តោះ! ច្នៃពោតបារាំងជារូបមន្តរក្សាសម្រស់សម្រាប់ស្បែកស្ងួតនៅរដូវរំហើយនេះ
TRAVEL & LIVING 4 years ago ឈានមកដល់រដូវរំហើយ អាកាសធាតុចាប់ផ្តើមប្រែប្រួលចុះខ្យល់ត្រជាក់ធ្វើឲ្យស្បែកឡើងស្ងួត ជាពិសេសសម្រាប់អ្នកដែលមានស្បែកស្ងួតស្រាប់ទៀតនោះនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរដូចជាធ្វើឲ្យរមាស់ ឡើងកន្ទួល ប្រេះ និងឡើងជ្រីវជ្រួញជាដើម។ ក្រៅពីស្បែកស្ងួតបណ្តាលមកពីបំរែបំរួលអាកាសធាតុ ជាមួយគ្នានេះស្បែកស្ងួតក៏អាចកើតឡើងដោយសារកត្តាផ្សេងៗដូចជាការប្រើសាប៊ូដុំ ឬសាប៊ូមានជាតិកាត់ច្រើនពេក ការប្រើក្រណាត់ឬក្រដាសជូតរឹងនិងគគ្រាតខ្លាំង កង្វះជាតិទឹក ការងូតទឹកក្តៅរយៈពេលយូរ ឬជួនកម្តៅខ្លួនឡើងក្តៅខ្លាំងឬត្រជាក់ខ្លាំង សូម្បីតែការលេបថ្នាំច្រើនក៏ប្រឈមករណីស្បែកស្ងួតផងដែរ។ ជាទូទៅនៅពេលមានបញ្ហាស្បែកស្ងួត វិធីដោះសា្រយល្អបំផុតគឺការផ្តល់សំណើមពីផ្នែកខាងក្នុងតាមរយៈការទទួលទានរបបអាហារមានជាតិទឹកគ្រប់គ្រាន់ គួបផ្សំការថែទាំផ្តល់សំណើមពីផ្នែកខាងក្រៅផងដែរ។ យ៉ាងណាមិញ ដើម្បីជាគន្លឹះរក្សាសម្រស់នៅរដូវរំហើយចុងឆ្នាំនេះ ថ្ងៃនេះសូវរីនសូមលើកយកនូវរូបមន្តរក្សាសម្រស់បែបធម្មជាតិ ដោយចំណាយតិច ចំណេញប្រយោជន៍ច្រើនជាមួយនឹងបន្លែធម្មជាតិមួយប្រភេទដែលគេនិយមបរិភោគជាអាំងឬស្រុសញុំាក្លែមជាមួយគ្រឿងសាច់អាំងនោះគឺ ពោតបារាំង។
ជាការពិតណាស់ ពោតបារាំងសម្បូរទៅដោយជាតិរំអិល ហើយជាតិរំអិលនេះផ្ទុកយ៉ាងសម្បើមនូវសារធាតុប្រឆាំងបាក់តេរី សារធាតុប្រឆាំងការហើមរលាក សារធាតុប្រឆាំងអុកស៊ីតកម្ម បំបាត់ការឈឺចាប់ និងផ្តល់ជាតិទឹកផងដែរ។ អ្វីដែលសំខាន់សារធាតុទាំងនេះមានតួនាទីប្រយុទ្ធប្រឆាំងនឹងបញ្ហាស្បែកស្ងួត មុន ស្នាម និងប្រភេទរោគឆ្លងផ្សេងៗនៅលើស្បែក។ មិនតែប៉ុណ្ណោះ ពោតបារាំងផ្ទុកទៅដោយជាតិហ្វៃប័រ ឬជាតិកាកសរសៃដែលជួយរក្សា និងជំរុញប្រព័ន្ធរំលាយអាហារនាំមកនូវមានសុខភាពល្អ ព្រមទាំងសម្រស់ស្បែកភ្លឺថ្លាដោយសារតែវាសម្បូរទៅដោយវីតាមីន C រួមជាមួយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការដើម្បីផលិតខូឡេជិន។ ខូឡេជិនគឺជាប្រូតេអ៊ីនទ្រទ្រង់សាច់ដុំ ឆ្អឹង សរសៃឈាម សរសៃភ្ជាប់គន្លាក់ឆ្អឹង រក្សាសុខភាពស្បែក និងសរីរាង្គផ្សេងៗព្រមគ្នា។ លើសពីនេះវាជួយបណ្តុះកោសិកាថ្មី និងជួសជុលកោសិកាខូចខាតឲ្យរស់រានឡើងវិញ ចំណែកវីតាមីន C ដើរតួសំខាន់ក្នុងការថែរក្សាស្បែក ជួយការពារស្បែកពីរ៉ាឌីកាល់សេរី កាំរស្មីអូត្រាវីយូឡែត និងការបំផ្លាញដោយកាំរស្មីព្រះអាទិត្យ ពិសេសជួយផ្សះមុខរបួសឆាប់រហ័ស បន្តឹងស្បែក ផ្តល់សំណើម និងកាត់បន្ថយភាពជ្រីវជ្រួញដែលជាសញ្ញានៃការវិវដ្តទៅរកភាពចាស់។
