វី យ៉ារ៉ូ ជម្នះការរារាំងពីគ្រួសាររហូតក្លាយជាពិធីករដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ
NEWS 4 years agoក្នុងចំណោមពិធីករវ័យក្មេង យុវវ័យភាគច្រើនប្រាកដជាបានស្គាល់រួចមកហើយនូវលោក វី យ៉ារ៉ូ ដែលជាពិធីករសម្តីផ្អែមពូកែវោហារដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ ពិសេសបច្ចុប្បន្នលោកថែមទាំងមានទីផ្សារសម្តែងលេចធ្លោមិនចាញ់តារារៀមច្បងល្បីៗប៉ុន្មានឡើយ។ ជាការពិតយ៉ារ៉ូត្រូវបានគេស្គាល់ចាប់តាំងពីពេលប្រឡូកអាជីពជាពិធីករក្នុងកម្មវិធី «ឡូយ៩» និង«ស្នេហ៍៩» ដែលជាកម្មវិធីអប់រំយុវជនរបស់ស្ថានីយ៍ទូរទស្សន៍ MY ;ហើយតាមការជំនួបផ្ទាល់ជាមួយសូវរីនកាលពីពេលថ្មីៗនេះ លោកក៏បានចូលខ្លួនមករៀបរាប់អំពីខ្សែជីវិតដែលត្រូវបានគ្រួសារកាត់ផ្តាច់ពីក្តីស្រមៃលើវិថីសិល្បៈក៏ដូចជាចែករំលែកបទពិសោធន៍នានាក្នុងអាជីពជាពិធីករដើម្បីជាសារជូនដល់ប្អូនៗជំនាន់ក្រោយដែលចង់ចាប់អាជីពនេះផងដែរ។
មានស្រុកកំណើតនៅខេត្តកណ្តាល ចាប់កំណើតក្នុងគ្រួសារដែលមានឪពុក(មរណៈភាព) និងម្តាយបម្រើការងារជានាយកសាលា(បច្ចុប្បន្នចូលនិវត្តន៍) វី យ៉ារ៉ូ មានបងប្អូនចំនួន៥នាក់ស្រី២ប្រុស៣ លោកជាកូនពៅ។ ដោយសារសមាជិកក្នុងក្រុមគ្រួសារ និងសាច់ញាតិភាគច្រើនបម្រើការងារជាមន្ត្រីរាជការ និងខ្លះទៀតជាវេជ្ជបណ្ឌិត បានធ្វើឲ្យក្តីស្រមៃក្លាយជាអ្នកសិល្បៈរបស់យុវជនរូបស្រស់នេះត្រូវបានរលាយនៅគ្រាចាប់ផ្តើមដំបូងខណៈពេលដែលលោកទើបតែប្រឡងជាប់ថ្នាក់បាក់ឌុបនៅកំឡុងឆ្នាំ ២០១១។ «ពីតូចខ្ញុំឃើញប៉ាគាត់ជាមនុស្សមានទំនាក់ទំនងល្អ ចេះជួយទុក្ខធុរៈគេ ជាមនុស្សពូកែសម្តី និងមានចំណេះដឹង អ្នកភូមិផងរបងស្រឡាញ់ចូលចិត្ត ទើបធ្វើឲ្យខ្ញុំតែងរំពឹងថាថ្ងៃណាមួយខ្ញុំចង់ក្លាយជាមនុស្សម្នាក់រឹតតែខ្លាំងជាងគាត់ដែលមានគេចូលចិត្តស្រឡាញ់ និងមានគេស្គាល់ទូទាំងប្រទេស។ ដូច្នេះហើយខ្ញុំក៏រិះរកវិធីណាមួយដើម្បីជ្រៀតចូលសិល្បៈដោយឆ្លៀតដាក់ពាក្យចូលប្រឡងនៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ «ពេជ្រកំពុងច្នៃ» របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍»។ ជាក់ស្តែងទាំងក្តីរំពឹងក្តីព្យាយាមបានរុញច្រានយ៉ារ៉ូប្រឡងជាប់ដល់វគ្គជម្រុះ១៥នាក់ចុងក្រោយ តែជាអកុសលលោកត្រូវបានក្រុមគ្រួសារទូរសព្ទទៅប្រាប់ម្ចាស់កម្មវិធីឲ្យបញ្ឈប់រូបលោកពីកម្មវិធីភ្លាមៗតែម្តង។ «គ្រានោះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់ យំបីយប់បីថ្ងៃឯណោះ ប៉ុន្តែចុងក្រោយដោយបានម៉ាក់លួងលោមខ្ញុំក៏សម្រេចចិត្តងាកមកបន្តការសិក្សានៅមហាវិទ្យាល័យស្របពេលគ្រានោះជាប់អាហាររូបករណ៍ផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ»។ យ៉ារ៉ូ បានលើកឡើង។
ដ្បិតប្រឈមការបរាជ័យតាំងពីជំហានដំបូងពិតមែន ប៉ុន្តែយ៉ារ៉ូនៅតែចិញ្ចឹមចិត្តមិនបោះបង់ការប្តេជ្ញាចិត្តក្លាយជាអ្នកសិល្បៈតាមក្តីស្រមៃឡើយ ជាក់ស្តែងមិនបានប៉ុន្មានលោកបានលួចដាក់ពាក្យចូលធ្វើជាពិធីករខណៈដែលមានគេប្រកាសរកពិធីករវ័យក្មេងក្នុងកម្មវិធីទូរទស្សន៍របស់ My Tv ហើយគ្រានោះលោកក៏ជាប់ចាប់ផ្តើមការងារជាពិធីករក្នុងកម្មវិធី «ឡូយ៩» បន្ទាប់មក«ស្នេហ៍៩» ដែលធ្វើឲ្យប្រជាប្រិយភាពចេះតែផ្ទុះឡើងមានការចាប់អារម្មណ៍ពីស្ថានីយ៍ទូរទស្សន៍ផ្សេងៗរួមទាំងមានឱកាសក្លាយជាតារាសម្តែងលេចធ្លោទាំងក្នុងការសម្តែងរឿងដុំនិងរឿងភាគសរុបប្រមាណ១២រឿងមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះយ៉ារ៉ូបានបង្ហើបដែរថា«មូលហេតុចម្បងដែលធ្វើឲ្យអ្នកផ្ទះងាកមកពេញចិត្តនឹងការងារខ្ញុំធ្វើវិញគឺខ្ញុំអាចរកចំណូលផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារ ម្យ៉ាងការងារដំបូងឡើយជាកម្មវិធីរបស់អង្គការ ពិសេសអប់រំទៅលើយុវជនទៀតផង»។ លោកបន្ថែមទៀតថា ការងារជាពិធីករបានស្តែងឲ្យក្រុមគ្រួសាររបស់លោកឃើញថាលោកបានផ្លាស់ប្តូរច្រើនទាំងការនិយាយស្តី គិតអ្វីក្នុងផ្លូវវិជ្ជមាន និងមានអត្តចរិតចាស់ទុំជាងមុន។
បច្ចុប្បន្ន ពិធីកររាងខ្ពស់ស្រឡះ វី យ៉ារ៉ូ កំពុងមមាញឹកខ្លាំងនឹងអាជីពជាពិធីករ ជាតារាសម្តែង ជាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គមហើយក៏ជាឯអគ្គរាជទូតសុឆន្ទៈប្រចាំអង្គការមួយដែលធ្វើការទាក់ទងនឹងការស្ម័គ្រចិត្តជួយជនក្រីក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងភាពរីកចម្រើនលើវិថីសិល្បៈរយៈពេលប្រមាណជាង៨ឆ្នាំមកនេះ ក្នុងនោះយ៉ារ៉ូក៏ធ្លាប់ជួបនូវផលវិបាកមួយចំនួនសឹងតែបោះបង់ចោលម្តងម្តាលផងដែរ។ លោកបានរៀបរាប់ថា «កាលធ្វើការជាមួយជនបរទេសដំបូង គេចង់ឲ្យការងារល្អបំផុតហើយខ្ញុំថ្មីថ្មោងត្រូវហ្វឹកហាត់ទម្រាំត្រូវគឺធ្វើច្រើនលើកច្រើនសារត្រូវគេស្តីបន្ទោសរហូតគិតថាខ្លួនឯងគ្មានសមត្ថភាពចង់បោះបង់ចោលម្តងម្តាល