×

“​មោរា​”​ ​ក្រុម​យុវជន​លើកស្ទួយ​តួអង្គ​អក្សរសិល្ប៍​ខ្មែរ​តាមរយៈ​គំនូរ​ឌីជីថល​

NEWS 4 years ago
 
 

            សិស្សានុសិស្ស​ទាំងឡាយ​ដែល​បាន​សិក្សា​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​រួចមក​ហើយ​សុទ្ធសឹងតែ​បាន​ស្គាល់​តួអង្គ​អក្សរសិល្ប៍​សំ​ខាន់​ៗ​ក្នុង​កម្មវិធី​សិក្សា​តួយ៉ាង​ ​តួអង្គ​ព្រះរាម​ ​តួអង្គ​នាង​សីតា​ ​តួអង្គ​ក្រុង​រាពណ៍​ ​តួអង្គ​ហនុមាន​ ​និង​តួអង្គ​សំ​ខាន់​ៗ​ជាច្រើន​ទៀត​។​ ​ទោះបីជា​យ៉ាងណា​ ​ការសិក្សា​តាមតែ​សៀវភៅ​មួយ​មុខ​ពិតជា​មិន​អាច​ជួយ​យុវជន​ខ្មែរយើង​សម័យថ្មី​ឲ្យ​យល់ដឹង​ជ្រួតជ្រាប​និង​ដក់​ចិត្ត​ដិតដាម​អំពី​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​បាន​ទាំងស្រុង​នោះ​ទេ​។​ ​ដូចនេះ​ ​ការ​សំយោគ​ទម្រង់​សិល្បៈ​បុរាណ​ទៅ​ក្នុង​ទម្រង់​ទំនើប​ជា​រឿង​សំខាន់​ដែល​នាំឲ្យ​ក្រុម​យុវជន​ ​“​មោរា​”​ ​ឈាន​ទៅ​បង្កើត​មុខ​ជំនួញ​កែច្នៃ​សិល្បៈ​បុរាណ​ទៅជា​ផលិតផល​ទំនើប​ពេញនិយម​ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​របស់​យុវវ័យ​សព្វថ្ងៃ​។​ ​

​            លោក​ ​ឈួម​ ​ពិសិដ្ឋ​ ​សហ​ស្ថាបនិក​ក្រុមការងារ​ ​“​មោរា​”​ ​បាន​បញ្ជាក់​ប្រាប់​គេហទំព័រ​ទស្សនាវដ្តី​សូ​វរីន​ ​ថា​ ​មោរា​ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងរយៈពេល៤ខែ​ប៉ុណ្ណោះ​គិត​មកដល់ពេលនេះ​ពោល​គឺ​ត្រូវ​បាន​បង្កើត​ជា​ផ្លូវការ​ឡើង​ដំបូង​កាលពី​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ប៉ុន្តែ​ចំពោះ​សមាជិក​ក្រុម​ទាំងអស់​សុទ្ធសឹងតែ​ធ្លាប់ធ្វើ​ការ​ជា​ ​មួយ​គ្នា​តាំងពី​មុន​មក​ស្រាប់ហើយ​។​ ​សព្វថ្ងៃ​ ​សមាជិក​ក្រុម​មោរា​ទាំងអស់​មាន​ចំនួន០៤នាក់​ដែល​មាន​តួ​នា​ទី​ផ្សេង​ៗ​គ្នា​ទៅតាម​ជំ​នា​ញរៀងៗ​ខ្លួន​ ​ដែល​ក្នុង​នោះ​រួមមាន​ ​លោក​ ​ឈួម​ ​ពិសិដ្ឋ​ ​ជានា​យក​គ្រប់គ្រង​ទូទៅ​ ​លោក​ ​ឈួម​ ​រតនា​ ​ជានា​យក​ផ្នែក​សិល្បៈ​ ​និង​ ​វិចិត្រករ​ឌីជីថល​ ​លោក​ ​ឈួម​ ​វិសាល​ ​ជា​អ្នកគ្រប់គ្រង​កម្មវិធី​កុំព្យូទ័រ​ ​កញ្ញា​ ​រឿន​ ​ម៉ា​លិះ​ ​ជា​អ្ន​ក​ឌីហ្សា​ញប​រិ​ស្ថាន​ ​(​ផ្ទៃ​រូបភាព​ខាងក្រោយ​)​។​ ​

