×

វី​ យ៉ា​រ៉ូ​ ជម្នះ​ការរារាំង​ពី​គ្រួសារ​រហូត​ក្លាយជា​ពិធីករ​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​ស្រទាប់​យុវវ័យ

NEWS 4 years ago
 
 

ក្នុងចំណោម​ពិធីករ​វ័យក្មេង​ យុវវ័យ​ភាគច្រើន​ប្រាកដជា​បាន​ស្គាល់​រួចមក​ហើយ​នូវ​លោក​ វី​ យ៉ា​រ៉ូ​ ដែល​ជាពិធី​ករ​សម្តី​ផ្អែម​ពូកែ​វោហារ​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​ស្រទាប់​យុវវ័យ​ ពិសេស​បច្ចុប្បន្ន​លោក​ថែមទាំង​មាន​ទីផ្សារ​សម្តែង​លេចធ្លោ​មិនចាញ់​តារា​រៀម​ច្បង​ល្បី​ៗប៉ុន្មាន​ឡើយ​។ ជា​ការពិត​យ៉ា​រ៉ូ​ត្រូវ​បាន​គេ​ស្គាល់​ចាប់តាំងពី​ពេល​ប្រឡូក​អាជីព​ជាពិធី​ករ​ក្នុង​កម្មវិធី​ «ឡូយ៩​» និង​«ស្នេហ៍៩​» ដែល​ជា​កម្មវិធី​អប់រំ​យុវជន​របស់​ស្ថានីយ៍​ទូរទស្សន៍​ MY​  ​;ហើយ​តាម​ការ​ជំនួប​ផ្ទាល់​ជាមួយ​សូវ​រី​នកា​លពី​ពេល​ថ្មី​ៗនេះ​ លោក​ក៏បាន​ចូលខ្លួន​មក​រៀបរាប់​អំពី​ខ្សែជីវិត​ដែល​ត្រូវ​បាន​គ្រួសារ​កាត់​ផ្តាច់​ពី​ក្តី​ស្រមៃ​លើ​វិថី​សិល្បៈ​ក៏ដូចជា​ចែករំលែក​បទពិសោធន៍​នានា​ក្នុង​អាជីព​ជាពិធី​ករ​ដើម្បី​ជា​សារ​ជូន​ដល់​ប្អូន​ៗជំនាន់​ក្រោយដែល​ចង់​ចាប់​អាជីព​នេះ​ផង​ដែរ​។

          មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​ ចាប់កំណើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​(មរណៈ​ភាព​) និង​ម្តាយ​បម្រើការ​ងារ​ជានា​យក​សាលា​(បច្ចុប្បន្ន​ចូលនិវត្តន៍​) វី​ យ៉ា​រ៉ូ​ មាន​បងប្អូន​ចំនួន៥នាក់​ស្រី២ប្រុស៣​ លោក​ជា​កូនពៅ​។ ដោយសារ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ភាគច្រើន​បម្រើការ​ងារ​ជាម​ន្ត្រី​រាជការ​ និង​ខ្លះទៀត​ជា​វេជ្ជបណ្ឌិត​ បាន​ធ្វើឲ្យ​ក្តី​ស្រមៃ​ក្លាយជា​អ្នក​សិល្បៈ​របស់​យុវជន​រូប​ស្រស់​នេះ​ត្រូវ​បាន​រលាយ​នៅ​គ្រា​ចាប់ផ្តើម​ដំបូង​ខណៈ​ពេល​ដែល​លោក​ទើបតែ​ប្រឡងជាប់​ថ្នាក់បាក់ឌុប​នៅ​កំឡុង​ឆ្នាំ​ ២០១១​។ «ពីតូច​ខ្ញុំ​ឃើ​ញប៉ា​គាត់​ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អ​ ចេះ​ជួយ​ទុក្ខធុរៈ​គេ​ ជា​មនុស្ស​ពូកែសម្តី​ និង​មានចំណេះ​ដឹង​ អ្នកភូមិ​ផង​របង​ស្រឡាញ់​ចូលចិត្ត​ ទើប​ធ្វើឲ្យ​ខ្ញុំ​តែង​រំពឹង​ថា​ថ្ងៃណាមួយ​ខ្ញុំ​ចង់​ក្លាយជា​មនុស្សម្នាក់​រឹតតែ​ខ្លាំង​ជាង​គាត់​ដែល​មាន​គេ​ចូលចិត្ត​ស្រឡាញ់​ និង​មាន​គេ​ស្គាល់​ទូទាំង​ប្រទេស​។ ដូច្នេះហើយ​ខ្ញុំ​ក៏​រិះរក​វិធី​ណាមួយ​ដើម្បី​ជ្រៀតចូល​សិល្បៈ​ដោយ​ឆ្លៀត​ដាក់ពាក្យ​ចូល​ប្រឡង​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ «ពេជ្រ​កំពុង​ច្នៃ​» របស់​ស្ថានីយ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​»។ ជាក់ស្តែង​ទាំង​ក្តី​រំពឹង​ក្តី​ព្យាយាម​បាន​រុញច្រាន​យ៉ា​រ៉ូប្រឡង​ជាប់​ដល់​វគ្គ​ជម្រុះ១៥នាក់​ចុងក្រោយ​ តែ​ជាអកុសល​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​ទូរសព្ទ​ទៅ​ប្រាប់​ម្ចាស់​កម្មវិធី​ឲ្យ​បញ្ឈប់​រូបលោក​ពី​កម្ម​វិ​ធី​ភ្លាម​ៗតែម្តង​។ «គ្រានោះ​ខ្ញុំ​បាក់ទឹកចិត្ត​ខ្លាំង​ណាស់​ យំ​បី​យប់​បី​ថ្ងៃ​ឯណោះ​ ប៉ុន្តែ​ចុងក្រោយ​ដោយ​បាន​ម៉ាក់​លួងលោម​ខ្ញុំ​ក៏​សម្រេចចិត្ត​ងាក​មក​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ស្រប​ពេល​គ្រានោះ​ជាប់​អាហារ​រូបករណ៍​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​ដែរ​»។ យ៉ា​រ៉ូ​ បាន​លើកឡើង​។

          ដ្បិត​ប្រឈម​ការ​បរាជ័យ​តាំងពី​ជំហាន​ដំបូង​ពិតមែន​ ប៉ុន្តែ​យ៉ា​រ៉ូ​នៅតែ​ចិញ្ចឹមចិត្ត​មិន​បោះបង់​ការ​ប្តេជ្ញា​ចិត្ត​ក្លាយជា​អ្នក​សិល្បៈ​តាម​ក្តី​ស្រមៃ​ឡើយ​ ជាក់ស្តែង​មិនបាន​ប៉ុន្មាន​លោក​បាន​លួច​ដាក់ពាក្យ​ចូល​ធ្វើជា​ពិធីករ​ខណៈ​ដែល​មាន​គេ​ប្រកាស​រក​ពិធីករ​វ័យក្មេង​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ My​ Tv​ ហើយ​គ្រានោះ​លោក​ក៏​ជាប់​ចាប់ផ្តើម​ការងារ​ជាពិធី​ករ​ក្នុង​កម្មវិធី​ «ឡូយ៩​» បន្ទាប់មក​«ស្នេហ៍៩​» ដែល​ធ្វើឲ្យ​ប្រជាប្រិយ​ភាព​ចេះតែ​ផ្ទុះឡើង​មានការ​ចាប់អារម្មណ៍​ពី​ស្ថានីយ៍​ទូរ​ទស្សន៍​ផ្សេង​ៗរួម​ទាំង​មានឱកាស​ក្លាយជា​តារា​សម្តែង​លេចធ្លោ​ទាំង​ក្នុង​ការ​សម្តែង​រឿង​ដុំ​និង​រឿង​ភាគ​សរុប​ប្រមាណ១២រឿង​មកដល់​សព្វថ្ងៃ​។ ជាមួយគ្នា​នេះ​យ៉ា​រ៉ូបា​នប​ង្ហើប​ដែរ​ថា​«មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​អ្នកផ្ទះ​ងាក​មក​ពេញចិត្ត​នឹង​ការងារ​ខ្ញុំ​ធ្វើវិញ​គឺ​ខ្ញុំ​អាច​រកចំណូល​ផ្គត់ផ្គង់​ខ្លួនឯង​និង​គ្រួសារ​ ម្យ៉ាង​ការងារ​ដំបូង​ឡើយ​ជា​កម្មវិធី​របស់​អង្គការ​ ពិសេស​អប់រំ​ទៅលើ​យុវជន​ទៀតផង​»។ លោក​បន្ថែម​ទៀត​ថា​ ការងារ​ជាពិធី​ករ​បាន​ស្តែង​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ឃើញថា​លោក​បាន​ផ្លាស់​ប្តូរ​ច្រើន​ទាំង​ការ​និយាយ​ស្តី​ គិត​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ និង​មាន​អត្តចរិត​ចាស់ទុំ​ជាង​មុន​។