ជាពិសេសជួនចេញទៅខាងក្រៅជាមួយក្រុមការងារខ្លះក៏ស្រួលខ្លះក៏ពិបាក ប៉ុន្តែដោយសារជីវភាពគ្រួសារផង ការជំរុញទឹកចិត្តពីមនុស្សជុំវិញខ្លួនផង រួមទាំងដើម្បីបំពេញក្តីស្រមៃផងនោះ ខ្ញុំបានពុះពារគ្រប់បែបយ៉ាងព្យាយាមស្វែងយល់ពីការងារ និងទំនាក់ទំនងក្រុមការងារ ទម្រាំជោគជ័យជាបន្តបន្ទាប់មានការងារល្អៗធ្វើមានលទ្ធភាពទិញរថយន្តទិញផ្ទះនិងអាចផ្គត់ផ្គង់ខ្លួនឯងនិងក្រុមគ្រួសារមកដល់សព្វថ្ងៃ»។
ថ្វីដ្បិតពិធីករវ័យ២៦ឆ្នាំវិវដ្តខ្លួនជោគជ័យមកដល់ចំណុចនេះ លោកនៅតែទទូចដូច្នេះ«ឥឡូវនេះមិនទាន់សន្មតថាជោគជ័យទាំងស្រុងនៅឡើយទេ ខ្ញុំនៅមានចំណុចខ្វះខាតទៀតដែលត្រូវកែលម្អមិនថា ការនិយាយស្តី ការសម្តែង ការរៀបចំខ្លួន បូករួមទាំងចំណេះដឹងដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរ និងជឿនលឿនទៅតាមសម័យកាល។ ព្រោះថាបើទៅមុខយើងជោគជ័យគេជួយសប្បាយអរ តែបើដួលតែបន្តិចវិញគេនឹងរិះគន់ពេបជ្រាយតែម្តង ខ្ញុំធ្លាប់ក្រហើយខ្ញុំក៏មិនចង់ក្រម្តងទៀតទេ»។
ក្នុងនាមជាពិធីករឆ្លងកាត់បទពិសោធន៍ច្រើនមួយរូប យ៉ារ៉ូ បានចែករំលែកថា« យើងអាចនិយាយបានថាធ្វើជាពិធីករអ្នកណាៗក៏អាចនិយាយបានដែរ ប៉ុន្តែដើម្បីឲ្យគេចាប់អារម្មណ៍ទាល់តែយើងមានចំណុចពិសេសផ្ទាល់ខ្លួន និងជាស្ទីលរបស់ខ្លួន ឧទាហរណ៍ដូចជារូបខ្ញុំផ្ទាល់ខ្ញុំជាពិធីករម្នាក់ដែលរួសរាយ ពូកែវោហារត្រូវចិត្តយុវវ័យ ដូច្នេះឲ្យតែកម្មវិធីទាក់ទងនឹងយុវវ័យគឺគេហៅខ្ញុំរហូត។ លើសពីនេះធ្វើជាពិធីករត្រូវឲ្យគេចាប់អារម្មណ៍អ្វីដែលយើងនិយាយ គេស្តាប់ហើយពិតជាទទួលបានសារដែលយើងផ្ញើឲ្យ ហើយអ្នកស្តាប់នឹងចង់ឮយើងនិយាយម្តងហើយម្តងទៀត។ ចំណុចទាំងអស់នេះមិនមែននៅស្ងៀមៗវារត់មករកយើងឯកឯងនោះទេ យើងត្រូវប្រើបេះដូងធ្វើការគួបផ្សំនឹងការស្រាវជ្រាវតាមបណ្តាញសង្គមផ្សេងៗ ព្រមទាំងមើលកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ក្រៅស្រុក ជាពិសេសចាប់យកចំណុចល្អៗពីពិធីកររៀមច្បងយើងមកអភិវឌ្ឍសមត្ថភាពផងដែរ។ ពិធីករមិនមែនធ្វើអ្វីដែលៗនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវអាប់ឌែតជានិច្ច មិនថាការមើលវីដេអូទាក់ទងនឹងការអប់រំ ការប្រឹក្សាយោបល់ សូម្បីការអានសៀវភៅល្អៗក៏ជាចំណែកអភិវឌ្ឍចំណេះដឹងក្នុងការនិយាយក៏ដូចជាធ្វើឲ្យការសន្ទនាកាន់តែរលូនផងដែរ»៕
Article by HEMSOKKHIM