​            មូលហេតុ​ដែល​ជំរុញ​ឲ្យ​ក្រុម​យុវជន​ទាំង៤រូប​នេះ​ផ្តើម​គំនិត​ក្នុង​ការបង្កើត​ក្រុម​ឌីហ្សាញ​សិល្បៈ​ ​“​មោរា​”​ ​នេះ​ឡើង​ ​គឺ​ដោយសារ​ទឹកចិត្ត​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍ​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​និង​មហិច្ឆតា​ពង្រីក​ទីផ្សារ​ ​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​លើ​ការ​ឌីហ្សាញ​តួអង្គ​ហ្គេម​បញ្ចូល​ក្នុង​ ​Play​ ​Store​ ​ដែល​ពួកគេ​ធ្លាប់ធ្វើ​ពីមុន​មក​ ​“​យើង​ឃើញ​នៅក្នុង​ទីផ្សារ​ ​នៅពេល​យើង​ចេញ​ជា​ហ្គេម​ ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ចេះ​លេង​ហ្គេម​ទេ​ ​តែ​អ្នកខ្លះ​គាត់​ស្រឡាញ់​តួ​ក្នុង​ហ្គេម​តែម្តង​ ​។​ ​មួយទៀត​ ​យើង​ចង់​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​របស់​យើង​ក្នុង​រូបភាព​ ​ទាន់សម័យ​ ​ជាជាង​គ្រាន់តែ​អភិរក្ស​ដាក់​រូប​អង្គរ​វត្ត​ដដែល​ៗ​ ​[​…​]​ ​”​ ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​លោក​បាន​ចាប់ផ្តើម​ប្រើប្រាស់​ក្រុមការងារ​ដែល​មានស្រាប់​ច្នៃ​ប្រតិដ្ឋ​រូបភាព​សិល្បៈ​ខ្មែរ​តួយ៉ាង​តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​ដាក់លើ​សំបក​ទូរសព្ទ​ ​និង​ ​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​កែវ​ទឹក​ ​និង​ ​កាបូបយួរ​ ​ដែល​ពួក​លោក​មិនបាន​ចាត់ទុកថា​ជា​រឿង​ថ្មី​សម្រាប់​សង្គម​នេះនោះ​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ​គឺ​រូបភាព​ដែល​ត្រូវ​ច្នៃ​ប្រតិដ្ឋ​។​ ​

​            ស្ថាបនិក​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ​គុណភាព​ការងារ​របស់​ក្រុម​លោក​គឺ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ឈ្មោះ​ ​“​មោរា​”​ ​នេះឯង​។​ ​មោរា​ ​(​មោរា​ ​អ​.​ ​ថ​.​ ​ម៉ូរ៉ា​)​ ​មានន័យថា​ ​ឈ្មោះ​ត្បូង​កែវ​មួយ​ប្រភេទ​ដែល​មាន​សម្បុរឆ្នូត​ ​(​ជាពួក​ត្បូង​ពណ៌​ទឹកសមុទ្រ​មាន​ឆ្នូត​)​ ​(​វចនានុក្រម​ខ្មែរ​ ​ពុទ្ធសាសនបណ្ឌិត្យ​ ​១៩៦៧​)​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​មានបំណង​ចង់​ឲ្យ​ផលិតផល​របស់​លោក​មានតម្លៃ​ដូច​ត្បូង​មោរា​ ​ហើយ​នៅពេល​អតិថិជន​ទិញ​វាយ​ក​ទៅ​ប្រើប្រាស់​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ដូច​បាន​កាន់​កែវ​មោរា​ដែល​ពោរពេញ​ដោយ​ពន្លឺ​ថាមពល​រុងរោចន៍​។​ ​ដោយសារតែ​ការ​ផ្តោត​លើ​គុណភាព​ស្នាដៃ​សិល្បៈ​ជាគោល​ ​ទើប​តម្រូវឲ្យ​មានការ​ចំណាយពេល​ទៅលើ​ការស្រាវជ្រាវ​លើ​រូបរាង​ភិនភាគ​របស់​តួអង្គ​នី​មួយ​ៗ​ឲ្យបាន​ច្បាស់លាស់​។​ ​ការស្រាវជ្រាវ​អាច​អូស​បន្លាយ​រហូត​រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​ ​ពោល​គឺ​ការស្រាវជ្រាវ​មាន​រយៈពេល​យូរ​ជាង​ការ​គូរ​ទៅទៀត​។​ ​

