×

​កូនខ្មែរ​មួយ​រូប​ដណ្តើម​បាន​មេដាយមាស​ចុងភៅ​នៅ​បរទេស​

NEWS 3 months ago
 
 

​                លោក​ ​ទឹម​ ​ភ័ក្រ​ ​ជា​បុគ្គល​មួយ​រូប​ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ទំព័រ​ប្រវត្តិ​សាស្រ្ត​នៃ​វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ​នៅ​ប្រទេស​កម្ពុជា​ក្នុង​សតវត្សរ៍​ទី២១ថ្មីនេះ​។​ ​សព្វថ្ងៃ​លោក​មាន​តំណែង​ជា​មេ​ចុងភៅ​ប្រចាំ​សណ្ឋាគារ​ថេម​ផ្លេ​សិន​អង្គរ​ ​(​Templation​ ​Angkor​)​ ​ដែល​ជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ធំ​មួយ​នៅ​ក្រុង​សៀមរាប​។​ ​ដោយសារ​ជោគជ័យ​ជា​បន្តបន្ទាប់​​នៃ​អាជីព​របស់​លោក​ទាំង​នៅ​លើ​ឆាក​ជាតិ​ ​និង​ ​ឆាក​អន្តរជាតិ​គួរឲ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​គេហទំព័រ​ទស្សនាវដ្តី​សូ​វរីន​មាន​កិត្តិ​ ​យស​ដែល​បាន​សម្ភាស​អំពី​ប្រវត្តិ​ការងារ​ ​និង​ស្នាដៃ​វិជ្ជាជីវៈ​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​លើទឹក​ដី​សៀមរាប​អង្គរ​ដែល​ជាទី​កន្លែង​ចុងភៅ​រូប​នេះ​កំពុង​បំពេញការងារ​សព្វថ្ងៃ​។​ ​

​            លោក​ ​ទឹម​ ​ភ័ក្រ​ ​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​ ​ហើយ​បាន​សិក្សា​នៅ​អនុវិទ្យាល័យ​សន្លុង​ ​ឯ​ស្រុកកំណើត​។​ ​ក្រោយមក​ ​លោក​បាន​ចាកចេញ​ពី​ស្រុកកំណើត​មក​បន្ត​ការសិក្សា​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជា​ ​ជីវៈ​របស់​អង្គការ​ ​“​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​”​ ​(​Pour​ ​un​ ​Sourire​ ​d​'​ ​Enfant​)​ ​ហៅ​កាត់​ថា​ ​PSE​ ​នៅ​រាជធានី​ភ្នំពេញ​ ​អស់​រយៈពេល​ពីរ​ឆ្នាំ​ ​ចាប់តាំងពី​ឆ្នាំ២០០៨​ ​រហូតដល់​ឆ្នាំ២០១០​។​ ​នៅ​ទីនោះ​ ​លោក​បាន​សិក្សា​មុខវិជ្ជា​ជាច្រើន​ទាក់ទង​នឹង​ជំនាញ​ឯកទេស​ចុងភៅ​ ​ដូចជា​ ​ការរៀបចំ​ផែនការ​បញ្ជី​រាយ​មុខម្ហូប​ ​ការ​ពណ៌នា​វិធី​ ​ចម្អិនម្ហូប​ ​សារធាតុ​ចិញ្ចឹម​ ​អនាម័យ​ម្ហូបអាហារ​ ​គណនេយ្យ​ក្នុង​ផ្ទះបាយ​​ជាដើម​ ​។​ ​