          បច្ចុប្បន្ន​ ពិធីករ​រាង​ខ្ពស់ស្រឡះ​ វី​ យ៉ា​រ៉ូ​ កំពុង​មមាញឹក​ខ្លាំង​នឹង​អាជីព​ជាពិធី​ករ​ ជាតា​រា​សម្តែង​ ជា​អ្នក​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហើយក៏​ជា​ឯអគ្គរាជទូត​សុឆន្ទៈ​ប្រចាំ​អង្គការ​មួយ​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ស្ម័គ្រចិត្ត​ជួយ​ជន​ក្រីក្រ​កម្ពុជា​ផង​ដែរ​។ ទន្ទឹម​នឹង​ភាព​រីកចម្រើន​លើ​វិថី​សិល្បៈ​រយៈពេល​ប្រមាណ​ជាង៨ឆ្នាំ​មកនេះ​ ក្នុង​នោះ​យ៉ា​រ៉ូ​ក៏​ធ្លាប់​ជួប​នូវ​ផលវិបាក​មួយចំនួន​សឹងតែ​បោះបង់​ចោល​ម្តង​ម្តាល​ផង​ដែរ​។ លោក​បាន​រៀបរាប់​ថា​ «កាល​ធ្វើការ​ជាមួយ​ជនបរទេស​ដំបូង​ គេ​ចង់​ឲ្យ​ការងារ​ល្អ​បំផុត​ហើយ​ខ្ញុំ​ថ្មីថ្មោង​ត្រូវ​ហ្វឹកហាត់​ទម្រាំ​ត្រូវ​គឺ​ធ្វើ​ច្រើន​លើក​ច្រើន​សារ​ត្រូវ​គេ​ស្តី​បន្ទោស​រហូត​គិតថា​ខ្លួនឯង​គ្មាន​សមត្ថភាព​ចង់​បោះបង់​ចោល​ម្តង​ម្តាល​ ជាពិសេស​ជួន​ចេញទៅ​ខាងក្រៅ​ជាមួយ​ក្រុមការងារ​ខ្លះ​ក៏​ស្រួល​ខ្លះ​ក៏​ពិបាក​ ប៉ុន្តែ​ដោយសារ​ជីវភាព​គ្រួសារ​ផង​ ការជំរុញ​ទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ រួម​ទាំង​ដើម្បី​បំពេញ​ក្តី​ស្រមៃ​ផង​នោះ​ ខ្ញុំ​បាន​ពុះពារ​គ្រប់បែបយ៉ាង​ព្យាយាម​ស្វែងយល់​ពី​ការងារ​ និង​ទំនាក់ទំនង​ក្រុមការងារ​ ទម្រាំ​ជោគជ័យ​ជាបន្តបន្ទាប់​មានការ​ងា​រល្អៗ​ធ្វើមាន​លទ្ធភាព​ទិញ​រថយន្ត​ទិញ​ផ្ទះ​និង​អាច​ផ្គត់ផ្គង់​ខ្លួនឯង​និង​ក្រុម​គ្រួសារ​មកដល់​សព្វថ្ងៃ​»។