​            ផលិតផល​របស់​មោរា​មានតម្លៃ​ចាប់ពី​មួយ​ដុល្លារ​ឡើង​ទៅ​ ​ហើយ​ផលិតផល​នី​មួយ​ៗ​តែងតែ​ធ្វើឡើង​អាស្រ័យ​តាម​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​នី​មួយ​ៗ​។​ ​ដូចនេះ​ហើយ​ទើប​ផលិតផល​របស់​មោរា​នី​មួយ​ៗ​មាន​លក្ខណៈ​ពិ​សេស​ៗ​ដាច់ដោយឡែក​ពីគ្នា​ ​ជាអាទិ៍​ ​ដូចជា​ ​ការ​ឆ្លាក់​ឈ្មោះ​អតិថិជន​នៅ​លើ​ផលិតផល​ ​ទោះបីជា​ឈ្មោះ​មនុស្ស​ពីរ​នាក់​ដូចគ្នា​ក៏​ការរចនា​ម៉ូដ​អក្សរ​ត្រូវតែ​ខុសគ្នា​ជាដាច់ខាត​។​ ​ដោយសារតែ​ស្នាដៃ​នី​មួយ​ៗ​មាន​ភាព​ផ្ចិតផ្ចង់​ខ្ពស់​ ​ទើប​ចំនួន​អតិថិជន​ចេះតែ​កើនឡើង​ជាលំដាប់​តាំងពី​ពីរបី​នាក់​ក្នុង​មួយថ្ងៃ​រហូតដល់១០​-​២០នាក់​។​ ​ដោយសារតែ​កំណើរ​តម្រូវការ​ទីផ្សារ​ឆាប់រហ័ស​ក្នុងរយៈពេល​ខ្លី​ ​ទើប​បង្ក​ជា​បញ្ហា​ប្រឈម​មួយចំនួន​ដែរ​នៅក្នុង​អាជីវកម្ម​នេះ​ ​ជាពិសេស​គឺ​ ​ការ​រង់ចាំ​ឆ្លើយតប​សារ​របស់​អតិថិជន​ដល់​យប់ជ្រៅ​ ​និង​ ​ការ​ដឹកជញ្ជូន​ផលិតផល​។​ ​

​            លោក​បាន​បញ្ជាក់​ថា​ ​មោរា​ ​នៅ​មិនទាន់​មាន​គម្រោង​បើក​ជា​ហាង​លក់​ផលិតផល​នៅឡើយ​ទេ​ ​ក្រៅពី​ការ​លក់​អន​ឡាញ​ដោយ​ផ្ទាល់​ ​ដោយសារ​អាជីវកម្ម​នេះ​នៅក្មេង​ខ្ចី​ ​ទាមទារ​ឲ្យ​ត្រូវ​ចំណាយពេល​ច្រើន​លើ​ផ្នែក​ទីផ្សារ​ ​និង​ ​ការ​សម្រិតសម្រាំង​លើ​គុណភាព​បន្ថែម​ទៀត​។​ ​មោរា​នៅ​មាន​គម្រោង​ស្រាវ​ ​ជ្រាវ​បង្កើត​ស្នាដៃ​រូបភាព​តួអង្គ​ក្នុង​អក្សរសិល្ប៍​បុរាណ​ខ្មែរ​ជាច្រើន​ទៀត​ដែល​មហាជន​មិនសូវ​ស្គាល់​ទូលំទូលាយ​នៅឡើយ​។​ ​ជាចុងក្រោយ​ ​លោក​សំណូមពរ​ឲ្យ​មហាជន​យល់​អំពី​តម្លៃ​នៃ​ការងារ​សិល្បៈ​ ​“​យើង​មិនមែន​លក់​ ​case​ ​លក់​កែវ​ទេ​ ​អ្វី​ដែល​យើង​លក់​គឺ​ ​Artwork​។​ ​យើង​មិន​ចង់​ឲ្យ​ផលិតផល​យើង​ក្លាយជា​គំនរ case​ ​មួយ២៥០០ទេ”៕​

​Article​ ​by​ ​MAKARA​&​ ​SOKMEAN​


SUGGESTIONS