​                ជា​សំណាងល្អ​ ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១១​ ​លោក​បាន​ចូលរួម​បម្រើការ​ងារ​ក្នុង​តំណែង​ជា​ចុងភៅ​ ​Sous​ ​Chef​ ​ប្រចាំ​រី​សត​កោះ​សង្សារ​ ​ដែល​ជារី​សត​ឯកជន​លំដាប់​ផ្កាយ​ប្រាំ​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​តាំងពី​ទីនោះ​នៅ​បើក​ដំណើរការ​សាកល្បង​នៅឡើយ​។​ ​ភារកិច្ច​ដំបូង​របស់​លោក​គឺ​ ​ជា​ជំនួយការ​រៀបចំ​កន្លែង​ទទួលទាន​អាហារ​ប្រចាំ​រី​សត​ ​និង​ ​បង្កើត​គំនិត​ច្នៃ​មុខម្ហូប​។​ ​ក្រោយមក​ ​លោក​បាន​ទទួល​តំណែង​ថ្មី​នៅ​ទីនោះ​ ​គឺ​ទទួលបន្ទុក​លើ​ម្ហូបអាហារ​នៅ​ភោជនីយដ្ឋាន​បណ្តែត​ទឹក​ ​និង​ ​អាហារ​ពេលល្ងាច​លក្ខណៈ​ឯកជន​នៅក្នុង​វីឡា​លម្ហែ​ ​ព្រមទាំង​គ្រប់គ្រង​ប្រតិបត្តិ​ការ​ប្រចាំថ្ងៃ​របស់​ក្រុមការងារ​ផ្ទះបាយ​។​ ​ជោគជ័យ​ធំ​ដំបូង​នៃ​អាជីព​នេះ​គឺ​លោក​ត្រូវ​បាន​ជ្រើសតាំង​ជា​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​របស់​សណ្ឋាគារ​នេះ​ក្នុង​ឆ្នាំ​បើក​ដំណើរការ​ដំបូង​។​ ​

​                ក្រោយមក​ ​លោក​ចេះតែ​ខិតខំ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​ ​ហើយ​ទទួល​បាន​ឱកាស​ការងារ​នៅ​តាម​សណ្ឋាគារ​និង​ភោជនីយ​ដ្ឋាន​ធំៗ​នៅក្នុង​ប្រទេស​ ​និង​ ​ក្រៅប្រទេស​ជាបន្តបន្ទាប់​ ​ដែល​ក្នុង​នោះ​រួមមាន​ ​រី​សត​ផ្កាយ​ប្រាំ​ ​Nihiwatu​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​(​២០១៣​)​ ​ភោជនីយដ្ឋាន​ ​Tiger​ ​Eye​ ​នៅ​ទីក្រុង​ភ្នំពេញ​ ​(​២០១៣​-​២០១៤​)​ ​សណ្ឋាគារ​លើ​ទូក​លំដាប់​ផ្កាយ​ប្រាំ​ ​Aqua​ ​Expeditions​ ​នៅ​កម្ពុជា​ ​និង​ ​វៀតណាម​ ​(​២០១៤​-​២០១៥​)​ ​សណ្ឋាគារ​ ​Tri​ ​Lanka​ ​នៅ​ប្រទេស​ស្រីលង្កា​ ​(​២០១៥​-​២០១៦​)​ ​រី​សត​ ​Baros​ ​Maldives​ ​នៅ​កោះ​ម៉ាល់ឌីវ​ ​(​២០១៦​)​ ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ចុងភៅ​ ​Ubergrup​ ​(​២០១៥​-​២០១៦​)​ ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ​Jaya​ ​House​ ​Riverpark​ ​ខេត្តសៀមរាប​ ​(​២០១៦​-​២០១៨​)​ ​និង​ ​សណ្ឋាគារ​ ​Templation​ ​ខេត្តសៀមរាប​ ​(​២០១៨​-​បច្ចុប្បន្ន​)​។​

