ច​កទេស​កសិកម្ម​ថ្មី​ កាត់បន្ថយ​ពេលវេលា​និង​កម្លាំង​ពលកម្ម​ និង​ ត្រូវ​បង្កើត​ស្លាក​សញ្ញាសម្គាល់​សម្រាប់​ក្រូចថ្លុង​នេះ​៕

Article​ by​ SRIN​ SOKMEAN​



SUGGESTIONS