          ថ្វី​ដ្បិត​ពិធីករ​វ័យ២៦ឆ្នាំ​វិ​វដ្ត​ខ្លួន​ជោគជ័យ​មកដល់​ចំណុច​នេះ​ លោក​នៅតែ​ទទូច​ដូច្នេះ​«ឥឡូវនេះ​មិនទាន់​សន្មត​ថា​ជោគជ័យ​ទាំងស្រុង​នៅឡើយ​ទេ​ ខ្ញុំ​នៅ​មាន​ចំណុច​ខ្វះខាត​ទៀត​ដែល​ត្រូវ​កែ​លម្អ​មិនថា​ ការ​និយាយ​ស្តី​ ការ​សម្តែង​ ការរៀបចំ​ខ្លួន​ បូករួម​ទាំង​ចំណេះដឹង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ និង​ជឿនលឿន​ទៅតាម​សម័យកាល​។ ព្រោះថា​បើ​ទៅមុខ​យើង​ជោគជ័យ​គេ​ជួយ​សប្បាយ​អរ​ តែបើ​ដួល​តែ​បន្តិច​វិញ​គេ​នឹង​រិះគន់​ពេបជ្រាយ​តែម្តង​ ខ្ញុំ​ធ្លាប់​ក្រ​ហើយ​ខ្ញុំ​ក៏​មិន​ចង់​ក្រ​ម្តង​ទៀត​ទេ​»។

          ក្នុងនាម​ជាពិធី​ករ​ឆ្លងកាត់​បទពិសោធន៍​ច្រើន​មួយ​រូប​ យ៉ា​រ៉ូ​ បាន​ចែករំលែក​ថា​« យើង​អាច​និយាយ​បាន​ថា​ធ្វើជា​ពិធីករ​អ្ន​កណាៗ​ក៏អាច​និយាយ​បាន​ដែរ​ ប៉ុន្តែ​ដើម្បីឲ្យ​គេ​ចាប់អារម្មណ៍​ទាល់តែ​យើង​មាន​ចំណុច​ពិសេស​ផ្ទាល់ខ្លួន​ និង​ជា​ស្ទីល​របស់​ខ្លួន​ ឧទាហរណ៍​ដូចជា​រូប​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ជាពិធី​ករ​ម្នាក់​ដែល​រួសរាយ​ ពូកែ​វោហារ​ត្រូវចិត្ត​យុវវ័យ​ ដូច្នេះ​ឲ្យតែ​កម្មវិធី​ទាក់ទង​នឹង​យុវវ័យ​គឺ​គេ​ហៅ​ខ្ញុំ​រហូត​។ លើស​ពីនេះ​ធ្វើជា​ពិធីករ​ត្រូវឲ្យ​គេ​ចាប់អារម្មណ៍​អ្វី​ដែល​យើង​និយាយ​ គេ​ស្តាប់​ហើយ​ពិតជា​ទទួល​បាន​សារ​ដែល​យើង​ផ្ញើ​ឲ្យ​ ហើយ​អ្នក​ស្តាប់​នឹង​ចង់​ឮយើង​និយាយ​ម្តង​ហើយ​ម្តង​ទៀត​។ ចំណុច​ទាំងអស់​នេះ​មិនមែន​នៅ​ស្ងៀម​ៗវា​រត់​មករ​កយើង​ឯកឯង​នោះ​ទេ​ យើង​ត្រូវ​ប្រើ​បេះដូង​ធ្វើការ​គួបផ្សំ​នឹង​ការស្រាវជ្រាវ​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ ព្រមទាំង​មើល​កម្មវិធី​ប៉ុស្តិ៍​ទូរទស្សន៍​ក្រៅ​ស្រុក​ ជាពិសេស​ចាប់​យក​ចំ​ណុ​ចល្អៗ​ពី​ពិធីករ​រៀមច្បង​យើង​មក​អភិវឌ្ឍ​សមត្ថភាព​ផង​ដែរ​។ ពិធីករ​មិនមែន​ធ្វើ​អ្វី​ដែល​ៗនោះ​ទេ​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ត្រូវ​អាប់​ឌែ​តជានិច្ច​ មិនថា​ការ​មើល​វីដេអូ​ទាក់ទង​នឹង​ការអប់រំ​ ការ​ប្រឹក្សា​យោបល់​ សូម្បី​ការ​អាន​សៀវភៅ​ល្អ​ៗក៏​ជា​ចំណែក​អភិវឌ្ឍ​ចំណេះដឹង​ក្នុង​ការ​និយាយ​ក៏ដូចជា​ធ្វើឲ្យ​ការសន្ទនា​កាន់តែ​រលូន​ផង​ដែរ​»៕

Article by​ HEMSOKKHIM​ 

 


SUGGESTIONS