​                ក្រៅពី​បទពិសោធន៍​តំណែង​ការងារ​ជាច្រើន​ឆ្នាំ​នៅ​តាម​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​លោក​ ​ទឹម​ ​ភ័ក្​រ​ ​ជាស​មា​ជិ​ក​ក្រុម​ចុងភៅ​ខ្មែរ​ដែល​ជា​ម្ចាស់​ពានរង្វាន់​មាស​ ​Gold​ ​Gourmet​ ​Awards​ ​ក្នុង​ការប្រកួត​ធ្វើម្ហូប​ដ៏​ល្បី​មួយ​ឈ្មោះ​ ​Thailand​ ​Ultimate​ ​Chef​ ​Challenge​ ​ប្រចាំឆ្នាំ២០១៩​ ​ក្នុងចំណោម​បេក្ខជន​មក​ពី១៤ប្រទេស​នៅ​ទីក្រុង​បាងកក​ ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​ ​ហើយ​ក្រុម​របស់​លោក​ទើបតែ​បាន​ចូលរួម​បង្ហាញ​ថ្វីដៃ​ចម្អិនម្ហូប​ក្នុង​កម្មវិធី​លៀង​ភោជនាហារ​ពេលល្ងាច​បែប​សប្បុរសធម៌​ ​“​អាហារ​ពេលល្ងាច​ដៃ៦​”​ ​នៅ​ខេត្តសៀមរាប​ ​ដើម្បី​ប្រមូល​មូលនិធិ​ទ្រទ្រង់​សាលា​ផ្នែក​ទេសចរណ៍​របស់​អង្គការ​មួយ​កន្លែងនៅ​ខេត្តសៀមរាប​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​អាហារ​ដែល​បាន​ចម្អិន​ជូន​ភ្ញៀវ​ក្នុង​កម្មវិធី​នោះ​សុទ្ធសឹងតែ​ជា​ម្ហូប​ដែល​ក្រុម​ចុងភៅ​កម្ពុជា​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី​ប្រកួត​ធ្វើម្ហូប​នៅ​ប្រទេស​ថៃ​ ​ក្នុង​នោះ​រួមមាន​ ​គ្រំ​បំពង​ជ្រក់ស្វាយ​ ​ញាំ​ក្រូចថ្លុង​បង្គា​ ​ហហ្មុក​ត្រី​បែប​ទំនើប​ ​ការី​សាច់​មាន់​ដំឡូងបារាំង​ ​និង​ ​សង្ខ្យា​ល្ពៅ​។​ ​

​                គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​ទឹម​ ​ភ័ក្​រ​ ​ជា​អតីត​បេក្ខជន​វ័យក្មេង​ជាងគេ​បំផុត​ក្នុង​កម្មវិធី​ប្រកួត​ចុងភៅ​កម្ពុជា​ប្រចាំ​ឆ្នាំ២០១២​ ​ហើយ​បាន​ទទួល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ៣​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​លោក​ក៏​ធ្លាប់​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ក្នុង​កម្មវិធី​ប្រកួត​ចុងភៅ​ពិភពលោក​ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​អាស៊ី​ ​នៅ​ប្រទេស​ថៃ​ ​និង​ ​ជ័យលាភី​លេខ៣​ ​នៅក្នុង​កម្មវិធី​ប្រកួត​ម្ហូប​អាស៊ី​លំដាប់​អន្តរជាតិ​ប្រចាំឆ្នាំ​ ​នៅ​ទីក្រុង​ចា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ផង​ដែរ​។​ ​លោក​បាន​សម្តែង​ចំណាប់​អារម្មណ៍​ថា​ ​“​ ​បេះដូង​របស់ខ្ញុំ​គឺ​ផ្ទះបាយ​ ​ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ការ​ធ្វើម្ហូប​។​ ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​មត៌ក​ប្រទេស​កម្ពុជា​ ​ហើយ​ខ្ញុំ​តែងតែ​ព្យាយាម​ស្វែងរក​មធ្យោបាយ​ផ្សព្វផ្សាយ​វិជ្ជា​ធ្វើម្ហូប​ខ្មែរ​ទៅកាន់​ពិភពលោក​ ​និង​ ​រៀនសូត្រ​អំពី​វិធី​ធ្វើម្ហូប​​ផ្សេង​ៗ​ជាច្រើន​ទៀត​ដើម្បី​អភិវឌ្ឍ​វាស​ព្វ​ថ្ងៃនេះ​”​ ​។​


SUGGESTIONS