ដូចបានជម្រាបជូនខាងលើថា ពោតបារាំងពិតជាសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនចម្រុះដែលមិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងជួយដល់សម្រស់ស្បែកក្មេងជាងវ័យផងដែរ។ ដូច្នេះក្រៅពីទាញប្រយោជន៍ពីពោតបារាំងតាមរយៈការទទួលទានប្រចាំថ្ងៃ ទន្ទឹមនឹងនេះសូវរីនបានជ្រើសរើសពោតបារាំងបង្កើតជារូបមន្តរក្សាសម្រស់សម្រាប់អ្នកមានបញ្ហាស្បែកស្ងួត ដោយយកមកធ្វើជាម៉ាសបិតមុខផ្តល់សំណើមតាមវិធីងាយៗដូចខាងក្រោម។
ដើម្បីបង្កើតម៉ាសគ្រឿងផ្សំដែលយើងត្រូវមានមានដូចជា ពោតបារាំងចំនួន ៣-៤ផ្លែ ទឹកដោះគោជូរ ឬ Yogurt ២ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ឬទឹកចំនួន១ស្លាបព្រាកាហ្វេ។ វិធីធ្វើងាយៗ ដំបូងយើងត្រូវយកពោតបារាំងមកលាងសម្អាតទឹកឲ្យស្អាតរួចពុះឆូតបណ្តាយជាពីរហើយដាក់ស្ងោរក្នុងទឹកពុះប្រមាណ ៥នាទី។ ក្រោយពីស្ងោរពោតរួចរាល់ចូរស្រង់ដាក់កញ្ច្រែងឲ្យស្រស់ទឹកហើយយកមកដាក់ក្នុងម៉ាស៊ីនក្រឡុករួចបន្ថែមចាក់ទឹកដោះគោជូរឬ Yogurt និងប្រេងអូលីវឬទឹកចូល បន្ទាប់មកធ្វើការក្រឡុកឲ្យម៉ដ្ឋសឹមចាក់ចូលចានយកមកលាបសព្វពេញផ្ទៃមុខ។ រក្សាម៉ាសលើផ្ទៃមុខប្រមាណ ២០នាទី បន្ទាប់មកលាងជម្រះដោយទឹកក្តៅឧណ្ហៗ រួចធ្វើការតប់មុខតិចដោយមិនចាំបាច់ប្រើកន្សែងជូតរហូតដល់មុខស្ងួត។ អ្នកនឹងឃើញប្រសិទ្ធភាពភ្លាមៗតាំងពីអនុវត្តលើកដំបូង ដោយសារម៉ាសធម្មជាតិប្រភេទនេះមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាស្បែកស្ងួត និងជួសជុលគ្រប់បញ្ហាស្បែកទាំងអស់។ អនុវត្តជាប្រចាំមុនពេលចូលគេង ឬមួយសប្តាហ៍ ៣-៤ដង ដើម្បីទទួលបានសុខភាពស្បែកល្អ និងក្មេងជាងវ័យ។ អូ ! ម៉ាសនេះអ្នកក៏អាចយកមកលាបលើខ្លួនដើម្បីទទួលបានសម្រស់ស្រស់ស្អាតព្រមគ្នាផងដែរ។
ឃើញទេប្រើប្រាស់ត្រឹមតែវិធីងាយៗ អ្នកចំណេញបានទាំងសម្រស់ហើយចំណាយតិច ដែលសំខាន់មានសុវត្ថិភាពដោយមិនភ័យខ្លាចរឿងប្រតិកម្មស្បែកដូចការប្រថុយប្រថានប្រើប្រាស់ផលិតផលផ្សេងៗនៅលើទីផ្សារ។ ចង់បានរូបមន្តរក្សាសម្រស់បន្ថែមទៀត កុំភ្លេចតាមដានជាមួយ សូវរីន ណា!៕
Article by HEM SOKKHIM